ព័ត៌មាន​ប្រចាំ​សប្ដាហ៍​វិទ្យុស្រ្ដី​FM102 (ផ្សាយ​ថ្ងៃទី​១៩-២០​ ខែមិនា ឆ្នាំ២០១១)

km<úCaesñICafµI [\NÐÚensIubBa¢ÚnGñksegátkarN_ mkkan;tMbn;manCemøaH

កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍នេះ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​អំពាវនាវ​សាជាថ្មី​ឱ្យឥណ្ឌូនេស៊ី​បញ្ជូន​អ្នកសង្កេតការណ៍ មកកាន់តំបន់ ព្រំដែនកម្ពុជា ប្រសិន​បើប្រទេសថៃ​មិនឱ្យអ្នកសង្កេតការណ៍​មកកាន់​ព្រំដែនថៃទេនោះ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំសម្តេចមានប្រសាសន៍ថា “ដើម្បី​កុំឱ្យ​យឺតការណ៍​គឺ​សុំឱ្យ​ឥណ្ឌូនេស៊ី​បញ្ជូន អ្នក​សង្កេតការណ៍ ត្រង់​មក​កម្ពុជា​ព្រោះ​អនុពន្ធយោធា​ឥណ្ឌូនេស៊ី​បាន​ទៅពិនិត្យិ​ព្រំដែន ព្រះវិហារ ហើយកម្ពុជា​នៅទីនេះ​ក៏​បាន ត្រៀមគណៈ កម្មការ​មួយទទួល​អ្នកសង្កេតការណ៍​រួចហើយដែរ​“។

ថៃ​ធ្វើ​សមយុទ្ធ​ផ្អើល​អ្នក​ភូមិ ថ្មដូន ខេត្តឧត្តមានជ័យ

ចូល​មក​ដល់​ថ្ងៃ​អង្គារិ៍​វិញ មាន​សេចក្ដី​រាយការណ៍​ថា ប្រពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តមានជ័យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​បាន​រត់​រក​កន្លែង​សុវត្ថិភាព បន្ទាប់​ពី​ពួកគេ​បាន​លាន់​ព្ញ​ស្នូ​គ្រាប់​កាំភ្លើង និងគ្រាប់​បែក​ផ្ទុះ​ឡើង​ទ្រហឹង​ដោយ​ស្មាន​ថា កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ពើប​ប្រយុទ្ធ​សាជាថ្មី​។ លោក​ប៉ិច សុឃិន អភិបាល​ខេត្ត​ឧត្តមានជ័យ​ បាន​ប្រាប់វិទ្យុស្រ្ដី​ថា​ តាម​ពិត​ទៅ​ការ​ផ្ទុះ​អាវុធ​នោះ គឺ​កង​ទ័ព​ថៃ​ បាន​ធ្វើ​សមយុទ្ធ​យោធា បាញ់​គ្រាប់​ពិត​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រាប់​ឲ្យ​កម្ពុជា​ដឹង​មុន​នោះទេ​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​មាន​ការ​ភិត​ភ័យ​​ និង​ភ្ញាក់​ផ្អើល​ចំពោះ​ស្នូរ​គ្រាប់​កាំភ្លើង​ និង​គ្រាប់​។ សូមបញ្ជាក់​ថា ការហ្វឹក​ហាត់​បាញ់​គ្រាប់​របស់​ទាហាន​ប៉ារ៉ាថៃ បាន​ធ្វើ​ឡើង​នៅម៉ោង​៤ និង​៥០នាទី ព្រឹក​ថ្ងៃ​អង្គារិ៍ ឋិតនៅ​ចម្ងាយ​ប្រមាណ​ពី​៥០០ ទៅ​៦០០ម៉ែត្រ ពី​ព្រំដែន​កម្ពុជា​។ ប៉ុន្ដែ​យោង​តាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ភិតភ័យ​ទាំង​នោះ បាន​វិល​មក​កាន់​ទីភូមិឋាន​​ជាធម្មតា វិញ​ហើយ​ កាល​ពី​ថ្ងៃ​រសៀល​ ថ្ងៃ​អង្គារិ៍​ដដែល​នោះ​៕

តំបន់​ព្រះវិហារ​ស្ងប់​ស្ងាត់​តែ​អាកាស​ធាតុ​ត្រជាក់

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ​ដែរ​ មាន​សេចក្ដី​រាយការណ៍​ថា ស្ថានភាព​នៅ​តំបន់​ព្រំដែន​ ក្បែរប្រាសាទ​ព្រះវិហារ​ កងទ័ព​កម្ពុជា​និង​ថៃ​ មាន​សភាព​ស្ងប់​ស្ងាត់​ធម្មតា​ទេ ប៉ុន្ដែ​អាកាសធាតុ​បាន​ចុះ​ត្រជាក់​ខ្លាំង​ខុស​ធម្មតា ដែល​បញ្ហា​នេះ​បាន​កើត​មាន​ឡើង​រយៈពេល​បី​ថ្ងៃ​មក​ហើយ​ បណ្ដាល​ឲ្យ​កងទ័ព​មួយ​ចំនួន​តូច​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​តិចតួច​៕

កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​និង​ថៃ នៅ​ឥណ្ឌូណេស៊ី​លើក​ពេល​ទៅ​ដើម​ខែ​មេសាវិញ

យោង​តាម​សេចក្ដី​រាឲយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​និង​ថៃ នៅ​ឥណ្ឌូណេស៊ី​ ត្រូវ​បាន​លើក​ពេល​ទៅ​ដើម​ខែក្រោយ​វិញ​។ លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​លើក​ពេល​នេះ​មិន​មាន​ហេតុ​ផល​នយោបាយ​អ្វី​នោះ​ឡើយ​។ ម្យ៉ាង​ទៀត​កម្ពុជា​បាន​ឯក​ភាព​តាម​ការ​សម្រេច​ចិត្ត​​របស់​ប្រធាន​អាស៊ាន​ ហើយ​សំខាន់ឲ្យ​តែ​ភាគី​ទាំង​អស់​អាច​ជួបប្រជុំ​ ដើម្បី​ស្វះស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​បាន​៕ សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​​កម្ពុជា​ និង​ថៃ (JBC) និង (GBC) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ នាថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែមិនា ឆ្នាំ​២០១១ ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃទី​៧ ដល់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១១វិញ​៕

ក្រសួងការបរទេស​កម្ពុជា​​ថា មិន​មាន​ពលរដ្ឋខ្មែរ​ណាម្នាក់​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​នៅ​ប្រទេស​ជប៉ុន​នោះ​ទេ

បន្ទាប់​ពី​ប្រទេស​ជប៉ុន​រង​ការ​គ្រោះ​ថ្នាក់​ដោយ​ធម្មជាតិ​មក ក្រសួងការបរទេស​កម្ពុជា​បាន​ជូន​ដំណឹង​ដែល​ចុះ​កាល​បរិច្ឆេទ ថ្ងៃទី​១៣ ខែមិនា កន្លង​ទៅ​ថ្មីៗ​នេះថា រហូត​មកទល់​ពេល​នេះ ពុំទាន់​មាន​សេចក្ដី​រាយការណ៍​ណាមួយ​ថា និស្សិត​ ក៏​ដូច​ជា​ប្រជាជន​ខ្មែរ​ណាម្នាក់ រង​គ្រោះ​ថ្នាក់​ នៅ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ នៅ​ភាគ​ឥសាន្ដ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី​១១ ខែមិនា ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ​នោះ​ទេ​៕

ជប៉ុន​បន្ដ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ បើ​ទោះ​បី​ជា​ខ្លួន​រង​គ្រោះ​ថ្នាក់​ធម្មជាតិ​ក្ដី

កាល​ពី​ថ្ងៃ​អង្គារិ៍​ក្នុង​សប្ដាហ៍​នេះ​ដែរ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ ដល់​ប្រទេស​កម្ពុជា​ បើ​ទោះ​ជា​ប្រទេស​មួយ​នេះ បាន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ការ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ក៏ដោយ​។ រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​ហត្ថលេខា​ ផ្ដល់​ជំនួយ​ឥតសំណង​ ដល់​កម្ពុជា ក្នុង​ទឹក​ប្រាក់​៩៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​បើ​ទោះ​​ជា​ប្រទេស​ជប៉ុន​ជួប​ប្រទះ​នឹង​គ្រោះ​រញ្ជួយ​ដី​នឹង​រលក​ស៊ូណាមិ​ក្ដី​៕

កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ការ​សាយ​ភាយ​វិទ្យុ​សកម្ម​ពី​ជប៉ុន​នោះទេ

កាល ពី​ថ្ងៃ​ពុធ​នេះ ក្រសួងធនធានទឹក​និង​ឧត្តុនិយម បាន​ចេញ​សេចក្ដីជូន​​ដំណឹង​ដើម្បី​ជំរាប​ជូន​សាធារណៈ​ជន​ថា ប្រទេស​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ពី​ការ​សាយ​ភាយ​វិទ្យុសកម្ម​ ពី​ប្រទេស​ជប៉ុន​នោះ​ទេ​។ លោក​អ៊ុំរីណា ប្រធាន​នាយកដ្ឋាន​ក្ដាប់​រួម​ នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​ ប្រាប់​វិទ្យុស្រ្ដី​ថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​លំហូរ​ខ្យល់​តំបន់​ត្រូ​ពិច​ ដែល​លំហូរ​ខ្យល់​នេះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​លំហូរ​ខ្យល់​ មក​ពី​ប្រទេស​ជប៉ុន​នោះ​ឡើយ​។ ហើយ​ឥទ្ធិពល​លំហូរ​ខ្យល់​ពី​តំបន់​ត្រូពិច​នេះ នឹង​គ្របដណ្ដប់​ផ្ទៃប្រទេស​កម្ពុជា​ទាំងមូល​។ លោក​ថា ការ​ប្រែប្រួល​អាកាសធាតុ​នេះ វា​គ្រាន់​តែ​ជា​ភ្លៀង​កក់​ខែ ធម្មតា ដែល​ពុំតម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បារម្ភ​ខ្លាំង​ ឬ​ព្រួយបារម្ភ​ហួសហេតុ​​នោះទេ គឺគ្រាន់​តែ​ពួក​គេ​ ត្រូវ​ចេះ​ថែ​រក្សា​សុខភាព​ពិសេស​ចំពោះ​កុមារ​ និង​រាល់​ពេល​ធ្វើ​ដំណើរ​នៅ​ក្រៅ​ផ្ទះ​ប៉ុណ្ណោះ​។ នៅ​មុន​នេះ​មាន​ពាក្យ​ចរចាម​អារ៉ាម​ មួយ​ចំនួន​ដោយ​ពួក​គេ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពីការប្រែប្រួល​អាកាសធាតុ​ ដែល​បណ្ដាល​មក​ពី​ការ​រង​ឥទ្ធិពល​សារធាតុ​វិទ្យុសកម្ម​ដែល​បានសាយ​ភាយ​ ដោយ​ការ​ផ្ទុះ​រោង​ចក្រ​អគ្គិសនី​ ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ របស់​ជប៉ុន​៕

ក្រសួង​កិច្ចការ​នារី​គ្រោង​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម តែមួយ

ដើម្បី​ជួយ​ជន​រង​គ្រោះ​ការ​រំលោភ​សេពសន្ថវៈ

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិនា​នេះ ក្រសួង​កិច្ចការ នារី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​បង្កើត​មជ្ឈមណ្ឌល​សេវា​កម្ម​តែមួយ (One Service Center) ដើម្បី​ជួយ​សម្រួល​ដល់​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​​នានា​។ មជ្ឈមណ្ឌល​នេះ គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ សេវា​កម្ម​ជួយ​ជន​រង​គ្រោះ​ ដោយ​អំពើ​ហិង្សា ដូច​ជា​ករណី​រំលោភ​សេព​សន្ថវៈ​ជា​ដើម​។ លោក​ជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សន្និសីទ​ស្ដីពី ភាព​ជា​អ្នក​ដឹកនាំ​​របស់​យុវវ័យ​ដើម្បី​សហគមន៍​គ្មាន​អំពើ​ហិង្សានៅ​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​មិញ​នេះ​ថា ក្រសួង​កិច្ច​ការ​នារី​កំពុង​សិក្សា​បង្កើត​មជ្ឈមណ្ឌល​សេវា​កម្ម​តែ​មួយ ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ ដែល​គម្រោង​ទំនង​ជា​អាច​នឹង​កើត​មាន​ឡើង​នៅ​ប្រមាណ​ជា​ ២​ទៅ​៣ឆ្នាំ​ខាង​មុខ​។​ លោក​ជំទាវ​បាន​បញ្ជាក់​ថា កន្លង​មក​ស្ត្រី​ ដែល​រង​ការ​រំលោភ​សេព​សន្ថវៈ​ មាន​ការ​លំបាក​នៅ​​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ ដោយ​សារ​តែ​ជន​រង​គ្រោះ​ត្រូវ​បញ្ជាក់​ច្រើន​កន្លែង​ ដែល​រួមមាន​កន្លែង​កោសល្យ​វិច័យ​ពី​ពេទ្យ និង​របាយការណ៍​នគរបាល​ផ្សេង​។ ប៉ុន្តែ​មជ្ឈមណ្ឌល​សេវា​កម្ម​តែ​មួយ​នេះ នឹង​ជួយ​សម្រួល​សេវា​កម្ម​តែ​មួយ​កន្លែង​ជូន​ពួកគាត់​៕

យុវជន​គឺ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​នៅ ក្នុង​ការ​​ចូលរួម​ធ្វើ​ឲ្យ​សហគមន៍​គ្មាន​អំពើ​ហិង្សា

ក្រុម​មន្រ្ដី​ទាំង​សង្គម​សង្គម និង​រដ្ឋាភិបាល​ បាន​ទទួល​ស្គាល់​ថា យុវវ័យ​គឺ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​សហគមន៍​គ្មាន​អំពើ​ហិង្សា​​។ ថ្លែង​នៅ​ក្នុង​​ពិធី​បិទ​សន្និសីទ​ស្ដីពី ភាព​ជា​អ្នក​ដឹកនាំ ​របស់​យុវជន​ដើម្បី​សហគមន៍​គ្មាន​អំពើ​ហិង្សា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ​​នេះ លោក​ស្រី​សោម​ ខេមរា នាយិកា​ប្រតិបត្តិ​អង្គការ​យុវ​តារា​កម្ពុជា បាន​ថ្លែង​ថា តាម​រយៈ​គម្រោង​សាក​ល្បង​រយៈពេល​មួយ​​ឆ្នាំ​របស់​ខ្លួន​ បាន​រក​ឃើញ​ថា តួនាទី​របស់​យុវវ័យ​ពិត​ជា​បាន​បង្ហាញ​អំពី​សក្ដានុពល​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ និង​បាន​កែប្រែ​សង្គម​។ លោក​ស្រី​បាន​បញ្ជាក់​ថា ភាព​បត់​បែន​ការ​ប្ដេជ្ញាចិត្ត​របស់​ដៃគូសហគមន៍ និង​អ្នក​ស្ម័គ្រ​ចិត្ត​ គឺ​ជា​កូន​សោ​សំខាន់​សម្រាប់​គម្រោង​នេះ​។

លោក​ជំទាវ​អ៊ឹង​ កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី មាន​ប្រសាសន៍​ថា យុវជន​ត្រូត​បាន​ទទួល​ស្គាល់​ថា ជា​កត្តា​រួម​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា យុវជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​កាត់បន្ថយ​អំពើ​ហិង្សា​ក្នុង​សហគមន៍​របស់​ពួកគេ ដែល​រួមមាន​អំពើ​ហិង្សា​ទាក់​ទង​នឹង​យេនឌ័រ​ ដូចជា​ការរំលោភ​ អំពើ ហិង្សា​ក្នុង​គ្រួសារ និង​ការ​ជួញ​ដូរ​ជាដើម​។

គម្រោង​សាក​ល្បង​របស់​អង្គការ​យុវតារា​នេះ​ ត្រូវ​បាន​អនុវត្តន៍​រយៈពេល​១ឆ្នាំ​ ទៅ​១៨​ខែ ដែល​បាន​កំណត់​គោល​ដៅ​ធំៗ​ចំនួន​៣​រួមមាន​ ទី​១, ការ​សិក្សា​អប់រំ​ ។ ទី​២ , ជួយ​លើក​កម្ពស់​ទំនាក់​ទំនង​ល្អ រវាង​បុរស​ និងស្រ្ដី និង​ទី​៣, គឺ​ការ​កំណត់​អត្តសញ្ញាណ​ភ្នាក់​ងារ​ផ្លាស់ប្ដូរ និង​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ដែល​ចលនា​សហគមន៍​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕

ក្រសួង​ការបរទេស​កម្ពុជា​បាន​កម្រិត​អាយុ និង​ហិរញ្ញវត្ថុ​លើ​ជន​បរទេស​ ដែល​ចង់​រៀប​ការ​ជាមួយ​ស្រ្ដី​ខ្មែរ

ក្រសួង​ការបរទេស​​កម្ពុជា​បាន​ដាក់​កម្រិត​អាយុ​និង​ហិរញ្ញវត្ថុ​​លើ​បុរស​ជា​ជន​បរទេស​ដែល​ចង់​រៀប​ការ​ជាមួយ​ស្រ្ដី​ខ្មែរ។ ក្រសួង​ការបរទេស​បាន​ដាក់​ជូន​កំណត់​ទូត​ស្ដីពី​អាពាហ៍ពិពាហ៍​ ទៅ​ស្ថាន​ទូត​នានា ហើយ​​ច្បាប់​នេះ​បាន​ចូល​ជាធរមាន​កាល​ពី​ដើម​ខែ​មិនា​នេះ​។ ក្រសួង​ការបរទេស​កម្ពុជា​និយាយ​ថា តាម​ច្បាប់​នេះ​ បុរស​ជា​ជន​បរទេស​មិន​អាច​រៀបការ​ជាមួយ​ស្រ្ដី​ខ្មែរ​បាន​នោះ​ទេ ប្រសិន​បើ​ពួកគេ​ មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ ឬ​រក​ចំណូល​បាន​តិច​ជាង​២៥០០​ដុល្លារ​ ក្នុង​១ខែ។

លោក​កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​ថា កំណត់​ទូត​នេះ គឺ​ដើម្បី​ការពារ​និង​ធានា​សុវត្ថិ​ភាព​ និង​សន្ដិសុខ របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ទន្ទឹម​នឹង​នេះ​ លោក​កុយ​គួង​បាន​បញ្ជាក់​ថា កំណត់​ទូត​នេះ ក៏​មិន​បាន​រំលោភ​ច្បាប់​​អន្តរជាតិ ឬ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ​។ ការ​ថ្លែង​បែប​នេះ​មាន​បន្ទាប់​ពី​មាន​អ្នក​ច្បាប់​មួយ​ចំនួន​បាន​លើក​យក​មាត្រា​១៦.១ នៃ​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា បុរស​និង​ស្រ្ដី​គ្រប់​វ័យ​ មាន​សិទ្ធិ​រៀប​ការ​និង​បង្កើត​គ្រួសារ​បាន​ដោយ​គ្មាន​ការ​ដាក់​កម្រិត​ណាមួយ​ ដោយ​សារ​តែ​ពូជ​សាសន៍​ សញ្ជាតិ​ ឬ​សាសនា​ឡើយ​៕

រដ្ឋសភា​ បញ្ចប់​បុព្វសិទ្ធិ​សភា​របស់​លោកសមរង្ស៊ី

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​ ត្រូវ​បាន​បញ្ចប់​សិទ្ធិ​ទាំង​ស្រុង​ជា​អ្នក​តំណាង​រាស្រ្ដ​មណ្ឌល​ខេត្ត​កំពង់​ចាម​ នីតិកាល​ទី​៤។ ​យោង​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១៥ ខែមិនា ដែល​ចុះ​ហត្ថលេខា​ដោយ​សម្ដេច​ហេង​សំរិន ប្រធាន​រដ្ឋសភា​ជាតិ​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​សម្រេច​ទី​១ ឲ្យ​លោក​សមរង្ស៊ី​ ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​បុព្វសិទ្ធិ សមាជិក​សភា ទី២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការរដ្ឋាន​រដ្ឋសភា​ ត្រូវ​ទទួល​អនុវត្ត​និង​បិទ​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ និងទី​៣​សេចក្ដី​ប្រកាស​នេះ​មាន​អនុភាព​គតិយុត្តិ​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ​។

សេចក្ដី​សម្រេច​របស់​រដ្ឋសភា​ខាង​លើ​បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​ប្រការ​៨៣ នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា , តាម​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​លក្ខន្ដិកៈ​ អ្នក​តំណាង​រាស្ដ្រ , មាត្រា​១២០​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ដ​ និង​យោង​តាម​សាល​ដី​ការ​របស់​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី​១ ខែមិនា ឆ្នាំ​២០១១​។

លោក​គង់​គាំ​ ប្រធាន​ស្ដីទី​គណបក្ស​សមរង្ស៊ី​ បាន​ចាត់​ទុក​ថា តំណាង​រាស្រ្ដសមរង្ស៊ី​មិន​មាន​កំហុស​​អ្វី​ឡើយ​។ ហើយ​ការ​សម្រេច​របស់​តុលាការ​ទាំង​បី​ថ្នាក់​ គឺ​មិន​យុត្តិ​ធម៌​ ហើយ​អ្វី​ដែល​​ប្រធាន​រដ្ឋសភា​ធ្វើ​ការ​សម្រេច​លើរូប​តំណាង​រាស្រ្ដសមរង្ស៊ី​ គឺ​មិន​ត្រឹម​ត្រូវ​។ កាល​ពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១០ ចៅក្រម​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ បាន​សម្រេច​ផ្ដន្ទាទោស​កំបាំង​មុខ​ លោក​សមរង្ស៊ី​ ដាក់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ និង​ពិន័យ​ជាប្រាក់​៦៥​លាន​រៀល​ ក្នុង​សំណុំរឿង​ផែន​ទី​ក្លែង​ក្លាយ​។

ជុំវិញ​ការ​ដក​បុព្វសិទ្ធិ​របស់​លោក​សមរង្ស៊ី​នេះ ត្រូវ​បាន​អ្នក​តាម​​ដាន​នយោបាយ​នៅ​កម្ពុជា​ធ្វើ​ការ​កត់សម្គាល់​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ នឹង​មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាសកល​ឆ្នាំ​២០១៣​ខាង​មុខ​បាន​នោះទេ។ ប៉ុន្ដែ​លោក​ទេព​នីថា អគ្គលេខាធិការ​គណៈកម្មការ​បោះ​ឆ្នោត គ..ប បាន​អះអាង​ថា លោក​បាន​ស្នើ​ឲ្យ​គណបក្ស​សមរង្ស៊ី​ត្រូវ​រក​មនុស្ស​ថ្មី​មក​ជំនួស​កៅ​អី​តំណាង​រាស្រ្ដ​របស់​លោក​សមរង្ស៊ី។

ប៉ុន្ដែ​លោក​សមរង្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​មួយ​ដើម្បី​ឲ្យ​រូប​លោក​បាន​វិល​ត្រឡប់​មក​ចូល​ស្រុក​វិញ​ ហើយ​ថា​ គណបក្ស​សមរង្ស៊ី​ នឹង​មិន​តែង​តាំង​អ្នក​ជំនួស​អាសនៈ​នៅ​ទំនេរ​របស់​លោក​នៅក្នុង​រដ្ឋសភា​ទេ ដោយសារ​គណបក្ស​មិន​ទទួល​ស្គាល់​ការ​ដក​រូប​លោកនោះ​ទេ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

ព័ត៌មាន​ប្រចាំសប្ដាហ៍វិទ្យុស្រ្ដី​FM១០២

ផ្សាយ​នៅ​ក្នុង​ថ្ងៃទី​១៩ ដល់​២០ ខែមិនា ឆ្នាំ២០១១

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s