កម្លំាង​ចម្រុះ​រាជធានីភ្នំពេញ​ចាប់​ផ្ដើម​រុះ​រើ​ផ្សារ​សំពៅ​មាស

កម្លាំង​មាន​សមត្ថ​កិច្ច​ចម្រុះ​ ប្រមាណ​ជា​១០០​នាក់​ បាន​សហការ​ចុះ​រុះ​រើ​តូប​របស់​អាជីវករ​ក្នុង​ផ្សារ​សំពៅ​មាស​ តាម​ការ​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹកមិញ​នេះ។ ទន្ទឹម​នឹង​ការ​រុះ​រើ​នេះ អាជីវ​ករ​លក់​ដូរ​តាម​​របង​ពហុកីឡាដ្ឋាន​អូឡាំពិក​បាន​សម្ដែង​អារម្មណ៍​ថា ពួកគេ​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​នោះទេ ប៉ុន្ដែពួកគេ​នៅតែ​ទទួច​ដល់​នាយករដ្ឋមន្រ្ដី​សុំ​ការពន្យាពេល​អនុវត្តន៍​រុះរើ រយៈពេល​ពីរឆ្នំា ដើម្បី​ស្រង់​ដើម​ខ្លះ ខណៈ​អាជីវករ​មួយចំនួន​ជំពាក់​លុយ​ធនាគារ​នៅ​មិនទាន់​សង​រួច។

សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​លោក​ប៊ិន ប៊ុណ្ណា!

កម្លំាង​មាន​សមត្ថកិច្ច​បាន​ដាក់​របំាង​បិទ​ផ្លូវ​ចាប់​ពី​ទល់​មុខ​វត្ត​សំពៅ​មាស​ និង​ភ្លើង​ស្ដុប​អូរឬស្សី​ ដើម្បី​រំាង​ខ្ទប់​ចរាចរណ៍​ និង​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ ខណៈ​សមត្ថកិច្ច​ចាប់​ផ្ដើម​រុះ​រើ​តូប​អាជីវករ​ក្នុង​ផ្សារ​សំពៅ​មាស​ ដែល​ភាគ​ច្រើន​ក្នុង​ផ្សារ​នេះ ជា​អ្នក​លក់​ខោ​អាវ​។ គេ​សង្កេត​ឃើញ​កាល​ពី​ព្រឹកមិញ​នេះ​ដែរ ឋិត​នៅ​ចន្លោះ​នៃ​របាំង​របស់​សមត្ថកិច្ច​ឋិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​វត្ត​សំពៅ​មាស​មិន​មាន​ភាព​រំខាន​ពី​អាជីវករ​ ឬ​អ្នក​ឆ្លង​កាត់​អ្វី​នោះ​ទេ ផ្ទុយ​ទៅវិញ​តាម​ទិដ្ឋភាព​ហាក់​មាន​ភាព​ស្ងាត់ជ្រងំ គេ​ឃើញ​មានតែ​កម្លាំង​សមត្ថកិច្ច​អនុវត្តន៍​បទ​បញ្ជា​សាលា​ក្រុង​រុះ​រើ​តូប​អាជីវករ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​ពី​អាជីវ​ករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា អាជីវ​ករ​លក់​ដូរ​នៅ​តាម​របង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក មាន​អាជីវ​ករ​លក់​ដូរ​ប្រមាណ​ជា​ជាង​៣ពាន់​គ្រួសារ ដែល​ពួកគេ​លក់ដូរ​ដូចជា​ ខោអាវ, ម៉ូតូ, លក់​ទូរស័ព្ទ, និង​ផ្កា ជាដើម។ ប្រភព​ខាង​លើ​ឲ្យ​ដឹង​ដែរថា អាជីវ​ករ​ទិញ​និង​លក់​ម៉ូតូ​ និង​ទូរស័ព្ទ​ដៃ បាន​រើ​ឥវ៉ាន់​របស់​ខ្លួន​តំាង​ពី​ព្រលប់​ម្សិលមិញ​មក​ម៉្លេះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​រុះ​រើ​តូប​នៅ​ព្រឹក​ថ្ងៃនេះ។ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​តូប​មួយ​ចំនួន​នៅ​មិនទាន់​រុះ​រើ​ចេញ​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​បិត​ទ្វារ​ជា​បណ្ដោះ​អាសន្ន ហើយ​ឥវ៉ាន់​នៅ​ក្នុង​នោះ​នៅឡើយ​ ខណៈ​ដែល​អាជ្ញាធរ​បាន​រុះ​រើ​តូប​ក្នុង​ផ្សារ​សំពៅ​មាស​ទៅ​ហើយ​នោះ​។

តំណាង​អាជីវ​ករ​ផ្នែក​ទិញ​និង​លក់​​ម៉ូតូ​បាន​និយាយ​ថា នៅ​ថ្ងៃ​នេះ​គេ​អនុវត្តន៍​នៃ​ការ​រុះ​រើ​តូប​​ក្នុង​ផ្សារ​សំពៅ​មាស​ដែល​ឋិត​នៅ​ទល់​មុខ​នឹង​វត្ត​សំពៅ​មាស​សិន​ ដោយ​មិន​ទាន់​រុះ​រើ​តូប​អាជីវករ​ទិញ​និង​លក់​ម៉ូតូ​នៅ​ ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​លោក​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា គេ​នឹង​មក​រុះ​រើ​តូប​របស់​លោក​ក៏​ដូច​ជា​អាជីវករ​ផ្សេង​ទៀត​ដែរ។ លោក​ថា អាជីវ​ករ​មិន​ជំទាស់​នឹង​រាជរដ្ឋាភិបាល​ដែល​ឲ្យ​អាជីវករ​រុះ​រើ​តូប​ចេញ​នោះ​ទេ ព្រោះ​កន្លែង​លក់​ដូរ​ទំាង​នេះ​ជា​របស់​រដ្ឋ​ ប៉ុន្ដែ​លោក​សង្ឃឹម​ថា រាជរដ្ឋាភិបាល​ពន្យា​ពេល​ពីរ​ឆ្នំា​សិន​ ដើម្បី​ឲ្យ​អាជីវករ មាន​លទ្ធភាព​សន្សំ​ប្រាក់​ទៅ​រក​ទី​តំាង​ថ្មី​បាន​។

លោក​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អាជីវ​ករ​ជាង​៣ពាន់​គ្រួសារ ក្នុង​មាន​អាជីវករ​មួយចំនួន​បាន​ខ្ចី​ដើម​ទន់​គេ​មក​រក​ស៊ី​ ហើយ​នៅ​មិនទាន់​សង​គេ​រួច​ផង​ ហើយ​ប្រសិន​បើ​ដេញ​យ៉ាង​ដូច្នេះ​ តើ​ពួកគេ​មាន​លទ្ធភាព​អ្វី​នឹង​រក​សងបំណុល​នោះ​វិញ​បាន​។

សម្លេង​តំណាង

អ្នក​ស្រី​កែវវណ្ណនី អាជីវករ​ទិញ​លក់​ម៉ូតូ​ និង​លក់​គ្រឿង​ភេសជ្ជៈ​បន្ដិច​បន្ដួច​នៅ​តាម​របង​ពហុកីឡា​ជាតិ​អូឡាំ​ពិក​​ដែល​មាន​កូន​ចំនួន​៥​នាក់​បាន​ការ​សោក​ស្ដាយ​ថា តូប​ដែល​អ្នក​ស្រី​លក់​ដូរ​សព្វថ្ងៃ​នេះ ទើប​តែ​ទិញ​បាន​បី​ខែ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​ជាង​១ពាន់​ដុល្លារ ពី​អាជីវករ​ផ្សេងទៀត ហើយ​លុយ​បាន​មក​រកស៊ី​និង​ទិញ​តូប គឺខ្ចី​លុយ​ពី​ធនាគា​អេស៊ីលីដា ចំនួន​៣ពាន់​ដុល្លារ​។ អ្នក​ស្រី​លើក ឡើ់ងថា ប្រសិន​បើ​គេ​រុះរើ​តូប​ឆាប់ៗ​បែបនេះ​ តើ​ឲ្យ​ខ្ញុំ​បាន​លុយ​ពី​ណា​សង​ធនាគា​ទៅ ?

សម្លេង​​អ្នក​ស្រី​កែវ​វណ្ណនី

ជុំវិញ​ការ​រុះ​រើ​តូប​កាល​ពី​ព្រឹកមិញនេះ​ វិទ្យុស្រ្ដី​បាន​ទាក់​ទងទៅលោក​ខៀវ សុភ័ក្រ្ដ អ្នកនំាពាក្យ​ក្រសួង​មហាផ្ទៃ​ប៉ុន្ដែ​លោក​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​ជួប​សួរ​មន្រ្ដី​សាលា​រាជធានីភ្នំពេញ​ ដោយ​លើក​ហេតុ​ផល​ថា នេះ​ជាបញ្ជារ​របស់​សាលារាជធានីភ្នំពេញ​។

វិទ្យុ​ស្រ្ដី​ក៏​បាន​ទាក់​ទង​លោក​នួន​ សាម៉េត អភិបាល​រង​សាលារាជធានី​ភ្នំពេញ​ ប៉ុន្ដែ​លោក​បាន​សុំ​មិនទាន់​ធ្វើ​អធិប្បាយ​ ដោយ​លោក​អះអាងថា ជាប់​រវល់ប្រជុំ។ ដោយ​លោក​ជ្រាង​សុផាន់ អភិបាលរង​រាជធានីភ្នំពេញ និង​លោក​កើប​ឆែ នាយរង​ខុទ្ទកាល័យ​សាលារាជធានីភ្នំពេញ ក៏​មិនទាក់ទង​បានដែរ​ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន​ទេ​កាល​ពី​ព្រឹកមិញ​នេះ។

សូមបញ្ជាក់ថា ជាលើកទី​២ កាលពីម្សិល​មិញ​អាជីវករ​ប្រមាណជា​១០០​នាក់​តំណាង​ឲ្យ​៤៤៨​តូប​បាន លើក​គ្នា​ប្រមូល​ផ្តុំ​​​​ ក្រោម​ដើម​ពោធិ៍​ក្បែរ​ភូមិគ្រឹះ​សម្តេច​តេជោ ហ៊ុន សែន វិថីព្រះ​សុរាម្រឹត​​ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ប្រយោជន៍​ដើម្បី​សុំស​ម្តេច​ហ៊ុន សែន​​ជួយ​អន្តរាគមន៍​​ដល់​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ការ​អនុ​ញ្ញាត​ឱ្យ​អាជីវករ​ផ្សារ​សំពៅ​មាស បន្ត​ធ្វើការ​លក់ដូរ​រយៈ​​ពេល​ពីរ​ឆ្នាំ។

ប៉ុន្ដែ​តាម​មើល​ទៅ​ការ​ស្នើ​សុំ​នោះ​មិន​បាន​ជោគ​ជ័យ​នោះទេ​ ព្រោះ​នៅពេល​អាជ្ញាធរ​បាន​ចាប់​ផ្ដើម​រុះ​រើ​ទៅ​ហើយដោយ​កន្លង​មក​នេះ​​មន្ត្រី​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន បាន​ប្រាប់​ថា រដ្ឋាភិបាល​ធ្លាប់​បាន​ពន្យា​ពេល​ចំនួន ៣​លើក ដល់​ក្រុម​អាជីវករ ហើយ​ត្រូវ​ផុត​ឱសានវាទ នៅ​ថ្ងៃទី​១៩ តុលា កន្លង​ទៅ​ថ្មី​ៗនេះ​។

សរសេរ៖ ប៊ិន​ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s