ក្រុម​មន្រ្ដី​រដ្ឋាភិបាល​ និង​អង្គការ​សង្គមស៊ីវិល ជឿថា គម្រោង​ដោះស្រាយ​ក្រៅប្រព័ន្ធតុលាការ​នឹងជួយបង្កើន​យុត្តិធម៌នៅកម្ពុជា

ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ ដែល​មាន​គោល​ដៅ ​​ដាក់បញ្ចូល​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ពួក​គេ​ជឿ​ថា គម្រោង​នេះ ពិត​ជា​បាន​ជួយ​កាត់​​បន្ថយ​ភាព​អយុត្តិធម៌ និង​បង្កើន​យុត្តិធម៌​នៅ​កម្ពុជា។

ហេតុ​អ្វី​បាន​ជា​គម្រោង​នេះ អាច​ជួយ​បង្កើន​យុត្តិធម៌​នៅ​កម្ពុជា​នោះ ? លោក​ប៊ុណ្ណា​នឹង​ជម្រាប​ជូន​ជ្រាប​ពី​ព័ត៌មាន​នេះ បន្ទាប់​ពី​លោក​បាន​ចូល​រួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​បទពិសោធន៍​របស់​គម្រោង​សិទ្ធិទទួល​បានយុត្តិធម៌ ស្ដីពី ម៌ាគាឆ្ពោះ​ទៅ​រក​យុត្តិធម៌ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង UNDP ប្រចាំ​នៅ​​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ សណ្ឋាគារ​អ៊ីមភឺរៀល កាល​ពីព្រឹកមិញ​នេះ។

សន្និសីទ​ដែល​មាន​រយៈពេល​ពេញ​មួយ​ថ្ងៃ​កំពុង​ប្រព្រឹត្តិ​នៅ​ឯ​សណ្ឋាគារ​អ៊ីម​ភឺរឿល​ ដោយ​មាន​មន្រ្ដី​រដ្ឋាភិបាល និង​មន្រ្ដី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចូលរួម​សរុប​ជាង​១០០​នាក់ មាន​គោល​បំណង​សំខាន់​ដើម្បី​ជួប​ជុំ​ពិភាក្សា​អំពី​ការ​អនុវត្ត​ការ​សម្រុះ​សម្រួល​ដោះស្រាយ​វិវាទ​ក្រៅប្រព័ន្ធតុលាការ​នៅ​កម្ពុជា ដោយ​ប្រៀប​ធៀប​ជាមួយ​បទ​ពិសោធន៍​ ពីប្រទេស​ដ៏ទៃ និង​លើក​ស្នើ​ជម្រើស​សម្រាប់​ផ្សេងៗ ក្នុង​ការ​អនុវត្ត​ក្នុង​វិស័យ​យុត្តិ​ធម៌​ទៅ​ថ្ងៃ​អនាគត។

គម្រោង​ដែល​មាន​ឈ្មោះ សិទ្ធិ​ទទួល​បាន​យុត្តិធម៌ បាន​ចាប់​ផ្ដើម​ពី​ខែ​មេសា ឆ្នាំ​២០០៦ មាន​គោល​ដៅ​ជួយ​បន្ថយ​គម្លាត​រវាង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ និង​ក្រៅប្រព័ន្ធ​តុលាការ ដោយ​បង្កើន​លទ្ធភាព​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ក្រុម​ងាយ​រងគ្រោះ​បំផុតនៅ​កម្ពុជា ជាពិសេស​ស្រ្ដី ជនជាតិ​ដើម​ភាគ​តិច និង​ជនក្រីក្រ​នៅ​ជន​បទ។

លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា គម្រោង​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​នេះ ជា​គម្រោង​សាក​ល្បង និង​រក​ដំណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​ផ្សាភ្ជាប់​គម្លាត​នៃប្រព័ន្ធ​យុត្តិធម៌​ ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ តាម​បែប​មួយ​ដែល​មាន​ប្រសិទ្ធិភាព​ មាន​ការយក​ចិត្ត​ទុកដាក់​ និង​អាច​ពឹង​ពាក់​បាន។ គម្រោង​នេះ ផ្ដោត​លើ​យន្ដ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ និង​កំណត់​ទៅ​ដៅ​ ជាពិសេស​សម្រាប់​ជួយ​សម្រួល​ប្រជាពលរដ្ឋកម្ពុជា​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ ដែល​អាច​កើត​មាន​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។

លោក​ជូ អានពីតា អ្នកសម្របសម្រួល​ទូទៅ​មក​ពី​ភ្នាក់ងារ​ព្រះរាជាណាចក្រ​អេស្ប៉ាញ​សម្រាប់​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្ដរជាតិ​ប្រចាំប្រទេសកម្ពុជា នៃAECID Cambodia​ និយាយថា ប្រទេស​មួយ​មិនមាន​យុត្តិធម៌ គឺ​មិនមាន​ការ​អភិវឌ្ឍ​បាន​នោះ​ទេ។ លោកថា​ សេរីភាព​មាន​ទៅ​បាន​អាស្រ័យ​បាន​ដោយ​សារ​មាន​យុត្តិធម៌។ ថ្វីបើ​ប្រទេសកម្ពុជា​ជាប្រទេស​កំពុង​អភិវឌ្ឍន៍ និង​មិន​សូវ​មាន​ថវិកា​ក៏​ដោយ​ ក៏​យើង​ត្រូវ​ប្រឹង​ប្រែង​ ធ្វើ​ឲ្យ​ប្រទេស​នេះ ទទួល​បាន​​យុត្តិ​ធម៌​។

លោក​ស្រី​សូហ្វ៊ី បារ៉ានេស នាយិកា​រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP និយាយ​ដែរ​ថា នៅ​ថ្ងៃ​នេះ​យើង​នឹង​​មើល​ឡើង​វិញ​ នូវ​គម្រោង​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ ដើម្បី​រក​ ឲ្យ​ឃើញ​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ ដែល​បាន​អនុវត្ត​រយៈពេល​​កន្លង​មក​នេះ​។ អ្នក​ស្រី​បាន​បន្ដ​ថា គម្រោង​នេះ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ដល់​ដំណើរ​ការ​របស់​តុលាការ​ ខណៈ​សំណុំ​រឿង​នៅ​តុលាការ​កំពុង​កប់​ចោល​នោះ​។

នៅ​ឯ​អង្គ​សន្និសីទ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អនុវត្ត​គម្រោង​នេះ​កន្លង​មក​ ដោយ​ជាលទ្ធផល​បាន​រក​ឃើញ​ថា គម្រោង​នេះ​ពិត​ជា​បាន​កាត់​បន្ថយ​ភាព​អយុត្តិធម៌​នៅ​កម្ពុជា និង​កាត់បន្ថយ​ការ​ចំណាយ​ប្រាក់​កាស​ នៅ​ពេល​ភាគី​ទំនាស់​ចាប់​ផ្ដើម​តតាំង​នៅ​ឯ​តុលាការ​មែន​។ ការ​ប្ដឹង​ផ្ដល់​នៅ​តុលាការ​ ចំណាយ​ពេល​វេលា​យូរ និង​ថវិកា​ច្រើន ហើយ​មិន​រំពឹង​ថា នឹង​អាច​ដោះ​ស្រាយ​បាន​ដោយ​យុត្តិ​ធម៌​ផង។

យោង​តាម​របាយការណ៍​របស់ UNDP បាន​ឲ្យ​ដឹង​ថា គម្រោង​ដែល​បាន​អនុវត្ត​សាកល្បង​រយៈពេល​បី​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ដោះស្រាយ​វិវាទ​​​ចំនួន​២៦៥២ករណី។ របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា តាមរយៈ​គម្រោង​នេះ បាន​ជួយ​ឲ្យ​ប្រជាជន​ពេញ​ចិត្ត​ជា​ខ្លាំង​ ហើយ​ពួកគេ​មាន​ការ​យល់​ដឹង​អំពី​ផ្លូវ​ច្បាប់​ និង​បាន​ដឹង​ថា អំពើ​ហិង្សា​ គឺ​ជា​បទ​ឧក្រិដ្ឋ។

ដោយ​ឃើញ​ពី​សារៈ​សំខាន់​របស់​គម្រោង​នេះ លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១០​នេះ ក្រសួង​យុត្តិ​ធម៌​បាន​បង្កើត​ឲ្យ​មាន​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ក្រុង ខណ្ឌ បន្ថែម​ចំនួន​១០ ទៅលើមណ្ឌល​សេវាកម្ម​យុត្តិធម៌ ដែល​មាន​ស្រាប់​២០​ស្រុកខណ្ឌ​ និង​បន្ដនិរន្ដរភាព​របស់​គម្រោង​នៅ​ឆ្នាំ​២០១១ ដើម្បី​ឈាន​ទៅចាប់ផ្ដើមបង្កើត ប្រព័ន្ធ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ តាមរយៈគម្រោង​បង្កើត​មណ្ឌល​សេវាកម្ម​យុត្តធម៌​ស្រុក ក្រុង ខណ្ឌ នៅទូទាំប្រទេស​​នៅឆ្នាំ២០១២។ សូមបញ្ជាក់​ថា គម្រោង សិទ្ធិទទួលបានយុត្តិធម៌បានអនុវត្តរួមគ្នា​ដោយ​ក្រុម​ប្រឹក្សា​កំណែទម្រង់ច្បាប់​និងប្រព័ន្ធយុត្តិធម៌(CLJR) ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងUNDP ក្រោមភាពជាដៃគូជាមួយទីភ្នាក់ងារ ប្រទេសអេស ស្ប៉ាញ (AECID)

សរសេរ៖ ប៊ិន ប៊ុណ្ណា

កែសម្រួល៖ ឃុត សុខឿន

ផ្សាយនៅក្នុងកម្មវិធីអូមែន!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s