ភូមិ​កំពង់​ភ្លុក ជា​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌ ដែល​ភ្ញៀវ​ទេសចរណ៍​មិន​គួរ​រំលង​នៅ​ខេត្ត​សៀមរាប

ភូមិ​កំពង់​ភ្លុក ជា​ភូមិ​មួយ​ដែល​សិ្ថត​នៅ​តំបន់​លិច​ទឹក​ទន្លេសាប នា​ខេត្ត​សៀមរាប។ កំពង់​ភ្លុក​ រួម​ឡើង​ដោយ​ភូមិ​ចំនួន​ បី ចូល​គ្នា​ស្ថិត​ក្នុង​ បឹងទន្លេសាប ដែល​មាន​ចម្ងាយ​​ប្រហែល​១៦ គម ពី​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​កោងកាង​លិច​ទឹក ដែល​ដើម​កោងកាង​ទាំង​នោះ គឺ​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ។​

IMG_6516អ្នកភូមិចិញ្ចឹមក្រពើ

ក្នុង​បឹង​ទន្លេសាប​សំបូរ​ដោយ​បក្សី​ទឹក​ច្រើន​ជាង ១០០ ប្រភេទ និង មាន​ត្រី​​ចំនួន​ច្រើន​ជាង ២០០ ប្រភេទ ​រួម​ទាំង​ក្រពើ អណ្ដើក ស្វា ភេ ទៀត​ផង។ នៅ​ខែ​វស្សា​​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​មាន​ទំហំ​ដល់​ទៅ ១២ ០០០ គីឡូ​ម៉ែត្រ​ក្រឡា តែ​នៅ​ខែ​ប្រាំង​វិញ​មាន​ទំហំ​ត្រឹម​តែ ២ ៥០០ គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។ នៅ​រដូវ​ប្រាំង​ផ្ទះ​របស់​ពួក​គេ​នៅ​លើ​គោក ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ផ្ទះ​បណ្ដោះអាសន្ន​​តាម​ទឹក​ដែល​ស្រក​ទៅ​នោះ តែ​នៅ​ខែ​វស្សា​នៅ​ពេល​ទឹក​ឡើង​​ពួក​គេ​ប្ដូរ​ទីលំនៅ​មក​រស់នៅ​ផ្ទះ​ពួក​គេ​វិញ ព្រោះ​ទឹក​បឹង​បាន​ឡើង មក​ដល់​ និង លិច​ដល់​ភូមិ​របស់​ពួក​គេ។

IMG_6510ជិះទូក​បណ្ដើរមើលទេសភាព និង ទស្សនា​ផ្ទះលិចទឹក​របស់​អ្នកភូមិ

កំពង់​ភ្លុក​ជា​ភូមិ​ដែល​លិច​ទឹក​តែ​ដោយសារ​លក្ខណៈ​ពិសេស​របស់​ភូមិ​ដែល​មាន​ទីតាំង​នៅ​លើ​ទឹក​និង​ទេសភាព​ភូមិ​ដែល ជាទី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​យ៉ាង​ច្រើន។ ទេសចរណ៍​នៅ​កំពង់​ភ្លុក​ជា​ទេសចរណ៍​ធម្មជាតិ និង​វប្បធម៌​ដែល​មាន​ទាំង​ការ​កម្សាន្ត​តាម​ភូមិ​លិចទឹក ដែល​មាន​ផ្ទះ​អណ្តែត​លើ​ទឹក​និង​ការ​ទស្សនា​នូវ សត្វ​ព្រៃ​តាម​ដងទន្លេ​សាប​នៅ​ព្រែ​រនាម។

 

IMG_6528អ្នកភូមិរកចំណូលបានពីភ្ញៀវទេសចរណ៍ដោយការអុំទូកគយគន់មើលព្រៃរនាម

ការ​ទស្សនា​តាម​ព្រៃ​រនាម​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​មាន​ភាព​ស្រស់​ថ្លា។ ព្រោះ​ទីនោះ​មាន​សត្វ​បក្សី​ដ៏​ច្រើន​ប្រភេទ និង​ប្រភេទ​សត្វ​ល្មូន​មាន​ដូច​ជា​ពស់ ក្រពើ អណ្ដើក និង​ប្រភេទ​ត្រី​ធំៗ​ជា​ច្រើន​ប្រភេទ​ទៀត។
ការណ៍​ដែល​ភ្ញៀវ​ទៅ​ទស្សនា​នៅ​ភូមិ​នោះ ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​ជីវភាព​ប្រជាជន​ក្នុង​ភូមិ​។

 

សូមទស្សនាវីដេអូ

​​

– អត្ថបទ៖ ដកស្រង់ចេញពី វិគីភីឌា
– រូបថត៖ ទូរសព្ទដៃ ប៊ិន ប៊ុណ្ណា

Advertisements

កូនខ្មែរ ភាគច្រើន​ស្គាល់​ ប្រវត្តិរឿង​ភូមិតិរិច្ឆាន តែទីតាំង​ចេតិយបាដេស អាច​មិនសូវស្គាល់

ភូមិតិរិច្ឆាន​ជាឈ្មោះភូមិ​មួយ នៅក្នុងសម័យ​អាណានិគម​និយម​បារាំង ក្រោយ​ពី​អ្នក​ភូមិ​វាយ​សម្លាប់​លោក រ៉េស៊ីដង់ បាដេស ប៉ុន្ដែ ក្រោយមក​​​បាន​ផ្លាស់ឈ្មោះមក​វិញ​ជាភូមិក្រាំងលាវ។ ដោយសារ​តែ​កូនខ្មែរភាគច្រើន​បាន​ដឹង​ប្រវត្តិសាស្រ្ត​អំពី​រឿង​នេះ ព្រោះ​រឿងភូមិតិរិច្ឆាន​ក៏​មាន​នៅ​ក្នុងកម្មវិធី​សិក្សា ដូច្នេះ ខ្ញុំ​សូម​បង្ហាញ តែ​រឿង​រ៉ាវត្រួសៗ និង ទីតាំង​ចេតិយបាដេស​បាន​ហើយ។ ចេតិយ​របស់​បាដេស គឺ​នៅ​​ក្បែរ​ខ្លោងទ្វារ​ចូល​វត្ត​បល្ល័ង្ក​រង្សី ហៅ​វត្ត​ក្រាំងលាវ ស្ថិត​នៅ​ភូមិ​ក្រាំងលាវ ឃុំ​ក្រាំងលាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

IMG_1443.jpgចេតិយបាដេស នៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង

តាម​ឯកសារ​ ចេតិយ​នេះ​មាន​កម្ពស់​ប្រហែល​ជា ​៦​ម៉ែត្រ ​និង​ទំហំ​ប្រហែល​ជា​៤​ម៉ែត្រ​ការ៉េ។ ដោយ​ឡែក​រូប​យាយ​ប៊ី​នៅ​ពី​មុខ​នេះ ទើប​តែ​សាងសង់​ទេ ​ដោយ​មាន​កម្ពស់​ប្រហែល​ជា​១​ម៉ែត្រ ​និង​ជើង​ទម្រ​ប្រហែល​កន្លះ​ម៉ែត្រ។

ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​នេះ គឺ​ភូមិ​ក្រាំងលាវ ត្រូវ​បារាំង​ដាក់​ឈ្មោះ​ជា​ភូមិ​តិរច្ឆាន​នៅ​អំឡុង​ពេល​នៃ​ការ​គ្រប់គ្រង​ក្រោម​អាណានិគម​របស់​ខ្លួន បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ជនជាតិ​បារាំង ម្នាក់​ឈ្មោះ បាដេស កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩២៥៕

IMG_1439.jpgរូបសំណាក​ លោកយាយ ប៊ី នៅ​ពី​មុខ​ចេតិយបាដេស ដែលទើប​សាងសង់

 

អ្នកភូមិ​អះអាង​ថា នេះជារូបភាព លោកយាយ ប៊ី

 

សូមទស្សនាវីដេអូ បទយកការណ៍ ខាងក្រោមនេះ៖

ជីវប្រវត្តិ​សង្ខេប​ អ្នកស្រី នន់ យ៉េន ហៅប៉ុម

  • ជីវប្រវត្តិសង្ខេប

អ្នកស្រី នន់ យ៉េន ហៅប៉ុម បានបិទភ្នែកជារៀងរហូតពីសាច់ញាតិ អ្នកភូមិផង របងជាមួយ និង មនុស្សក្នុងលោក ដែលអ្នកស្រីបានស្លាប់នៅវេលាម៉ោង ២:០៥ នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ នៅក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ។ អ្នកស្រី នន់ យ៉េន កើតនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៤៦ និង បានរៀបការជាមួយលោក ទូច ប៊ិន នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៦២។

នៅអាយុ ១៦ ឆ្នាំ អ្នកស្រី នន់ យ៉េន បានរៀបការជាមួយលោក ទូច ប៊ិន ហើយរហូតមកទល់នឹងពេលនេះ លោកទាំងពីរមានតំណក់ឈាមចំនួន ៧ នាក់ ក្នុងនោះកូនប្រុស ៥ នាក់ និង កូនស្រីពីរនាក់ ដូចជា លោក ប៊ិន សុកល (ស្លាប់​នៅឆ្នាំ ២០១៧), លោក ប៊ិន សុផល, លោក ប៊ិន វិបុល, លោក ប៊ិន វិបុត្រ, លោក ប៊ិន ប៊ុណ្ណា, អ្នកស្រី ប៊ិន យ៉ានី និង កញ្ញា ប៊ិន ចាន់ណា (ប៊ិន ដាវី)។

10364118_953902011288216_4654566786280889229_n

រាប់ពីឆ្វេង ប៊ិន សុផល, ប៊ិន វិបុល, ប៊ិន វិបុត្រ, ប៊ិន ប៊ុណ្ណា, ប៊ិន យ៉ានី និង ប៊ិន ចាន់ណា (ដាវី៌)

អ្នកស្រី នន់ យ៉េន មានស្រុកកំណើត នៅភូមិកោះចូរ៉ាម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលឪពុក និង អ្នកម្ដាយបានស្លាប់បាត់ទៅហើយ។ អ្នកស្រីមានឪពុកឈ្មោះ នន់ ណន និង ម្ដាយឈ្មោះ ជាប ពៅ។

អ្នកស្រី នន់ យ៉េន មានបងប្អូនសរុបចំនួន ១៣ នាក់ ក្នុងនោះស្រី ១០ នាក់ ប្រុស ២ នាក់ ឯប្រុសម្នាក់ទៀតបានបាត់ខ្លួននៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ រហូតមកទល់នឹងបច្ចុប្បន្ន។ បងប្អូនទាំង ១២ នាក់រួមមាន៖ អ្នកស្រីនន់ យ៉េន (ស្លាប់), អ្នកស្រី ណន ប៉ៃ, អ្នកស្រី ណន គីម, អ្នកស្រី ណន នឹម, អ្នកស្រី ណន នីម (ស្លាប់) អ្នកស្រី ណន អាង, អ្នកស្រី ណន ពឿន (ស្លាប់), ណន ឱក អ្នកស្រី ណន ឌឿន អ្នកស្រី ណន ឌី អ្នកស្រី ណន សុផារី និង លោក ណន អឿន។

13010753_1186409804704101_7022848150040494907_n

លោក ទូច ប៊ិន និង អ្នកស្រី នន់ យ៉េន 

  • អំពីសកម្មភាពពេលនៅរស់

ស្ទើរអស់ពេលមួយជីវិតរបស់ អ្នកស្រី នន់ យ៉េន ទៅហើយ ដោយគាត់បានចំណាយពេលវេលាធ្វើជាអាជីវករ និង អ្នកតម្បាញ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និង ជាពិសេសកូនទាំងប្រាំពីរនាក់។ នៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ ១៩៦២ អ្នកស្រី នន់ យ៉េន រកចំណូលបានជាប្រចាំតាមរយៈធ្វើការត្បាញនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាទីលំនៅរបស់ស្វាមី ក្រោយពីបានរៀបការហើយ ហើយមករស់នៅជាមួយប្ដី។

ផលិតផលតម្បាញទាំងឡាយ ដែលអ្នកស្រីត្បាញបាន គឺយកមកលក់នៅរាជធានីភ្នំពេញ តាមរយៈស្វាមី ដឹកតម្បាញតាមកង់មកលក់នៅក្នុងទីផ្សារ។

  • សម័យសង្គ្រាម

សង្គ្រាមនៅឯប្រទេសជិតខាង និងភាពហ្វឹកវរក្នុងប្រទេសញុំាងឲ្យប្រជាជនខ្មែរមានភាពចលាចល។ អាមេរិកកាំងទម្លាក់គ្រាប់បែកឥតឈប់ឈរបានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរចាកចោលទីភូមិកំណើត។ មិនខុសពីប្រជាជនដទៃទៀតដែរ អ្នកស្រី នន់ យ៉េន និង ក្រុមគ្រួសារ បានចាកចេញចោលភូមិទៅរស់នៅរាជធានីភ្នំពេញក្នុងអំឡុងឆ្នាំ ១៩៦៧។ ពីឆ្នាំ ១៩៦៧-១៩៧០ អ្នកស្រី នន់ យ៉េន នៅតែប្រកបមុខរបរធ្វើតម្បាញដដែល នៅឯរាជធានីភ្នំពេញ។

អ្នកស្រីធ្លាប់បាននិយាយថា ដោយហេតុមិនចេះអក្សរអ្វី គឺចេះតែតម្បាញមួយមុខ ដូច្នេះ ខ្ញុំនៅតែប្រកបរបរតម្បាញនេះជារៀងរហូត ខណៈស្វាមីមានការងាររដ្ឋ គឺជាជាងជួសជុលរថយន្ដ នៅសំណង់ ១២ នារាជធានីភ្នំពេញ។

  • របបសាធារណៈរដ្ឋ ១៩៧០-១៩៧៥

នៅមិនយូរប៉ុន្មានរបបសង្គមរាស្រ្តនិយម ក៏បានដួលរលំ របបសាធារណៈរដ្ឋ ដែលគ្រប់គ្រងដោយលន់ ណុល បានឡើងមកគ្រប់អំណាចពីឆ្នាំ ១៩៧០-១៩៧៥។

ថ្វីបើរបបថ្មីមកជំនួសក៏មិនបានធ្វើឲ្យជីវភាពគ្រួសារ នន់ យ៉េន បានប្រសើរឡើយ ផ្ទុយទៅវិញកាន់តែធ្វើឲ្យមានការលំបាក ព្រោះទំនិញសព្វសារពើឡើងថ្លៃ នៅលើទីផ្សារ។ សង្គ្រាមនៅមិនទាន់ចប់នៅឡើយ ដោយកំហឹងក្រុមកសិករ បានធ្វើឲ្យរបបសាធារណៈរដ្ឋ ដួលរលំ ហើយរបបថ្មីក៏បានឡើងមកជំនួស គឺរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ ១៩៧៥-១៩៧៩។

  • របបកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩

របបថ្មីបានជម្លៀសឲ្យប្រជាជនចេញពីភ្នំពេញនៅថ្ងៃទី ១៧ មេសា ១៩៧៥ ក្នុងនោះក៏មានគ្រួសារអ្នកស្រី នន់ យ៉េន ដោយអ្នកស្រី និង ក្រុមគ្រួសារ បានធ្វើដំណើរទៅភូមិកំណើត នៅឯភូមិកោះចូររ៉ាម ឃុំកោះចូររ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អ្នកស្រី និយាយថា ដើមឡើយគេចង់ជម្លៀសទៅខេត្តបាត់ដំបង ប៉ុន្ដែ ដោយអ្នកស្រីចង់ទៅកាន់ស្រុកកំណើតក៏បានធ្វើដំណើរមានតែខោ អាវ មួយចង្កេះប៉ុណ្ណោះ ដោយដើរកាត់ព្រៃផ្សែងរហូតដល់ទីស្រុកភូមិរបស់ខ្លួន។

ក្នុងអំឡុងការគ្រប់គ្រងប្រទេសដោយប៉ុល ពត ប្រជាជនខ្មែរទាំងអស់ គឺជា កសិករ ក្នុងនោះគ្រួសារ អ្នកស្រី នន់ យ៉េន ក៏ដូចគេឯងដែរ។ នៅឆ្នាំ ១៩៧៦ អ្នកស្រី នន់ យ៉េន បានប្រសូត្របុត្រ ទី ៣ (ប៊ិន វិបុល) ជាពេលវេលាដ៏លំបាកបំផុតក្នុងអំឡុងរបបវាលពិឃាដរបស់ក្រុមអាវខ្មៅ។

អ្នកស្រីបានរៀបរាប់ប្រាប់ថា នៅពេលទៅដល់ស្រុកដំបូងនោះ ក្រុមកម្មាភិបាលខ្មែរក្រហមគេឲ្យអ្នកស្រីស្ទូងស្រូវ។ ប៉ុន្ដែ មិនយូរប៉ុន្មាន ក៏អង្គការបានបញ្ឈប់ពីស្ទូងស្រូវ ងាកមកចិញ្ចឹមជ្រូកវិញ។ ការងារចិញ្ចឹមជ្រូកនេះ ធ្វើឲ្យអង្គការខ្មែរក្រហមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជ្រូកចិញ្ចឹមពុំមានងាប់នោះទេ ផ្ទុយទៅវិញជ្រូកនិមួយៗ បានកើតកូនច្រើន ខណៈដែលអ្នកស្រី មិនដែលធ្លាប់ចិញ្ចឹមទាល់តែសោះ។

អ្នកស្រី នន់ យ៉េន បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ ដែលបានថែរក្សាអ្នកស្រី ក៏ដូចជា ក្រុមគ្រួសារព្រោះថា នៅក្នុងអំឡុងរបបដ៏ឃោរឃៅមួយនេះ ខណៈដែលអ្នកស្រី មិនធ្លាប់ចិញ្ចឹមជ្រូក បែរជាជ្រូកដែលចិញ្ចឹមទំាងអស់បានធំធាត់ល្អ ហើយពុំមានងាប់ គ្រាដែលអ្នកដទៃចិញ្ចឹមចេះតែងាប់ និង កម្មាភិបាលបានយកទៅសម្លាប់ចោលអស់។ ទន្ទឹមនឹងនេះ អង្គការគ្រោងបញ្ជូនអ្នកស្រីទៅខេត្តបាត់ដំបង ប៉ុន្តែនៅពេល អ្នកស្រី ជិតគ្រប់ខែកើតកូនទី ៤ (ប៊ិន វិបុត្រ) នោះ ក៏អង្គការផ្អាកគម្រោងបញ្ជូនទៅវិញ។

  • របបរដ្ឋកម្ពុជា ១៩៧៩-១៩៨៩

នៅឆ្នាំ១៩៧៩ អ្នកស្រីបានប្រសូត្របុត្រទី ៤ ហើយក៏ជាពេលវេលា ដែលរបបខ្មែរក្រហមដួលរលំ ហើយរបបរដ្ឋកម្ពុជា មកជំនួសពីឆ្នាំ ១៩៧៩-១៩៨៩។ ក្នុងអំឡុងពេលនេះ អ្នកស្រី នន់ យ៉េន បានកណ្ដៀត បន្លែ យកទៅលក់នៅផ្សារអូរឬស្សី នារាជធានីភ្នំពេញ។ ការប្រកបរបរលក់បន្លែនេះ បានធ្វើឲ្យជីវភាពគ្រួសារគាត់បានប្រសើរបន្ដិច។

ប៉ុន្ដែចរន្តសង្គម និង ការផ្លាស់ប្ដូរសេដ្ឋកិច្ចបានធ្វើឲ្យគាត់ផ្លាស់មុខរបរទៀត ពីលក់បន្លែ មកលក់បបរសវិញ។ អ្នកស្រី បានចំណាយពេលអស់ជាង ២០ ឆ្នាំ លក់បបរស នៅតាមចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវសុខហុក ដើម្បីចិញ្ចឹមកូនៗទាំងប្រាំពីរនាក់។

អ្នកស្រីធ្លាប់និយាយថា ក្រៅពីត្បាញ លក់បន្លែនៅផ្សារអូរឫស្សី លក់បបរស អ្នកស្រីក៏មានលក់បង្អែមនៅក្រោមផ្ទះតាមបណ្ដោយផ្លូវសុខហុក ខាងកើតផ្សារអូរឫស្សី។ អ្នកស្រីនិយាយថា ចំណូលបានមកគឺចំណាយមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ។

ក្រៅពីចំណូល អ្នកស្រី នន់ យ៉េន បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបិបាច់ថ្នាក់ថ្នម កូនៗដោយមិនអនុញ្ញាតឲ្យស្រមោចវាលតោងកូនបានឡើយ។ ទឹកចិត្តរបស់អ្នកស្រី នន់ យ៉េន គឺជាកម្លាំងចិត្តដ៏ធំធេង ដែលមិនអាចបំភ្លេចបានសម្រាប់កូនទាំងប្រាំពីរនាក់នោះទេ។

អ្នកស្រី នន់ យ៉េន ស៊ូហូបបាយជាមួយចេក បបរសជាមួយអំបិល ឬត្រីខ ប៉ុន្ដែ ម្ហូបសាច់ ស៊ុប ឆ្ងាញ់ៗ មិនភ្លេចឡើយ គឺទុកឲ្យកូនៗជានិច្ច។ កូនទាំងប្រាំពីរនាក់ ធំដឹងក្ដី រហូតមកដល់សព្វថ្ងៃក៏ដោយសារការបីបាច់ថែទាំពីម្ដាយ (នន់ យ៉េន)។

អ្នកស្រីធ្លាប់លើកឡើងថា ចាប់តាំងពីមានគ្រួសារមក អ្នកស្រីបានដើរតួនាទី ជាម្ដាយផង និង ឪពុកផង នៅក្នុងគ្រួសារ។ អ្វីទាំងអស់នេះ អ្នកស្រីធ្វើដើម្បីតែកូនៗតែប៉ុណ្ណោះ។

ក្រៅពីអ្នកស្រីគឺជាម្លប់ នៃគ្រួសារហើយនោះ អ្នកស្រីបានធ្វើឲ្យដើមឈើមួយនេះ កាន់តែបែកមែកបែកធាងពេញដោយម្លប់ ត្រឈឹងត្រឈៃ ដល់ដីផងទាំងពួង។ នៅត្រង់នេះមានន័យថា អ្នកស្រី នន់ យ៉េន បានរៀបចំទុកដាក់កូនចៅ ឲ្យមានគ្រួសារបានចំនួន ៤ នាក់ទៅហើយ ប៉ុន្តែ នៅឡើយបីនាក់ទៀតនៅមិនទាន់រៀបចំទុកដាក់នៅឡើយ នោះរួមមាន ស្រី១ ឈ្មោះប៊ិន ចាន់ណា និង ប្រុសពីរនាក់ ប៊ិន វិបុត្រ និង ប៊ិន ប៊ុណ្ណា។ ការដែលអាចធ្វើទៅបានដូចនេះ គឺអ្នកស្រីបានចំណាយទាំងកម្លាំងកាយ ចិត្ត និងពេលវេលាជាច្រើន ទាំងញើសឈាមស្រស់ ទោះបីជាអ្នកស្រីមានជំងឺប្រចាំកាយក៏ដោយ។

  • ស្ថានភាព​ជំងឺ​

អ្នកស្រីបាននិយាយថា “សព្វថ្ងៃនេះ ខ្ញុំមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ឬខ្វះឈាម និងជម្ងឺសន្លាក់ដៃជើង។ តែទោះជាមានជំងឺប្រចាំកាយបែបនេះ ក៏ដោយ ក៏អ្នកស្រីនៅតែប្រឹងប្រែងក្រោយតាំងពីព្រលឹមម៉ោង ៤ ទាបភ្លឺ ដើម្បីដាំបបរស យកទៅលក់ដែរ។

ជាងនេះទៅទៀត អ្នកស្រីបានលើកឡើងថា អ្វីដែលកាន់តែធ្លាក់បន្ទុកមកលើអ្នកស្រី និង កូននោះ គឺស្វាមី បានរកស៊ីខាត គឺទៅទិញឡាននីស្សាន់ ដោយខ្ចីប្រាក់គេប្រមាណជា ៧ ០០០ ដុល្លារ ប៉ុន្តែ ការរកស៊ីមិនកាក់កបនោះទេ ផ្ទុយទៅវិញការរកស៊ីមិនបានហើយឡានកាន់តែខូចថែមទៀត ដែលធ្វើឲ្យគ្រួសារនេះ កាន់តែលំបាកលំបិន ជំពាក់ការប្រាក់ និង ដើមគេសរុបចំនួនជាង ១ម៉ឺនដុល្លារ។ ប៉ុន្តែ ដោយសារទឹកចិត្តសន្ដោសពីម្ចាស់បំណុល គេលែងយកការប្រាក់ ទើបសងគេរួចនៅ អំឡុងឆ្នាំ ២០០៤ និង ឆ្នាំ ២០០៥ ដោយមានការចូលរួមសងពីកូនពីរនាក់ គឺ ប៊ិន វិបុល និង ប៊ិន វិបុត្រ។

ប៉ុន្ដែ សេចក្ដីដឹងគុណរបស់កូនចៅ ក៏មិនភ្លេចឡើយ ក៏កូនបានស្នើសុំម្ដាយឈប់លក់ដូរ ដោយចង់ឲ្យសម្រាកនៅផ្ទះ ជាទីកន្លែងឲ្យសុខសប្បាយនៅក្នុងជីវិត ខណៈកូនៗមានការងារ ជាទីពឹងប្រាកដប្រជាទាំងអស់គ្នាហើយនោះ។

នៅពេលកូនមានទីពឹងការងារច្បាស់លាស់នោះ អ្នកស្រី និយាយថា «ខ្ញុំសប្បាយចិត្តណាស់ ដោយឃើញពួកគេកំពុងមានពន្លឺជីវិត ព្រោះពួកគេទាំងឡាយមិនមែនជាកូន ដែលល្មើសគុណនោះទេ មានន័យថា ពួកគេមិនមែនជាកូនដែលដើរលេងប៉ោឡែ។ កូនៗទាំងអស់បានឃើញមានជំងឺប្រចាំកាយ ពួកគេ បានឲ្យខ្ញុំឈប់លក់ដូរ ហើយសម្រាកនៅផ្ទះ។»

13124961_1199764623368619_8103215744108862788_n

អ្នកស្រី នន់ យ៉េន ក្រោយពីត្រឡប់មកពីវៀតណាម ហើយសម្រាកព្យាបាលជំងឺនៅផ្ទះ

  • គ្រោះថ្នាក់ចរាចរណ៍ និង​ ការ​ព្យាបាល​ជំងឺ​នៅក្រៅប្រទេស

នៅថ្ងៃទី ១៣ មេសា ឆ្នាំ ២០០៨ គឺជាពេលហុងស៊ុយ អ្នកស្រី នន់ យ៉េន ធ្លាក់ចុះបំផុត ដោយអ្នកស្រី បានរងគ្រោះថ្នាក់ចរាចរ បន្ទាប់ពីអ្នកស្រី បាននាំយកចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តកោះ ហើយបានចាកចេញពីវត្ត ដោយឆ្លងថ្នល់ត្រឡប់មកផ្ទះវិញ តែត្រូវបានស្ទាវបើកបុក ចំថ្ងៃចូលឆ្នាំខ្មែរជាថ្ងៃដំបូង ដែលបណ្ដាលឲ្យអ្នកស្រី មានរបួសប្រេះរលាក្បាល។

អស់រយៈពេល២ ឆ្នាំ ២០០៨-២០១០ អ្នកស្រី មិនដែលស្គាល់ក្ដីសុខឡើយ ដោយអ្នកស្រី រស់នៅជាមួយជំងឺរុំារ៉ៃ នៅក្នុងខ្លួន បន្ទាប់ពីអ្នកស្រីទទួលរងគ្រោះថ្នាក់ចរាចរមកនោះ ខណៈដែលអ្នកស្រី មានជំងឺទឹកនោមផ្អែមជាង ១០ ឆ្នាំមកហើយ។

ឆ្លងកាត់ការគ្រោះថ្នាក់ចរាចរមក អ្នកស្រីកាន់តែមានសុខភាព ទ្រុឌទ្រោមទៅៗ ដោយកូនទាំង ៧ នាក់បាននាំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម ចំនួនពីរដង។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញវិញ ស្ទើរតែមន្ទីរពេទ្យតូច ធំ ទាំងអស់ អ្នកស្រីបានចូលសម្រាក ព្យាបាលអស់ហើយ ដែលរួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យកេតុមាលា មន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យឯកជន ដូចជា សុខហុក សុក្រឹត និង បុប្ផាមាស ជាដើម។

អ្នកស្រីធ្លាប់ទទួលការវះកាត់គុម្ពត្រចៀកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ព្យាបាលជំងឺប្រេះរលានៅប្រទេសវៀតណាម ក្នុងអំឡុងឆ្នាំ ២០០៨ ក្រោយពីគ្រោះថ្នាក់ចរាចរភ្លាមៗ នៅទីនេះអ្នកស្រីបានបាត់បង់ស្មារតី ប៉ុន្តែ មួយរយៈមកបានដឹងខ្លួនវិញ ដោយអ្នកទៅថែ គឺប៊ិន សុផល និង ប៊ិន ប៊ុណ្ណា។

  • ការ​ទទួល​មរណៈកាល

ជំងឺរ៉ាំរ៉ៃខាងលើ បានបណ្ដាលឲ្យអ្នកស្រីមិនអាចបន្តជីវិតនៅលើលោកនេះ ព្រោះតែជំងឺទឹកនោមផ្អែម ខ្ទុះក្នុងត្រចៀក ស្រាំលលាដ៍ក្បាល រលាកបំពង់ក ធ្ងន់ធ្ងរ បណ្ដាលឲ្យហូបបាយមិនបាន។ អ្នកស្រី នន់ យ៉េន បានលាចាកកូនចៅ សាច់ញាតិ មិត្តភ័ក្ដិ អ្នកភូមិផងរបងជាមួយ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ ជារៀងរហូត។

ប៉ុន្ដែ អ្នកស្រីនៅមុននឹងបិទភ្នែកពីលោកនេះទៅ អ្នកស្រីធ្លាប់បានផ្ដាំផ្ញើដល់កូនចៅប្រុសស្រីគ្រប់រូបថា «ទោះជាមានបញ្ហាអ្វីក៏ដោយ ក្នុងនាមជាស្រ្តីត្រូវតែចេះតស៊ូ មិនត្រូវចុះចាញ់នឹងវាសនានោះទេ។»

អ្នកស្រីបញ្ជាក់ថា «មានតែការសាមគ្គីគ្នានៅក្នុងគ្រួសារប៉ុណ្ណោះ គឺជាឱសថដ៏ស័ក្ដិសិទ្ធិ សម្រាប់ព្យាបាលរោគទាំងឡាយ ដែលយើងកំពុងតែជំពាក់ជំពិនជាមួយសង្គមមួយនេះ៕»

អត្ថបទ៖ ២០១០

ការ​សម្ពោធ​រោងភាពយន្ដ​ នឹង​ជា​ដំណើរ​ផ្លូវ​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ដ​ងើប​ឡើង​វិញ​​

ក្រុម​ហ៊ុន​សប្បាយ​បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត​ តាម​រយៈ​ការ​បើក​សម្ពោធ​រោង​ភាព​យន្ត​​លំដាប់​អន្តរជាតិ​ ដែល​មាន​ឈ្មោះ​ថា “The Cineplex” នៅ​ផ្សារ​សូរិយា ជាន់​ទី​៥ កាល​ពី​ថ្ងៃ​ទី​ ៤ ខែសីហា​ ឆ្នាំ​ ២០១១​។
 

ការ​បើក​សម្ពោធ​រោង​ភាព​យន្ត​នេះ ចំ​ពេល​ដែល​រោង​ភាព​យន្ត​នៅ​កម្ពុជា​កំពុង​ដួល​រលំ​ ឈាន​ទៅ​រក​ការ​បាត់​បង់​​ទៅ​ហើយ​។ តើ​វាសនា​រោង​ភាព​យន្ត​នេះ​អាច​ដំណើរ​បាន​ដែរ​ឬទេ? ចុះ​វិស័យ​ភាព​យន្ដខ្មែរ​វិញ​ទៅ​ជា​យ៉ាង​ណា​ដែរ​?

នៅ​ទី​បំផុត​ទៅ​ក្រុម​ហ៊ុន​សប្បាយ​បាន​បង្កើត​ភាព​ដ៏​អស្ចារ្យ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែល​នោះ​គឺ​​ជា​រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ​ ”The Cineplex”​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​​។​

រោង​ភាព​យន្ត​នេះ​មាន​សាល​ចំនួន​បី​ ដែល​ផ្ដល់​សេវា​កម្ម​ភាព​យន្ត​ ដំណើរ​ការ​ប្រព័ន្ធ​ ២ D ២សាល, និង​ ១ សាល​ទៀត​ ដោយ​ប្រព័ន្ធ​៣D​ ដែល​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា​ពណ៌ខ្មៅ​ ហើយ​​វា​បាន​ផ្ដល់​អារម្មណ៍​ឲ្យ​អ្នក​ទស្សនា​ភាព​យន្ដ​ហាក់​ដូច​ជា​​នៅ​ក្នុង​ស្ថានភាព​នៃ​ខ្សែ​ភាព​យន្ត​នោះ​ដែរ​។

ទន្ទឹម​នឹង​នេះ ”The Cineplex” ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​សប្បាយ​ (CIDC Information Technology) សហការ​ជាមួយ​ដៃ​គូ ពាណិជ្ជកម្ម​របស់​ខ្លួន​ក៏​បាន​បំពាក់​ប្រព័ន្ធ​បំពង​សំឡេង​ទំនើប​ (Surround sound) ដែល​មិន​បង្ក​ការ​រំខាន​ និង​ឧបករណ៍​បំភ្លឺ​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​។

Platinum

ដោយ​សារ​តែ​រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ​”The Cineplex”នេះ បាន​បំពាក់​ឧបករណ៍​ទំនើបៗ​ និង​ការ​តុប​តែង​រោង​ភាព​យន្ដ​យ៉ាង​ល្អ​ប្រណិត​ទាំង​ក្នុង​រោង​ និង​ក្រៅ​រោង​​ គឺ​រោង​ភាព​យន្ដ​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ ដែល​ស្ទើរ​តែ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ដើរ​កាត់​ហើយ​ គឺ​មិន​អាច​ចោល​ក្រសែ​ភ្នែក​មើល​រោង​ភាព​យន្ដ​នេះ​បាន​ទេ​។

អ្វី​ដែល​កាន់​តែ​ធ្វើ​ការ​ទាក់​ទាញ​ថែម​ទៀត​ គេ​សង្កេត​ឃើញ​មាន​ក្រុម​​តារា​ល្បី​ៗ ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ជា​ច្រើន​នាក់​ ​បាន​ចូលរួម​បើក​សម្ពោធ​រោង​ភាពយន្ត​នា​ពេល​នោះ​ដែរ​។ ជា​ពិសេស​ថែម​ទៀត​​ គេ​សង្កេត​ឃើញ​លោក​ឳ​ពុក​របស់​ម៉ៃ​ឃើល​ ជេក​ស៊ុន​ ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ដែរ​។

តាម​ពិត​ទៅ​ការ​សម្ពោធ​រោង​ភាព​យន្ត​នេះ​ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​តារា​ប្រុស​ស្រី​ ទាំង​ជំនាន់​មុន និង​ក្រោយ​បាន​ជួប​ជុំ​គ្នា​ ក្នុង​ទិស​ដៅ​ដើម្បី​បង្កើន​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​រវាង​តារា​ និង​តារា ក៏ដូច​ជា​មួយ​ផ្នែក​ទៀត​ រវាង​​ក្រុម​ហ៊ុន​សប្បាយ​ និង​សិល្បៈ​ករ​ផង​ដែរ​។ នៅ​ទី​នេះ​ ក្រុម​តារា​បាន​ជួប​ជុំ​គ្នា​ ជា​លក្ខណៈ​មិត្ត​ភាព​ ដោយ​បាន​ញុំា​អាហារ​រួម​គ្នា និង​ធ្វើ​ការ​ជជែក​គ្នា​តាម​ក្រុម​និមួយៗ​។ យូរៗម្ដង​ៗ​គេ​លាន់​ព្ញ​ក្រុម​តារា​ទាំង​នោះ​ជជែក​អំពី​ជោគ​វាសនា​របស់​ភាព​យន្ដ​ខ្មែរ​។

លោក​ស្រី​ឌី សាវេត តារា​ភាព​យន្ត​ជើង​ចាស់​ កាល​ពី​ទសវត្ស​៦០​បាន​បាន​ស្វាគមន៍​ចំពោះ​រោង​ភាព​យន្ត​”The Cineplex”ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​សប្បាយ​។ លោក​ស្រី​សាវេត បាន​និយាយ​ថា រោង​ភាព​យន្ត​នេះ​ គឺ​ជា​ការ​រួម​ចំណែក​មួយ យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ​​វិស័យ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ខ្មែរ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ដូច​បណ្ដា​ឧស្សាហកម្ម​សិល្បៈ​ជាសាកល​។

តារា​សម្ដែង​មួយ​រូប​ទៀត​ លោក​យូនីស្កូ ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដែរ​ថា ប្រសិន​រោង​ភាព​យន្ត​នេះ​បញ្ចាំង​តែ​ភាព​យន្ត​បរទេស​ក៏​មិន​អាច​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​របស់​ខ្មែរ​នោះ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​រោង​ភាព​យន្ត​នេះ មាន​បញ្ចាំង​រឿង​ខ្មែរ​ ទើប​អាច​លើក​ស្ទួយ​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​សិល្បៈ​ករ​ សិល្បៈការិនី​នៅ​កម្ពុជា​ ដែល​អាច​ឲ្យ​ពួកគេ​ មាន​ការ​ធ្វើ​ផងដែរ​។

Hall platinum

កញ្ញា​លី​ចាន់​ សីហា តារា​សម្ដែង​ល្បី​មួយ​រូប​ ក្នុង​រឿង ​”​មរណភាព​មាតា​” និង​ “ទឹកចិត្ត​ម្ដាយ”​ បាន​​និយាយ​ដែរ​ថា រោង​ភាព​យន្ត​នេះ​អាច​ចាត់​ទុក​បាន​ថា ជា​រោង​ភាព​យន្ត​ខ្នាត​អន្តរជាតិ​ ដែល​រោង​ភាព​យន្ដ​នេះ​មាន​សារសំខាន់​ណាស់​នឹង​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍​ចំពោះ​ការ​ទស្សនា​ភាព​យន្ដ​ឡើង​វិញ​។ ទន្ទឹម​នឹង​នេះ ​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​រោង​ភាព​យន្ដ​នេះ បញ្ចាំង​រឿង​​ខ្មែរ គឺប្រាកដ​ណាស់​នឹង​​កាន់​តែ​ទាក់ទាញ​ មហាជន​ ឲ្យ​ចាប់​អារម្មណ៍​ឡើងវិញ​ចំពោះ​​​រឿង​របស់​ខ្មែរ​។

កញ្ញា​ឌួង ហ្សូរីដា បាន​និយាយ​ដែរ​ថា ការ​បញ្ចាំង​២D ៣D​នេះ សម្រាប់​នៅ​ស្រុក​គេ​ពេញ​និយម​ណាស់ ហើយ​កម្ពុជា​ក៏​ធ្លាប់​មាន​ដែរ​ ប៉ុន្ដែ​គ្រាន់​តែ​ជាលក្ខណៈ​ទ្រង់ទ្រាយ​តូច​ គឺ​មិន​​​បាន​បំពាក់​ឧបករណ៍​ទំនើប​ និង​ជា​លក្ខណៈ​អន្តរជាតិ​បែបនេះ​នោះ​ទេ។ កញ្ញា​បាន​​បង្ហាញ​ក្ដី​រំពឹង​ថា រោង​ភាព​យន្ដ​នេះ ក៏​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ ផលិត​ខ្សែ​ភាព​យន្ត​បែប​​2D និង​3D​ដូច​នេះ​ នា​ពេល​ខាង​មុខ​នេះ​មិន​ខាន។

មិនត្រឹម​តែ​តារា​ខ្មែរ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ ដែល​ចាប់​អារម្មណ៍​ទៅ​នឹង​រោង​ភាព​យន្ដ”The Cineplex”​ នោះ លោក​Uri Barak ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចូលរួម​ទស្សនា​រោង​ភាព​យន្ត​នេះ​ដែរ​ បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​រោង​ភាព​យន្ត​នេះ​។ លោក​Barak បាន​និយាយ​ថា រោង​ភាព​យន្ត​នេះ​ បាន​រៀប​ចំ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដែល​​លោក​បាន​មើល​ទៅ​ឃើញ​ថា ល្អ​ជាង​រោង​ភាព​យន្ត​នៅ​ឯ​ទីក្រុង​បាងកក​ទៅ​ទៀត​។

ស្រដៀង​គ្នា​នេះដែរ លោក​ស្ទី​វីន ហែល អាណិកជន​ខ្មែរ​ រស់នៅ​សហរដ្ឋ​អាមេរិក​​ដែល​បាន​នាំ​បុគ្គលិក​របស់​ខ្លួន​ចំនួន​១០​នាក់​ មក​គាំទ្រ​ និង​ទស្សនា​ខ្សែ​ភាព​យន្ដ​រឿង​Captain America​ បាន​និយាយ​ដែរ​ថា រោង​ភាព​យន្ដ​”The Cineplex” បាន​រចនា​បទ​ដូច​នៅ​ប្រទេស​អភិវឌ្ឍន៍​​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ជាដើម​។

​ដោយ​ឡែក​អ្នក​ដែល​បាន​ចូល​​ទៅ​ទស្សនា​ ក្នុង​រោង​ភាព​យន្ដ​”The Cineplex”វិញ​ លោក​អារិក ប្រធាន​ក្រុម​យូធូភា ដែល​បាន​ចូលទស្សនា​ខ្សែ​ភាព​យន្ដ​អ៊ូសៀ​ ប្រភេទ​ខ្សែ​ភាព​យន្ដ​៣D បាន​និយាយ​ថា ការ​ទស្សនា​ភាព​យន្ត3D​នេះ គឺ​គេ​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា​ពណ៌ខ្មៅ​។ លោក​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ថា ការ​ទស្សនា​ភាព​យន្ដ​បែប​នេះ​ គឺ​វា​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​អ្នក​ទស្ស​នា​មែនទែន​ និយាយ​ឲ្យ​ចំ​ វា​ហាក់​ដូច​យើង​នៅ​ក្នុង​រឿង​នោះ​ពិត​ៗ​អញ្ចឹង​ដែរ​។

លោក​ឃេ​ សមាជិក​ក្រុម​យូធូភា ​ដែល​បាន​ចូលរួម​ស្សនា​ខ្សែ​ភាព​យន្ដ​ចិន​រឿង​អ៊ូសៀរ​ និយាយ​ដែរ​ថា នៅ​ពេល​តួ​សម្ដែង​វាយ​ដំ​គ្នា​​ ហើយ​ខ្ទាត់​វត្ថុ​ផ្សេង​ៗ វា​ហាក់​ដូច​ជា​ខ្ទាត​មក​លើ​ខ្លួន​អ្នក​ទស្សនា​ពិត​ៗ​អញ្ចឹង​ដែរ​។

លោក​​ណិត សមាជិក​ក្រុម​យូធូភា បាន​និយាយ​ដែរ​ថា នៅ​គ្រា​ដែល​ទស្សនា​ភាព​យន្ដ​ចិន​អ៊ូសៀ​នេះ​ហើយ​គឺ​មិន​ចង់​ចេញ​ពី​រោង​នោះទេ​ព្រោះ​សាច់​រឿង​ល្អ និង​រោង​ភាព​យន្ត​នេះ បាន​បំពាក់​ឧបករណ៍​ទំនើប​ៗ​ ដែល​មាន​ម៉ាស៊ីន​ត្រជាក់ រូបភាព និង​សំឡេង​​ច្បាស់​ល្អ ដែល​អ្នក​ទស្សនា​មើល​ទៅ​កាន់​តែ ជក់ចិត្ត​ចំពោះ​សាច់​រឿង​នោះ​។

​វិស័យ​ភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ងើប​លិច​ៗ​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ រោង​ភាព​យន្ត​ ដែល​ស្ទើរ​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ​ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​។ បច្ចុប្បន្ន​នេះ​ រោង​ភាព​យន្ត​ដែល​កំពុង​ដំណើរ​ការ​​ គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ​ គឺ​រោង​ភាព​យន្ត​លុច្ស​ ខណៈ​ដែល​រោង​ភាព​យន្ត​ល្បីៗ​ផ្សេងៗ​​ទៀត​បាន​ដួល​រលំ​ ហើយ​បាន​​ក្លាយ​ទៅ​ជា​កន្លែង​ក្លឹប​កម្សាន្ត​ ឬ​រង្គសាល​នានា​​ទៅ​វិញ​។ គេនៅ​ចាំ​បាន​ថា វិស័យ​ភាព​យន្ត​ខ្មែរ ដែល​ទទួល​បាន​ការ​គាំទ្រ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ នៅ​ក្នុង​ទសវត្ស​៦០​។

 

លោក​សុះ​ ម៉ាច ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​វិស័យ​យន្ដ​របស់​ខ្មែរ ដោយ​សារ​តែ​កម្ពុជា​ខ្វះ​ធនធាន​ ខ្វះថវិកា ខ្វះបច្ចេកទេស​ និង​ខ្វះការគាំទ្រ​ ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​អស់​ទឹក​ចិត្ត​លែង​ចង់​ផលិត​ភាព​យន្ដ​តទៅទៀត​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ សព្វថ្ងៃ​នេះ ការ​ផលិត​ភាព​យន្ដ​តាម​រោង​កុន​ក៏លែង​មាន​ដែរ គឺ​មាន​តែ​រឿង​ភាគ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​។ លោក​ថា បច្ចុប្បន្ន​នេះ​មាន​តែ​រោង​កុន​លុច្ស​ប៉ុណ្ណោះ​កំពុង​ដំណើរ​ការ​ ប៉ុន្ដែ រោងកុន​ផ្សេង​ៗ​ បាន​ក្លាយ​ទៅ​ជា​បា រង្គសាល​ ឬ​ភោជនីយដ្ឋាន​អស់​ទៅ​ហើយ​។

លោក​ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនសប្បាយ និង​រោង​ភាព​យន្ដ​ ”The Cineplex”​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដែរ​ថា ប្រទេស​កម្ពុជា​ធ្លាប់​មានភាព​ល្បី​ល្បាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​នៅ​វិស័យ​ភាព​យន្ដ​។ ទន្ទឹម​នឹង​នេះ​ប្រការ​ដែល​រោង​ភាព​យន្ត​ចេះ​តែ​បន្ត​បិទទ្វារ​ព្រោះ​តែ​រោង​ភាព​យន្ដ​ទាំង​នោះ​ ទំនង​ជាមិន​ហាន​នាំចូល​ខ្សែ​ភាព​យន្ត​ល្បី​ៗ​យក​មក​ចាក់​បញ្ចាំង​។ ប៉ុន្ដែ​​សប្បាយ​នាំ​យក​ភាព​យន្ត​ល្បីៗ​នៅ​លើ​ពិភពលោក​ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា។

លោក​សុះ​ ម៉ាច បាន​បង្ហាញ​ក្ដី​រំពឹង​ដែរ​ថា រោង​ភាព​យន្ដ​ខ្នាត​អន្ដរជាតិ​នេះ ជាមោទនភាព​របស់​ខ្មែរ​មួយ​ ហើយ​រោងភាព​យន្ដ​នេះ ក៏​ជា​ចលករ​ថ្មី​មួយទៀត​ សម្រាប់​លើក​ទឹក​ចិត្ត​ដល់​សិល្បៈករ​ ក៏​ដូច​ជា​ជួយ​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ដ​ខ្មែរ​រស់​រវើក​ឡើង​មក​វិញ​ផងដែរ​។ លោក​សុះ​ ម៉ាច​បន្ថែម​ថា លោក​បាន​ពិភាក្សា​ជាមួយ​សប្បាយ​រួច​ហើយ​ អំពី​គម្រោង​​សហការ​ជាមួយ​ផលិត​កម្ម​​ធំៗ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ ដើម្បី​ធ្វើ​ឲ្យ​កុន​ខ្មែរ​​កាន់​តែ​ល្បី​រន្ទឺ​ដូច​សម័យ​សង្គម​រាស្ត្រ​និយម​​។ ទន្ទឹម​នឹង​នេះ​លោក​ថា សមាគមន៍​សិល្បៈករ​ខ្មែរ​ក៏​កំពុង​គ្រោង​បើក​សាលា​បណ្ដុះ​បណ្ដាល​ដល់​សិល្បៈករ​ខ្មែរ ដើម្បី​តួសម្ដែង​កាន់​តែ​មាន​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​ ដោយ​មិន​ចាញ់​តួសម្ដែង​បរទេស​បាន​នោះទេ។

លោក​ជី សិលា​ បាន​និយាយ​ថា រោង​ភាព​យន្ដ​”The Cineplex” ស្វាគមន៍​ចំពោះ​ភាពយន្ត​ខ្មែរ ហើយ​លោក​បាន​បញ្ជាក់​ថា សប្បាយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ទាំង​ថវិកា ដើម្បី​ផលិត​ខ្សែភាព​យន្ដ​ ជា​លក្ខណៈ​អន្ដរជាតិ ដើម្បី​នាំ​យក​មក​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ “The Cineplex”។

ជុំវិញ​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ឡើង​វិញ​នេះ ក្រុមហ៊ុន​សប្បាយ​បាន​ប្រឹងប្រែង​រៀប​ចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ជា​អាណាចក្រ​តារា ដែល​បាន​ក្រាល​កម្រាល​ព្រំ​ពណ៌​ក្រហម​សម្រាប់​តារា​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាថ្មី​ម្ដង​ទៀត​សប្បាយ​បាន​បង្កើត​ឲ្យ​មាន​រោងភាពយន្ដ​ដ៏​ទំនើប​​ សម្រាប់​ទាក់ទាញ​ ក៏​ដូច​ជាលើក​ទឹក​ចិត្ត​ដល់​ផលិតករ​ខ្មែរ​ ខំប្រឹង​ប្រែង​ផលិត​ភាពយន្ដ​ខ្នាត​អន្ដរជាតិ​ ហើយ​រោង​ភាព​យន្ដ​”The Cineplex” គឺ​ជា​ទីផ្សារ​របស់​ពួកគេ​ សម្រាប់​បញ្ចាំង​។ ជាការពិត​ណាស់​ភាព​យន្ដ​ខ្មែរ​មិន​អាច​សាប​សូន្យ​បាន​នោះទេ ព្រោះ​ខ្មែរ​នៅ​មាន​អ្នក​ចេះ​ដឹង​ជាច្រើន​ ដែល​កំពុង​ត្រៀម​បញ្ចេញ​សមត្ថភាព​ ហើយ​ភាព​យន្ដ​ មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ជាតិ​មួយ ដែល​មានទាំង​វប្បធម៌​ ប្រពៃណី និង​ជាអត្ថសញ្ញាណ​ របស់​ប្រទេស​ផងដែរ​៕

​អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អុញ! គ្រួសារ​សប្បាយ​ ទៅ​​កម្សាន្ដ​នៅ ​ឆ្នេរ​អូរត្រេះ

នៅ​ចុង​សប្ដាហ៍​នេះ សមាជិក​ក្រុមគ្រួសារ​សប្បាយ (Sabay Family) ជិត ១០នាក់ បាន​ធ្វើ​ដំណើរ​​កម្សាន្ដ​ ទៅ​កាន់​រមណីយដ្ឋាន នៃ​ឆ្នេរ​​អូរត្រេះ​ ឋិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អាទិត្យ ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០១៤។ នៅ​តំបន់​នេះ មាន​សោភ័ណភាព​ស្រស់​ស្អាត​មិន​ចាញ់​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​សុខា ឆ្នេរ​ហាវៃ នោះ​ឡើយ។

តំណរភ្ជាប់​ទៅ​កាន់​អត្ថបទផ្សេង ៖ ដំណើរ​កម្សាន្ដ​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​រមណីយដ្ឋាន​គីរីរម្យ

​ឆ្នេរ​អូរត្រេះ ​គឺ​ជា​តំបន់​មួយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេស​បរទេស​ច្រើន​ជាង​ឆ្នេរ​អូរ​ឈើ​ទាល ព្រោះ​ថា នៅ​ទី​នេះ​មាន​សភាព​ស្ងប់ស្ងាត់​ ដែល​ជា​អំណោយ​ផល​ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​អាច​លេង​ទឹក​ ហាល​ថ្ងៃ និង គយគន់​ទេសភាព​​ដ៏​ស្រស់​បំព្រង​ លាយឡំ​នឹង​​ខ្សាច់​សក្បុស​ផង​ដែរ។

អ្វី​ដែល​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​បរទេស​មក​កម្សាន្ដ​នៅ​តំបន់​នេះ​ច្រើន​ គឺ​ឆ្នេរ​អូរត្រេះ​ក៏​មាន​កន្លែង​ជិះក្ដារ​បន្ទះ នៅ​លើ​ទឹក ហើយ​និង​ជួល​ទូក​កាយ៉ាក់​ចែវ​លេង រួម​ទាំង​មាន​​កីឡា​ជិះ​ក្ដារ​មាន​ក្ដោង យ៉ាង​សប្បាយ​រីករាយ។ មួយ​ចំនួន​ទៀត​នៃ​ភ្ញៀវ​ទេសចរណ៍​អាច​ជួល​អូប័រ​ ឬ ពោង សម្រាប់​លេង​ទឹក ហើយ​ភ្ញៀវ​ទេសចរណ៍​ក៏​អាច​ទៅ​កម្សាន្ត​នា​កោះ​ផ្សេង​ៗ​ផង​ដែរ៕​

គ្រួសារ​សប្បាយ​ (Sabay Family) បាន​ផ្ដិត​រូប​ទុក​ជាអនុស្សាវរីយ៍ ​នៅ​ឆ្នេរ​អូរត្រេះ
សូមទស្សនា​រូបភាព​ខាង​ក្រោមនេះ៖

SabayIMG_9556

IMG_9851

IMG_9768

IMG_9645

IMG_9661

អ្វី​ទៅ​ជា​សិល្បៈ?

អ្វីទៅ​ជា​សិល្បៈ? សំណួរ​នេះ​ត្រូវ​បាន​ លោក សេង តារា អ្នក​ស្រាវជ្រាវ​​សៀវភៅ​ “ការ​វិវត្តន៍​នៃ​តូរ្យ​តន្រ្តី​ខ្មែរ” និង ជា​អ្នក​ស្រាវជ្រាវ​​ប្រវត្តិ​​តារា​ចាស់ៗ​ បាន​កំណត់​និយម​ន័យ​ថា សិល្បៈ គឺជា​សញ្ញាណ​ដ៏​ទូលំទូលាយ​សម្រាប់​សំគាល់​ទម្រង់​នៃ​ការ​ច្នៃ​ប្រឌិត​របស់​មនុស្ស​ដែល​ស្ដែង​ចេញ​តាម​រយៈ​កាយវិការ​សូរសម្លេង​និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​ ​ក្នុង​គោល​បំណង​ខ្ពស់​បំផុត​​គឺ​ សោភ័ណ និង​ បម្រើ “សុភមង្គល​របស់​មនុស្ស”។

សេង តារាលោក សេង តារា កំពុង​ផ្ដល់​បទសម្ភាសន៍​​ឲ្យ​ស្ថានីយ​ទូរទស្សន៍ CTN

  • សិល្បៈ​មាន​ប៉ុន្មាន​ប្រភេទ?

សិល្បៈ​មាន​ច្រើន​ទម្រង់​ផ្សេង​ៗ​គ្នា​ដែល​អាស្រ័យ​ទៅ​តាម​លក្ខណៈ​របស់​វា​និមួយៗ។ រហូត​មក​ទល់​នឹង​ពេល​នេះ​ សិល្បៈ​ត្រូវ​បាន​​គេ​ចែក​ចេញ​ជា ៧ ទម្រង់​ធំៗ ក្នុង​នោះ​រួមមាន៖

១. សិល្បៈ​ស្ថាបត្យកម្ម (Architecture): ដែល​សំដៅ​ទៅ​លើ​ការ​សាងសង់​គូរប្លង់​ផ្សេង​ៗ ដូចជា ប្រាសាទ​ អគារ រមណីយដ្ឋាន​ និង ផ្ទះ​សម្បែង​…..ដែល​ប្រកប​ដោយ​​សោភ័ណ។

២. សិល្បៈ​ចម្លាក់ (Sculpture): សំដៅ​ទៅ​លើ​សិល្បៈ​សូន្យ​រូប​ សិល្បៈ​ស្មិត​ សិល្បៈ​ជាង​ពុម្ព សិល្បៈ​ជាង​ទង​ ដែល​គេ​អាច​យក​សម្ភារៈ​ផ្សេង​ៗ​ដូចជា លោហធាតុ​ ដី ថ្ម ឈើ ឬ វត្ថុ​ទាំង​ឡាយ​ផ្សេង​ទៀត​ដែល​កែ​ច្នៃ​ចេញ​ជា​រូបរាង​មនុស្ស សត្វ​ រុក្ខជាតិ និង ក្បាច់​រចនា​ផ្សេងៗ។

៣. សិល្បៈ​គំនូរ (Painting): សំដៅ​ដល់​ការ​គូសវាស​ការ​ឲ្យ​ពណ៌​ទៅ​លើ​រូប​ភាព​នៃ​​ការ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​មួយ​ដែល​អាច​ទាក់ទាញ​ចិត្ត​គំនិត និង​អារម្មណ៍​របស់​មនុស្ស។

៤. សិល្បៈ​តន្ត្រី (Music): សំដៅ​ទៅ​ដល់​សិល្បៈ​ដែល​ស្ដែង​ចេញ​តាម​រយៈ​ឧបករណ៍​ផ្សេង​ៗ​ដែល​អាច​បន្លឺ​សូរ​សម្លេង​ពីរោះ​ក្បោះក្បាយ​ ជាទី​គាប់​ចិត្ត សេចក្ដី​រំភើប​ និង សប្បាយ​រីករាយ​របស់​មនុស្ស។ ហើយ​នេះ​គឺជា​ប្រធាន​បទ​ធំ​បំផុត​ក្នុង​សៀវភៅ​នេះ ដែល​យើង​ត្រូវ​លើក​មក​សិក្សា​ និង​ ស្វែង​យល់។

៥. សិល្បៈ​របាំ (Dancing): បាន​ដល់​ការ​បញ្ចេញ​កាយ​វិការ​ផ្សេង​ៗ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ និង លក្ខណៈ​ទន់ភ្លន់​ទៅ​តាម​ចង្វាក់​ភ្លេង​ ដើម្បី​ឲ្យ​កើត​ឡើង​នូវ​បរិយាកាស​ សប្បាយ​រីករាយ​របស់​មនុស្ស​ឬ​អាទិទេព។

៦. អក្សរសិល្ប៍ (Art Literature): គឺ​ជា​សិល្បៈ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ សត្យានុម័ត នៃ​ជីវភាព​រស់​នៅ​របស់​មនុស្ស​ក្នុង​សង្គម ស្ដែង​ចេញ​តាមរយៈ​ សំដី និង អក្សរ….ដែល​អាច​​ធ្វើ​ឲ្យ​មនុស្ស​​ចាប់​ចិត្ត​ ចាប់​អារម្មណ៍​ រំភើប​ញាប់​ញ័រ សប្បាយ​រីករាយ​​ ឬ ក្ដៅ​ក្រហាយ…។ គោល​បំណង​នៃ​សិល្បៈ​នេះ​គឺ​ដោះស្រាយ​បញ្ហា​មនុស្ស​ឲ្យ​មនុស្ស​មាន​ការ​រីក​ចំរើន​ និង សុភមង្គល។ អ្នក​និពន្ធ​ប្រលោម​ កំណាព្យ រឿង​ព្រេង​ ឬ អ្នក​និពន្ធ​អត្ថបទ​ចម្រៀង​….គឺ​ស្ថិត​នៅ​ក្នុង​ទម្រង់​នៃ​សិល្បៈ​អក្សរសិល្ប៍​នេះ​ឯង។

៧. សិល្បៈ​ភាព​យន្ដ (Cinema theater): គឺ​ជា​សិល្បៈ​ដែល​ស្ដែង​ចេញ​តាម​រយៈ​រូបភាព​ពិត​ ឬ​ រូបភាព​នៃ​ការ​សំដែង​ផ្សេងៗ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ចិត្ត​រំភើប​រីករាយ ញ័ររន្ធត់ ព្រឺព្រួច…។ ក្នុង​នោះ​ ល្ខោន​ឬឆាក​កំប្លែង​ ជាដើម ក៏​គេ​ចាត់​ចូល​ក្នុង​ទម្រង់​សិល្បៈ​ភាព​យន្ដ​ដែរ៕

ផ្អែក​តាម​សៀវភៅ​ “ការវិវត្តន៍​នៃ​តូរ្យ​តន្រ្តី​ខ្មែរ”
ស្រាវជ្រាវ​ដោយ សេង តារា

ដំណើរ​កម្សាន្ដ​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​រមណីយដ្ឋាន​គីរីរម្យ

ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​បន្ទាប់​ពី​បំពេញ​ការងារ​ហត់​នឿយ​អស់រយៈពេល​ពេញ​មួយ​សប្ដាហ៍​រួចមក​ហើយ​នោះ ខ្ញុំ​បាន​នាំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​កម្សាន្ត​​លេង​នៅ​តំបន់​រមណីយដ្ឋាន​គិរីរម្យ​ជាទី​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ។​

​ភ្ញៀវ​ទេសចរណ៍​មក​លេង​តំបន់​​នេះ​ ភាគច្រើន គឺ​មកលេង​ទឹក​ធ្លាក់​ ទស្សនា​ព្រៃ​ព្រឹក្សា​ច្រើន​រាប់​មិន​អស់​នៅ​តាម​ដង​ផ្លូវ និង រាជដំណាក់​ស្ដេច​ជាដើម។​ នៅ​ក្នុង​រមណីយដ្ឋាន​ធម្មជាតិ​នេះ មាន​រមណីយដ្ឋាន​កែ​ច្នៃ​មួយ​នៅ​ក្បែរ​ជើង​ភ្នំ​គីរីរម្យ ដែល​គេ​ឲ្យ​ឈ្មោះថា រមណីយដ្ឋាន​គិរីរម្យ ​ដែល​បាន​រៀប​ចំ​ឡើ​ង​សម្រាប់​អ្នក​ទេសចរ​គ្រប់​ប្រភេទ​ទៅ​ទស្សនា​កម្សាន្ត។

នៅ​ទី​នោះ​មាន​​សណ្ឋាគារ​ភោជនីយដ្ឋាន​សួន​ច្បារ​ កន្លែង​លេង​កម្សាន្ត​ សួន​ច្បារ ចំលាក់​រូប​ដាយ​ណូស័រ​ លាន​លេង​កីឡា និង កន្លែង​​បង្ហូត​តាម​ខ្សែកាប​ជាដើម។

10364511_796527097025709_1870831851_n10331696_796527107025708_1793118341_n10364636_796527317025687_271153493_n10346747_796527657025653_1260193270_n