ព័ត៌មាន​ប្រចាំ​សប្ដាហ៍វិទ្យុស្រ្ដី​១០២ (១៩-២០ កុម្ភៈ ២០១១)

ស្ថានភាព​នៅ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​តាន​តឹង​កាល​ពី​ពេល​ថ្ងៃ​ត្រង់

កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ កងទ័ព​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​របស់​ខ្មែរ​បាន​ចូល​លេណដ្ឋាន​ដើម្បី​ត្រៀម​ប្រយុទ្ធ​ កាល​ពី​ពេល​ម៉ោង​១១ និង​១២ ថ្ងៃ​ត្រង់​ដើម​សប្ដាហ៍​​នេះ ប៉ុន្ដែ​ក្រោយ​មក​ស្ថានភាព​បាន​វិល​ត្រឡប់​ទៅ​រក​សភាព​ស្ងប់​ស្ងាត់​វិញ​។ មន្រ្ដី​យោធា​កម្ពុជា​ម្នាក់​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វិទ្យុស្រ្ដី​ថា កាល​ពី​ថ្ងៃ​ត្រង់​នេះ កង​កម្លាំង​ខ្មែរ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​ត្រៀម​ប្រយុទ្ធ​ ខណៈ​ថៃ បាន​បង្កើន​កម្លាំង​ទ័ព​ និង​បាន​ផ្លាស់​ប្ដូរ​កម្លាំង​ពី​ព្រំ​ដែន​នៅ​ភូមា​ មក​កាន់​ព្រំដែន​ជាប់​ប្រាសាទ​ព្រះវិហារ​។​ក្រៅ​ពី​ថៃ​បង្កើន​កម្លាំង​ទ័ព​ និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​កម្លាំង​នោះ កងទ័ព​ថៃ​បាន​បោក​គ្រាប់​បែក​ស្ទើរ​ជា​រៀង​រាល់​យប់​នៅ​ក្នុង​ទឹក​ដី​របស់​គេ​។ មេបញ្ជាការ​រង​​កង​ពល​ធំ​អន្ដរាគមន៍​លេខ​៣ ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​ បាន​និយាយ​ដែរ​ថា ការ​បោក​គ្រាប់​បែក​នេះ ទំនង​ជា​ថៃ​​ចង់​គំរាម​ខ្មែរ និង​ចង់​ឲ្យ​ខ្មែរ​តម​ត​​ទៅ​កាន់​ថៃ​ជាដើម​។ការ​បង្កើន​កម្លាំង​ទ័ព​​ និង​ការ​ចល័ត​ទ័ព​របស់​ថៃ​ គឺ​ស្រប​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ គ្រោង​​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.​.ប នៅ​​យប់​​ថ្ងៃ​ច័ន្ទ​នេះ​ ។ រីឯ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក៏​នឹង​កោះ​ប្រជុំ​នា​សប្ដាហ៍​ក្រោយ​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​រវាង​​កម្ពុជា​និង​ថៃ៕

ចំនួន​អ្នក​លក់​ផ្កា​មាន​ការ​ថយ​ចុះ​នៅ​ក្នុង​ទិវា​សេចក្ដី​ស្រឡាញ់​ឆ្នាំ​នេះ

នៅ​ថ្ងៃ​ច័ន្ទ​ដដែល​នេះ មាន​ការ​កត់សម្គាល់​ឃើញ​ថា ឆ្នាំ​២០១០​នេះ ចំនួន​អ្នក​លក់​ផ្កា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​ថយ​ចុះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ក្រុម​អាជីវករ​លក់​ផ្កា​មួយ​ចំនួន​នៅ​តាម

សាលា​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ដូច​ជា​ វិទ្យាល័យ​ព្រះយុគគន្ធរ សន្ធរម៉ុក​ និង​ដោយ​ឡែក​នៅ​ក្បែរ​ផ្សារ​ទំនើប​ផារ៉ាហ្គន បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​អ្នក​លក់​មាន​តិច​តួច​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​តែ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​លក់​ពី​អាជ្ញាធរ​ និង​អាច​មក​ពី​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​យុវវ័យ​។

សូម​បញ្ជាក់​ថា​ នៅ​មុន​ទិវា​ក្ដី​ស្រឡាញ់​នេះ​មក​ដល់​ ក្រសួង​កិច្ច​ការ​នារី បាន​រៀប​ចំ​វេទិការ​មួយ​ស្ដីពី បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ “​ នៅ​ទីស្ដីការ​ក្រសួង​ អាគារ​​កូឡាប​មួយ​ ដែល​មាន​គ្រូ​ប្រមាណ​ជា​ជាង​២០០​នាក់​ចូលរួម​ ដើម្បី​ឲ្យ​ក្រុម​គ្រូ​ទាំង​នេះ​ផ្សព្វផ្សាយ​បន្ដ​ដល់​សិស្សានុសិស្ស​៕

កម្ពុជា​ទទួលបាន​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ជម្លោះ​ជាមួយ​ថៃ

កាល​ពី​ថ្ងៃទី​១៥​កុម្ភៈ​នេះ លោក​ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​បាន​អះអាង​ពី​ទីក្រុង​ ញូវយ៉ក​ថា​កម្ពុជា​ទទួលបាន​ជ័យជំនះ​ យ៉ាង​ធំធេង​ក្នុង​ការ​តស៊ូ​ផ្នែក​ ការទូត​ជាមួយ​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ​ជុំវិញ​បញ្ហា​ជម្លោះ​នៅ​ព្រះវិហារ​។ ចំណែក​ភាគី​ថៃ​វិញ​បាន​ទទួល​បរាជ័យ​និង​ខក​បំណង​គ្រប់បែបយ៉ាង​។​ កម្ពុជា​ជោគជ័យ​ចំនួន​៣ចំណុច​ គឺ​ទី​១​គឺ​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការនាំយក​បញ្ហា​ព្រះវិហារ​ទៅ​ដោះស្រាយ​នៅ ​លើ​ឆាក​អន្តរជាតិ​ពោល​គឺ​នៅ​ឯ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​និង​ ក្នុង​សមាគម​អាស៊ាន​ទោះបីជា​ថៃ​ខិតខំ​រារាំង​យ៉ាងណាក៏ដោយ​។

ទី​២​ នៅឯ​ក្រុង​ញូវយ៉ក ថៃ​បាន​ខិតខំ​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​រាំងខ្ទប់​ ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​មិន​ឱ្យ​ចេញ​សេចក្តី​ថ្លែង​ការ​អ្វី​ឡើយ តែ​ទីបំផុត ក្រុមប្រឹក្សា​សន្តិ​សុ​សខ​សហប្រជាជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ស្នើ​ ឱ្យ​ភាគី​ទាំងពីរ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​។ និង​ទី​៣ កម្ពុជា​ទទួល​ជោគជ័យ​ដោយ​សម្រេច​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ការចរចា ​ទ្វេភាគី​ជាមួយ​ថៃ​។ ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​បាន​ប្រគល់​តួនាទី​ឱ្យ​អាស៊ាន​ជា​អ្នក​ធ្វើ​ឱ្យ​មាន​ ការឈប់​បាញ់​ជា​អចិន្ត្រៃយ៍​មួយ​រវាង​ខ្មែរ​និង​ថៃ​។ ​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​នៅ​ ថ្ងៃទី​២២​កុម្ភៈ​នេះ​នៅឯ​ទីក្រុង​ហ្សា​ការតា​ប្រទេស​ឥណ្ឌូនេស៊ី​។
លោក ​ហោ ណាំហុង​ក៏​បាន​បញ្ជាក់ឱ្យដឹង​ដែរ​ថា​អាស៊ាន​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​ របស់​ខ្លួន​ទៅ​កាន់​តំបន់​ព្រះវិហារ​ដើម្បី​ពិនិត្យមើល​ការឈប់​បាញ់​ជា​ អចិន្ត្រៃយ៍​មួយ​ជាមួយ​ថៃ ហើយ​គ្រប់​ការចរចា​ទាំងអស់​រវាង​កម្ពុជា​នឹង​ថៃ​ត្រូវ​មាន​ការចូលរួម​ពី​ ភាគី​ទី​៣​គឺ​អាស៊ាន​។​ ​ទាំងនេះ​សុទ្ធតែ​ជា​លទ្ធផល​ដែល​សម្រេច​ឡើងទៅ​តាម​កា​រ​ចង់​បាន​របស់​កម្ពុ​ ជា​ទាំងអស់ ដែល​ធ្វើឱ្យ​ភាគី​ថៃ​បរាជ័យ​គ្រប់​ដំណាក់កាល​ទាំងអស់​ដែរ​៕

គណបក្ស​នរោត្តម រណឫទ្ធិ​គាំទ្រ​លទ្ធផល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ

ចូល​មក​ដល់​ថ្ងៃ​ពុធ​ទី​១៦​ ខែកុម្ភៈ ព្រះអង្គម្ចាស់​នរោត្តមរ​ណ​ឬ​ទ្ធិ​មេគណបក្ស​នរោត្តមរណឫទ្ធិ​បាន​ចេញ​សេចក្តី ​ថ្លៃ​ង​ការណ៍​មួយ​ដើម្បី​គាំទ្រ​ គោលជំហរ​​របស់​រដ្ឋា​ភិ​បាល​ សម្តេច​ហ៊ុន ​សែន​ដែល​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុងការ​ធ្វើ​ឱ្យ​មាន​ការ​ឈប់​បាញ់​ជា​ អចិន្ត្រៃយ៍​រវាង​​កម្ពុជា​និង​ថៃ​។

ប៉ុន្តែ គណបក្ស​នរោត្តម​រណឫទ្ធិ​មាន​ការសោកស្តាយ​ដោយសារ​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ​មិន​បាន​បញ្ជូន​កងរក្សាសន្តិសុខ​អង្គ​ការ​សហប្រជាជាតិ​ ទៅ​កាន់​តំបន់​​ដែល​មាន​ជម្លោះ​ក៏​ដូចជា​មិន​បាន​លើក​មក​ពិភាក្សា​អំពី​ សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ដែល​បាន​កាត់ក្តី​ឱ្យ​កម្ពុជា​ឈ្នះ​ហើយ​បង្គាប់​ឱ្យ​ថៃ​ប្រគល់​ប្រាសាទ​ ព្រះវិហារ​មក​ឱ្យ​កម្ពុជា​វិញ​៕

ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ គឺ​ជា ការ​ រំលោភ​សេចក្ដី​ថ្លែង​ការ ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ

កាល​ពី​ថ្ងៃ​ពុធ​ ទី​១៦ ខែកុម្ភៈ ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រតិកម្ម​ចំពោះ​ប្រទេស​ថៃ ដោយ​ចាត់​ទុក​ទង្វើ​របស់​​ថៃ​​ថា ជាការ​រំលោភ​លើ​សេច​ក្ដី​ថ្លែង​ការណ៍ ​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​ថៃ​បាន​ផ្ទុះ​អាវុធ​ និង​បោក​គ្រាប់​បែក ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​គប់​គ្រាប់​បែក​ និង​បាញ់​កាំភ្លើង​ត្បាល់​ទំហំ​៨១ មីលីម៉ែត្រ និង​កាំ​ភ្លើង​យន្ដ​ជាច្រើន​គ្រាប់​ មក​លើ​ភ្នំទ្រព្យ​ ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១.៦០០​ម៉ត្រ ពី​ព្រំដែន​ក្នុង​តំបន់​ជុំវិញ​ប្រសាទ​ព្រះវិហារ​។

យោង​តាម​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នោះ​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ​ ឈប់​ការ​បាញ់​គ្នា​ជា​អន្រ្ដៃយ៍​ ហើយ​ងាក​ទៅ​រក​តុ​ចរចា​៕

កម្ពុជា​ស្នើ​ឲ្យ​ថៃ​ចុះ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា

ប្រមុខ​ដឹក​នាំ​រដ្ឋ​កម្ពុជា​​សម្ដេច​ហ៊ុន សែន​ បាន​ស្នើ​ទៅ​ភាគី​ថៃ​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​បទ​ឈប់បាញ់​គ្នា​មួយ​រវាង​កម្ពុជា​ និង​ថៃ ដោយ​មាន​អាស៊ាន​ជា សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ឯ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ សម្ដេច​ហ៊ុន សែន​ថា នៅ​ក្នុង​បែប​បទ​ឈប់​បាញ់​គ្នា​នេះ កម្ពុជា​ស្នើ​ឡើង​ចំនួន​៤​ចំណុច​ ទី​១ ភាគី​កម្ពុជា​ និង​ថៃ ព្រមព្រៀង​គ្នា​ត្រូវ​ឈប់​បាញ់​ជាស្ថាពរ និង​អចិន្ត្រៃយ៍​ ដោយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ ការ​ផ្ទុះ​អាវុធ​ជា រៀង​រហូត ទី​២ ទាហាន​ភាគី​ទាំង​ពីរ​ត្រូវ​ឈរ​ជើង​នៅ​ទីតាំង​ដដែល​ និង​មិន​ត្រូវ​ចល័ត​កម្លាំង​ ដោយ​រង់​ចាំ​រហូត​មាន​ដំណោះ​ស្រាយ​ ជាស្ថាពរ​ លើ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ ទី​៣ លើក​ទឹក​ចិត្ត​ ឲ្យ​មេបញ្ជាការ​នៅ​សមរភូមិ​មុខ​នៃ ភាគី​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា ដើម្បី​រក្សា​ស្ថិរភាព​នៅ​តាម​ព្រំដែន​និង​ចំណុច​ទី​៤ ធានា​ប្រសិទ្ធ​ភាព​បទ​ឈប់​បាញ់​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ថៃ​ កាល​ពី​ថ្ងៃ ពុធ​ ទី​១៦ ខែកុម្ភៈ បាន​រំលោភ​លើ​សេចក្ដី​ថ្លែង​ការ​របស់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ ដោយ​បង្ក ការ​ផ្ទុះ​អាវុធ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​៕

ប្រមុខ​ដឹក​នាំ​រដ្ឋ​កម្ពុជា​ថា ជម្រើស​ចុង​ក្រោយ​ទៅ​តុលាការ​អន្ដរជាតិ

នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ដដែល​នេះ សម្ដេច​នាយក​រដ្ឋមន្រ្ដី​ហ៊ុន​សែន​ ថ្លែង​ថា ការ​តស៊ូ​ខាង​ផ្លូវ​ច្បាប់​ជាមួយ​ថៃ​ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​កម្ពុជា​ ត្រូវ​ស្នើ​ទៅ​តុលាការ​អន្ដរជាតិ​ ក្រុង​ឡាអេ​ឲ្យ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២​ឡើង​វិញ​។ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កម្ពុជា​មិន​ស្នើ​ឲ្យ​តុលាការ​កាត់​ក្ដី​ឡើង​វិញ​ទេ​ តែ​ស្នើ​ឲ្យ​បក​ស្រាយ​សាល​ក្រម​ឡើង​វិញ​។ ប្រសិន​បើ​តុលាការ​បក​ស្រាយ​ថា ដី​ដែល​ថៃ​ទាមទារ​ថា​ជា​របស់​ថៃ​ កម្ពុជា​សុខ​ចិត្ត​ដើរ​ចេញ​ តែ​បើ​តុលាការ​ថា ដី​នោះ​ជា​របស់​កម្ពុជា​ថៃ​ត្រូវ​តែ​ដើរ​ចេញ​ដូច​គ្នា​៕

ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ នឹង​មិន​ប៉ះពាល់​ដល់​ការ​តាំង​ពិព័រណ៍​​ថៃ​នៅ​កម្ពុជា​នោះ​ទេ

ក្រុម​អាជីវករ​ខ្មែរ​ដែល​លក់​ផលិត​ផល​ថៃ​បាន​អះអាង​ថា ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មិន​ប៉ះពាល់​ដល់​ការ​តាំង​ពិព័រណ៌​ផលិត​ផល​ថៃ​នៅ​កម្ពុជា​នោះ​ទេ​។ ក្រុម​អាជីវ​ករ​​ បាន​បញ្ចេញ​ទស្សន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ជម្លោះ​ព្រំដែន​មិន​ប៉ះពាល់​ដល់​ពាណិជ្ជ​កម្ម​ ហើយ​រំពឹង​ថា នឹង​អាច​លក់​ដាច់​ថែម​ទៀត​។ អ្នក​ស្រី​ណយ​ប្រធាន​គ្រប់​កម្មវិធី​ប្រចាំ​ស្ថានទូត​ថៃ​បាន​និយាយ​ថា បញ្ហា​ព្រំដែន​ជា​បញ្ហា​ផ្នែក​យោធា​ ប៉ុន្ដែ​ការ​តាំង​ពិព័រពណ៍​នេះ​ជា​ការ​បង្កើន​ចំណង​មិត្ត​ភាព​ខាង​ពាណិជ្ជកម្ម​ហើយ​ជាពេល​ដែល​ប្ដូរ​ទំនិញ​ទៅ​មក​។ ការ​តាំង​ពិព័រណ៍​នេះ​មាន​រយៈពេល​៤​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ នៅ​ឯ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​៕

ក្រុម​អាវ​លឿង​ថា ថៃបរាជ័យ​នៅ​អ..

អ្នក​នាំពាក្យ​ក្រុម​អាវ​លឿង​ លោក​ផាន​ថេព ភឿ ពង្ស​ផាន​និយាយថា រដ្ឋាភិបាល​លោក​អាប់​ភីស៊ីត​វេចាជីវ៉ា បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​ថា ប្រទេស​កម្ពុជា​ បាន​ឈ្លានពាន​ដី​ថៃ និង​បាន​រំលោភ​ទៅ​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​ ដែល​បាន​ចុះ​ហត្ថលេខា ដោយ​ប្រទេស​ទាំង​ពីរ​ ក្នុង​ឆ្នាំ​២០០០​ ក្នុង​ការ​គ្រប់​គ្រង​តំបន់​ព្រំដែន​ ដែល​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​នោះ​។ លោក​ផាន​ថេព​និយាយ​ថា សេចក្ដី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ ឲ្យ​ប្រទេស​ទាំង​ពីរ​ឈប់​បាញ់​គ្នា​បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ជាអ្នក​ខាត​បង់​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s