តើ​​ការ​​យក​​ហូល​​និង​​ផា​មួង​​ខ្មែរ​​មក​​កាត់​​ជា​​សំលៀក​បំពាក់​​Sexy​​ខុស​​ដែរ​​ទេ?

ហូល​​និង​ផាមួង​ខ្មែរ​ត្រូវ​បាន​គេ​កាត់​ជា​សំលៀក​បំពាក់​ និង​ប្រើ​ប្រាស់​នៅ​ក្នុង​ពិធី​សំខាន់​ៗ ដូច​ជា​ពិធី​ជប់លៀង​ធំ​ៗ ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ផ្សេង​ៗ​ជាដើម។ នៅ​ពេល​នារី​ខ្មែរ​បាន​ស្លៀក​ពាក់​ហូល​ផា​មួង​​ក្នុង​កម្មវិធី​ធំ​ៗ​ទាំង​នោះ​គឺ​ហាក់​​ដូច​បាន​បង្ហាញ​ពី​ភាព​ទន់​ភ្លន់​របស់​នារី​ខ្មែរ​អញ្ចឹង។ ​អ្វី​ដែល​​ពិសេស​នោះ​ នៅ​ពេល​នារី​ខ្មែរ​ស្លៀក​ពាក់​ហូល​ផាមួង​ គឺ​ចង់​មិន​ចង់​ជន​បរទេស​អាច​ដឹង​ថា នោះ​ជា​សំលៀក​បំពាក់​ប្រពៃ​ណី​របស់​ខ្មែរ។​ ន័យ​នៅ​ត្រង់​នេះ​គឺ ហូល​ផា​មួង​ អាច​ឆ្លុះ​បញ្ចាំង​អំពី​អត្ត​សញ្ញាណ​ជា​ខ្មែរ​។

ប៉ុន្តែ​ដោយ​សារ​តែ​សកលភាវូបនីយកម្ម​នៃ​វប្បធម៌​បរទេស​បាន​វាយ​លុក​ចូល​ក្នុង​ប្រទេស​យើង យុវតី​មួយ​ចំនួន​បាន​ច្នៃ​សំលៀក​បំពាក់​ហូល​ផាមួង​ ឲ្យ​ក្លាយ​ទៅ​ជា​សំលៀក​បំពាក់​បែប​សម័យ​ខើច​លើ​ខើច​ក្រោម​​។ តើ​ការ​ច្នៃប្រឌិត​បែប​នេះ​ប៉ះពាល់​ទៅ​នឹង​តម្លៃ​នៃ​ការ​ស្លៀក​ពាក់​របស់​​ខ្មែរ​ដែរ​ទេ?

យុវជន​ វ៉ា ណន​ និស្សិត​ ឆ្នាំ​ទី៣ នៃ​សាកលវិទ្យាល័យ​​ Norton និយាយ​ប្រាប់​ Sabay ថា “​បង​យូរ​ម្តង​ៗ ពេល​ខ្ញុំ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​ ខ្ញុំ​ឃើញ​យុវតី​​យើង​មួយ​ចំនួន​បាន​ស្លៀក​សំលៀក​បំពាក់​ហូល​ផាមួង​បែប​សម័យ តែ​តាម​ពិត​ទៅ​បង​ ខ្ញុំ​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ​ភ្នែក​ដែរ​។” “បង​ខ្ញុំ​គិត​ថា ការ​ស្លៀក​ពាក់​បែប​នេះ​ ទំនង​ជា​មិន​ប៉ះពាល់​អី​ទេ​បង!។” យុវជន ​ណ​ន​ បន្ថែម​។

សម្បុរ​ស​សក់​ក្រហម​ កញ្ញា​ តី ជា​និស្សិត​សាកល​វិទ្យាល័យ ​Norton​ដែរ​នោះ​ និយាយ​ថា “ខ្ញុំ​យល់​ថា ការ​ដែល​យក​ហូល​ ផា​មួង​ កាត់​ជា​សំលៀក​បំពាក់​បែប​សម័យ​នេះ​ វា​មិន​មែន​អាក្រក់​នោះ​ទេ​ ព្រោះ​ប្អូន​គិត​ថា ​​គេ​ស្រ​ឡាញ់​ហូល​ផាមួង​ បាន​ជា​គេ​ យក​ហូល​ផាមួង​ទៅ​ច្នៃ​ជា​សំលៀក​បំពាក់​បែប​នេះ។”

សំអន​ និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស​នៃ​សាកល​វិទ្យាល័យ​ខាង​លើ​យល់​ឃើញ​ដែរ​ថា “​ខ្ញុំ​យល់​ថា ការ​ដែល​យក​ហូល​ផាមួង​មក​កាត់​ជា​សំលៀក​បំពាក់​បែប​សម័យ​នេះ​គឺ​មិន​សមរម្យ​នោះ​ទេ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​បាត់​បង់​អត្តសញ្ញាណ​ជា​ខ្មែរ​ ព្រោះ​ខ្មែរ​ស្លៀក​ពាក់​អ្វីៗ​គឺ​សមរម្យ​ មិន​ខើច​លើ​ខើច​ក្រោម​នោះ​ទេ​បង​។”

ប៉ុន្តែ​ សំបូរ​ និស្សិត​ផ្នែក​នីតិ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​មួយ​ដោយ​លោក​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ​សាលា​និយាយ​ប្រាប់​ Sabay ​ថា “​តាម​ពិត​ទៅ​ពិភពលោក​កំពុង​ដើរ​ទៅ​មុខ​ ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​នីមួយៗ។ ហើយ​គេ​មិន​គួរ​ប្រកាន់​ខ្ជាប់​ពេក​នោះ​ទេ​ គ្រាន់​តែ​ស្លៀក​ពាក់​អញ្ចឹង​ខ្ញុំ​គិត​ថា ទោះ​គេ​លាប​សក់​ក្រហម ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ក៏​ដោយ​ ប៉ុន្តែ​ឲ្យ​តែ​គេ​មាន​បេះ​ដូង​ស្នេហា​ជាតិ​ ស្នេហា​ប្រពៃ​ណី​ មាន​ន័យ​ថា គេ​មិន​បាន​បំផ្លាញ​ជាតិ​នោះ​ទេ​”​។

សំបូរ​បាន​ធ្វើ​ការ​ពន្យល់​បន្ថែម​ថា “​បង​ដូច​ពុទ្ធ​បរិស័ទ​​គេ​មិន​ចាំ​បាច់​លត់​ជង្គង់​នៅ​លើ​ភក់ ដើម្បី​សំពះ​ទេព្ដា​នោះ​ទេ ឬ​មួយ​កំពុង​ជិះ​ម៉ូតូ​ ហើយ​បញ្ឈប់​ការ​បើក​បរ​ដើម្បី គោរព​ព្រះ​សង្ឃ​នោះ​ដែរ​ ឲ្យ​តែ​គេ​មាន​បេះ​ដូង​មាន​ន័យ​ថា គេ​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​បាត់​ទៅ​ហើយ​”។

គ្មាន​នរណា​ជំទាស់​ទៅ​នឹង​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​នោះ​ទេ​ ហើយ​ក៏​មិន​មាន​នរណា​ហាម​ឃាត់​ ឬ​ចាប់​ចង​ឬ​ប្ដឹង​នោះ​ដែរ​ ប៉ុន្តែ​យុវជន​ឬ​ប្រជាជន​ខ្មែរ​ទាំង​ឡាយ​មិន​ត្រូវ​មើល​រំលង​ប្រពៃណី វប្បធម៌​ របស់​ខ្លួន​ជា​មុន​នោះ​ទេ។ មុន​នឹង​ចាប់​យក​វប្បធម៌​បរទេស​ត្រូវ​ចាប់​ស្គាល់​ពី​ខ្លួន​ឯង​ជា​មុន​សិន​។ នេះ​ជា​សំដី​របស់​លោក​ សំរាំង​ កំសាន្ត រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​។

លោក​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះនៅ​ឯ​សណ្ឋាគារ​ កាំ​បូរឌីយ៉ាណា​ថា “​ខ្ញុំ​គិត​ថា យុវតី​មួយ​ចំនួន​បាន​យក​ហូល​ផាមួង​ យក​មក​កែ​ច្នៃ​ដើម្បី​ស្លៀក​ពាក់​នោះ​ជា​រឿង​ល្អ​ហើយ​ ប៉ុន្តែ​ល្អ​នៅ​ត្រង់​នេះ ខ្ញុំ​គាំទ្រ​តែ​ការ​ច្នៃ​ណា​ឲ្យ​សម​ ឬ​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី​ វប្បធម៌​ខ្មែរ​។ ប៉ុន្តែ​ប្រសិន​បើ​ការ​យក​ហូល​ផាមួង​ មក​ច្នៃ​ជា​សំលៀក​បំពាក់​Sexy នោះ​ជា​រឿង​​មិន​ត្រឹម​ត្រូវ​ ហើយ​បាន​បន្ទាប​តម្លៃ​ហូល​ផាមួង​ខ្មែរ​។

លោក​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​យុវវ័យ​ ឬ​ប្រជាជន​ខ្មែរ​ទាំង​អស់​ ប្រសិន​បើ​ចម្លង​វប្បធម៌​បរទេស​ គប្បី​កែច្នៃ​​វប្បធម៌​បរទេស​នោះ​ ឲ្យ​ទៅ​ជា​របស់​ខ្មែរ​ពិត​ៗ​។ ខ្មែរ​ពី​ដើម​ ក៏​បាន​លួច​ចម្លង​ពី​គេ​ដែរ​ ប៉ុន្តែ​ខ្មែរ​បាន​ច្នៃ​វប្បធម៌​នោះ​ឲ្យ​​ជា​របស់​ខ្មែរ​ ហើយ​សម័យ​បរ​ប្រទេស​មក​សិក្សា​ស្រាវ​ជ្រាវ​​នៅ​ខ្មែរ ក៏​គេ​រក​មិន​ឃើញ​ នេះ​មានន័យ​ថា ខ្មែរ​មាន​ភាព​ឆ្លាត​វៃ​។

លោក ​ប៉ូ សំណាង​ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​និយាយ​ដែរ​ថា ហូល​ផាមួង​ខ្មែរ​ គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វត្ថុ​មាន​តម្លៃ​ ដែល​នៅ​ពេល​នារី​ខ្មែរ​ស្លៀក​ពាក់​ហូល​ផាមួង​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាខ្មែរ​។ ប៉ុន្តែ​នៅ​ពេល​នារី​ខ្មែរ​យក​ហូល​ផាមួង​​មក​ច្នៃ​ជា​សំលៀក​បំពាក់​Sexy នោះ​ មាន​ន័យ​ថា សីលធម៌​ខ្មែរ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ព្រោះ​តែ​លំហូរ​វប្បធម៌​បរទេស​បាន​វាយ​លុក​ក្នុង​ស្រុក​ ខណៈ​ដែល​ខ្មែរ​ទើប​ងើប​ចេញ​ពី​សង្គ្រាម​ហើយ​ប្រជា​ជន​ខ្មែរ​ទទួល​បាន​ការ​អប់រំ​នៅ​មាន​កម្រិត​នៅ​ឡើយ​៕

អត្ថបទៈ វិបុត្រ
កែសម្រួលៈ ស្រ៊ុន ម៉េងគាង

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.