ពលរដ្ឋ ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​យក​លិខិត ​ដាក់​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្ដី​បញ្ឈប់​ការបណ្ដេញ​ចេញ

រូបភាព​ស្ដីពី​អ្នកចូលរួម​សន្នីសីទស្ដីពី​ដំណើរទស្សនកិច្ចរបស់​លោកបានគីមូន ដែលប្រព្រឹត្តិ​ទៅ​នៅ​ការិយាល័យ​UNDP ប្រចំានៅកម្ពុជា​កាលពី​ព្រឹកមិញនេះ(ថ្ងៃទី២៥ ខែតុលា ឆ្នំា២០១០)។

ប្រជាពលរដ្ឋ​ប្រមាណជា​ជិត​១០០​នាក់​ ស្មើ​នឹង​៤២​សហគមន៍​បាន​ផ្ដិត​មេដៃ​រួម​គ្នា​ដាក់​លិខិត​ទៅ​អង្គការ UNDP​ប្រចំា​នៅ​កម្ពុជា ក្នុង​គោល​បំណង​ឲ្យ​លិខិត​នេះ​ដល់​ដៃ​នាយក​រដ្ឋមន្រ្ដី​ហ៊ុន​សែន តាម​រយៈ​លោក​បាន​គីមូន​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ​ ដែល​លោក​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃស្អែកនេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​ពី​លោក​ប៊ុណ្ណា!

អ្នក​ភូមិ​៤២​សហគម​មក​ពី​តំបន់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ​បាន​មក​ជួបជុំ​គ្នា​នៅ​ការិយាល័យ​អង្គការ UNDP ប្រចំា​នៅ​កម្ពុជា ក្នុង​គោល​បំណង​ឲ្យ​លោក​បាន​ គី​មូន អគ្គលេខាធិការ​អង្កការ​ប្រជាជាតិ​ជួយ​អន្ដរគមន៍​ទៅ​សម្ដេច​នាយករដ្ឋមន្រ្ដី​ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន​ ដីធ្លី​ដោយ​បំពាន​ និង​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្លង់​កម្មសិទ្ធិ​រស់នៅ​តំបន់​បឹង​កក់​បន្ដ​ទៀត។

អ្នក​ស្រីទរ ស្រីពៅ​ តំណាង​អ្នក​ភូមិ​២៤ នៅ​តំបន់​បឹង​កក់​ និយាយថា ការ​មក​ជួបជុំ​គ្នា​នៅ​ពេល​នេះ ដើម្បី​យក​លិខិត​មួយ​ច្បាប់​ឲ្យ​លោក​បាន​គីមូន​ ដែល​លោក​នឹង​មកដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃស្អែក​នោះ​ ជួយ​នំា​យក​លិខិត​របស់​អ្នក​ភូមិ​ឲ្យ​ដល់​ដៃ​សម្ដេច​ហ៊ុន​សែន​ ។ នៅ​ក្នុង​លិខិត​នោះ​មាន​គោល​បំណង​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ​ ខណៈ​មិន​ទាន់​មាន​សំណង​សមរម្យ​។

សម្លេង​អ្នក​ស្រី​ទរ ស្រីពៅ

ឯ​អ្នក​ស្រី​ណាវី រស់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ​ និយាយ​ដែរថា កន្លង​មក​អ្នក​ភូមិ​បឹង​កក់​បាន​ដាក់​លិខិត​ទៅ​រដ្ឋសភា ព្រឹត្តិសភា និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ ទាក់ទង​ទៅនឹង​ការ​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ប៉ុន្ដែ​រហូត​មកទល់​នឹងពេល​នេះ នៅ​មិនទាន់​មាន​ឃើញ​ការ​អន្ដរាគមន៍​ណាមួយ​នោះទេ។ ដូច្នេះ​អ្នក​ស្រី​រំពឹង​ថា តាមរយៈ​លោក​បាន​គីមូន លិខិត​របស់​អ្នក​ភូមិ​នឹង​បាន​ដល់​ដៃ​សម្ដេច​នាយករដ្ឋមន្រ្ដី​ហ៊ុន សែន។ លោក​ស្រី​សម្ដែង​ការជឿ​ជាក់​ថា នៅពេល​សម្ដេច​បាន​ឃើញ​លិខិត​របស់​អ្នក​ភូមិ​ដែល​កំពុង​រងទុក្ខវេទនា នោះ​សម្ដេច​នឹង​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ជាមិនខាន។

សម្លេង​លោក​ស្រីណាវី

អ្នក​ស្រី​ទរ ស្រីពៅ​ និយាយថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​កំពុង​រង​ទុក្ខ​លំបាក​ជាច្រើន​ ដូចជា​កន្លែង​ស្នាក់​នៅ និង​ប​ញ្ហា​សុខភាព។ ទន្ទឹម​នឹង​នេះ​ អ្នកភូមិ​ដែល​មិន​ព្រម​ទទួល​យក​តាម​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​កំពុង​រង​ការ​គំរាមដោយ​សម្ដី​គ្រប់​បែប​យ៉ាង​ឲ្យ​អ្នក​ភូមិ​ព្រម​ទទួល​យក​តាម​គោល​ការណ៍​របស់​ក្រុម​ហ៊ុន។

សម្លេង​អ្នក​ស្រី​ពៅ

បន្ថែម​លើនេះ អ្នក​ស្រី​ណាវី​ និយាយថា ប្រជាពលរដ្ឋ​មិន​ជំទាស់​នឹង​ការអភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​នោះទេ ប៉ុន្ដែ​ នៅ​ពេល​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ជាមុន ជាមួយ​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ផ្ដល់​សំណង​សមរម្យ។

សម្លេង​អ្នក​ស្រី​ណាវី

លោក​ច័ន្ទ សាវ៉េត មន្រ្ដី​សមាគម​សិទ្ធិមនុស្ស​អាដហុក​ និយាយថា បច្ចុប្បន្ន​នេះ​ប្រទេសកម្ពុជា​កំពុង​ឋិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ដូច្នេះ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់ ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យក​មក​ធ្វើ​ជាកន្លែង​អភិវឌ្ឍន៍​ប្រឈម​នឹង​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ​ មានន័យ​ថា ពួកគេ​ មិន​ទទួល​បាន​សំណង​សមរម្យ​ ហើយ​ត្រូវ​អាជ្ញាធរ​ដាក់​ឱ​សាន​វាត បណ្ដេញ​ចេញ​។

ទាក់​ទង​ទៅនឹង​បញ្ហា​នេះ លោក​ចន្ទ​សាវ៉េត​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​នូវ​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ ហើយ​រាល់​ការ​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ជាមុន​ និង​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​​ប្រជាពលរដ្ឋ មាន​ន័យ​ថា ជាសំណង​ដែល​អាច​ទទួល​បាន​ទំាង​សងខាង គឺ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល។

សម្លេង​លោក​ច័ន្ទ សាវ៉េត

វិទ្យុស្រ្ដី​បាន​ទាក់​ទង​លោក​ខៀវ​ កាញារីទ្ធិ​ អ្នក​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោក​ទិត្យ​សុធា អ្នក​នំាពាក្យ​អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហស័​នៃទីស្ដី​ការគណៈរដ្ឋមន្រ្ដី ដើម្បី​សាក​សួរ​ជុំវិញ​បញ្ហា​នេះ ប៉ុន្ដែ​មិនអាច​ទាក់​ទង​បាន​ទេ ដោយ​ទូរស័ព្ទ រោទ៍ ជាច្រើន​លើក​កាលពីព្រឹកមិញ​ ប៉ុន្ដែ​គ្មាន​អ្នក​ទទួល​នោះទេ។

លោក​បាន​គី មូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ នឹង​ត្រូវ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ មក​ដល់​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១០ ដើម្បី​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០​។​    ​ក្នុង​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​លោក បាន គីមូន មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ លោក​អគ្គលេខាធិការ បាន គីមូន នឹង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ពិធី​បដិសណ្ឋារកិច្ច ទទួល​ជា​ផ្លូវការ នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១០ នៅ​វិមាន​សន្តិភាព ( អគារ​ទីស្ដីការ​នាយករដ្ឋមន្ត្រី ដែល​ទើប​បើក​សម្ពោធ ) មុន​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ផ្លូវការ​ជាមួយ​នឹង​សម្តេច​ ហ៊ុន សែន​។

ក្រុម​អ្នក​ភូមិ​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​រាជធានី​ភ្នំពេញ​រំពឹង​ថា លោក​បាន​គីមូន​នឹង​លើក​បញ្ហា​ការបណ្ដេញ​អ្នកភូមិ​ដោយ​បំពាន​នេះ ទៅ​ពិភាក្សា​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន ផងដែរ។

សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី​២៥ ខែតុលា ឆ្នំា២០១០


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s