នាយក​រដ្ឋមន្រ្ដី​ខ្មែរ​បដិសេធ​ព័ត៌មាន​នាយកដ្ឋាន​ស៊ើប​ការ​របស់​ថៃ

នៅ​ក្នុង​សប្ដាហ៍​ដែរ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បដិសេធ​ព័ត៌មាន​របស់​នាយកដ្ឋាន​ស៊ើបការ​របស់​ថៃ​ដែល​បានអះអាងថា ប្រទេស​កម្ពុជា​បាន​ផ្ដល់​កន្លែង​ដល់​ក្រុម​អាវ​ក្រហម​ហ្វឹក​ហ្វឺន​ សមយុទ្ធ​សង្រ្គាម​។ ការ​បដិសេធ​ព័ត៌មាន​នេះ​ធ្វើ​ឡើង​ ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​និស្សិត​សាកល​វិទ្យាល័យ​វេស្ទើន​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ។

សម្ដេច​នាយក​រដ្ឋ​មន្រ្ដី​ហ៊ុន សែន​ បាន​ថ្លែងថា ប្រទេស​កម្ពុជា​មិន​បាន​ផ្ដល់​កន្លែង​ដល់​ក្រុម​អាវ​ក្រហម​​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ធ្វើ​សមយុទ្ធ​សង្រ្គាម ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​នោះទេ។ កាលពី​ថ្ងៃ​ទី១១ ខែតុលា​ ឆ្នំា​២០១០ កន្លង​ទៅ​នេះ នាយកដ្ឋាន​ស៊ើប​អង្កេត​ថៃ​ហៅកាត់ថា (DSI) ​បាន​ធ្វើ​ការ​សន្និសីទ​សារព័ត៌មាន​មួយ​ ​ដោយ​ផ្អែក​ទៅ​លើ​លទ្ធផលសួរ​ចម្លើយ​ក្រុម​អាវ​ក្រហម​ចំនួន​១១នាក់​។ ពួក​គេ​បាន​ឲ្យ​ដឹងថា មានផ្លូវ​ចំនួន​៣​ខ្សែ សម្រាប់​ពួកគេ មកហ្វឹក​ហាត់​ក្នុង​បន្ទាយ​ទាហាន​កម្ពុជា ដែល​មាន​គោល​ការ​ចម្បង​គឺបណ្ដុះបណ្ដាល​ឲ្យ​អ្នក​ទំាងនោះ ស្អប់​ព្រះ​មហាក្សត្រ​ថៃ រង់​ចំា​ធ្វើ​រដ្ឋប្រហារ​ និង​សម្លាប់​មេ​ដឹកនំា​ កំពូល​ៗ របស់​ថៃ។

នាយករដ្ឋមន្រ្ដីថៃថា មិនបានចោទកម្ពុជានោះទេ

លោក​អាប់​ភីស៊ីត​ វីចា​ជីវ៉ា​នាយក​រដ្ឋ​មន្រ្ដី​ថៃ បាន​ថ្លែង​ក្នុង​សប្ដាហ៍​នេះថា រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើការ​​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធ​ទៅនឹង​ការ​ជួយ​ហ្វឹក​ហាត់​ក្រុម​ប្រដាប់​អាវុធ​អាវ​ក្រហម​ ដើម្បី​ធ្វើ​ការ​ប្រឆាំងណាមួយ​ដល់​ប្រទេស​ថៃនោះឡើយ ហើយ​ការ​ដែល​ការ​ចោទ​ប្រកាន់នេះ គឺ​ក្រុម​ស៊ើប​អង្កេត​ពិសេស​ឬ​(DSI)ទេ​ជាអ្នក​ចោទ។

លោក​អាប់ភីស៊ីត​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភាថា ប្រការណ៍ដែល​ប្រទេស​កម្ពុជា​បាន​ទាម​ទារឲ្យថៃ​បក​ស្រាយ​ពីបញ្ហានេះ​ នោះគឺសម្រាប់​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ការចោទ​ប្រកាន់​នរណា​ទេ។ ដូច្នេះ​បញ្ហា លោក​គិត​ថា មិនបាច់​គូស​បញ្ជាក់​អ្វីឡើយ​​ ព្រោះថា រវាង​ប្រទេស​ទំាងពីរ​បាន​យល់​ពីបញ្ហានេះ ជាមួយគ្នារួច​ស្រេច​ហើយ​។ លោក​ថា ការចោទប្រកាន់​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​ពិសេស​ដែល​ពួកគេ​និយាយ​អ្វី​ទៅ​តាម​ការពិត​ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​នៅពេល​ពាក់ព័ន្ធ​ជាមួយប្រទេស​ដទៃ​ លោក​ចង់​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង។

វិទ្យុ​ជាតិ​កម្ពុជា​ពង្រឹង​គុណភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​

វិទ្យុ​ជាតិ​កម្ពុជា​បាន​បើក​សិក្ខា​សាលាមួយ​ដើម្បី​ធ្វើ​ការវាយ​តម្លៃ​ចំពោះ​ការ​អនុវត្ត​គោល​ការណ៍​តាក់​តែង​និពន្ធ​និង​ក្រម​សីលធម៌​ ដែល​វិទ្យុ​ជាតិ​បង្កើត​ដាក់​ឲ្យ​ដំណើរ​ការ​ជិត​ពីរ​ឆ្នំា​មក​ហើយ​នោះ។ សូម​បញ្ជាក់ថា គោលការណ៍​តាក់​តែង​និពន្ធ​និង​ក្រម​សីលធម៌​របស់​វិទ្យុ​ចាតិ​កម្ពុជា​បាន​រៀប​ចំ​ដាក់​ឲ្យ​ដំណើរ​ការ​នារ​ខែ​មេសា​ឆ្នំា២០០៩​ ក្រោម​ការ​សហការ​រៀបចំ​ដោយសារ​ជីវកម្ម​សោតទស្សន៍​អូស្រ្ដាលី​ABC ហើយ​ការ​អនុវត្ត​គោលការណ៍ តាក់​តែង​និពន្ធ​និងក្រម​សីលធម៌​នេះ​ត្រូវ​បាន​គេមើល​ឃើញ​ថា នៅមាន​កម្រិត​នៅឡើយ។

WHO សរសើរ​កម្ពុជា​ពី​ការ​កាត់បន្ថយ​មរណភាព​មាតា

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅក្នុង​សប្ដាហ៍​នេះ​ឲ្យដឹង​ថាការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក នៅ​តែ​ជា​បញ្ហា​ផ្នែក​សុខភាព​ចម្បង​មួយ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច ប៉ុន្តែ​បាន​លើក​សរសើរ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​ឲ្យ​វិវត្ត​ចំពោះ​បញ្ហា​មួយ​នេះ។

ក្នុង​សេចក្ដី​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ នៅ​ឯ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ក្នុង​តំបន់​សម្រាប់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ពូត្រាចាយ៉ា ប្រទេស​ម៉ាឡេស៊ី លោក​វេជ្ជបណ្ឌិត ស៊ីន យូងសូ (Shin Young-soo) ជា​នាយក​ក្នុង​តំបន់​ទទួល​បន្ទុក​ប៉ាស៊ីហ្វិក​ខាងលិច​របស់ WHO បាន​ថ្លែង​ឲ្យ​ដឹង​ថា តំបន់​ទាំងមូល​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​ដែល​ទាក់ទង​នឹង​សុខភាព​ជាមួយ​នឹង​អញ្ញត្រកម្ម​នៃ​គោលដៅ​មរណភាព​មាតា។

កំណើនភ្ញៀវទេសចរណ៍​ដើរ​កំសាន្ដ​ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

មាន​សេចក្ដី​រាយការណ៍​នៅក្នុង​សប្ដាហ៍​ថា ភ្ញៀវ​ទេសចរណ៍​រាប់​ម៉ឺន​នាក់​បាន​ដើរ​កំសាន្ដ​នៅ​តាម​រមណីយដ្ឋាន​និងប្រាសាទ​នានា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ក្នុង​ថ្ងៃ​បុណ្ឌ​ភ្ជុំ​បិណ្ឌឆ្នំានេះ​។ ភ្ញៀវទេសចរណ៍​ទំាងនោះ​បាន​សម្រុក​ទៅ​លេង​ទឹក​នៅ​អាង​ត្រពាំង​ថ្ម ឋិតនៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​រាប់ម៉ឺន​នាក់ ក្នុងរយៈពេល​បីថ្ងៃ​ទី៨ ដល់​ទៅ​១០​តុលាក្នុង​ឱ​កាស​បុណ្យ​ភ្ឃុំ​បិណ្ឌ​ឆ្នំានេះ។​

លោក​ជុង ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយ​មានជ័យ​បាន​មាន​ប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ​មាន​តំបន់​ពីរកន្លែង​ដែលនាំ​មុខគេ​រៀងរាល់​ឆ្នំា គឺអាង​ទឹក​ត្រពាំងថ្ម និង​ប្រសាទ​បន្ទាយឆ្មារ ដែល​មាន​ភ្ញៀវ​រាប់​ពាន់ រាប់​ម៉ឺន​នាក់​ទៅ​ទស្សនា​នៅ​​នោះ។​

តែ​ទោះ​យ៉ាងណាក៏ដោយ​លោក​ជុង​ ឡឹម បាន​ថ្លែងថា ឆ្នំានេះ​ផ្លូវ​ទៅកាន់​ប្រាសាទ​បន្ទាយឆ្មារ និងអាងទឹក​ត្រពាំងថ្ម មានស្ថាន​ភាពផ្លូវ​ពិបាក ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ចូលមក​លេង​តិច​ជាង​ឆ្នំាមុន​ តែលោក​សង្ឃឹមថា នៅពេល​ស្ថាបនា​ផ្លូវ​ចូល​នឹង​មាន​ភ្ញៀវ​មក​លេង​កំសាន្ដ​កាន់តែ​ច្រើន​ឡើង​ក្នុង​ថ្ងៃបុណ្យ​ទាន​និង​ថ្ងៃ​ចុង​សប្ដាហ៍ ជាដើម៕

អាកាសធាតុ​នៅ​ព្រះ​សីហនុ​ល្អ​រក​ឃើញ​សព

នៅ​ក្នុង​សប្ដាហ៍​នេះ ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​ព្រះ​សីហនុ បាន​វិលមក​រក​ភាព​ធម្មតា​វិញ​ហើយ​ បន្ទាប់​ពីរងនូវ​ឥទ្ធិពល​ព្យុះភ្លៀង​តំាងពី​ថ្ងៃទី១០ តុលាមក។ ឥឡូវនេះ​តំបន់​ទេសចរណ៍​មាត់សមុទ្រ​បាន​បើក​បម្រើ​សេវាកម្សាន្ដ​វិញ​ហើយ​បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​មួយរយៈ​ពេល​ខ្លី​ដោយសារ​ព្យុះ​ភ្លៀង​បំផ្លិច​បំផ្លាញ​។

សេចក្ដីរាយការណ៍​ពី​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាល​ពីថ្ងៃទី១៣ ខែ​តុលាថា គេបាន​រក​ឃើញ​សាកសព​បុរស​ជនរងគ្រោះ​ម្នាក់​ហើយក្នុងចំណោម​អ្នក​ដែល​សង្ស័យ​ថា​បានបាត់​ខ្លួន​ក្នុងឧប្បតិ្ដហេតុ​ខ្យល់ព្យុះ​កាលពីថ្ងៃទី១០តុលា។

សាកសព​នេះ​ត្រូវ​បាន​ប្រជានេសាទ​ប្រទះ​ឃើញ​នៅ​ចំណុច​កោះ​តា​គៀវ មុខ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​ដោយ​សព​នេះ​គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។ ដោយ​សារ​ពុំ​មាន​ប្រភព​ច្បាស់​លាស់​អំពី​ជន​រង​គ្រោះ គេ​មិន​អាច​ដឹង​ថា​ នៅ​មាន​ជន​រងគ្រោះ​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ទេ ប៉ុន្ដែ​ជាបណ្ដើរ ជន​រង​គ្រោះ​មួយចំនួន​ដែល​រស់រាន​មានជីវិត​បាន​ត្រលប់​មក​ដល់​ផ្ទះ​ខ្លះ​ៗវិញ​ហើយ៕

ប្រធាន​សហជីព​អំពាវនាវ​ឲ្យ​កម្មករ​ កម្មការិនី​ប្រយ័ត្ន​ចរន្ដ​អគ្គីសនី​ ខណៈ​មាន​ភ្លៀង​ធ្លាក់​ច្រើន

នៅ​ប៉ុន្មានថ្ងៃ​ក្នុង​សប្ដាហ៍នេះ ព្រះ​ភិរុណ​បាន​បង្អុរ​ភ្លៀង​ជា​បន្ដ​បន្ទាប់​នៅ​ទូ​ទំាង​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​រង​ជ្រលង​សម្ពាធ​ទាប និងប្រព័ន្ធ​សម្ពាធទាប។ ឥទ្ធិពល​នេះ​បាន​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​មាន​ដំពពក​ខ្មៅ​ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ត្រង់​នេះ ប្រធាន​សហជីព​សេរី​កម្មករ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​កម្មករ​ទំាង​អស់​ប្រុង​ប្រយ័ត្ន​ ពីការ​ឆ្លង​ឆក់​ចរន្ដ​អគ្គីសនី។

លោក​ជាមុន្នី បាន​ថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ កម្មករ​ដែល​អាច​នឹង​ឆ្លង​ឆក់​ចរន្ដ​អគ្គីសនី ព្រោះ​ពួកគេ​ធ្វើ​ការពាក់​ព័ន្ធ​នឹង​ចរន្ដ​អគ្គីសនី។ ភ្លៀង​ធ្លាក់​ជាប់​ៗ គ្នា​បាន​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ​សាធារណៈ និង​ផ្ទះសម្បែងប្រជាពលរដ្ឋ​ទំាងនៅខេត្ត​ និងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រ​កម្ពុជា។ ប្រសិន​បើ​ពុំ​មាន​ការប្រុង​ប្រយ័ត្ន​នោះទេ នៅពេល​ដាច់​ខ្សែ​ភ្លើង​អាច​នឹង​ឆ្លង​ឆក់​ដល់​មនុស្ស​ជាក់​ជាមិនខាន៕

កម្ពុជា​នៅ​បន្ដ​ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​និង​ប្រព័ន្ធ​សម្ពាធទាប

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា​នេះថា បន្ទាប់​ពី​បាន​តាម​ដាន​ការ​ស្រាវជ្រាវ​ពីធាតុ​អាកាស​ និង​បាតុភូធម្មជាតិ​រួចមក​ ឃើញថា មកដល់​ត្រឹមថ្ងៃ ព្រហស្បតិ៍ ជ្រលងសម្ពាធទាប​ និងប្រព័ន្ធ​សម្ពាធទាប​ ដែលក្រសួង​បាន​ធ្វើសេ ចក្ដី​ជូន​ដំណឹងកាលពីថ្ងៃ​ទី​១១ ខែ​តុលា កន្លងមក​នោះ នៅតែបន្ដ​គ្រប​ដណ្ដប់​ និងមានឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា។

លក្ខណៈ​បែប​នេះ​ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃ​១៥ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នំា​២០១០ នៅ​តំបន់​វាល​ទំនាប​ និង​តំបន់​មាត់​សមុទ្រ ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជាៈ រាជធានីភ្នំពេញ ខេត្ត​កណ្ដាល កំពង់​ស្ពឺ តាកែវ កំពង់ឆ្នំាង ពោធិ៍សាត់​ បាត់​ដំបង សៀមរាប កំពង់ធំ ព្រះសីហនុ កំពត កោះកុង ព្រៃវែង និងខេត្តស្វាយរៀង។

ភ្លៀងច្រើន​ស្រូវល្អ

មន្រ្ដី​មន្ទីរ​កសិកម្ម​ខេត្ត​ចំនួន​បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​ធ្លាក់ច្រើន​ ហើយរាយប៉ាយ​ទូទំាង​ខេត្ត ញុំាង​ឲ្យ​ប្រជាកសិករ សប្បាយចិត្ត ខណៈ​ដែល​ភ្លៀង​ដើម​ឆ្នំា​មាន​តិច​តួច។ ខេត្ត​ទំាងនោះ​មាន​ដូចជា ខេត្ត​បាត់​ដំបង ខេត្តតាកែវ និងខេត្ត​ក្រចេះ។ ក្រុម​មន្រ្ដី​មន្ទីរកសិកម្មខេត្ត​ទំាងនេះ បាន​អះអាងថា ទិន្នផល​ស្រូវ​បាន​កើន​ឡើង​ជាង​បណ្ដា​ឆ្នំា​មុនៗ ហើយ​បាន​ធ្វើ​ឡើង​ផែន​ការ​ទៅ​ទៀត​។​

ប៉ុន្ដែ​ប្រភព​ខាង​លើ​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ប្រជាសិករ​ខិត​ខំ​បង្កើន​ទិន្ន​ផល​ស្រូវ​ តាម​រយៈ​ការ​ចេះ​ជ្រើស​រើស​ពូជ​ស្រូវ ដក​ស្មៅ​ចេញ​ពីស្រែ និង​លើក​ទំនប់​ដាក់​ក្នុង​ស្រែ​ ខណៈ​ភ្លៀង​កំពុងធ្លាក់​ច្រើន​នៅ​ចុង​រដូវស្សា​នេះ។​

សរសេរ៖ ប៊ិន ប៊ុណ្ណា

ព័ត៌មាន​សប្ដាហ៍វិទ្យុស្រ្ដី FM102, Date(16-17-October-20100

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s