ជុំវិញ​សំព័ន្ធ​ភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស គណបក្ស​នរោត្តម​រណរិទ្ធ និង​គណបក្ស​សមរង្ស៊ី


គណបក្ស​សិទ្ធិមនុស្ស​បាន​បដិសេធន៍​នូវ​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ចំនួន​​ដែល​ទាក់​ទង​ទៅ​នឹង​​ការ​លើក​ឡើង​ថា គណបក្ស​សិទ្ធិមនុស្ស​មាន​បំណង​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​នរោត្តម​រណរីទ្ធិ របស់​សម្ដេច​ក្រុម​ព្រះ​ ប៉ុន្ដែ​គណបក្ស​សិទ្ធិ​មនុស្ស​មិន​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សមរង្ស៊ី​។ គណបក្ស​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ព័ត៌មាន​ទាំង​នេះ​ថា ជា​ការ​មិន​ពិត។

សូម​ជួប​លោក​ប៊ិន ប៊ុណ្ណា អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​របស់​វិទ្យុ​ស្រ្ដី​ ដែល​លោក​បាន​ចូលរួម​សន្នីសីទ​មួយ​នៅ​ឯ​ស្នាក់​កាល​កណ្ដាល​របស់​គណបក្ស​សិទ្ធិមនុស្ស​កាល​ពី​ព្រឹកមិញ​នេះ ! ឥឡូវ​លោក​ប៊ុណ្ណា កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​បន្ទប់​ផ្សាយ​។ ជំរាប​សួរ​លោក​ប៊ុណ្ណា! ជំរាប​សួរ !

សុជាតាៈ តើ​លោក​កឹម​ សុខា​ ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ពន្យល់​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ម៉េច​ខ្លះ​ បន្ទាប់​ពី​លោកកឹម សុខា បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​នរោត្តម​រណឬទ្ធិ​នោះ ?

ប៊ុណ្ណាៈ ជា​ការ​ពិត លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ទាត់​ចោល ចំពោះ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ថា លោក​បាន​សន្យាថា ​មក​រួមគ្នា​ជាមួយ​ សម្ដេច​ក្រុម​ព្រះ​ នរោត្តម​ រណឬទ្ធិ និង​ព័ត៌មាន​មួយ​ទៀត​ថា គណបក្ស​សិទ្ធិ​មនុស្ស​ មិន​មាន​ផែនការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សមរង្ស៊ី​។

លោក​កឹម សុខា ក៏​បាន​ទទួល​ស្គាល់ថា លោក​ធ្លាប់​បាន​ជួបពិភាក្សា​ជាមួយ​សម្តេច​ក្រុមព្រះ​ម្ដង​មែន​ដើម្បី​ ស្ទាបស្ទង់​ពី​ការ​ចង​សម្ពន្ធ័ភាព​នេះ ប៉ុន្តែ លោក​បដិសេធ​ថា​មិន​បាន​សន្យា​អ្វី​នោះ​ទេ​។ លោក​កឹម សុខា បាន​ធ្វើ​ការ​ពន្យល់​ថា គណបក្ស​នរោត្តម​ រណរីទ្ធិ​ នៅ​មិនទាន់​បង្ហាញ​ពី​ជំហរ​ច្បាស់​លាស់​នៅ​ឡើយ​ថា តើ​គណបក្ស​មួយ​នេះ កំពុង​នៅ​ជាមួយ​ក្រុម​ជាតិ​និយម​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ រឺ​គណបក្ស​មួយ​នេះ មាន​ទំនោរ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បន្ដ​ថា គណបក្ស​សិទ្ធិមនុស្ស​ នៅ​តែ​ប្រកាន់​​គោល​ជំហរ ជាយុទ្ធសាស្រ្ដ​ ក្នុង​ការ​ប្រមូល​ផ្ដុំ​ កម្លាំង​អ្នក​ជាតិ​និយម អ្នកប្រជាធិបតេយ្យ​និយម​ខ្មែរ​ យ៉ាង​ទូលាយ ដោយ​ឈរ​លើ​មូលដ្ឋាន​យក​ប្រយោជន៍​ជាតិ​ជាធំ និង​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ដែល​មិនមែន​សម្រាប់​តែ​បុគ្គលណា​ម្នាក់​នោះ​ឡើយ​។

ដូច្នេះហើយ​លោក ក៏​បាន​អំពាវនាវ​​ឲ្យ​សម្ដេច​ក្រុមព្រះ​បង្ហាញ​ជំហរ​ឲ្យបាន​ច្បាស់លាស់​​ថា តើ​ព្រះអង្គ​នៅ​ខាង​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិនិយម ឬ​នៅ​ខាង​ណា​មួយ​ឲ្យ​ប្រាកដ ?

សុជាតាៈ តើ​ការ​លើកឡើង​របស់​លោក​កឹម​ សុខា នេះ មាន​ប្រតិកម្ម​ពី គណបក្ស​នរោត្តម​ រណឬទ្ធិ​ ដែល​ទេ​ លោក​ប៊ុណ្ណា?

ប៊ុណ្ណាៈ ភ្លាម​ៗ​គណបក្ស​នរោត្តម​រណឬទ្ធិ​​បាន​អះអាង​ថា លោក​កឹម​សុខា​ពិត​ជា​បាន​ជួប​ពិភាក្សា​ជាមួយ​គណបក្ស​សម្ដេច​ក្រុម​ព្រះ​មែន​ ហើយ​បាន​លើក​ឡើង​អំពី​សម្ព័ន្ធ​ភាព​។ លោក​ប៉ែន​ សង្ហារ អ្នក​នាំ​ពាក្យ​គណបក្ស​នរោត្តម រណឬទ្ធិ បាន​ប្រាប់​វិទ្យុ​ស្រ្ដី​ថា គណបក្ស​នរោត្តម​រណឬទ្ធិ​មាន​ជំហរ​ច្បាស់​លាស់​ គឺ​ប្រកាន់​នូវ​នយោបាយ​កណ្ដាល​មិន​ចូល​បក្ស​សម្ព័ន្ធ​នៃ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ​ ដោយ​ឈរ​លើ​នយោបាយ​អព្យាក្រឹត្យ​ ប្រកាន់​លទ្ធិប្រជាធិបតេយ្យ លុបបំបាត់​អំពើ​ពុក​រលួយ បូរណភាព​ទឹក​ដី​ ជាដើម​។​ ប្រការ​នេះ​ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​ពី​លោក​កឹម សុខា ខាង​លើ​។

សុជាតាៈ តើការ​លេច​មុខ​សារ​ជាថ្មី​របស់​សម្ដេច​ក្រុមព្រះ​នៅ​លើឆាក​នយោបាយ​នេះ គណបក្ស​​ប្រឆាំង​ពីរ​ទៀត​មាន​ប្រតិ​កម្ម​អ្វី​ដែល​ទេ​លោក​ប៊ុណ្ណា?

ប៊ុណ្ណាៈ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ សម្រាប់​ការ​លេច​មុខ​ជា​ថ្មី​របស់​សម្ដេច​ក្រុម​ព្រះ​នៅ​លើ​ឆាក​នយោបាយ​​។ នេះ​ជា​សម្ដី​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ គឺ​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សមរង្ស៊ី។

លោកកឹម សុខា បាន​ធ្វើ​ការ​ពន្យល់​ថា វានឹង​មិន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​របស់​គណបក្ស​សិទ្ធិមនុស្ស​នោះ​ទេ ព្រោះ​ថា មើល​ទៅ​គណបក្ស​នរោត្តម​រណឬទ្ធិ​មិន​មាន​នយោបាយ​ថ្មី​នោះ​ឡើយ​។ ប្រសិន​បើ​នយោបាយ​របស់​គណបក្ស​នេះ មិន​មាន​អ្វី​ថ្មី​នោះ​ទេ​ ​គណបក្ស​នេះ​នឹង​កាន់​តែ​ទទួល​បាន​សម្លេង​ឆ្នោត​តិច​ជាង​សព្វថ្ងៃ​ សម្រាប់​ការ​​បោះ​ឆ្នោត​ខាង​មុខ​នេះ​។

បន្ថែម​លើ​នេះ លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​ បាន​លើក​ឡើង​ដែរ​ថា ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ច្រើន​លើក​ច្រើន​សារ​មក​​ប្រជាជន​​បាន​កាន់​តែ​យល់​ច្បាស់​ហើយ​ថា តើ​គណបក្ស​ណា​បាន​ធ្វើ​អ្វី​ខ្លះ​ ចំពោះ​ប្រជាជន និង​ជំហរ​ច្បាស់​លាស់​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ជាតិ​នោះ​។ ដោយ​សារ​តែ​ទំនាស់​​ផ្ទៃ​ក្នុង​នាំឲ្យ​គណបក្ស​ដែល​ដឹក​នាំ​ដោយ​សម្ដេច​ក្រុមព្រះ​បាន​បែក​ជា​ពីរ គឺ​គណបក្ស​ហ្វុន ស៊ិន​ប៊ិច​ និង​គណបក្ស​នរោត្តម​រណឫទ្ធិ ហើយ​ជា​លទ្ធផល​គណបក្ស​ទាំង​ពីរ​ទទួល​បាន​សម្លេង​ឆ្នោត​ដ៏​តិចតួច​បំផុត​នៅ​ក្នុង​រដ្ឋសភា។

សុជាតាៈ ងាក​ទៅ​នយោបាយ​នៃ​ការ​ចង​សម្ព័ន្ធ​ភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី វិញ​ ​មក​ទល់​នឹង​ពេល​នេះ​មាន​ការ​វិវត្ត​ ដល់​ណា​ហើយ​ លោក​ប៊ុណ្ណា?

ប៊ុណ្ណាៈ លោក​កឹម​ សុខា បាន​លើកឡើង​ថា សម្ព័ន្ធ​ភាព​រវាង​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សមរង្ស៊ី​ រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​កំពុង​បន្ត​កិច្ច​ចរចា​ អំពី​លក្ខន្តិកៈ​មួយ​ចំនួន​ ដើម្បី​លេច​ចេញ​នូវ​គោល​នយោបាយ​ថ្មី​មួយ​​នៃ​សម្ព័ន្ធ​ភាព​ដ៏​រឹង​មាំ​ នៃ​គណបក្ស​ជាតិ​និយម​ និង​ប្រជាធិបតេយ្យ​។
លោក​កឹម សុខា អះអាងថា គណបក្ស​សិទ្ធិមនុស្ស​នៅតែ​បន្ត​យុទ្ធសាស្រ្ដ​បង្រួបបង្រួម​អ្នក​ជាតិនិយម និង​អ្នក​ប្រជាធិបតេយ្យ​ជាពិសេស​បន្ត​ការ​បង្រួបបង្រួម​ជាមួយ​គណបក្ស សម រង្ស៊ី​។ លោក​សង្ឃឹមថា សម្ពន្ធ័ភាព​នេះ​អាច​នឹង​កើតឡើង​នៅ​មុន​ការ​បោះឆ្នោតឆា្ន​២០១៣​ខាងមុខ​។

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​បាន​គាំទ្រ ចំពោះ​ការ​អំពាវនាវ​នេះ​ ហើយ​លោក​ថា សម្ព័ន្ធ​នេះ នឹង​លេច​ចេញ​ជា​រូបរាង​នូវ​ពេល​ឆាប់ៗ ខាង​មុខ​នេះ​។ លោក​យឹម សុវណ្ណ​ បាន​និយាយ​ថា​ សម្ពន្ធ័ភាព​នេះ​ បាន​ព្រម​ព្រៀង​ នៅ​លើ​ចំណុច​មួយ​ចំនួន​ហើយ​ ដូច​ជា​ ការ​ប្រើ​បញ្ជីរ​រួម​តែ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ប៉ុន្ដែ​នៅ​ទាស់​ត្រង់​ផ្លូវ​ច្បាប់​ខ្លះៗ ប៉ុន្ដែ​មិន​មែន​ជា​ឧបសគ្គ​ធំដំ​នោះ​ទេ។

សុជាតាៈ​ សម្ពន្ធ័ភាព​របស់​គណបក្ស​ប្រឆំាង​ទាំង​ពីរ​នេះ គឺ​ចង់​មិន​ចង់​ ធ្វើ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ និង​ដើម្បី​ផ្លាស់​ប្ដូរ​នយោបាយ​សព្វថ្ងៃ​ ប្រសិន​បើ​មិន​មាន​ការ ផ្លាស់​ប្ដូរ នយោបាយ​សព្វ​ថ្ងៃ​នេះ ទេ តើ ប្រទេស​កម្ពុជា​នឹង​​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

ប៊ុណ្ណាៈ បញ្ហា​មាន​ច្រើន​ដូចជា​ ​ទឹកដី អន្តោប្រវេសន៍​ខុសច្បាប់​ ជាពិសេស​អន្តោប្រវេសន៍​វៀតណាម និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​​​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​កឹម​ សុខា​។ លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា ស្ថានភាព​សិទ្ធិ​កំពុង​តែ​ដើរ​ថយ​ក្រោយ​ ដោយ​ថា កន្លង​មក​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក​បាន​គី មូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​កម្ពុជា​​ ត្រូវបាន​សម្ដេច​ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​លុប់​ចោល​ការិយាល័យ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ដែល​ផ្ទុយ​អំពី​គោល​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​គេ​នឹង​ស្នើ​ឲ្យ​ពង្រឹង​និង​ពង្រីក​សិទ្ធិមនុស្ស​។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ លោក​យឹម សុវណ្ណ​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​សំណើ​របស់​កម្ពុជា នេះ​ ដែល​នេះ​មានន័យ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​កំពុង​ធ្លាក់​ចុះ។

យ៉ាង​ណា​ក៏​ដោយ​ លោក​ទិត្យ​ សុធា អ្នក​នាំ​ពាក្យអង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​និយាយ​ថា ស្ថាន​ភាព​សិទ្ធិមនុស្ស​គេ​មិន​ដែល​មើល​តាម​រយៈ​ បុគ្គលមួយ​ ឬ​អង្គភាព​មួយ​នោះ​ទេ គេ​ត្រូវ​ដឹង​ថា ស្ថានភាព​សិទ្ធិ​ល្អ​នឹង​អាក្រក់​ ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​សម្ដែង​មតិ​ ឬ​សកម្មភាព​ផ្សេង​ៗ​របស់​ប្រជាជន​សព្វថ្ងៃ​នេះ​។ លោក​ថា ស្ថាន​ភាព​សិទ្ធិមនុស្ស​កម្ពុជា​កំពុង​រីក​ចម្រើន​ល្អ​ហើយ​។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​និង​ពង្រីក​ សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ ដែល​មាន​ន័យ​ថា សិទ្ធិ​រស់នៅ​សមរម្យ ហូបចុក​គ្រប់​គ្រាន់​ ស្លៀកពាក់​គ្រប់​គ្រាន់​ជាដើម​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ក៏​កំពុង​ពង្រឹង​និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។

លោក​បាន​បញ្ជាក់​ដែរ​ថា គណបក្ស​ប្រជា​​កម្ពុជា​មាន​សសរ​គ្រឹះ​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ដល់​លើ​ ហើយ​កំពុង​មាន​សកម្ម​ភាព​យ៉ាង​មមាញឹក​ជាមួយ​ប្រជាជន​ ដើម្បី​ផ្ដល់​ប្រយោជន៍​ឲ្យ​ពួកគេ ហើយ​ប្រជាជន​បាន​ចាត់​ទុក​គណបក្ស​ប្រជាជន​កម្ពុជា​​ នៅ​ក្នុង​បេះដូង​ និង​កែវ​ភ្នែក​របស់​ពួក​គេ​រួច​ទៅ​ហើយ​ ដូច្នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សម្ព័ន្ធ​ភាព​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ នាពេល​ខាង​មុខ​នេះ៕

សរសេរ៖ប៊ិន ប៊ុណ្ណា

កែសម្រួល៖ ឃុត សុខឿន

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s