សង្ខេបព័ត៌មាន​​ពីសារព័ត៌មាន​ក្នុងស្រុក​ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១)

នៅ​ថ្ងៃ​​នេះ​កាសែត​កោះ​សន្តិភាព​បាន​ដាក់​ចំណង​ជើង​ធំ​ៗ​នៅ​ទំព័រ​មុខ​របស់​ខ្លួន​ថា កម្ពុជា​រក្សា​បាន​ទីតាំង​“​នៅ​ក្រោម​ចំណង​ជើង​ធំ​មាន​អក្សរតូចៗ​សរសេរ​ថា ការវាយ​លុក​របស់​ទាហាន​សៀម​មាន​បំណង​ចង់​កាន់​កាប់​ប្រាសាទ​ខ្មែរ​លើ​ភ្នំ​ដង​រែក​។ កាសែត​នេះ​ក៏​បាន​រូបភាព​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ ចាស់​ក្មេង ជនជាតិ​ថៃ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាម​​តំបន់​ព្រំដែន​រាប់​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ភ្លើង​​​សង្គ្រាម​ដែល​កំពុង​ឆាប​ដោយ​សារ​នយោបាយ​ឈ្លាន​ពាន​របស់​កងទ័ព​សៀម​។ កាសែត​បាន​រៀប​រាប់​ថា ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​វេលាម៉ោង​៩​និង​៤០​នាទី​ រហូត​ដល់​ម៉ោង​ជាង​១​រសៀល​ ថ្ងៃ​ទី​២៤ ខែមេសា​ នៅ​ចំណុច​ថ្មដូន​ក្នុង​ទឹក​ដី​កម្ពុជា​​។ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​​នោះ​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ទាហាន​សៀម​ចំនួន​៤នាក់​ត្រូវ​ស្លាប់​ និង​របួស​ចំនួន​១១​នាក់​ តែ​សម្រាប់​កងទ័ព​កម្ពុជា​មិនមាន​ពលី​ឬ​របួស​នោះ​ទេ​។ ចំណុច​ដែល​ប៉ះទង្គិច​គ្នា​ខ្លាំង​នោះ​គឺ​នៅ​តំបន់​ប្រាសាទ​តាក្របី និង​ប្រសាទ​តាមាន់​ធំ​ ឋិត​នៅ​ក្នុង​ខេត្ត​ឧត្តមានជ័យ​។

ខណៈ​ការ​ប៉ះទង្គិច​គ្នា​នេះ​​វៀតណាម​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ឈ្លាន​ពាន​របស់​សៀម​នោះទេ​។ នេះ​ក៏​ជា​សេចក្ដី​រាយការណ៍​របស់​កាសែត​កោះ​សន្ដិភាព​ផងដែរ​។ កាសែត​បាន​និយាយ​ថា ខណៈមាន​ការ​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​របស់​សៀម​ប៉ុន​ប៉ង​ដណ្ដើម​កាន់​កាប់​ប្រសាទ​ខ្មែរ​លើ​ខ្នង​ភ្នំ​ដងរែក​ សម្ដេច​ហ៊ុន​សែន​ បាន​ជម្រាប​លោក​នាយក​រដ្ឋមន្រ្តី​វៀតណាម​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា អំពី​សកម្មភាព​យោធា​របស់​សៀម​ ដែល​បាន​រំលោភ​ឈ្លាន​ពាន​មក​លើប្រាសាទ​តាមាន់​និង​ប្រាសាទ​តាក្របី​ និង​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​។ ជា​ការ​ឆ្លើយ​តប​លោក​នាយក​រដ្ឋមន្រ្តី​វៀតណាម​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ ហើយ​ខាង​ភាគី​វៀតណាម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព្រមទាំង​អញ្ជើញ​ឯក​អគ្គរាជទូត​ថៃ​ប្រចាំ​ទីក្រុង​ហាណូយ​ ដោយ​ប្រាប់​អំពី​ការ​ព្រួយបារម្ភ​ ព្រមទាំង​ស្នើ​ដល់​ភាគី​ថៃ​សូម​កុំ​ឲ្យ​ប្រើ​ប្រាស់​កម្លាំង​ទ័ព​ដោយ​អំពាវនាវ​ឲ្យ​ដោះស្រាយ​សន្តិវិធី​ផង​ដែរ​។

ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​ ខែមេសា​មក អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​ស្នើ​ឲ្យ​ភាគី​ទាំង​ពី​បញ្ឈប់​ការ​បាញ់​គ្នា​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​។

ងាក​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​Online វិញ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​អាស៊ាន លោក​ម៉ាទីណា តាឡេហ្គាវ៉ា បាន​ដល់​ពេល​កំណត់​ក្នុង​ការ​ពិភាក្សា​រក​វិធី​ដោះស្រាយ​​​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​​។ យោង​តាម​គេហទំព័រ​របស់​រ៉យទ័រ​បាន​ឲ្យ​ដឹង​ថា ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​​នេះ​ដោយ​សារ​ថៃ​និង​កម្ពុជា​នៅ​មិនទាន់​បាន​កំណត់​ទី​តាំង​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ឈរជើង​នៅ​ឡើយ​។ គេហទំព័រ​នេះ​បាន​ដកស្រង់​សម្ដី​របស់​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក​ប៉ានីតាន់ វ៉ាត់តាណាយ៉ាកន

យ៉ាង​ណា​មិញ​ការ​ពន្យារពេល​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​មក​កាន់​កម្ពុជា​នេះ មិន​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ផ្ទុះ​សង្គ្រាម​កាន់តែ​ធំ​ជាង​នេះ​នោះ​ទេ​។ នេះ​បើ​តាម​សម្ដី​របស់​លោក​កុយ គួង​ អ្នក​នំាពាក្យ​ក្រសួង​ការបរទេស​ប្រាប់​គេហទំព័រ​ដើម​អំពិល​។ លោក​បាន​បញ្ជាក់​ថា ការ​លើក​ពេល​នេះ​ កម្ពុជា​មិន​បាន​ដឹង​ទេថា រដ្ឋមន្រ្ដី​ការបរទេស​ឥណ្ឌូណេស៊ី​ នឹង​មក​កម្ពុជា​ និង​សៀម​ ដើម្បី​និយាយ​ពី​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​កាន់​តំបន់​ជម្លោះ​ នៅ​ថ្ងៃ​ណា​នោះ​ទេ ហើយ​ការ​លើក​ពេល​នេះ​ប្រហែល​ជា​ភាគី​សៀម​បដិសេធ​សេចក្ដី​ព្រាង​ខ្លឹម​សារ​កិច្ច​ព្រមព្រៀង​ប្រតិបត្តិការ​(​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​) មក​កាន់​តំបន់​មាន​ជម្លោះ​។

លោក​ម៉ាទីណា តាឡេហ្គាវ៉ា បាន​ទទួល​ភារៈ​ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​​រវាង​កម្ពុជា​និង​ថៃ​​ ពី​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ខែ​កុម្ភៈ ថ្ងៃទី​២២ ដែល​ត្រូវ​ការ​ឲ្យ​បទ​ឈប់​បាញ់​គ្នា​ និង​​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ មក​កាន់​តំបន់​មាន​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ។

ជុំវិញ​ជម្លោះ​រវាង​កម្ពុជា​និងថៃនេះដែរ​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សៀម​បាន​ព្រម​ចរចា​ជាមួយ​កម្ពុជា​គ្រប់​វេទិកា​ដើម្បី​បញ្ឈប់​ការ​បាញ់​គ្នា​។ គេហទំព័រ​ដើម​អំពិល​និយាយ​នៅ​ថ្ងៃ​នេះ​ថា រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សៀមលោក​ប្រាវីត​វង្សសុវណ្ណ​​បញ្ជាក់​ថា ភាគី​សៀម​ព្រមចរចា​ជាមួយ​កម្ពុជា​គ្រប់​វេទិកា​ដើម្បី​បញ្ឈប់​ការបាញ់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ ដោយ​ទាហាន​សៀម​ដែលឈរជើង​នៅ​មូលដ្ឋាន​របស់​ខ្លួន​ព្យាយាម​អត់ធ្មត់ និង​មិន​រីករាល​ដាល់​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ ជាពិសេស​ គឺ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ភាគី​កម្ពុជា​បាន​បដិសេធ​ការ​ចរចា​ជាមួយ​ភាគី​សៀម​ តែ​វា​មិន​ជា​បញ្ហា​នោះទេ ព្រោះ​ភាគី​សៀម​ប្រកាន់​ជំហរ​ក្នុង​ការពារ​មិន​ឲ្យ​កម្ពុជា​រំលោភ​ លើ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ជា​ដាច់​ខាត​។

ក្រលេក​ទៅ​មើល​កាសែត​ប្រឆាំង​វិញ​ គឺ​កាសែត​មនសិការ​ខ្មែរ​ ដែល​កាសែត​នេះ​បាន​សរសេរ​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ថា បក្ស​សមរង្ស៊ី​ សុំ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ត្រឹម​ត្រូវ​នូវ​កិច្ច​ព្រមព្រៀង​ប៉ារីស​ ដើម្បី​ទប់ទល់​ការវាយ​ប្រហារ​ប្រយុទ្ធ​ដ៏​សន្ទាប់​របស់​សៀម​។ កាសែត​បាន​សរសេរ​ទៀត​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ទទូច​ឲ្យ​កម្ពុជា សៀម​ អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ នូវ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ តាម​តំបន់​ មាន​ជម្លោះ​។ ទន្ទឹម​នឹង​នេះ​គណបក្ស​សមរង្ស៊ី​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១១​នេះ​ ដោយ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​ឈ្លាន​ពាន​លើ​ទឹក​ដី​កម្ពុជា​ ដោយ​កំរោល​របស់​ភាគី​សៀម​ ត្រង់​តំបន់​ប្រាសាទ​តាមាន់​ធំ តាក្របី និង​ថ្មដូន​ ក្នុង​ខេត្ត​ឧត្តមានជ័យ​។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​របស់​គណបក្ស​សមរង្ស៊ី​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​អនុវត្ត​ត្រឹម​ត្រូវ​នូវ​កិច្ច​​ព្រម​ព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ស្ដីពី​ការ​គោរព​នូវ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ដោយ​ប្ដឹង​មេដឹកនាំ​នយោបាយ​ និង​យោធា​របស់​សៀម​ ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ក្រុ​ឡាអេ​ ចំពោះ​ឧក្រិដ្ឋ​កម្ម​ឈ្លាន​ពាន​ប្រទេស​កម្ពុជា​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​បាន​សម្លាប់​មនុស្ស​។​

កាសែត​បាន​សរសេរ​ដែរ​ថា ការបាញ់​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៤ ខែមេសា​នេះ​ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​នៅ​មុន​ម៉ោង​២រសៀល​ ហើយ​បើ​តាម​ការ​កត់​ត្រា​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​គ្រាប់​ផ្លោង​គ្រប់​ប្រភេទ​របស់​ទាហាន​សៀម​ធ្លាក់​ចូល​ទឹក​ដីខ្មែរ​ប្រមាណ​ជា​១ពាន់​គ្រាប់​ ដែល​នៅ​ក្នុង​នោះ​មាន​គ្រាប់​ផ្លោង​មួយ​ចំនួន​ធ្លាក់​ចូល​ទីតាំង​ជន​ស៊ីវិល​ជម្រៅ​៣០​គីឡូម៉ែត្រ​ផងដែរ​៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s