ស្ថានភាពទឹកជំនន់​នៅ​ស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម

ស្រុកកោះសូទិន្ទ ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ជិត​៤០​គីឡូម៉ែត្រ ពីទីរួមខេត្ត​កំពុង​ចាម​ បាន​រង​ការ​គំរាមកំហែង​ដោយ​សារ​ទឹក​ជំនន់​ ហើយ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៩នាក់​, បំផ្លាញ​ផ្ទះសម្បែងជាច្រើន​ខ្នង,​ ផ្លូវ និង​ផលដំណាំ​ជាច្រើន​ហិកតា​ ក៏ត្រូវ​រងការខូចខាត​ ផងដែរ​។

ផលខូចខាត​ធ្ងន់ធ្ងរ​ដោយ​សារ​ទឹកជំនន់​នៅក្នុង​ស្រុក​កោះសូទិន្ទ ត្រូវ​បាន​សមាគមនារី​នៃក្រសួងព័ត៌មាន​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ប្រមាណ​ជា​១០៥​គ្រួសារ​ កាលពីថ្ងៃទី​២៣ ខែតុលា ម្សិលមិញ​នេះ​។

 

 “មិនដែលទេ​ ទឹមលើកនឹង​​ខ្លាំង​ហ្មងហ្នឹង រួច​ទឹក​បុកទៅវូ បុក​ចំផ្ទះផង បានជាភ័យ”។ នេះ​ជាសម្ដី​ ចេញ​ពី​មាត់​លោកយាយ អៀប រស់នៅ​ភូមិ​ថ្មី ឃុំ​ពាមព្រះធ្នួស​ ស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម។​ លោកយាយ​បាន​ឲ្យដឹង​ថា ទឹកឆ្នាំនេះ ធំមិនដែល​មានពីមុន​មក​នោះទេ នៅស្រុក​ភូមិនេះ ហើយ​បច្ចុប្បន្ននេះ ទឹក​បាន​លិច​ត្រឹម​​ទ្រូង​នៅក្រោមផ្ទះ​ទៅហើយ​ ហើយ​ទឹកជំនន់​បាន​បំផ្លាញ​ដំណាំ​មួយចំនួននៅជុំវិញ​ផ្ទះ។

លោកយាយ​បាន​សម្ដែង​ក្ដីព្រួយបារម្ភថា សព្វថ្ងៃ​នេះ ដេករាល់យប់​ ព្រួយបារម្ភតែ​ផ្ទះបាក់​ ព្រោះ​ទឹក​ហូរ​នៅក្រោម​ផ្ទះ​ស្ទើរ​រាល់​ថ្ងៃ​ ដូច​ផ្ទះ​នៅលើ​ទន្លេមួយ​ទៅ​ហើយ​។ ប៉ុន្ដែ​ដោយ​មិន​ផ្ទះ​ណាផ្សេងៗ​សម្រាប់​ស្នាក់អាស្រ័យ​ ចេះ​តែ​ទ្រាំៗ រស់នៅលើផ្ទះ​ ដែល​កំពុង​គំរាមកំហែង​ដោយ​សារ​ទឹក​ជំនន់​នេះ​ទៅ​។ លោកនិយាយថា “ផ្ទះញ៉ុមត្រឹមណេះ រួចដល់​ទឹកឡើងមកគឹប​ រកចាប់អីមិនកូនអើយ អុសអីអណ្ដែត​អស់រលីង, ញ៉ុម​នៅផ្ទះចេះតែសំងំទៅ ជួនកាល​ទឹកហូរវ៉ូៗ យប់ យក​ទឹក​បិទត្រចៀក​ លិចពីក្រោមផ្ទះហ្នឹង ហូរទៅវ៉ូៗ​ ខ្លាចបាក់ផ្ទះបាក់អីហ្នឹងណា៎”​

បន្ថែម​លើ​នេះ ​អ្នកស្រីសូយ ណាន វ័យ​៥៦​ ឆ្នាំ​ បាន​សម្ដែង​ក្ដីកង្វល់​ដែរ​​ថា នៅសល់តែ​១កាំទៀត​ ទឹកជំនន់​បាន​ពន្លិច​ផ្ទះ​អ្នកស្រីទៅ​ហើយ​។ អ្នកស្រី​​ណាន ដែល​មានមុខ​របរ​ដើរ​លាងចាន​ឲ្យ​គេ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណូល​១ថ្ងៃ​ បាន​ត្រឹម​តែ​១ម៉ឺន​ទៅ​២ម៉ឺនរៀល​ ក្នុង​១ថ្ងៃ ពីការ​ដើរ​លាង​ចាន​ឲ្យគេ​ ឥឡូវ​កាន់តែ​យ៉ាប់​ ព្រោះត្រូវ​ចំណាយ​ច្រើន​ទៅ​លើសុខភាព​ ខណៈ​​មានទឹកជំនន់​ បាន​នឹង​កំពុង​យាយី​ផ្ទះ​ដ៏តូច​របស់​គាត់​សព្វថ្ងៃ​នេះ​។ អ្នកស្រី​បញ្ជាក់​ថា “ផ្ទះខ្ញុំលិច​នៅសល់​១កាំទៀត​លិចដល់ផ្ទះ ឥឡូវលិចកាំ៧,​ផ្ទះទាមទេ តែ​ផ្ទះធើពីឬស្សី​តែធើខ្ពស់​ តែ​នៅសល់​តែ​កាំ១ កាំ៧លិច​, ចាស់ប៉ះពាល់ខ្ញុំហ៎ ដំណាំដុះ​អស់រលីង​គ្មានអីទេក្មួយ​ហើយ​រំលំខ្ទេច​,ស្លា,ចេក,រលីង​ ចាស៎ក្មួយ​ទៅ​មើល​បើ​មាន​១ដើម រំលំស្អាត​ល្អណាស់​”។​

ទឹកជំនន់​ធំ​​ដែល១០ឆ្នាំ​មាន​១ដង នៅក្នុង​ស្រុកកោះសូទិន្ទ បាន​សម្លាប់​មនុស្ស​ចំនួន​៩នាក់​ទៅ​ហើយ​ និង​សន្ទូង​ សំណាប​រាប់រយ​ហិកតា​ បាន​រងការខូចខាត​ ព្រមទាំង​ផ្ទះ​ជាច្រើន​ខ្នង​បាន​រលំ​។​

អ្នកស្រី​ម៉ង ស្រូយ​ អាយុ៤៦ឆ្នាំ​ ដែល​មានកូន​ចំនួន​២នាក់ រស់នៅ​ភូមិ​មហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន្ទ ខេត្តកំពុង​ចាម​ ដែល​មាន​កូនស្លាប់​ដោយ​សារ​លង់ទឹក​បាន​រៀបរាប់​ថា កូនស្រី​វ័យ​១៧​ឆ្នាំ រៀន​ថ្នាក់ទី​៩ នៅវិទ្យាល័យ​សម្ដេច​ហ៊ុន​សែន បាន​លង់ទឹក​ស្លាប់​កាលពី​ថ្ងៃទី​១១ ខែតុលា​ បន្ទាប់​ពីការ​​ជួយ​សង្គ្រោះ​ដោយ​គ្រូ​ពេទ្យ​​អស់រយៈពេល​២ថ្ងៃ​មក​។ អ្នកស្រី​បានបញ្ជាក់​ កូនស្រី​របស់​អ្នកស្រី​ស្លាប់​ដោយ​សារ​តែ​នាង​ទៅ​ច្រូត​ស្មៅ​ហើយ​រអិលជើង​ធ្លាក់​ជើងចូល​​ក្នុង​បឹង។ អ្នកស្រីបាន​បន្ដថា “នៅថ្ងៃទី១១ស្លាប់​ចាស៎ នៅមណ្ឌលសុខភាពយើង​, ដើរទៅនេះនឹង​រ, ហើយ​អិល​ច្រូតស្មៅ​ទៅរអិលតាមទឹកហូរតាមទឹកបឹង”។

ដោយ​សារតែ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ បាន​វាយ​លុក​ស្រុក​កោះសូទិន្ទ​ សមាគមនារី​កម្ពុជា​ នៃក្រសួង​ព័ត៌មាន​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​អ្នកស្រុក​ អ្នកភូមិ​ កាលពីថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១១​ ម្សិលមិញ​នេះ​។

ថ្លែង​នៅ​ក្នុង​ពីធី​ចែក​អំណោយ​ដល់​អ្នកភូមិនោះ លោក​ភេន សុផល អភិបាល​ស្រុក​កោះសូទិន្ទ​បាន​​និយាយ​ថា ទឹកជំនន់​ឆ្នាំ​នេះ នៅតូច​ជាង​ឆ្នាំ​២០០០​ ប៉ុន្ដែ​ទំហំ​នៃ​ការ​ខូចខាត​ គឺ​ធំ​ជាង​ឆ្នាំ​​២០០០​។ លោក​បាន​ពន្យល់​អំពី​ហេតុផល​ដែលនាំ​ផលខូចខាត​មានទំហំ​ធំ ដោយ​សារ​តែ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​​បង្កា​ និង​ត្រៀម​ទុក​ជាមុន​ ព្រោះ​ពួកគេ​​យល់ឃើញ​ថា ទឹក​ឆ្នាំ​នេះ​ទំនង​ជា​មិន​ធំ​ ដូច​កាល​ពីឆ្នាំ​២០០០​នោះទេ​។

លោកបានបញ្ជាក់ថា  “ដោយ​សារ​ស្រុក​យើង​ខ្ញុំ ១០ឆ្នាំ​បានជួបគ្រោះ​ទឹកជំនន់​ធំ១ដង​ ដល់អញ្ចឹង​ប្រជាពលរដ្ឋ​ភ្លេច​វិធានការ​បង្កាច្រើន​ដែរ ហើយភាគច្រើន​យើងកន្លងមក​ ដែល​ទឹកឡើង​កាលពី​លើកមុន​នឹង​ ទូក​ធំៗ​ ដែលធ្លាប់មាន​ ឥឡូវវាអត់មានទូក​សម្រាប់ការ​ដឹកជញ្ជូន, ហើយការលិចលង់​នឹង​​ ហើយ​ហាក់ដូច​ជាភ្លេច​អាហ៎ ភ្លេច​ថា​ មានទឹក​ធំ​លែងអីចឹង ប្រជាជនថាអញ្ចឹង​, តែទោះ​ជា​យើង​អាជ្ញាធរ​ឆ្នាំ​នេះ យើង​បាន​ជន្លៀស​មនុស្ស​ និង​សត្វទៅទួលសុវត្ថិភាព​បាន​”។

 

នៅគ្រា​ដែល​ស្ថានភាព​ទឹកជំនន់​បាន​និង​កំពុង​យាយី​លើ​ស្រុក​កោះសូទិន្ទ​នោះ​ លោកជំទាវ​ទេព រង្ស៊ី ព្រឹត្តិបុរស​​សាកលវិទ្យា​ល័យ​វិទ្យា​សាស្រ្តសុខាភិបាល​, និង​បាន​ដឹកនាំ​យក​អំណោយ​របស់​សមាគម​នារី នៃក្រសួង​ព័ត៌មាន​ និង​ជា​តំណាង​លោកខៀវ កញ្ញារីទ្ធ​ បាន​ណែនាំ​ឲ្យ​​ប្រជាជន​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ ខណៈ​មាន​ទឹក​ជំនន់​។ លោក​ជំទាវ​ បាន​ប្រាប់​ប្រជាជន​ឲ្យ​ញុំា​ទឹក​ស្អាត​ ដោយ​ដាំពុះ​ ចៀស​វាង​កើត​ជំងឺរាគរុះ ពោល​គឺ​រស់នៅ​ស្អាត​ ប្រយោជន៍​ដើម្បី ការពារ​សុខភាព​។

យោង​តាម​របាយការណ៍​​របស់​អភិបាល​ស្រុក​កោះសូទិន្ទ បាន​ឲ្យ​ដឹង​ថា ផលខូចខាត​​​ដោយ​សារ​ទឹក​ជំនន់ គឺ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ចំនួន​៩នាក់ ក្នុងនោះក្មេង​៤នាក់​ ផ្លូវ​លំ​ទូរទាំងស្រុក​លិចទឹកដាច់​សរុប​៨៧កន្លែង​ ស្មើនឹង​ជាង​៤ម៉ឺនម៉ែត្រ​ ខូចស្ពាន​១កន្លែង​បណ្ដោយ​២២ម៉ែត្រ​ ទទឹង​៣,៥ម៉ែត្រ​ ឋិតនៅ​ក្នុង​ភូមិខ្ញូងលើ ឃុំ​មហាខ្ញូង​​។ ទំនប់​ខូច១១កន្លែង​ ស្មើនឹង​៣ពាន់​៣៣៥ម៉ែត្រ​ នៅឃុំព្រែក​តាណុង និង​ឃុំ​មហាលាភ, លូខូច៥កន្លែង​, បាក់របង​សាលាបឋមសិក្សា​ភូមិវាល ឃុំពាម​ធ្នង​ប្រវែង​៦៥ម៉ែត្រ,​ ផ្ទះរលំ​៣១ខ្នង​១០០%, ផ្ទះត្រូវរុះរើចេញ​ចំនួន​៤៦ខ្នង, និង​សំណាប​ សន្ទូង ចំនួន​២៦៨ហិកតា ត្រូវ​បាន​ខូច​ខាត​ ដោយ​សារ​ទឹកជំនន់​។

គួរកត់សម្គាល់ដែរ​ថា អំណោយ​របស់​សមាគមនារី​​​កម្ពុជា​ នៃក្រសួងព័ត៌មាន​ ដែល​បាន​ចែក​ជូន​ប្រជាជន​រងគ្រោះ​​ ក្នុងគ្រោះ​ទឹកជំនន់​ ចំនួន​១៥០គ្រួសារ​ ក្នុងស្រុកកោះសូទិន្ទ​ គឺ​ក្នុង​នោះ​១គ្រួសារ​ទទួល​បាន​អង្ករ​២០គីឡូក្រាម, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ស្ករស​៣គីឡូក្រាម, ទឹកសុទ្ធឱរ៉ាល់១កេះ, មីយើង៥០កញ្ចប់​,ទឹកដោះគោ១កំប៉ុង,នំ១កញ្ចប់​, និង​ថ្នាំ​ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​បំបាត់​រាគរុះ៕


សរសេរ៖ ប៊ិន ប៊ុណ្ណា!​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s