សាលា​ដំបូង​រាជធានីភ្នំពេញ​ចេញ​ដីកា​កោះ​ឲ្យ​តំណាង​សហជីព​ចំនួន​១រូប​ក្នុង​ចំណោម​៣នាក់​ ​ ចូល​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​ក្រុម​ហ៊ុន​រោង​ចក្រ​កាត់​ដេរលីសាន់​ហ្វុង​

ភ្នំពេញ៖ កាល​ពី​ព្រឹកមិញ​នេះ តំណាង​សហជីព​មួយរូប​ និង​សាក្សី​ចំនួន​៣នាក់ផ្សេងទៀត​បាន​​ចូល​ឆ្លើយ​បំភ្លឺ​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន​រោង​ចក្រ​កាត់​ដេរ សាន់​លីហ្វុង ហ្គាមេន &​វូល​ឡិន នីធីង ហ្វេក​ធើ​រី ដែល​ចោទ​ពី​បទ​ញុះញង់​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ដោយ​ចេតនា ដោយ​ភាគី​ក្រុម​ហ៊ុន​ទាមទារ​សំណង​ចំនួន​៥ម៉ឺន​ដុល្លារ​។

លោក​គឹម​ ដានី ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដី​ការ​កោះ​ហៅ​ លោក​អៀន ពៅ​ ប្រធាន​សហជីព​មូលដ្ឋាន​ ប្រចំា​រោង​ចក្រ​សាន់លី​ហ្វុង ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​​នៅ​តុលាការ​ តាម​ពាក្យ​បណ្ដឹង​របស់​លោក​Fung Kingchor នាយក​ក្រុមហ៊ុន​សាន់​លី​ហ្វុង ដែល​ក្រុម​ហ៊ុន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា។ ពាក្យ​បណ្ដឹង​បាន​ប្ដឹង​តំណាង​សហជីព​ចំនួន​៣នាក់​ រួមមាន​លោក​អៀន​ពៅ​ លោក​ហ៊ត បូរ៉ា និង​នន់​ ចំណាន ដែល​អ្នក​ទំាង​បី​បាន​ដឹកនំា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ពី​ក្រុម​ហ៊ុន​ចំនួន​៨​ចំណុច​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នំា​២០១០​។

លោក​អៀន ពៅ​ ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលា​ការ​ ហើយ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ចៅ​ក្រម​សាក​សួរ​លោក​គឹម ដានី បាន​សាក​សួរ​ និង​សាក្សី​ចំនួន​បី​នាក់​ផ្សេង​ទៀត​ កាល​ពី​ព្រឹកមិញ​នេះ​ថា ចៅ​ក្រម​នៅ​​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ គឺ​តុលាការ​នៅ​បន្ដ​នីតិ​វិធី​ស៊ើប​អង្កេត​និង​សាក​សួរ​បន្ត​ទៀត​។ ទន្ទឹម​នឹង​នេះ​ តុលាការ​ក៏​នៅ​មិនទាន់​កំណត់​ថ្ងៃ​ឲ្យ​លោក​ ចូល​ឆ្លើយ​បំភ្លឺ​ ឬបើក​សវនាការ​នៅ​ពេល​ណា​ទៀត​នោះ​ទេ​។

យ៉ាង​ណា​ក៏​ដោយ​លោក​ថា នីតិ​វិធី​របស់​តុលាការ​កន្លង​មក​​ ដែល​បាន​ព្យួរ​ការងារ​តំណាង​សហជីព​ចំនួន​បី​នាក់​ ក្នុង​នោះ​មាន​រូប​លោក​ផង​ គឺ​ជា​រឿង​ផ្ទុយ​ទៅ​នឹង​ច្បាប់​។ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ចោទ​ប្រកាន់​របស់​ក្រុម​ហ៊ុន​មក​លើ​តំណាង​កម្មករ​ និង​ការ​ទាម​ទារ​សំណង​៥ម៉ឺន​ដុល្លារ​ពី​បទ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​នោះ​ជា​រឿង​ហួស​ហេតុ​ និង​មិន​សម​ហេតុ​ផល​ ព្រោះ​ថា កម្មករ​បាន​ធ្វើ​កូដកម្ម​កន្លង​មក​គឺ​ដោយ​សន្ដិវិធី​ប៉ុណ្ណោះ​ ដោយ​មិន​បាន​បំភ្លេច​បំផ្លាញ​អ្វី​ទំាង​អស់​។​

លោក​អៀន​ពៅ​ ក៏​បាន​ស្ដីបន្ទោស​ចំពោះ​សហព័ន្ធ​សហជីព​មួយ​ចំនួន​ដែរថា នៅពេល​កម្មករ​ធ្វើ​ការទាម​ទារ​អ្វីមួយ​ គេ​បាន​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ ប៉ុន្ដែ​ក្រោយ​មក​គេ​បាន​យក​រួច​ខ្លួន ដោយ​លើក​ហេតុ​ផល​ថា ការ​ទាមទារ​នោះ​ខុស​។ លោក​បាន​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជាការ​មិន​ ទទួល​ខុសត្រូវ និង​យក​រួច​ខ្លួន​ ដោយ​ទម្លាក់​ឲ្យ​កម្មករ​ ឬ​តំណាង​សហជីពថ្នាក់​មូលដ្ឋាន​ទទួលខុសត្រូវ ហើយ​នេះ​គឹជា​ការ​ឈឺចាប់​របស់​កម្មករ។ ការស្ដីបន្ទោស​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​របស់​លោក​ គឺ​លោក​សោម អូន​ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា មិន​ដែល​អើ​ពើ ឬ​ការពារ រូប​លោក​ក៏​ដូចជា​កម្មករ ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​នោះ។

កញ្ញាហៀប ជាកម្មការិនី​នៅ​រោង​ចក្រ​កាត់​ដេរ​សាន់​លី​ហ្វុង​ និយាយ​ថា “ខ្ញុំ​ទទូច​ស្នើសុំ ឲ្យ​ក្រុម​ហ៊ុន​ដកពាក្យ​បណ្ដឹង​ និង​អនុញ្ញាត​ឲ្យ​តំណាង​ខ្លួន​ចំនួន​៣នាក់​ បាន​ចូល​ធ្វើ​ការ​ឡើង​វិញ​។ ទន្ទឹម​នឹង​ “ខ្ញុំ​ស្នើ​ឲ្យ​ថៅ​កែរោងចក្រ​ហ្នឹង​ ក៏​ទទួលយក​សំណើរ​ កាលពី​លើក​មុន​ គឺ​នៅ​ត្រង់​ចំណុច​ទី៨”។

បន្ថែម​លើ​នេះ​កញ្ញា​សុភ័ក្រ្ដ ជាកម្មការិនីរោង​ចក្រ​ខាង​លើ​ និយាយ​ដែរថា ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​នោះទេ​កម្មករ កម្មការិនី​ ទំាង​អស់​នឹង​នៅ​តែ​បន្ដ​ធ្វើ​ការ​ទាម​ទារ​ រហូត​​ទាល់​តែ​មាន​ដំណោះ​ស្រាយ​។​

គេមិន​អាច​ទាក់​ទង​​នាយក​ក្រុមហ៊ុន ឬ​អ្នក​តំណាង​ក្រុម​ហ៊ុន រោង​ចក្រ​កាត់​ដេរ​សាន់​ហ្វុង​ បាន​ទេ​ កាល​ពី​ព្រឹកមិញ​នេះ។ ប៉ុន្តែ​លោក​Fung King ​នាយក​ក្រុម​ហ៊ុន​សាន់​លី​ហ្វុង​ និយាយ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១០​ថា ក្រុម​ហ៊ុន​សូម​ធ្វើ​ការ​ប្ដឹង​តំណាង​កម្មករ​ចំនួន​បី​នាក់​ ដែល​បាន​ដឹក​នំា​ធ្វើ​កូដកម្ម​កាល​ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នំា​២០១០​។

លោក​និយាយ​បន្ដថា ការ​ធ្វើ​កូដ​កម្ម​ដែល​អូស​បន្លាយ​អស់​រយៈពេល​១០​ថ្ងៃ​នោះ​មិន​បាន​ជូន​ដំណឹង​តាម​នីតិវិធី​ នៃ​ច្បាប់​ការងារ​ឡើយ​ មិន​តែ​ប៉ុណ្ណោះ​ បាន​ញុះញង់​ និង​គំរាម​កំហែង​ដល់​បង​ប្អូន​កម្មករ​-កម្មការិនី ឯទៀត​មិន​ឲ្យ​ចូល​ធ្វើ​ការងារ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន អសកម្ម​ផ្នែក​ការងារ​ខ្លះ មិន​បាន​នំា​ចេញ​តាម​ការកំណត់​របស់​អ្នក​បញ្ជាទិញ​ និង​ទទួល​រង​នូវ​ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​ សម្រាប់​ក្រុមហ៊ុន។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ សូម​ប្ដឹង​មនុស្ស​ចំនួន​៣នាក់​ ក្នុង​នោះ​រួមមាន​ លោក​អៀន ពៅ លោក​ហ៊ត បូរ៉ា និង​លោក​នន់​ ចំណាន​ ពី​បទ​ញុះ​ញង់​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ដោយ​ទាម​ទារសំណង​ចំនួន​៥ម៉ឺន​ដុល្លារ និង​សង​ជម្ងឺ​ចិត្ត​ និង​ការ​ខាត​បង់​ពេល​វេលា​ចំនួន​១ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

សូម​បញ្ជាក់​ថា កាល​ពី​ខែសីហា​កន្លង​ទៅ​នេះ កម្មករ​កម្មការិនី​រោង​ចក្រ​កាត់ដេរ​សាន់​ហ្វុង​លី​ ដែល​ឋិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​កូដ​កម្ម​រយៈពេល​១០​ថ្ងៃ​ ដោយ​ទាម​ទារ​៨​ចំណុច​ពី​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន ក៏​បាន​ព្រមព្រៀង​ស្ទើរតែ​ទំាងស្រុង​ហើយ នៅតែត្រង់​ចំណុច​ទី​៨​ប៉ុណ្ណោះ​​ ដែល​ក្រុមហ៊ុន​មិន​ព្រម​។ ចំណុច​ទី​៨​នេះ ស្នើ​សុំ​ដល់​ក្រុមហ៊ុន នៅពេល​ដែល​កម្មករ-កម្មការិនី សុំ​ឈប់​ពី​ការងារ​ សូម​ឲ្យ​ក្រុមហ៊ុន ជួយ​ផ្ដល់​ប្រាក់​ឲ្យ​កម្មករ​ចំនួន​៨០​ដុល្លារ​ក្នុង​ឆ្នំា​។

​សរសេរ៖ ប៊ិន ប៊ុណ្ណា

ថ្ងៃទី៣ ខែវិច្ឆកា ឆ្នំា២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s