សុខគា៖កុំច្រឡំថាចាប៉ីដងវែងធ្វើអោយពិការភ្នែក

លោក​​ដួងសុខ​គា​តារា​កំប្លែង​ស្ងួតវ័យ​៣១​ឆ្នាំ​របស់​CTN​ដែល​ជា​អ្នក​លេង​វោហា​ស័ព្ទ​កំប្លុក​កំប្លែង​ធ្វើ​ទស្សនិក​ជន​​ផ្ទុះ​​សំណើច​​ឥត​ឈប់​ឈរ​នោះ​បាន​ពន្យល់​ថា​កា​រច្រៀង​ចាប៉ី​ទាមទារ​រក​អ្នក​មា​នទេពកោសល្យ​និង​មាន​ចំណេះដឹង​​ទូ​ទៅ​​​ច្រើន​ព្រោះ​ថា​​ការ​ច្រៀង​ចាប៉ី​ដង​វែង​​ដើម្បី​ឲ្យពីរោះ​គេត្រូវការអ្នកច្រៀងចេះ​ចាប់​ចុង​ជួន​បាន​ល្អនិងរហ័ស​ទើប​ធ្វើ​ឱ្យ​អ្នក​​ស្ដាប់​ជក់ចិត្ដ​ដិតអារម្មណ៍​ដែលត្រង់នេះ​ខុស​គ្នានិងបទចម្រៀង​បុរាណ​រឺបទ​សម័យថ្មី​​ខ្លះនា​ពេល​បច្ចុប្បន្ន​​មួយ​ចំនួន​តែង​ឡើងពុំ​មានពាក្យ​ចុង​ជួនផងក៏មានដែរ។

លោកដួងសុខគាបញ្ជាក់ថាកត្តា​លំបាកទាមទារទេពកោសល្យស្មុគស្មាញខាង​លើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្មេងជំ​នាន់​ក្រោយ​ពុំសូវ​ចាប់​អារម្មណ៍​​ទៅ​នឹងចាប៉ី​ដង​វែង។​លោកបាន​សង្កត់​ធ្ងន់​ថាអ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​យុវវ័យបច្ចុប្បន្ន​នេះ​មិន​ចាប់អារម្មណ៍​ទៅ​នឹងចាប៉ីដងវែងនេះដែរដោយសារតែមានពាក្យចរចាមអារ៉ាមមួយចំនួនបានលើកឡើងថាអ្នករៀន ប្ញ អ្នក ច្រៀងចាប៉ីភាគច្រើនខ្វាក់ភ្នែក។ពាក្យ​​ចរចាមអារ៉ាម​នេះ​កើត​មាន​បន្ទាប់ពីគេសង្កេតឃើញ​ថា អ្នកច្រៀង​ចាប៉ី​ជើងចាស់​មួយ​ចំនួនងងឹតភ្នែក។

លោកសុខគានិយាយថា​ពាក្យ​ចរចាមអារ៉ាមនេះ​គឺជារឿងខុសឆ្គងនិងធ្វើឲ្យ​ខូច​ខាត​ដល់​ប្រយោជន៍យ៉ាង​ខ្លំាងព្រោះ​ថា​​វា​​បាន​ធ្វើ​ឲ្យ​មនុស្សភាគច្រើនខ្លាច​រអានិង​មិន​ហ៊ាន​ច្រៀងចាប៉ីដែលជាមរ៌កដ៏សំខាន់។​លោក​បាន​ពន្យល់ថាអ្នក​ច្រៀង​​ចាប៉ីជើងចាស់ដែល​ងងឹត​ភ្នែករួម​មាន​លោកតាប្រាជ្ញឈួននិងលោកតាគង់ណៃគឺ​ពួកគាត់មិនមែន ងងឹតដោយសារច្រៀងចាប៉ី​នោះឡើយគឺងងឹតនៅមុនពេលចូលច្រៀងចាប៉ីទៅទៀត។

ទោះយ៉ាងណាលោក​សុខគាមានសុទិដ្ឋិថាយុវវ័យនាពេលបច្ចុប្បន្នហាក់បាន​ចាប់ផ្ដើមចង់​ស្ដាប់ចាប៉ី​ខ្លះៗបន្ដិច​មក​វិញ​ហើយ​បន្ទាប់​ពីប្រទេស​កម្ពុជា​និង​ថៃ មាន​ជម្លោះ​ព្រំដែន​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ការរៀនចាប៉ីមានពីរផ្នែកទី១តន្រ្ដី​គឺ​អ្នកកេះ​ចាប៉ីនិងទី២អ្នកច្រៀងចាប៉ី។នេះ​ជាអ្វីដែល​លោក​សុគា​បញ្ជាក់ លោកឲ្យ​ដឹង​ដែរថាអ្នកមានវប្បធម៌​ទូទៅ​ច្រើនសម្បូរណ៍​ពាក្យចុងជួន​មានភាពអត់ធ្មត់ព្រម​ទំាង​មាន​ចំណង់​ចំណូល​ចិត្ត​ខ្ពស់ទាក់ទង​ទៅនឹងចាប៉ី អាចទៅរៀនចាប៉ី​ឆាប់ចេះទំាងច្រៀងនិងកេះ​ចាប៉ី។

តារាកំប្លែង​ដួង​សុខគាដែលចេះ​​ច្រៀង​ឆ្លងឆ្លើយចេះ​ច្រៀង​ទោលច្រៀង​កំរង​រឿងព្រេង​និទាន​ផ្សេង​ៗចេះ​ច្រៀង​អា​យ៉ៃ ចម្រៀង​​យីកេបា​សាក់មហោរីច្រៀងសម័យសំដែង​កំប្លែងប្រពៃណីកាត់សក់​មង្គលការនិង​សិល្បៈ​​មួយ​ចំនួន​ទៀត បាន​អំពាវនាវឲ្យប្រជាជនខ្មែរ​ចាប់អារម្មណ៍​ទៅ​នឹងចាប៉ីដងវែង​នេះដោយថា​ប្រសិនបើ​ប្រជាជននំាគ្នា​រក្សាសិល្បៈ​ចាប៉ីគឺមានន័យថានំាគ្នាថែរក្សា​កេរ្ដិ៍តំណែល​ដូនតានិង​ជាព្រលឹង​ជាតិ​ខ្មែរ។

ដោយ​​សារ​​​តែ​​មាន​និស្ស័យ​ស្រលាញ់ចូល​ចិត្ដ​សិល្បៈ​​ចំរៀង​ចាប៉ី​ដង​វែង​និងមានទេពកោសល្យពីធម្មជាតិផងនោះ​លោក​​ដួង​សុខគា​បាន​ចាប់​ផ្ដើម​ទៅ​រៀន​ចាប៉ី​លើកដំបូងជាមួយលោកគ្រូ​សុវណ្ណ​ទន្ដាកាលពីឆ្នំា២០០៥។នៅ​ឆ្នំា​២០០៨​​លោកសុខគាបាន​រៀនជាមួយ​លោកគ្រូនេតប៉េ។ជារឿយៗលោកសុខគាតែងតែ​ស្ដាប់ចាប៉ី​ដងវែង​តាម​រយៈ កាសែត​ម៉ាញ៉េនិងស្រាវជ្រាវ​តាមរយៈ​អ៊ិនធឺណេតដើម្បី​ស្ដាប់ការច្រៀង​របស់លោកគ្រូក៏ដូចជារៀមច្បងជាផ្នែក មួយ​បង្កើន​ចំណេះនិង​ចូល​រួម​អភិរក្ស​ចាប៉ី​ដងវែងដែល​ជា​សិល្បៈ​ដូនតាខ្មែរ។

បច្ចុប្បន្ន​នេះ​លោក​ដួង​សុខ​គា​គឺ​ជាពិធីក​រនៅក្នុ​ងកម្មវិធី​សុខគា​លក្ខិណា​និង​ប៊ី​អាយ​ជី​របស់​ស្ថានីយ​ទូរទស្សន៍​CTN។នៅ​មុន​ចូល​បំរើ​ការងារ​​នៅ​ក្នុ​ង​​កម្មវិធី​របស់​CTN​លោក​ដួង​​សុខ​គា​គឺ​ជា​អ្នក​កាសែត​មួយរូបនិ​ងជា​ផលិតករ​ប្រតិបត្តិ​នៃ​ស្ថានីយ៍​វិទ្យុ​FM102មណ្ឌល​ពត័ម៌ាន​ស្ត្រី​កម្ពុជា។​លោក​​មាន​ស្រុក​កំណើត​​នៅ​​ខេត្ដ​តាកែ​វ។

ដោយៈប៊ិន​ប៊ុណ្ណា

កែសំរួលៈម៉ីសន​សុធារី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s