ប្រភព​របាំ​ខ្មែរ​

ភ្នំពេញ: តាមការឱ្យដឹងពីលោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានពន្យល់អំពីប្រភពរាំវង់ខ្មែរដែលមានន័យថា វាជារបាំរាំជាវង់ ឬ ជារង្វង់មូល គឺជាប្រភេទរបាំងាយរាំមួយហើយមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជា។ ការដែលជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន​ទាំងក្មេងទាំងចាស់ទូទាំងប្រទេសមិនថា នៅទី…ក្រុង ឬ នៅតំបន់ព្រៃភ្នំដាច់ស្រយាលឡើយ ដែលបានសម្តែងអបអរ​ពិធីបុណ្យទាន ជាពិសេសក្នុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយបង្ហាញនូវឯកភាពកម្ម ខឿនវប្បធម៌របស់ប្រជាជាតិខ្មែរ។

ការដែលលើកឡើងយ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១ លោកបណ្ឌិតបន្តទៀតថា ដោយឡែក​កុលសម្ព័ន្ធខ្មែរ​លើ ឬ មន-ខ្មែរដែលរស់នៅក្នុងភូមិភាគឦសាន តាមតំបន់ខ្ពង់រាប ក៏ពេញនិយមរាំវង់កំសាន្តលេងយ៉ាងសប្បាយរីករាយដែរ នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះច័ន្ទដើម្បីបំ បាត់សេចក្តីនឿយហត់។ ដូច្នេះបងប្អូនជនជាតិខ្មែរចូលចិត្តរាំវង់​ណាស់សូម្បីតែក្នុង​ពិធីកម្មផ្សេងៗក៏ពួកគាត់ចាស់ទុំ មេកន្ទ្រាញរាំលេងដែរ។

អាស្រ័យដោយហេតុផលខាងលើនេះយើងអាចនិយាយបានថា របាំរាំវង់ខ្មែរ គឺជាប្រពៃណីជាតិមានអាយុកាលតាំងពី​យូរលង់​ណាស់​មកហើយ ប្រការដែលបងប្អូនខ្មែរលើ (មិនមែនជនជាតិទេ គឺពួកគាត់ជាខ្មែរសុទ្ធសាធ) ដូចជា គ្រឹង, ព្នង, ព្រៅ និងទំពូន​ជាដើម នាំគ្នារាំវង់ពេលផ្លាស់ប្តូរភូមិចាស់ ចូលទៅរស់នៅក្នុងភូមិថ្មី គឺជាលក្ខណៈចម្បងដែលបញ្ជាក់ប្រភពរួមនៃទម្លប់នេះ រវាងខ្មែរកណ្តាលនិងខ្មែរលើ។ ប៉ុន្តែប្រការនេះក៏មិនត្រូវឲ្យយើងភ្លេចបញ្ជាក់ផងដែរថា ទាំងខ្មែរកណ្តាល ទាំងកុលសម្ព័ន្ធខ្មែរលើ និងខែ្មរក្រោម ប្រើស័ព្ទ “រាំវង់” ដូចគ្នាដើម្បីតាំងឈ្មោះ នៃទម្រង់សិល្បៈខាងលើនេះ ដែលជាសញ្ញាណ នៃរូបបារម្មណ៍រួមខ្មែរតែមួយ។

លោកបានលើកអំពីការនិយមរាំវង់ខ្មែរថា ការពិតណាស់ការលាយឡំ និងរលាយចូលគ្នានៃបណ្តាវប្បធម៌នា​សម័យក្រោយ​អង្គរបានធ្វើឱ្យជនជាតិថៃ និង លាវ(ឡាវ) និយមរាំវង់ដូចប្រជាជនខ្មែរនិងខ្មែរលើផងដែរ ជាពិសេស នៅគ្រប់តំបន់ណាដែលមាន​ជនជាតិខ្មែរនិងថៃ-លាវរស់នៅលាយឡំគ្នា។ ក៏ប៉ុន្តែពុំមែនមានន័យថា ខ្មែរបានខ្ចីប្រពៃណីរាំវង់នេះពីមនុស្សចំណូលថ្មី​ទាំងនោះឡើយ។

ខាងលើនេះលោកបណ្ឌិតបានសង្កេតឃើញថា រាំវង់ខ្មែរពិតជាមានប្រភពដើមចេញមកពីខឿនវប្បធម៌មន-ខ្មែរ នាសម័យបុរេ​ប្រវត្តិសាស្ត្រ​ពិតប្រាកដ ដែលប្រជាជនខ្មែរគ្រប់ស្រទាប់ក្នុងសង្គមរាប់អានយ៉ាងក្រៃលែង។ ប៉ុន្តែនៅមានលក្ខណៈមួយទៀត​ក្រៅពីឥទ្ធិពលរបស់ខ្មែរលើ គឺវាមានលក្ខណៈ ពិសិដ្ឋប្រជាប្រិយដ៏ពេញនិយមមួយ។

តាមការនិយមរបស់ជនជាតិខ្មែរយើង លោកក៏លើកឡើងទៀតថា មេមត់ ឬ អ្នកចូលរួមច្រើនតែរាំជាវង់ជុំវិញ រោងតូចមួយក្នុង ពិធីឡើងអ្នកតា-លៀងអារក្ខ ឬ ពិធីរាំសុំទឹកភ្លៀងម្តងៗនៅតាមស្រុ កភូមិទូទាំងប្រទេសខ្មែរដើម្បីសូមពរជ័យ សិរីមង្គលភាព ត្រជាក់ត្រជុំ ភាពសម្បូរសប្បាយ ពីវត្ថុស័ក្តិសិទ្ធិរបស់ពួកគាត់។

តាមពិតទៅរបាំរាំវង់ភូមិថ្មីនិងរាំវង់សុំទឹកភ្លៀង ដែលអម្បូរមន-ខ្មែរប្រារព្វតាមប្រពៃណីដូនតាតាំងពីបុរាណកាលតៗ គ្នារហូត ដល់បច្ចុប្បន្នភាព ជួនកាលម្នាក់ឯង ជួនកាលជាគូរៗ គឺការសម្តែងនូវភាពរីករាយ ភាពសាមគ្គី សាមគ្គាគ្នាក្នុងជីវិតក៏មែនពិត ក៏ប៉ុន្តែបង្កប់នូវនិមិត្តរូបមួយ គឺការតពូជពង្សវង្សត្រកូលដោយហេតុថា ក្នុងប្រព័ន្ធគំនិតខ្មែររង្វង់មូល គឺតំណាងឱ្យ “រង្វង់នៃជីវិត” ដែលវិលឡើងវិលចុះតៗគ្នាមិនចេះចប់មិនចេះហើយ ជានិច្ចនិរន្តមិនថាធម្មជាតិ មិនថាមនុស្សឬសត្វឡើយ។

ដោយហេតុនេះឯងបានជាគេរាំជាវង់មូលដោយប្រើកាយវិការ និងក្បាច់ដៃពីក្រោមឡើងលើ ដើម្បីសម្តែងនូវឆន្ទៈគឺ “សុភមង្គល” ដែលជាសេចក្តីប៉ងប្រាថ្នាក្នុងជីវិតនេះ។

មួយវិញទៀតព្រោះរង្វង់មូលតែងតែបង្កប់នូវកម្លាំងអាថ៌កំបាំងធម្មជាតិមួយ គួរឱ្យកោតខ្លាច ដែលមានលក្ខណៈ ជាសកលដោយ ហេតុនេះហើយបានជាតិខ្មែររាំជាវង់ៗតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នភាព៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s