Weekly News (Radio FM102)

ព័ត៌មាន​ជាតិ​សំខាន់​ប្រចាំ​សប្ដាហ៍​

២៥​ដល់​២៦​ ខែមិថុនា ២០១១

មាតិកា​ព័ត៌មានៈ

. សម្តេច​ហ៊ុន សែន​ ជម្រះ​បញ្ជីរឿង​មន្ត្រី​សង្គមកិច្ច​ម្តងទៀត។

. ក្រុម​ហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​ចង់​រក​ស៊ី​លើ​វិស័យ​ហិរញ្ញ​វត្ថ​នៅ​កម្ពុជា។

. អ្នក​ភូមិ​បឹងកក់​ប្រឆាំង​ និង​ស្នើ​ឲ្យ​​ក្រុមហ៊ុន បញ្ឈប់​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នកភូមិ

. អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​កម្ពុជា​នឹង​ឡើង​ដល់​ជាង​មួយ​លាន​នាក់​ត្រឹម​ឆ្នាំ​២០៣០។

. ក្រសួងធនធានទឹក និងឧតុនិយម ជូន​ដំណឹង​ពី​សភាព​ការណ៍​អាកាស​ធាតុ

. កម្ពុជា​ប្តេជ្ញា​បន្ដ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរមនុស្ស។

. ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​កើន​ឡើង​។

. សារៈ​សំខាន់​របស់​យុវវ័យ​នៃ​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​ដំណើរ​ការ​អភិឌ្ឍន៍​ និង​អភិបាល​កិច្ច​ល្អ ក្នុង​មូលដ្ឋាន៕

. វគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់អំណាចដល់ស្រ្តី​​និងភាពឆ្នៃប្រឌិតក្នុងសហគ្រិនភាព

    កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឲ្យលោក TANSRI QUEN LING CHAN ប្រធាន​ក្រុម​ហ៊ុន HONG LEONG GROUP ​ចូល​ជួបសម្តែងការ គួរសម  ​នៅគេហដ្ឋានរបស់សម្តេច​ក្នុង​រាជធានី​ភ្នំពេញ។ លោក TANSRI QUEN LING CHAN បានជម្រាបជូនសម្តេចនាយករដ្ឋមន្រ្តីថា ដំណើរ​ទស្សនកិច្ច របស់លោក​មកកាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នាពេល​នេះ ​គឺដើម្បី​ស្វែងយល់ និងស្វែង​រក​ឱកាស​​​ដើម្បីធ្វើការ វិនិយោគ​នៅកម្ពុជា។ សូមបញ្ជាក់​ថា ក្រុមហ៊ុន HONG LEONG GROUP ​មាន​ទីតាំង​នៅទីក្រុងកូឡាឡាំពួរ ក្រុមហ៊ុន​បាន​ផ្តោត​​ការ​វិនិយោគ​ទៅ​លើ​វិស័យ​រោងចក្រ ដែល​ក្នុងនោះ​មាន​រោង​ចក្រ​ ស៊ីម៉ង់ រោងចក្រផលិតដែក រោងចក្រ​ផលិត​ឥតការ៉ូ និងរោងចក្រ​ផលិត​​គ្រឿង​ប្រព័ន្ធ​អេឡិចត្រូនិចជាដើម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏មាន​ការវិ​និយោ​គ​​ទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ ដែលក្នុងនោះមាន វិស័យធនាគារ វិស័យធានារ៉ាប់រង ទីផ្សារភាគហ៊ុន ក៏ដូច​ជាការ​​វិនិយោគ​​ទៅលើវិស័យ​អចលន​ទ្រព្យ​ដែល​ក្នុងនោះ មានការវិនិយោគ​ទៅ​លើ​សណ្ឋាគារ ផ្ទះ ខុនដូ និងផ្សារ​​ទំនើបជាដើម៕

(សំឡេង​ភ្លេងកាត់​)

  មក​ដល់​ថ្ង​ថ្ងៃ​អង្គារិ៍​​នេះ​វិញ​ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ជាថ្មី​ម្តងទៀត​ចំពោះ​មន្ត្រី​ សង្គមកិច្ច​ទាំងឡាយណា​ដែល​​បាន​ទិញ​របប​គោលនយោបាយ​ពី​អតីត យុទ្ធជន​ ហើយ​ប្រសិន​បើ​មិន​មាន​ការ​បញ្ឈប់​នោះទេ អាជ្ញាធរ​នឹង​ធ្វើ​ការ​ចាប់​ខ្លួន​មន្រ្តី​នោះ ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ស៊ើប​អង្កេត​រក​ឃើញ​ហើយ​នោះ​។ ការព្រមាន​​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ទិវា​អតីតយុទ្ធជន​កម្ពុជា​លើក ​ទី​៤​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២១​មិថុនា​នេះ​ នៅឯ​វិទ្យា​សា្ថនជាតិ​អប់រំ ទីក្រុង​ភ្នំពេញ​។ សម្ដេច​បាន​ថ្លែង​ជា​សាធារណៈ​ថា ការ​ទិញ​របប​គោល​នយោបាយ​របស់​អតីតយុទ្ធជន​បាន​កើត​មាន​ឡើង​ក្នុង​ចំណោម​មន្រ្តី​ក្រសួង​សង្គម​កិច្ច ដែនល​ករណី​ទាំង​អស់​នេះ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​។ សម្ដេច​បាន​ធ្វើ​ការ​ពន្យល់​ថា នៅ​គ្រា​ដែល​អតីត​យុទ្ធ​ជន​បាន​ទៅ​បើក​ប្រាក់​ខែ​ មាន​ការ​ពន្យារ​ចុះ​ពន្យារ​ឡើង​ ដែល​​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ធុញ​ទ្រាន់​ ហើយ​ក៏​សម្រេចចិត្ត​លក់​របប​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​ទៅ​មន្រ្តី​​​អតីត​យុទ្ធជន​និង​យុវ​នីតិសម្បទា​៕

(សំឡេង​ភ្លេងកាត់​)

      កាល​ពី​ថ្ងៃ​ពុធ​នេះ​វិញ ក្រុម​អ្នក​ភូមិ​បាន​ប្រមូល​ផ្ដុំ​គ្នា​សាជាថ្មី​​ នៅ​ភូមិ​៦ តំបន់​បឹង​កក់​​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ ដែល​បាន​បូម​ខ្សាច់​ ពន្លិច​ផ្ទះ​របស់​អ្នក​ភូមិ​ចំនួន​៣​គ្រួសារ​ ក្នុង​ភូមិ​៦​​កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ។ បច្ចុប្បន្ន​នេះ​អ្នក​ភូមិ​បឹងកក់​នៅ​សល់​​ជាង​១ពាន់​គ្រួសារ​ ស្មើនឹង​៧ភូមិ ក្នុង​ចំណោម​ជាង​៤ពាន់​គ្រួសារ​ ដែល​ពួកគេ​កំពុង​ក្រាញ​ននៀល​ទាមទារ​​គោលនយោបាយ​អភិវឌ្ឍន៍​នៅនឹង​កន្លែង ជា​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​ទំហំ ៤ គុណ ១៦ ម៉ែត្រ មាន​គ្រឹះ​រឹងមាំ និង​មាន​កម្មសិទ្ធិ​ស្របច្បាប់ សម្រាប់​គ្រួសារ​និមួយ​។ អ្នក​ភូមិ​បឹងកក់  ក៏​បដិសេធ​មិន​រុះ​លំនៅដ្ឋាន​ចេញពី​ដី​ផ្ទះ ដែល​កំពុង​រស់​នៅ​សព្វថ្ងៃ មុន​ពេល​ផ្ទះ​ថ្មីមិនទាន់​សាងសង់​រួច​ឡើយ​។​ កន្លងមក សាលា​រាជធានី​ភ្នំពេញ បាន​ទទួលយក​សំណើ​របស់​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​ចាត់ឲ្យ​អនុគណៈកម្មការ​មួយក្រុ​ម ចុះ​វាស់វែង​ដី​ផ្ទះ​អ្នកភូមិ ចាប់តាំងពី​ថ្ងៃ​ទី​៩​មិថុនា ឆ្នាំ​២០១១៕

(សំឡេង​ភ្លេងកាត់​)

        នៅ​ថ្ងៃ​ដដែល​នេះ មាន​សេចក្ដី​រាយការណ៍​ដែល​ថា អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​ប្រទេស​កម្ពុជា​ត្រូវ​គេរំពឹង​ថា ​នឹង​កើនឡើង​ដល់​ជាង​១​លាន​នាក់​ត្រឹម​ឆ្នាំ​២០៣០​ខ​ណះ​ដែល​នៅ​ឆ្នាំ​២០១០​ គេ​គិត​ថា​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ជា​៣៥៤០០០​នាក់​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​ នេះ​បើ​យោង​ទៅ​តាម​សមគម​ទឹកនោម​ផ្អែម​កម្ពុជា​។ ​នៅ​ក្នុង​វេ​ប​សាយ​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ http://www.cdasiemreap.org​ សមគម​ទឹកនោមផ្អែម​កម្ពុជា​បាន​និយាយ​ថា​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក​ ប្រជាជន​កម្ពុជា​មាន​ចំនួន​ច្រើន​គួរ​អោយ​កត់សម្គាល់​បាន​ទទួល​រង​ ជំងឺលើសឈាម​ដាច់​សរសៃឈាម​នៅ​ក្នុង​ខួរក្បាល​ ជំងឺ​ភ្នែក​និង​ផល​វិ​បាល​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​៕

(សំឡេង​ភ្លេងកាត់​)

       នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដែន​ដី និង​ប្រជា​ពលរដ្ឋ​​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​តាមបណ្តា​ខេត្ត​មួយ​ចំនួន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​ ខណៈ​ដែល​​កម្ពុជាទទួល​​​​រង​​នូវ​​ឥទ្ធិ​ពល​ខ្យល់​ព្យុះ​ហៃ​ម៉ា ដែល​បាន​កើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន ​ធាន​ទឹក និង​ឧតុ​និយម ​សរសេរថា កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ មាន​ខ្យល់​ព្យុះ​មួយ​ ឈ្មោះ ហៃ​ម៉ា បាន​កើតឡើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​​ភាគ​ខាង​ជើងដែល​ព្យុះ​នេះ នឹង​មាន​ឥទ្ធិ​ពល​មក​លើ​ប្រទេស​កម្ពុជា បណ្តាល​អោយ​ភ្លៀង​ធ្លាក់​ច្រើន ចាប់​ពី​ថ្ងៃ​ទី ២២ ដល់​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១១ ពិសេស​នៅ​តំបន់​មាត់​សមុទ្រ​ តំបន់​ខ្ពង់​រាប​ខាង​ជើង និង​ភាគ​ឥសាន ដូច​ជា​ខេត្ត​ព្រះ​វិហារ ឧត្តរ​មាន​ជ័យ​ ក្រចេះ ស្ទឹង​ត្រែង​ រតន​គិរី មណ្ឌល​គិរី កោះកុង​ ព្រះ​សីហនុ កែប និង​កំពត​៕

(សំឡេង​ភ្លេងកាត់​)

       និយាយ​អំពី​បញ្ហា​ស្រ្តី​វិញ​ម្ដង បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ច្បាប់​ស្ដីពី “​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ“​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​ករណីជួញ​ដូរ​មនុស្ស​នៅ​តែ​បន្ដ​កើត​មាន​នៅ​កម្ពុជា​។ ប៉ុន្ដែ​ប្រទេស​កម្ពុជា​ដែល​មាន​ឆន្ទៈ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរមនុស្ស​​និង​បាន​ចាត់​វិធាន​ការណ៍​ជា​បន្ដ​បន្ទាប់​ធ្វើ​ឲ្យ​ ប្រទេស​មួយ​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ពី​ក្រសួង​ការ​បរទេស​អាមេរិក​ ដែល​តួលេខ​នេះ​មានន័យ​​ថា ប្រសើរ​ហើយ​នៅ​ក្នុង​ការ​ទប់​ស្កាត់​អំពើជួញដូរមនុស្ស​។ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ដែល​រៀប​ចំ​នៅ​អង្គការ​អ៊ីម៉ាវ៉ារី មាន​រយៈពេល​២ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១​នេះ ​លោក​សខេង ឧបនាយក​រដ្ឋមន្រ្តី​ និង​ជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​ខិត​ខំ​ថែម​ទៀត​ដើម្បី​ប្រឆាំង​រាល់​អំពើ​ជួញ​ដូរ​មនុស្ស​ ហើយ​ក៏​បន្ដ​រក្សា​ចំណាត់​លេខ​២ ឬ​ធ្វើ​ឲ្យ​ចុះ​មក​នៅ​ត្រឹម​លេខ​១​កន្លះ​ ដោយ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​តួលេខ​នេះ​កើ​ន​​ឡើង​វិញ​នោះទេ។ លោក​បាន​បញ្ជាក់​ថា បើ​សិន​ជា​​មិន​បាន​លេខ១ ឲ្យ​បាន​​លេខ​២​រហូត​ក៏​បាន​ដែរ​

(សំឡេង​ភ្លេងកាត់​)

         កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ មាន​សេចក្ដី​រាយការណ៍​ថា អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយចុះ​តែ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​។ យោង​តាម​លទ្ធ​ផល​បូក​សរុប​ការងារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ សម្រាប់​ឆមាសទី​១ ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ តែ​អ្នក​ស្លាប់​បាន​កើន​ឡើង​ចំនួន​១៩២​នាក់​ ស្មើ​នឹង​១២% ក្នុង​ឆមាសទី១ បើ​ធៀប​ទៅ​នឹង​រយៈ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០​។ លោក​ឃុន ឈុន្នី អគ្គ​ស្នការរង​នគរបាល​ជាតិ បាន​និយាយ​ថា ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ក្រសួង​មហាផ្ទៃ​បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ ចុះ​ពិនិត្យ​កន្លែង​កែ​ឆ្នៃ​យាន្ដយន្ដ​ សាលា​បង្រៀន​បើក​បរ ត្រួតពិនិត្យ​ឯកសារ​ពាក់​ព័ន្ធ នឹង​យាន្ដយន្ដ ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ និង​កំពង់​ផែ​ខេត្ត​ ព្រះសីហនុ​។ លោក​ថា ចំពោះ​ម្ចាស់​យាន្ដយន្ដ​ ឬ​អ្នក​ដឹក​ទំនិញ​​ ណាដែល​ដឹក​ទំនិញលើស​ចំណុះ​ ឬសំពីសំពោង ត្រូវផាកពិន័យ​ ឬអប់រំកែប្រែ តែ​ចំពោះ​ករណី​ធ្ងន់​ធ្ងរ ត្រូវ​ឃាត់​រថយន្ដ​ទុក​ ឬ​បញ្ជូន​សំណុំ​រឿង​តុលាការ​៕

(សំឡេង​ភ្លេងកាត់​)

       នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​ មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​បាន​រៀប​ចំ​សិក្ខាសាលា​មួយ ស្ដីពី​សារៈ​សំខាន់​នៃ​ការចូលរួម​ របស់​យុវជន ក្នុងដំណើរ​ការ​អភិវឌ្ឍន៍​និង​អភិបាល​កិច្ច​ល្អ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ។ លោក​ស្រី​វួន សុវ៉ារី អ្នក​គ្រប់គ្រង​ស្ថានីយ៍​វិទ្យុ​ស្រ្តី​ FM១០២ នៃ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដោយ​បាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ដែន​ដី និង​មូល​និធិ​រូស្សាលុចហ្សុមប៊ួរ កម្មវិធី​អូមែន​ របស់​វិទ្យុស្រ្តី បាន​រៀប​ចំ​សិក្ខាសាលា​នេះ​ឡើង​។ សិក្ខាសាលា​នេះ​ ជាវិធីថ្មី​មួយទៀត​ ដេល​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​សង្ឃឹម​ថា នឹង​ធ្វើឲ្យយុវជន​ក្រុមគោលដៅមានឱកាស បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពីតួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ឃុំបារាយណ៍ សំដៅ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អមូលដ្ឋាន​៕

(សំឡេង​ភ្លេងកាត់​)

ដោយ​ឡែក​នៅ​ថ្ងៃ​សុក្រ​នេះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេស​ម៉ាឡេ​ស៊ី​ បាន​បើក​វគ្គបណ្ដុះ​បណ្ដាល​ស្ដីពី ស្រ្តី​ជា​អ្នក​ផ្ដួច​ផ្ដើម​​គំនិត​បង្កើត​សហគ្រិន“​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​​សាកលវិទ្យាល័យ​ លីម​កុក​វីង​ នាទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ​។​ វគ្គបណ្ដុះបណ្ដាល​នេះ​ មាន​រយៈពេល​៥​ថ្ងៃ​ គិត​ចាប់​​ពី​ថ្ងៃ​ទី​២០​​ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ ដែល​រៀប​ចំឡើង​ដោយ​ គម្រោង​របស់​វិទ្យាស្ថាន​NAM សម្រាប់​ពង្រឹង​អំណាច​ស្រ្តី​​របស់​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​សាកល​វិទ្យា​ល័យ​លីមកុកវីង​។

       លោក​ស្រី​បណ្ឌិត​ Noorul Ainur Mohd. Nur រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី​របស់​ប្រទេស​ម៉ាឡេស៊ី​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នៅ​ពេល​នេះ​ មាន​គោលដៅ​សំខាន់​បង្កើន​សមត្ថភាព​ស្រ្តី​ ដោយ​ថា គេ​មិន​ត្រូវ​ទុក​ស្រ្តី​ដោយ​ឡែក​នោះ​ទេ ដូច្នេះ​ប្រទេស​ម៉ាឡេស៊ី​ មាន​បំណង​បណ្ដុះ​បណ្ដាល​ស្រ្តី​ឲ្យ​ចេះ​បង្កើត​គំនិត​​រកស៊ី។ លោក​លី​ពិសិដ្ឋ អនុប្រធាន​ការិយាល័យ​ពង្រីក​ឱកាស​ការងារ​ដល់​ស្ត្រី​ នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចនារី​កម្ពុជា ដែល​បាន​ចូលរួម​វគ្គបណ្ដុះ​បណ្ដាល​នេះ​ និយាយ​ថា វគ្គបណ្ដុះ​បណ្ដាល​នេះ​មាន​សារៈ​សំខាន់​ណាស់​ នៅ​ក្នុង​ការ​ពង្រឹង​អំណាច​ដល់​ស្រ្តី​ ជាពិសេស​លើ​ផ្នែក​ការ​បង្កើត​គំនិត​រក​ស៊ី ដែល​ជា​បំណិន​ជីវិត​ដ៏​យូរអង្វែង​មួយ​៕

Write: Bin Bunna.

Radio FM102

​​​​​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s