ព័ត៌មាន​ជាតិ​សំខាន់​ប្រចាំ​សប្ដាហ៍វិទ្យុស្រ្តី (ផ្សាយ​នៅថ្ងៃទី៤ ដល់ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០១១)

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ សវនាការ​នៅ​ទីក្រុងឡាអេ​បាន​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ ស្ដីពី​ប្រាសាទ​ព្រះវិហារ​។ សវនាការ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​កម្ពុជា​ ដែល​កម្ពុជា​បាន​ស្នើ​ឲ្យ​តុលាការ​ទីក្រុង​ឡា​អេ​ពន្យល់​អំពី​សាល​ក្រម​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៦២ និង​ស្នើ​ឲ្យ​តុលាការ​នេះ​ចាត់​វិធានការ​ជាបន្ទាន់​រក្សា​ការពារ​និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​កុំ​ឲ្យ​ថៃ​ឈ្លាន​ពាន​។ សវនាការ​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១​។

នៅ​ថ្ងៃចន្ទ​នេះ​ដែរ​ លោក​សូរិយា ប្រាសាទស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ត្រូវ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣០ខែឧសភា​ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១១​។ វត្តមាន​របស់​លោក​ស៊ូប៊ែរឌី​ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សង្គមស៊ីវិល​ និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​សង្ឃឹម​ថា នឹង​អាច​ជួយ​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​​បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕

ចូល​មក​ដល់​ថ្ងៃ​អង្គារិ៍​នេះ​វិញ​ មាន​សេចក្ដី​រាយការណ៍​ពី​ព្រំដែន​ឲ្យ​ដឹង​ថា ស្ថានភាព​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ ព្រះវិហារ​ស្ងប់ស្ងាត់​ ខណៈ​កម្ពុជា​និង​ថៃ​​ កំពុង​តតាំង​គ្នា​នៅ​ឯ​តុលាការ​អន្ដរជាតិ​ទីក្រុង​ឡា​អេ​ ស្ដីពី​ប្រាសាទ ព្រះវិហារ​។ លោក​ស្រី​ឌឹក មេបញ្ជាការ​ប្រចាំ​ទិស​ប្រាសាទ ព្រះវិហារ​និយាយ​ថា ថ្វី​បើ​ស្ថានភាព​ស្ងប់​ស្ងាត់​ក៏​ពិត​មែន ប៉ុន្ដែ​កង​កម្លាំង​ទ័ព​កម្ពុជា​នៅ​តែមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ការពារ​បូរណភាព​ទឺក​ដី​កម្ពុជា៕

កាល​ពី​ថ្ងៃ​ពុធ​នេះ​ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ថៃ​​ថា គឺ​ជាការប្រកាស​សង្គ្រាម​សាជាថ្មី​។ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃទីស្ដីការគណៈរដ្ឋមន្រ្តី លោក​ទិត្យ សុធា បាន​ចាត់​ទុក​ការ​លើកឡើង​ របស់​ភាគីថៃ​​ថា កំពុង​ប្រកាស​សង្គ្រាម​សាជាថ្មី ជាមួយ​ប្រទេស​កម្ពុជា​ទៀត​ហើយ​ ខណៈ​ដែល​ភាគី​ថៃ​បាន​និយាយ​ថា ប្រសិន​បើ​តុលាការ​យុត្តិធម៌​អន្ដរជាតិ ចេញ​បទ​បញ្ជា​ឲ្យ​ដក​កងទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ថៃនឹង​មិន​ដក​កងទ័ព​របស់​ខ្លួន​ឡើយ​។ យ៉ាង​ណា​ក្ដី​លោក​ទិត្យ​ សុធា​បាន​បញ្ជាក់​ថា ប្រសិន​បើ​ភាគី​ថៃ​ មិន​ព្រម​ដក​ទ័ព​តាម​ការ​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​មែន នោះ​តុលាការ​នឹង​រាយការណ៍​ទៅក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​ថៃ​ត្រូវ​តែ​អនុវត្តន៍​។ យោង​តាម​កាសែត​ឌឹ​ណេហ្សិន​របស់​ថៃ បាន​ដក​ស្រង់​សម្ដី​របស់​លោក​កាស៊ីត​ភីរម្យ​ រដ្ឋមន្រ្តីក្រសួង​ការបរទេស​ថៃ​ថា ប្រទេស​នឹង​ទទួល​បាន​យុត្តិធម៌​មួយ​សមរម្យ​ ពី​តុលាការ​យុត្តិធម៌​អន្ដរជាតិ​​ទីក្រុង​ឡាអេ លើករណី​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​។ ប៉ុន្ដែ​លោក​ថា ប្រសិន​បើ​តុលាការ​មួយ​នេះ ចេញ​បទបញ្ជា​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​របស​ខ្លួន​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ​ ទំនង​ជា​ប្រទេស​ថៃ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ៕

  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្ដាហ៍​នេះ ឧបនាយករដ្ឋមន្រ្តី​ លោក​ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស​កម្ពុជា​ បាន​វិល​ត្រឡប់​ពី​ទីក្រុង​ឡាអេ ប្រទេសហូឡង់ មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ។ បន្ទាប់​ពី​លោក​ហោណាំហុង បាន​ចូលរួម​សវនាការ​នៅ​ឯទីក្រុង​ឡាអេ​ ស្ដីពី​សំណុំរឿង​ប្រាសាទព្រះវិហារ​ កាល​ពី​ថ្ងៃ៣០ និង​៣១ ខែឧសភា​មក​ លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ ស្ដីពី​អំលទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ​។

លោក​ហោណាំហុង បាន​មាន​ប្រសាសន៍​ថា នៅឯតុលាការ​ទីក្រុងឡាអេ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ក្រុងឡាអេ ​ចាត់​វិធាន​ការ​បណ្ដោះអាសន្ន​ជាបន្ទាន់​មួយ​ចំនួន​ មាន​ដូចជា​ កម្ពុជា​ស្នើ​ដល់​តុលាការ​ក្រុងឡាអេ បញ្ជា​ឲ្យ​ថៃ​ដក​កងទ័ព​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​តំបន់​នានា​ នៃ​ទឹក​ដី​កម្ពុជា​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ជាបន្ទាន់​ និង​ដោយ​គ្មាន​លក្ខណ្ឌ​។

លោក​ហោ ណាំ​ហុង​​ក៏​បាន​លើក​ឡើង​ដែរ​ថា កម្ពុជា​ហាម​ប្រទេស​ថៃ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​សកម្មភាព​ យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​បញ្ជា​ឲ្យ​ថៃ​កុំ​ធ្វើ​សកម្មភាព​អ្វី​ដែល​អាច​ចាត់​ទុក​ថា ជាការ​ជ្រៀត​ជ្រែក​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្ពុជា​ និង​ធ្វើ​ឲ្យ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ ថៃ មាន​ភាព​កាន់​តែធ្ងន់ធ្ងរ​ថែមទៀត​ ខណៈកម្ពុជា​កំពុង​រង់​ចាំ​តុលាការ​ក្រុងឡាអេ​ ចេញសេចក្ដី​សម្រេច​ចំពោះសាលក្រម​ឆ្នាំ​១៩៦២​របស់​ខ្លួន​។

គួររំលឹកថា កម្ពុជា​បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​កាលពី​ថ្ងៃ​ទី​២៨​មេសា ដោយ​ស្នើ​​ឲ្យ​តុលាការ​ដោះស្រាយ​បញ្ហា​ពីរ​យ៉ាង​គឺ ទី​១ សុំ​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ឡើងវិញ​​ស្តីពី​បញ្ហា​ព្រះវិហារ និង​ទី​២ សុំឲ្យ​តុលាការ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​​ពី​ ការឈ្លានពាន​របស់​ថៃ​។

យោងតាម​ការ​លើក​ឡើង​របស់​លោក ហោ ណាំហុងឲ្យដឹង​ថា​ បន្ទាប់ពីសវនាការ​រយៈពេលពី​៤០ទៅ៤៥ថ្ងៃ តុលាការនឹងចេញសាលក្រម។ នៅក្នុងអំឡុងពេលនេះ កម្ពុជានឹងត្រៀមគ្រប់ពេល វេលាក្រែងលោមាន​បញ្ហាជាយថាហេតុដែលថៃឈ្លាពាន ហើយបើថៃបង្កបញ្ហាទៀត  គេនឹងកាន់​តែ​ឃើញ​ច្បាស់ ពី​មហិច្ឆតាឈ្លន​ទឹក​ដី​កម្ពុជា​ពី​សំណាក់​ប្រទេស​ថៃ៕

និយាយ​អំពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​វិញ​ គឺ​នៅ​ថ្ងៃ​អង្គារិ៍​នេះ លោក​យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ី​ បាន​ប្រកាស​ជាផ្លូវ​ការ​ថា គណបក្ស​សមរង្ស៊ី​ ផ្ដាច់​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​ហើយ​។ លោក​ថា ការ​ផ្ដាច់​នេះ​ ដោយ​សារ​តែ​មេដឹកនាំ​គណពក្ស​សិទ្ធិមនុស្ស​មិន​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ ប៉ុន្ដែ​លោក​យឹម​សុវណ្ណ​បាន​លើកឡើង​ថា គណបក្ស​សមរង្ស៊ី​នៅ​តែ​បើក​ផ្លូវ​ធ្វើការ​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ ក្រៅ​តែ​ពីលោក​កឹម សុខា​ប៉ុណ្ណោះ​។​ ការ​ផ្ដាច់​សម្ព័ន្ធភាព​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​ពេល​ថ្មី​ៗនេះ មាន​ការ​ទម្លាយ​ឯកសារ​សម្ងាត់​ស្ដីពី​ការ​សន្ទនា​តាម​ទូរសព្ទ​ រវាង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា កាល​ពី​ឆ្នាំ​២០០៧៕

ងាក​ចេញ​ពី​រឿង​នយោបាយ​ គឺ​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​វិញ​ គឺ​លោក​ស្រី​វេជ្ជបណ្ឌិត ពុង​ ឈីវហ្គេច​ ប្រធាន​អង្គការ​លីកាដូ និង​ក្រុម​យុវជន​ការពារ​សិទ្ធិកុមារ​បាន​ចុះ​ទៅសួរ​សុខទុក្ខ បាន​យក​​អំណោយ​ ទៅ​ចែក​ដល់​អ្នក​ទោស​ នៅ​ក្នុង​ពន្ធនាគា​ព្រៃ​ស​ កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ​។ លោក​ស្រី​វេជ្ជបណ្ឌិត​ពុង​ ឈីវហ្គេច​បាន​មាន​ប្រាសាសន៍​ថា ជាទូទៅ​ពន្ធនាការ មិនមែន​ជា​កន្លែង​សម្រាប់​កុមារ​​ និង​អនីតិជន​នោះ​ទេ​។ ពីព្រោះ​ទីនេះ​មិនមាន​សមត្ថភាព​ ផ្ដល់​នូវ​តម្រូវការ​ជាមូលដ្ឋាន​ របស់​កុមារ​ទាល់​តែ​សោះ ដូច​ជា​ ការ​អប់រំ​ អាហារ​ចិញ្ចឹម​រាងកាយ​ សមស្រប​ និងការ​ថែទាំ​វេជ្ជាសាស្ដ្រ​ របស់​ពួកគេ​ឡើង​វិញ​។ ប៉ុន្ដែ​លោក​ក្លូដ ដារា ប្រធាន​មណ្ឌល​កែប្រែ​ទី​២ បាន​ឲ្យ​ដឹង​ថា មណ្ឌល​កែប្រែ ទី​២ បាន​ជួល​គ្រូ​មក​បង្រៀន​ដល់​អ្នក​ទោស​ទាំង​អស់ នូវ​ជំនាញ​នានា​រួមមាន ​កាត់​សក់​ ជួសជុល​ម៉ូតូ ធ្វើ​សំណង់​ខ្នាត​តូច តម្បាញ និង​ជំនាញ​ផ្សេងទៀត​។ លោក​ថា អ្នក​ទោស​ទាំង​អស់​ អាច​រៀន​ចំណេះ​ដឹង​ទូទៅ ដល់​ថ្នាក់​ទី​១២ និង​ភាសា​បរទេស​ថែមទៀត​។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១ ខែមិថុនា ត្រូវ​នឹង​ថ្ងៃពុធ​ គឺ​ជា​ថ្ងៃ​ទិវា​កុមារ​អន្ដរជាតិ​ ដែល​អង្គការ​លីកាដូ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​អ្នក​ទោស​ចំនួន​១៤ពន្ធនាគា​ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕

យោងតាមសេចក្ដីជូនដំណឹង​របស់​ការិយាល័យ​រដ្ឋបាល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ( អ​.​វ​.​ត​.​ក​.) បានឲ្យដឹងកាលពីថ្ងៃពុធនេះថា សាលាក្ដី​ខ្មែរក្រហម​នឹង​តែងតាំង​មន្រ្តី​ចំនួន​ពីរ​នាក់​បន្ថែម​ ដើម្បី​បំពេញ​តំណែង​ដែល​នៅ​ទំនេរ និង​ដើម្បី​ពង្រឹង​ផ្នែក​កិច្ចការ​សាធារណៈ​របស់  អ​.​វ​.​ត​.​ក​. ។​ ​លោក ឌឹ​ម សុ​វណ្ណា​រុំ ដែល​បាន​បម្រើការ​ជា​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម ត្រូវបាន​តែងតាំង​ជា​មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ ។

នៅក្នុងសេចក្ដីជូន​ដំណឹង​បន្ដថា ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​បន្ថែម​ផ្នែក​ព័ត៌មាន​

សាធារណៈ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផ្នែក​ផ្សព្វផ្សាយ​របស់ អ​.​វ​.​ត​.​ក​. លោក ហ៊ុយ វណ្ណៈ ត្រូវ​បាន​តែង​តាំ​ងឲ្យកាន់តំណែង​ថ្មី​ជា​មន្ត្រី​កិច្ចការ​សាធារណៈ។ នៅមុន​នេះ​ លោក វណ្ណៈ គឺជា​និពន្ធ​នាយក​ព័ត៌មាន នៃ​បណ្ដាញ​ស្ថានីយ៍​ទូរទស្សន៍​កម្ពុជា (ស៊ី​ធីអិន​) ហើយ​នៅ​មុន​នេះ​ទៀត លោក​គឺជា​អ្នកយក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី។ ដោយ​ធ្លាប់​បម្រើការ​ជា​អ្នកស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ហ៊ុយ វណ្ណៈ មាន​ការយល់ដឹង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ដ្រ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ លោក វណ្ណៈ មាន​សញ្ញាបត្រ​អនុបណ្ឌិត​លើ​មុខវិជ្ជា​ទំនាក់ ទំនង​សាកល​ពី​សាកលវិទ្យាល័យ រ៉ាត់​ហ្កឺត នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក។

សេចក្តីជូនដំណឹងបន្តថា ​ក្នុង​គោលបំណង​លើកកម្ពស់ និង​ពង្រឹង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន ក៏ដូចជា​ទៅតាម​បណ្ដាខេត្ត និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ព័ត៌មាន អ​.​វ​.​ត​.​ក​. ក៏​បាន​តែងតាំង​លោក នេត្រ ភ​ក្ត្រា ជា​មន្ត្រី​នាំពាក្យ​នៃ អ​.​វ​.​ត​.​ក​. ។ ពីមុន លោក ភ​ក្ត្រា គឺជា​នាយក​គ្រប់គ្រង​ការី​និពន្ធ នៃ​សារព័ត៌មាន​ភ្នំពេញ ប៉ុស្ដិ៍ ភាសា​ខ្មែរ ។

រយៈពេល​៩ឆ្នាំ លោក ភ​ក្ត្រា មានបទពិសោធន៍​ ក្នុង​វិស័យ​សារព័ត៌មាន​ នៅ​សារព័ត៌មាន​ភ្នំពេញប៉ុស្ដិ៍ វិទ្យុ​បារាំង​អន្តរជាតិ ទូរទស្សន៍ជាតិ​កម្ពុជា ទូរទស្សន៍​ស៊ី​ធី​អិន សារព័ត៌មាន​មេគង្គ ថែមស៍ និង​សារព័ត៌មាន​សំណេរ​ថ្មី។ លោក ភ​ក្ត្រា មាន​សញ្ញាបត្រ​បរិញ្ញាប័ត្រ​លើ​មុខវិជ្ជា​សារព័ត៌មាន និង​វិធីសាស្ដ្រ​បង្រៀន​ភាសា​បារាំង៕

កាល​ពី​ថ្ងៃ​ព្រហស្បត៍​ ក្នុង​សប្ដាហ៍​នេះ​ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥២​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង ចំនួន​១៥ បាន​ដាក់​ញត្តិ​ប្ដឹង​នៅ​អង្គការ​អាដហុក ដើម្បី​សុំ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ ព្រមទាំង​ស្នើ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ឲ្យ​មាន​យុត្តិ​ធម៌​។ សូម​បញ្ជាក់​ថា បន្ទាប់​ពី​រង​នូវ​ការ​រំលោភ​បំពាន​ដីធ្លី ពី​សំណាក់​ឈ្មួញ​មួយ​ចំនួន ការ​រំលោភ​សិទ្ធិ ពី​សំណាក់​អាជ្ញាធម៌​ និង​រង​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធតុលការ​ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥២​នាក់ មក​ពី​ខេត្ត​ រាជធានី​​ចំនួន​១៥ រួមមាន ខេត្ត​បន្ទាយមានជ័យ​, បាត់​ដំបង, កោះ​កុង​, ព្រះវិហារ​, ព្រៃវែង, ព្រះសីហនុ, កំពង់​ឆ្នាំង, ពោធិ៍​សាត់​, កំពង់​ធំ, កំពង់​ចាម​, កណ្ដាល, កំពង់​ស្ពឺ, ខេត្ត​ក្រចេះ​, និង​អ្នក​ភូមិបឹងកក់​ ក្នុង​រាជធានី​ភ្នំពេញ​៕​

នៅ​ថ្ងៃ​ដដែល​នេះ មាន​សេចក្ដី​រាយការណ៍​ថា កម្មករ​ប្រមាណ​ជា​២ពាន់​នាក់​ប្រចាំ​នៅ​រោងចក្រ​ ដេរស្បែក​ជើង​ ឈ្មោះ​ចូខេម បាន​ផ្ទុះ​កូដកម្ម​ នៅ​មុខរោងចក្រ​ ដើម្បី​ទាមទារ​ឲ្យ​ថៅ​កែ​រោងចក្រ​ ព្រមទទួល​យក​តំណាង​របស់​ខ្លួន​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ​ បន្ទាប់​ពី​រោង​ចក្រ​បាន​បញ្ឈប់​ពី​ការ​ងារ​។ រោង​ចក្រ​ចូខេម មាន​ទីតាំង​ឋិតនៅ​ភូមិ​បឹងឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ កញ្ញា​ណក​ធីតា ជា​កម្មការិនី​រោងចក្រ​ចូខេម​និយាយ​ថា“​យើង​ទាម​ទារ​ឲ្យ​ថៅ​កែ​ទទួល​យក​តំណាងកម្មករ​ចំនួន​២នាក់ ឲ្យ​ចូល​ធ្វើការ​វិញ​។ កញ្ញា​បន្ថែម​ថា “​វា​មិន​សម​នោះ​ទេ​ ព្រោះ​ថា មូលហេតុ​ដែល​ថៅ​កែ​ដក​​តំណាង​កម្មករ​ពីរ​នាក់​នោះ​ ព្រោះ​តែ​​អ្នក​ទាំង​ពីរ​នោះ ហ៊ាន​ចេញ​មុខ​តវ៉ា​ ដើម្បី​រក​ផល​ប្រយោជន៍​ជូន​កម្មករ​ប៉ុណ្ណោះ​៕

កាល​ពី​ថ្ងៃ​ទី​២ ខែមិថុនានេះសមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ លោកជាម យៀប បានស្នើ​ឲ្យ​​លោក​សូរិយា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ម៉ត់​ចត់ និង​ឲ្យ​មាន​តុល្យការ​ប្រភព​ដែល​ខ្លួន​បាន​សម្ភាសន៍​ នៅ​មុន​នឹង​ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

ប្រតិកម្ម​នេះ​​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស៊ូប៊ែឌី​ បាន​សន្យា​​ជាមួយ​លោក​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​ថា លោក​នឹង​លើក​យក​បញ្ហា​របស់​លោក​រ៉ុង​ឈុន​បាន​លើក​ឡើង​ ប្រាប់​ទៅ​អន្ដរជាតិ​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដាក់​បញ្ចូល​បញ្ហា​ទាំង​នោះ ទៅ​ក្នុង​របាយការណ៍​របស់លោក​ ដើម្បី​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​។

លោក​រ៉ុង ឈុន​ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​​ថា លោក​បាន​ទៅ​ចូល​ជួប​លោក​ស៊ូប៊ែរ​ឌី នៅ​ស្នាក់​ការ​កណ្ដាល​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ហើយ​លោក​បាន​លើក​ឡើង​បញ្ហា​មួយ​ចំនួន​ប្រាប់​ទៅ​លោក​ស៊ូប៊ែឌី ដែល​បញ្ហា​ទាំង​នោះ​រួមមាន​ សេចក្ដីព្រាង​ច្បាប់​ការ​បង្កើត​សហជីព​សហជីព​​ ដែល​បង្កើត​ច្បាប់​បាន​រឹត​បណ្ដឹង​ក្រុម​សហជីព​ និង​ករណី​កម្មករ​រោងចក្រ​មិថុនា ដែល​ភាគី​រោង​ចក្រ​បាន​ប្រើ​អំពើហិង្សា​ទៅ​លើ​ក្រុម​កម្មករ និង​ចាប់​ឃុំខ្លួន​តំណាង​កម្មករ​ និង​មាន​បញ្ហា​មួយ​ចំនួន​ទៀត​។

ប៉ុន្ដែ លោក​ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​កម្មករ​គ្រប់​បែប​យ៉ាង​ ដែល​ផ្ទុយ​ពីការ​លើក​ឡើង​របស់​លោក​រ៉ុង​ឈុន​។ លោក​បាន​និយាយ​ថា ការ​លើក​ឡើង​របស់​លោក​រ៉ុង ឈុន គ្រាន់​តែ ជារឿង​ប្រឌិត ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​​នោះទេ​។

ដូច្នេះ​ហើយ​លោកជាម យៀប​ បាន​ស្នើ​ឲ្យ​លោក​ស៊ូប៊ែរឌី ពិនិត្យ​មើល​អំពី​ប្រភព​ដែល​ខ្លួន​បាន​ជួប​សម្ភាសន៍​ ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យ​ភាព​ប្រភព​ នៅ​មុន​ពេល​ លោក​ស៊ូប៊ែឌី​ ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​៕ អូស្រាលីផ្ដល់ជំនួយជាថវិកាបន្ថែម២លានដុល្លាអូស្រាលី ដល់សាលាក្ដីខ្មែរក្រហម

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ដែលចុះកាល បរិច្ឆេត ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១ ឲ្យដឹងថា រដ្ឋាភិបាលអូស្រា្ដលីបានផ្ដល់ជំនួយថ្មីទៀតនូវថវិកាចំនួន២លាន ដុល្លារអូស្រ្ដាលី ដែលស្មើនឹង (១,លាន៨សែន៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដល់(អ.វ.ត.ក)។ នៅក្នុងជំនួយនេះ ថវិកាចំនួន១លានដុល្លារអូស្រ្ដាលី នឹងត្រូវផ្ដល់ជូនទៅភាគីជាតិ ហើយថវិកា១លានដុល្លារអូស្រ្ដាលីទៀត នឹងត្រូវ ផ្ដល់ ជូនភាគីអន្ដរជាតិ(អ.វ.ត.ក)។ នៅក្នុងលិខិតមួយផ្ញើជូនថ្នាក់ដឹកនាំនៃ(អ.វ.ត.ក) លោកឯកអគ្គរដ្ឋទូតផេននី រីឆាដ លើកឡើងថា “អូស្រ្ដាលីមើលឃើញថា (អ.វ.ត.ក) បានបោះជំហានដ៏សំខាន់ក្នុងការបញ្ចប់ និទណ្ឌភាព នៃឧក្រិដ្ឋកម្ម ដ៏សាហាវ ដែលប្រព្រឹត្តិឡើងដោយខ្មែរក្រហម ដោយសម្រេចបានយុត្តិធម៌មួយកម្រិត សម្រាប់ ជនរងគ្រោះ នឹងបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ”។ ទាក់ទងទៅនឹងបញ្ហានេះ លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ(អ.វ.ត.ក) បានលើកឡើងថា “ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត សប្បុរស និងការបន្ដគាំទ្ររបស់រដ្ឋាភិបាលអូស្រ្ដាលីនេះ”។ ជំនួយនេះមានសារសំខាន់ណាស់ ដើម្បី ធានាថា (អ.វ.ត.ក) អាចបញ្ចប់បេសកម្មរបស់ខ្លួនដោយជោគជ័យ ក្នុងការនាំយកយុត្តិធម៌ មកជូនប្រជាជនកម្ពុជា និងជនរង គ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ប្រទេសអូស្រា្ដលី បានឋិតនៅក្នុងចំណោមប្រទេសម្ចាស់ជំនួយធំៗ ដែល បាន ផ្ដល់ ការគាំទ្រ ចំពោះ (អ.វ.ត.ក) តាំងពីពេលចាប់ផ្ដើមដំណើរការដំបូង។  បូករួមទាំងជំនួយលើក ចុង ក្រោយ នេះផង ប្រទេសអូស្រ្ដាលី បានផ្ដល់ជំនួយដល់(អ.វ.ត.ក) ជាថវិកាសរុបចំនួន១៦,៧លានដុល្លារ អូស្រ្ដាលី៕

សរសេរ៖ ប៊ិន ប៊ុណ្ណា!

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s