ព័ត៌មាន​ប្រចាំ​សប្ដាហ៍​ (ពី​ថ្ងៃ​ទី​២១-២៧ ខែមិនា ឆ្នាំ២០១១) ផ្សាយ​នៅ​ថ្ងៃ​ទី​២៦-២៧


អ្នក​ភូមិ​បឹង​កក់​ថា ការ​បណ្ដេញ​អ្នក​ភូមិ​​គឺ​ជា​ការ​បំបែក​ចាន​បាយ​ពលរដ្ឋ

អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជា​១០០​នាក់​ តំណាង​ឲ្យ​៧​ភូមិ​ ស្មើ​នឹង​១៥០០​គ្រួសារ​ នៅ​តំបន់​បឹងកក់​ បាននាំ​គ្នា​មក​​តវ៉ា​ ដោយ​សន្ដិវិធី​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាល​​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ រហូត​ដល់​ថ្ងៃ​ត្រង់​​ ថ្ងៃ​ដដែល​នោះ អ្នក​ភូមិ​បាន​បំបែក​ហ្វូង​តវ៉ា​ ដោយ​រង់​ចាំ​ការ​ជួប​អភិបាល​​សាលា​រាជធានី​ភ្នំពេញ​​​ តាម​ការ​សន្យា​របស់​​អភិបាល​ខណ្ឌ​ដូន​ពេញ​។

ការ​មក​ជួប​ជុំ​សាជាថ្មី​នេះ ដើម្បី​ធ្វើ​ការ​ទាម​ទារ​ឲ្យ​រាជរដ្ឋាភិបាល ​បញ្ឈប់​ការ​បណ្ដេញ​អ្នក​ភូមិ​ដោយ​បង្ខំ​​ពី​លំនៅដ្ឋាន​។ ពួក​គេ​បាន​ចាត់​ទុក​ការ​បណ្ដេញ​អ្នក​ភូមិ​ដោយ​បង្ខំ​ថា ជា​ការ​បំបែក​ចាន​បាយ​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​កូន​ ជា​ចៅ​របស់​សម្ដេច​ហ៊ុន សែន​។

កញ្ញា​ទេព​ វន្នី តំណាង​អ្នក​ភូមិ​បឹង​កក់​ ដែល​បាន​ចូល​ជួប​តំណាង​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​​ថា ការ​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ​ មិន​មាន​លទ្ធ​ផល​អ្វី​នោះ​ទេ​ ដោយ​សារ​ថា អភិបាល​រាជធានី​ភ្នំពេញ​អវត្តមាន​ ដោយ​គាត់​ជាប់​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត​។

លោក​សុខ ពេញ​វុធ អភិបាល​ខណ្ឌ​ដូន​ពេញ​ បាន​ប្រាប់​ទៅ​អ្នក​ភូមិ​បឹង​កក់​ តាម​រយៈ​ឧគ្ឃោសនស័ព្ទ​ឲ្យ​ដឹង​​ថា លោក​នឹង​ព្យាម​យាម​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​តំណាង​អ្នក​ភូមិ​បឹង​កក់​ និង​អភិបាល​​សាលា​រាជធានី​ភ្នំពេញ​លោក​កែប​ជុតិមា ដើម្បី​រក​ដំណោះ​ស្រាយ​រួម​មួយ​ នៅ​ក្នុង​ជម្លោះ​តំបន់​បឹង​កក់​នេះ​។

លោក​ពេញ​វុធ បាន​បញ្ជាក់​បន្ថែម​ថា លោក​សាវ៉េត​ ប្រធាន​រដ្ឋបាល​សាលារាជ​ធានីភ្នំពេញ​នឹង​ស្នើ​ឲ្យ​ដាក់​សំណើ​ ស្នើ​ឲ្យ​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​ ប្រសិន​លោក​អភិបាល​មាន​ពេល​ទំនេរ​។ លោក​បាន​បន្ដ​ថា អាជ្ញាធរ​នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​មិន​បណ្ដេញ​ប្រជាជន​ដោយ​បង្ខំ​នោះ​ឡើយ​។

នៅ​ក្នុង​ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹងកក់​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ​ អ្នក​ភូមិ​បាន​ញុំា​បាយ​​លាយ​ទឹក​ភ្នែក​ ដោយ​នៅ​ក្នុង​ចាន​បាយ​មាន​រូប​សញ្ញា​គណបក្សប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​។ លោក​ដួង​ គា អាយុ​៤៤​ ឆ្នាំ​ ដែល​ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​២២ ឋិត​នៅ តំបន់​បឹង​កក់​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​​​ថា ​អ្នក​ភូមិ​បាន​យក​ចាន​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​មក​ដាក់​​បាយ​ញុំា​​នៅ​ពេល​នេះ​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ភូមិ​គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​ ហើយ​អ្នក​ភូមិ​ឋិត​ក្រោម​ដំបូល​របស់​រាជរដ្ឋាភិបាល​ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​បំបែក​ចាន​នេះ​ទេ​។

លោក​ចាន់ ពុទ្ធិ​ស័ក្ក ពលរដ្ឋ​រស់​នៅ​ភូមិ​១ តំបន់​បឹង​កក់ និយាយ​ថា សព្វថ្ងៃ​នេះ​អ្នក​ស្នើ​សុំ​រាជរដ្ឋាភិបាល​ទុក​ដី​ចំនួន​១៥​ហិក​តា នៃ​ចំណែក​ដី​របស់​ក្រុម​ហ៊ុន​ដែល​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ ដើម្បី​ទុក​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​៕

គណបក្ស​សិទ្ធិមនុស្ស​ចង់​រួបរួម​ជាមួយ​គណបក្ស​សមរង្ស៊ី​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ

នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ដែរ​ ​គណបក្ស​សិទ្ធិមនុស្ស​ បាន​បង្ហើប​សារ​ជាថ្មី​ថា ខ្លួន​ចង់​បង្រួប​បង្រួម​ជាមួយ​គណបក្ស​សមរង្ស៊ី​ ដោយ​បង្កើត​បញ្ជីរ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​រួម​គ្នា​ជ្រើស​តាំង​សមាជិក​ព្រឹទ្ទិសភា​ និង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ឆ្នាំ​២០១២ ខាង​មុខ​នេះ​។

ប៉ុន្ដែ​លោក​យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិមនុស្ស​មិន​មាន​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​ទេ​។ ចំណែក​ការ​បោះ​ឆ្នោត​ព្រឹទ្ធិសភា​ ជា​ធម្មតា​ទេ គណបក្ស​សមរង្ស៊ី​មាន​អ្នក​ដែល​ជា​អង្គ​បោះ​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ទូទាំងប្រទេស​ ហើយ​គណបក្ស​សិទ្ធិមនុស្ស​ពុំ​មាន​ទេ​។

លោក​គៀត​ សុគន្ធ​ អនុប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ការ​ងារ​ បង្រួប​បង្រួម​គណបក្ស​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ជា​ការ​ពិត​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​អង្គ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ពិត​មែន​ តែ​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​ ត្រូវ​គិត​ពី​ប្រយោជន៍​រួម​សម្រាប់​ការ​រួបរួម​នោះ​ជាជាង សម្លឹង​តែ​លើ​ផល​ប្រយោជន៍​របស់​គណបក្ស​រៀង​ៗ​ខ្លួន​៕

អតីត​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ចុះ​ចូល​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស

ចូល​មក​ដល់​ថ្ងៃ​ពុធ​ ទី​២៣ ខែ​មិនា នេះ​វិញ​ មាន​សេចក្ដី​រាយការណ៍​ថា អតីត​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី​ បាន​ចុះ​ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​វិញ​។ លោក​ម៉ៅ​ មុន្និវណ្ណ​ អតីត​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ប្រចាំ​ខេត្ត​កំពង់​ចាម បាន​ទៅ​រួប​រួម​ជា​មួយ​​គណបក្ស​សិទ្ធិ​មនុស្ស​ហើយ​ កាល​ពី​ថ្ងៃ​ពុធ​។ លោក​បាន​លាឈប់​ពី​គណបក្ស​សមរង្ស៊ី ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​ គណបក្ស​សមរង្ស៊ី​ថា បក្ស​ពួក​និយម​ និង​ត្រូវ​ការ​កែ​ទម្រង់​ជា​បន្ទាន់​មួយ​។ ក្រៅ​ពី​លោក​មុន្និ វណ្ណ ក៏​មាន​សកម្មជន​គណបក្ស​សមរង្ស៊ី​ប្រមាណ​ជា​១០​នាក់​ផ្សេង​ទៀត​ក៏​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​ផងដែរ​៕

ពិធី​បើក​ដំណើរ​ការ​កម្មវិធី​ស្ដីពី​ការ​លើក​កម្ពស់​អនាម័យ​ជន​បទ​នៅ​កម្ពុជា

អង្គការ​ភ្លែន​កម្ពុជា​ សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​​មូល​និធិ​អនាម័យ​សាកល​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ ឲ្យ​ដំណើរ​ការ​ កម្មវិធី​ស្ដីពី​ការ​លើក​កម្ពស់​អនាម័យ​ជន​បទ​នៅ​កម្ពុជា​ ដែល​កម្មវិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគា​កាំ​បូឌី​យ៉ាណា​កាល​ពីថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ​​។

កម្មវិធី​នេះ​នឹង​​ចំណាយ​ទឹក​ប្រាក់​ជាង​៥លាន​ដុល្លារ សម្រាប់​ដំណើរ​ការ​កម្មវិធី​ មាន​រយៈពេល​៥ឆ្នាំ ដើម្បី​គាំទ្រ​កម្មវិធី​លើក​កម្ពស់​អនាម័យ​របស់​ប្រជា​ជន​ក្រីក្រ នៅ​តំបន់​ជនបទ​។ កម្មវិធី​មាន​គោល​ដៅ​លើក​កម្ពស់​ការ​ថែ​ទាំ​អនាម័យ​២សែន​ គ្រួសារ​ ដែល​ស្មើ​នឹង​១លាន​នាក់ នៅ​ក្នុង​២ពាន់​ភូមិ​ ២៥០​ឃុំ និង​៥៣​ស្រុក​ ឋិត​នៅ​ក្នុង​ខេត្ត​​ចំនួន​៥ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ទ្រី មេង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ជាទី​មោទកភាព ដោយ​អត្រា​នៃ​ភាព​ក្រីក្រ បាន​ធ្លាក់​ចុះ​ពី​៣៥ % នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម​២៧.% នៅ​ត្រឹម​ឆ្នាំ​២០១០​ តែ​កំណើន​គ្រួសារ​ ដែល​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​​ ដើម្បី​សង់​បង្គន់​មាន​កម្រិត​មួយ​ទាប​នៅ​ឡើយ​។

លោក​បាន​បញ្ជាក់​បន្ដ​​ថា ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​របស់​ប្រជាជន​ ដើម្បី​បញ្ឈប់​ការ​បន្ទោបង់​ក្រៅ​បង្គន់​ក៏​ទាមទារ​ឲ្យ​ពួកគេ​មាន​ឆន្ទៈ​ដាច់​ខាត ដើម្បី​​សម្រេច​ឲ្យ​បាន​ការ​បញ្ឈប់​បន្ទោ​បង់​ពាស​វាស​ពាស​កាល​ ដោយ​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ ដៃ​គូ​នានា​ ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា​ឆ្នាំ​២០១៥ និង​ទស្សនៈ​វិស័យ​​គោលនយោបាយ​ជាតិ​ ស្ដីពី​វិស័យ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ឆ្នាំ​២០២៥។

យោង​តាម​ជំរឿន​ទូទៅ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​ ប្រជាពលរដ្ឋ​​នៅ​តាម​ជន​បទ​ប្រមាណ​ជា​២៣,% ប៉ុណ្ណោះ​ដែល​ទទួល​បាន​បរិក្ខា​អនាម័យ​ត្រឹម​ត្រូវ​ ហើយ​តួលេខ​នេះ រឹតតែ​ទាប​នៅ​តាម​ស្រុក​និង​ឃុំ​មួយ​ចំនួន​។ ផ្អែក​តាម​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ការ​អប់រំ (EMIS) ក្នុង​ឆ្នាំ​២០០៨­ ២០០៩ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ សាលា​បឋម​សិក្សា​តែ​២២,% ប៉ុណ្ណោះ​ដែល​មាន​បង្គន់​អនាម័យ​៕

ឆ្នេរ​សមុទ្រ​កម្ពុជា​នឹង ទទួល​បាន​វិញ្ញាបនបត្រ​ពេញ​សិទ្ធិ​ ជា​ឆ្នេរ ស្អាត​ទូទាំង​ពិភពលោក​នៅ​ចុង​ខែឧសភា

ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​ប្រកាស​ថា បាន​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ពិភពលោក​ កាល​ពី ពេល​ថ្មីៗ​នេះ នឹង​​ត្រូវ​ទទួល​វិញ្ញាបនបត្រ​ បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១១ ខាង​មុខ​នេះ​ នៅ​ប្រទេស​សេណេហ្គាល់​។ លោក​ប៉ែន សុផល ប្រធាន​នាយកដ្ឋាន​នគរោបនីយកម្ម​ នៃ ក្រសួង​រៀប​ចំ​ដែន​ដី​នគររូបនីយកម្ម​និង​សំណង់​ ថ្លែង​ថា កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ ទៅ​ប្រទេស​សេណេហ្គាល់​ ដើម្បី​ទទួល​យក​វិញ្ញាបនបត្រ បញ្ជាក់​ ជា សមាជិក​ផ្លូវ​ការ​របស់​​ ក្លឹប​ឆ្នេរ​ស្អាត​នៅ​ទូទាំង​ប្រទេស​ពិភពលោក​នៅ​ថ្ងៃ​ទី​២២ ខែ ឧសភា​ឆ្នាំ​២០១១​ខាង​មុខ​នេះ​។

សព្វថ្ងៃ នេះ​ មាន​ឆ្នេរ​ចំនួន​៣២ ឋិត​នៅ​ក្នុង​ប្រទេស​ចំនួន​២៤ នៅ​ទ្វីប​អាហ្រ្វិក អ៊ឺរ៉ុប និង​អាស៊ី បាន​ចូល​ជា សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​រួច​ហើយ​។ ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​ជាប់​ជាសមាជិក​ក្លឹប​ឆ្នេរ​ពិភពលោក​នេះ គឺ​ជា​ឆ្នេរ​លំដាប់​ថ្នាក់​ពិភពលោក​ លើក​ទី​៣៣ នៃ​បណ្ដា​ឆ្នេរ​សមុទ្រ​នៅ​តាម​ប្រទេស​លើ​​ពិភពលោក​៕

RbFanaFibtITIm½r nwgmkTsSnkic©enAkm<úCa

យោងតាមសេចក្តីជូនព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជា កាល​​​ពី​ថ្ងៃ​ទី​២៤​ ខែមិនា​នេះ​ ឲ្យ​ដឹង​ថា ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត​លោកបណ្ឌិត​យ៉ូហ្សេរ៉ា​ម៉ូសហតា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ មកបំពេញ ទស្សនកិច្ច ផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១១។

សេចក្តីជូនព័ត៌មានបានឱ្យដឹងថាការធ្វើទស្សនកិច្ចរបស់​ប្រធានា​ធិបតីទីម័រខាងកើតធ្វើឡើង តាមការអញ្ជើញ របស់សម្តេច​នាយករដ្ឋមន្ត្រីហ៊ុនសែន។ក្នុងអំឡុងពេលទស្សន កិច្ចប្រធានាធិបតី ទីម័រ ខាងកើតនឹងចូលក្រាបបង្គំ គាល់ ព្រះមហាក្សត្រ​សម្តេច ព្រះបរមនាថនរោត្តម សីហមុនី ជួបសម្តែង ការគួរសម ជាមួយ​សម្តេចជា ស៊ីមប្រធានព្រឹទ្ធសភាសម្តេច ហេងសំរិន​ប្រធានរដ្ឋសភា និងជួបពិភាក្សា ការងារ ជាមួយសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រី៕

កម្ពុជា​រៀប​ចំ​ផែន​ការ​ ពហុជាតិ ពង្រឹង​សន្ដិសុខ ដែន​សមុទ្រ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ មាន​សេចក្ដី​រាយការណ៍​ថា ក្រសួង​ការពារ ជាតិ​បាន​រៀប​ចំ​សិក្ខាសាលា​ស្ដីពី​ការ​រៀប​ចំ​ផែន​ការ​ ពហុជាតិ​ ពង្រឹង​សន្តិសុខ។ សិក្ខាសាលា​នោះ​មាន​ឈ្មោះ​ថា ក្រុម​នឹម​បន្ថែម​សម្រាប់​ធ្វើ​ផែនការ​ពហុជាតិ លើក​ទី​១៩ ដែល​សិក្ខាសាលា​នេះ មាន​ការ​ចូលរួម​ពី​អង្គភាព​ម៉ារីន​ ២៣​ប្រទេស​។

លោក​នឹម​ សុវត្ថិ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ចការបរទេស​ នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​និយាយ​ថា ការ​ចូលរួម​រៀប​ចំផែន​ការ​នៅ​ពេល​នេះ នឹង​ក្លាយ​ទៅ​ជា​មធ្យោបាយ​ដ៏​មានសារៈ​សំខាន់​ ដែល​នឹង​អាច​ដក​ចេញ​នូវ​ការ​ប្រឈម​ជាច្រើន​ ជា​ពិសេស​ គឺ​ការ​គំរាម​កំហែង​សន្ដិសុខ នៅ​តាម​ដែន​សមុទ្រ​។ លោក​បាន​បញ្ជាក់​ថា កិច្ចការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន និង​ការ​នេសាទ​ខុសច្បាប់​ គឺ​ជា​ផ្នែក​មួយ​ តម្រូវ​ឲ្យ​ប្រជា​ជាជាតិ​ជាច្រើន​ត្រូវ​ធ្វើ​ការ​រួម​គ្នា​៕

កម្ពុជា​ប្រារព្ធ​ទិវា ពិភពលោក​កំចាត់​ជំងឺ​របេង

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ក្រសួង​សុខាភិបាល​បាន​ប្រារព្ធ​ទវា​ពិភពលោក​កំចាត់​ជំងឺរបេង​ នៅ​មន្ទីរសុខាភិបាល​ រាជធានីភ្នំពេញ។ ពិធី​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​លើក​យក​ប្រធានបទ ចលនា​ទៅ​មុខ​ឲ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ ក្នុង​ការប្រយុទ្ធ​ជំងឺ​របេង​ ឲ្យ​ប្រែក្លាយ​ការ​បយុទ្ធ​ ទៅ​ជា​ការ​លុប​បំបាត់​ជំងឺ​របេង​ទាំង​ស្រុង ។ លោក​វេជ្ជបណ្ឌិត​ម៉ៅ តាន់​អៀង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង​និង​ហង់​សិន នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ប្រធាន​បទ​នេះ​មាន​គោល​បំណង​សំខាន់​ដើម្បី​លុបបំបាត់​ជំងឺ​របេង​ ឲ្យ​លែង​ជា​បញ្ហា​សុខភាព​សាធារណៈ​។ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​មាន​អ្នក​ជំងឺ​របេង​ជាង​២សែន​នាក់​ ហើយ​កាល​ពី​ឆ្នាំ​២០១០​មាន​ចំនួន​៤ម៉ឺន​១៦០០​នាក់៕

ភ្លៀង​កក់​ខែ​ឆ្នាំ​នេះ បង្ហាញ​សញ្ញា​ល្អ

លោក​អ៊ុំ​រីណា អនុប្រធាន​នាយកដ្ឋាន​ក្ដាប់​រួម នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ និយាយ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ភ្លៀង​ធ្លាក់​ និង​អាកាសធាតុ​ត្រជាក់​ខុស​ប្លែក​ពី​ធម្មតា ដោយ​សារ​តែ​កម្ពុជា​រង​សំពាធ​ពីរ ទី​១​សំពាធ​ខ្ពស់ និង​សំពាធ​ទាប ដែល​ធ្វើ​ឲ្យ​មាន​ពពក​ច្រើន​ និង​ភ្លៀង​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ លោក​រីណា បន្ដថា ភ្លៀង​កក់​ខែ​នេះ អាច​បង្ហាញ​ពី​សញ្ញាណ​វិជ្ជមាន​ ចំពោះ​កម្ពុជា ទាំង​អាកាសធាតុ និង​វិស័យ​កសិកម្ម​ ព្រោះ​រយៈពេល​ដូចគ្នា​នេះ នៅ​ឆ្នាំ​មុន​ កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ​ហួត​ហែង​នៅ​ឡើយ​ទេ​៕

ថៃចម្រុះពណ៌​ប្រឆាំង​កំណត់​ហេតុ​ព្រំដែន

ក្រុម​ថៃ​ចម្រុះ​ពណ៌​​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ បាន​ដាក់​លិខិត​មយយ​ជូន​សមាជិក​សភា​ថៃ ដោយ​ស្នើ​ដល់​ពួកគេ​ មិន​ត្រូវ​អនុម័ត​ កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ចំនួន​៣ នៃ​គណៈកម្មការ​ព្រំដែន​រួម​ថៃ​ និង​កម្ពុជា​នោះ​ទេ​។ លិខិត​នេះ ត្រូវ​បាន​ដាក់​ជូន​ប្រធាន​រដ្ឋសភា​ថៃ លោក​ចៃ​ឈីតឆប និង​ប្រធាន​ព្រឹទ្ធិ​សភា​លោក​ប្រាសប់​ សុខ បណ្ឌិត​ ដោយ​លោក​វីរ៉ាត់​រតនា​ ឆាត​តំណាង​ របស់​បណ្ដាញ​អ្នក​ស្ម័គ្រ​ចិត្ត​ ដើម្បី​ការពារ​ទឹក​ដី​ថៃ​មក​ពី​ក្រុម​ពាក់​អាវ​ចម្រុះ​ពណ៌​។ លោក​វីរ៉ាត់​ និយាយ​ថា ប្រសិន​បើ​កំណត់​​ហេតុ​ទាំង​៣​នៃកិច្ច​ប្រជុំ​ ត្រូវ​បាន​អនុម័ត​មែន​នោះ​ មានន័យ​ថា សភាថៃ​ទទួល​ស្គាល់​ថា កងទ័ពថៃពិត​ជា​បាន​រំលោភ​មក​លើ​ទឹក​ដី​កម្ពុជា​មែន​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា
ផ្សាយ​នៅ​វិទ្យុ​ស្រ្ដី​FM១០២ (ថ្ងៃទី​២៦-២៧ ខែមិនា ឆ្នាំ​២០១១)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s