សង្ខេប​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុងស្រុក​ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១១)

ឈើប្រណិត​ជិត​១០​ម៉ែត្រ​គូប​លាក់​ក្នុង​ទន្លេ​មេគង្គ​។ នេះ​ជា​ចំណង​ជើង​ឋិត​នៅ​កណ្ដាល​ទំព័រ​មុខ​របស់​កាសែត​កោះ​សន្ដិភាព​។ កាសែត​បាន​សរសេរ​ថា ឈើ ប្រណីត​ប្រភេទ​ធ្នង់​ប្រមាណ​ជិត​១០ម៉ែត្រ​គូប​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ទឹក​ទន្លេ មេគង្គ​ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃ​ឈើ​សង្កាត់ថាឡាបរិវ៉ាត់​ សហការ ជាមួយ​កម្លាំង​ប៉េអឹម​ខេត្ត​ ធ្វើ​ការ​សហការ​បង្ក្រាប​កាល​ពី​ថ្ងៃទី​១៩​ខែមេសា​នេះ​។ ឈើ ប្រណីត​ដែល​បាន​រក​ឃើញ​នេះ​ឋិតនៅ​ចំណុច គាំង​រទេះ​ ចន្លោះ​ភូមិ​ក្ងោក​ ឃុំកាំងចាម ស្រុក​ថាឡាបរិវ៉ាត់​ និង​ភូមិ​កោះ​ស្រឡាយ​ ឃុំ​កោះ​ស្រឡាយ​ ស្រុក​សៀម​បូក​។ ក្រុម​មន្រ្ដី​បានឲ្យ​ដឹង​ថា ឈើ​ទាំង​នេះ​គឺឈ្មួញ​ដឹកមក​លាក់​ទុក​នៅ​ក្នុង​ទឹក​ និងបម្រុង​ដឹកជញ្ជូន​ទៅ​ខេត្ត​ក្រចេះ។

កាសែត​ដដែល​បាន​ដាក់​ចំណង​ធំៗ​នៅ​ទំព័រ​មុខ​របស់​ខ្លួន​ថា ទឹកភ្នែក​ស្រ្ដី​កូនខ្ចីដោយ​នៅ​ក្រោម​អក្សរ​ធំ​មាន​អក្សរ​តូច​សរសេរថា ប្ដី​និង​កូន​ស្រ្តី​ត្រូវ​ដោះលែង​ ឯក្រុម​អាង​អំណាច​៧នាក់ អាច​ជាប់​គុក​វិញ​ម្ដង​។ កាសែត​បាន​សរសេរ​ថា លោក​ជីវ​ កេង​ ប្រធាន​សាលា​ដំបូង​​បាន​ប្រតិកម្ម​ភ្លាម​ៗ​ជុំវិញ បញ្ហា​ឃុំ​ខ្លួន​បុរស​២នាក់​ជា​ឪពុក​និងកូន​ ដោយ​លោក​ស្រី​គឹម​ ដានី ចៅក្រម​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​រឿង​ហិង្សា​ដោយ​ចេតនា និង​បាន​សម្រេច​ចាត់​ការ​តាម​ច្បាប់​ធ្វើ​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​វិញ​។ សូម​បញ្ជាក់​ថា ឪពុក​ឈ្មោះ​យិន​ សុខន អាយុ​៤៩​ឆ្នាំ​ និង​កូន​ឈ្មោះ​សួរ សំខាន់​ ហៅ​ខ្មៅ​អាយុ​១៨​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា​ ត្រូវ​បាន​លោកស្រី​គឹម ដានី ចៅក្រម​ស៊ើប​អង្កេត​សាលាដំបូង​រាជធានី​​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់​ទោស​។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​ផ្អែក​លើ​អង្គហេតុ​ថា កាល​ពី​យប់​​ថ្ងៃ​ទី​១១​ ខែមេសា មាន​ករណី​ទំនាស់​វាយ​តប់​គ្នា​មួយ​ ដោយ​មនុស្ស​២ក្រុម​ ដែលម្ខាង​មាន​គ្នា​ពីរនាក់​ឪពុក​ កូន​ខាង​​លើ និង​ម្ខាង​ទៀត​មាន​គ្នា​ចំនួន​៧នាក់​ ដែលបណ្ដាល​ឲ្យ​ភាគី​ទាំង​សងខាង​រង​របួស​ដូច​គ្នា​ ដោយ​​ករណី​នេះ​កើត​ឡើង​នៅ​ចំណុច​ផ្ទះ​ជួល​ដីឡូត៍​លេខ​៥៤ ផ្លូវ​លេខ​៤៦០ ភូមិ​២ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។ ប៉ុន្ដែ​ករណី​នេះ ត្រូវ​បាន​ប្រធាន​សាលា​ដំបូង​ សម្រេច​ឲ្យ​ឪពុក​និង​កូន​នៅ​ក្រៅ​ឃុំ​វិញ​ ដោយ​លោក​ជីវ កេង​យល់​ឃើញ​ថា រឿង​ទំនាស់​បែប​នេះ វា​មិន​អាច​ទះដៃ​ព្ញ​នោះ​ទេ ហើយ​ក៏មិន​អាច​ដាក់​ទម្ងន់​ទោស​តែ​ម្ខាង​ដែរ​ គឺ​ត្រូវ​ចាត់​លើការ​លើ​ភាគី​ដែល​មាន​គ្នា​៧នាក់​ទៀត​។ គួរ​កត់​សម្គាល់​ដែរ​ថា តាម​រយៈ​រូប​ថត​របស់​កាសែត​កោះ​សន្ដិភាព​ បាន​បង្ហាញ​រូប​ស្រ្ដី​កូន​ខ្ចី​ម្នាក់​ដួល​សន្លប់​ ហើយ​មាន​មនុស្ស​ម្នា​ជាច្រើន​នាក់​ផ្សេង​ទៀត​កំពុងយំ​សោក និង​កំពុង​​ជួយ​​រឹត​ដៃ​រឹត​ជើង ស្រ្ដី​កូន​ខ្ចី ដែល​ការ​ដួល​សន្លប់​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ស្រ្ដី​កូន​ខ្ចី​​បាន​ដឹង​ថា ប្ដី​និង​កូន​ ត្រូវ​បាន​ឃុំ​ខ្លួន​៕

ដោយ​ព័ត៌មាន​មួយ​ទៀត​ឲ្យ​ដឹង​ថា អង្គការ​WWF បាន​គាំទ្រ​ឲ្យ​មាន​ការ​ពន្យារពេល ​១០​ឆ្នាំ​ចំពោះ​​សាងសង់​ទំនប់​វារីអគ្គីសនី​នៅ​ដង​ទន្លេ​មេគង្គ​។ កាសែត​កម្ពុជា​ថ្មី​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា អង្គការ​អន្ដរជាតិ​WWF បាន​គាំទ្រ​ចំពោះ​ការ​ពន្យាពេល​សាងសង់​ទំនប់​វារីអគ្គីសនី​នានា​នៅ​លើ​ដង​ទន្លេង​មេគង្គ​ប៉ែក​ខាង​ក្រោម​ក្នុង​នោះ​មាន​​គម្រោង​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី នៅ​ប្រទេស​ឡាវ​ផងដែរ​។ អង្គការ​នេះ​បាន​លើក​ឡើង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តររដ្ឋាភិបាល​នៃ​គណៈកម្មការ​ទន្លេ មេគង្គ​បាន​ដាក់​សេចក្ដី​សម្រេច​ចិត្ត​លើ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ា​បូរី​ នៅ​ក្នុង​ប្រទេស​ឡាវ​ជូន​ថ្នាក់​រដ្ឋមន្ត្រី​ បន្ទាប់​ពី​បាន​ស្ដាប់​កិច្ច​ពិភាក្សា​រវាង​ប្រទេស​កម្ពុជា ថៃ​ និង​វៀតណាម​ ដែល​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​នានា​ ជា​ពិសេស​ហេតុ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង​។ ការ​ពន្យារពេល​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ ដោយ​ផ្អែក​លើ​ផល​ប៉ះពាល់​ជីវចំរុះ​ ជលផល​ និង​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​រាប់​លាន​នាក់​ ដែល​រស់​នៅ​ក្នុង​តំបន់​នៃ​អាង​ទន្លេមេគង្គ​ ជាពិសេស​គឺ​ជលផល​ព្រមទាំង​តំបន់​ដី​សណ្ដរ​ទន្លេ មេគង្គ​ ដែល​ងាយ​រង​គ្រោះ​៕

ចំណែក​កាសែត​រស្មី​កម្ពុជា​វិញ បាន​ចាប់​អារម្មណ៍​ទៅ​នឹង​ព្រឹត្តិការណ៍​ គប់គ្រាប់​បែក​ចូល​ផ្ទះ​ ដោយ​សម្លាប់​ឪពុក ឯកូន​អាយុ​៨​ឆ្នាំ​រង​របួស​ធ្ងន់​។ កាសែត​បាន​រៀបរាប់​ថា គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ដែល​ម្ចាស់​ពីរ​នាក់​ឪពុក​ និង​កូន​កំពុង​​​ដេក​លង់​លក់​ កាល​ពី​វេលាម៉ោង​២៣ និង​១៥​នាទី​ យប់​ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១១​ ឋិតនៅ​តាម​បណ្ដោយ​មាត់​ស្ទឹង​សែន ចំណុច​ស្ដី​បិទមាស​ ក្នុង​ភូមិ​ខ្សាច់​ជីរស់ ឃុំ​កំពង់​គោ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់​ធំ​។ ជនរងគ្រោះ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ​ជន់ ហៀក​ ភេទប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់​នៅ​ភូមិ​ ឃុំ​ខាង​លើ​។ រី​ឯកូន​ប្រុស​ឈ្មោះ​ហៀក ឈុនឡេង អាយុ​៨ឆ្នាំ បាន​រង​របួស និង​របួស​ជាច្រើន​កន្លែង​ផ្សេង​ទៀត​។ សមត្ថកិច្ច​បាន​ធ្វើ​ការ សន្និដ្ឋាន​ជាបឋម​ថា ករណី​នេះ​ ទំនង​ជា​មិនមែន​អំពើ​ប្លន់​នោះ​ទេ​ តែ​ជា​អំពើ​គុំ​គួន​។ យ៉ាង​ណាមិញ យោង​តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ និង​កងរាជអាវុធហត្ថ​ ដែល​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ កំពុង​ធ្វើការ​ស្រាវជ្រាវ​ រក​មុខ​សញ្ញា​ជន​ល្មើស​ ដើម្បី​ចាប់​ជន​ល្មើស​យក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s