​មន្រ្តីជំនាញ​អំពាវនាវ​​ឲ្យ​ស្រ្តី​ប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​​ម្សៅលាប​ឲ្យ​ស្បែក​ស

ស្រ្តី​ដែល​ស្ទើ​តែទាំង​អស់​ កំពុង​ពេញ​និយម​ ចង់​បាន​ស្បែក​ស​។ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​នោះ មួយ​ចំនួន​បាន​ប្រើប្រាស់​វិធី​ខុស​ប្លែក​ពីគ្នា ដោយ​មួចំនួន​ប្រើប្រាស់​​វិធីធម្មជាតិ និងមួយ​ចំនួន​បាន​ប្រើប្រាស់​ម្សៅ​លាប​ឲ្យ​ស្បែកស​ ឬហៅថា (ឡេ)​នោះ​។

ការថែទាំស្បែក​តាមបែប​ធម្មជាតិ​ ដូចជា ការប្រើ​រមៀត​លាបស្បែក​ជាដើម​នោះ មិនមែន​ជាបញ្ហា​នោះទេ​ ប៉ុន្ដែ​​វិធី​ថែរក្សាស្បែក​ ឬការធ្វើ​ឲ្យ​ស្បែក​ស ដោយ​ប្រើប្រាស់​ឡេ​នោះ បាន ក្លាយ​ទៅ​ជាកង្វល់​ដ៏ធំសម្រាប់​សង្គមកម្ពុជា​ ដោយ​មាន​មនុស្ស​ពីរនាក់​បាន ស្លាប់​ដោយសារ​ការប្រើប្រាស់​ម្សៅលាប​ឲ្យ​ស្បែក​សមិនត្រឹមត្រូវ​។

លោកជំទាវ ទេព រង្សី ព្រឹត្តិបុរស​សាកលវិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បាន​និយាយ​នៅ​ក្នុងពិធីចែកអំណោយ​ដល់ប្រជាជន​នៅ​ស្រុកកោះសូទិន្ទ ខេត្តកំពង់ចាម​​ថា ស្រ្តី​ភាគច្រើន​ចង់​បាន​ស្បែក​ស ជាពិសេស​នៅមុនពេល​រៀបអាពាពិពាហ៍​ ១សប្ដាហ៍​ ពួកគេ​បាន​ទៅ​លាបម្សៅធ្វើ​ឲ្យ​ស្បែក​ស ។​​ លោកជំទាវបាន​បញ្ជាក់​ថា ដោយ​ការប្រើប្រាស់​ហួសកំណត់​ បាន​បណ្ដាល​ឲ្យ​​ពួកគេ​ស្លាប់​ ដែល​ករណី​នេះ មាន​មនុស្ស​ពីរនាក់​រួច​មក​ហើយ​បាន​ស្លាប់​ដោយ​សារ​ការប្រើ​ប្រាស់​ឡេ​ធ្វើ​ឲ្យ​ស្បែក​ស គឺ​១ម្នាក់​​នៅខេត្តបន្ទាយមានជ័យ និង​១នាក់ទៀត​នៅខេត្ត​កំពង់ស្ពឺ​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា “ដូច្នេះ​សូមកំមើល​ប្រហែស​ឲ្យ​សោះ​ ពីរឿង​ផលិតផល​ ដែល​ជាគ្រឿង​សំអាង​ស្អីក៏ដោយ សូមប្រយ័ត្ន​ប្រយែង​, វាមានជាតិពុល​ ហើយ​បាន​វាស្លាប់​បែបនោះ​ ដូច្នេះ​ការប្រើប្រាស់​សូមប្រយ័ត្នប្រយែង”

លោកជំទាវបាន​បញ្ជាក់ថា សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ បាន​រកឃើញ​សារធាតុ​ពុល​របស់​បារត​ នៅក្នុង​ម្សៅធ្វើ​ឲ្យ​ស្បែក​ស ដែល​សារធាតុ​បារត នៅពេល​វាច្រើនជ្រុល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ដូចជា​ ប៉ះពាល់​ខួរក្បាល, ក្រលៀន, តម្រង់​នោម​លែង​ដំណើរ​ការ, និង​បាត់បង់​ប្រព័ន្ធ​ការពារ​សារពាង្គកាយ​ជាដើម​។​

លោកស្រី​បានបន្ថែម​ថា “​ជាតិបារត គឺជាជាតិ​ម្យ៉ាង​ បើកាលច្រើន​ ច្រើនពេក​ទៅ​ វាធ្វើ​ឲ្យប៉ះពាល់​ដល់​ខួរក្បាល​, ភាពសុំា​នៅក្នុង​ខ្លួន​របស់​យើង​ក៏អត់​មាន​, ភាពការពារ​​ទប់​ទល់​នឹងមេរោគ​ក៏​លែង​មាន”។​​

មាន​ការ​សិក្សា​មួយ​​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ បាន​ឲ្យ​ដឹង​ថា មន្ទីរ ពិសោធន៍ បាន​ពិនិត្យ​ទៅ​លើ​ម្សៅ​លាប​ឲ្យ​ស​ស្បែក​ជាង​៦០០​សំណាក​ ក្នុង​នោះ​មាន​ជិត​១៥%​មាន​ជាតិ​ពុល​របស់​បារត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ និង​វា​អាច​សម្លាប់​មនុស្ស​បាន​ទៀត​ផង​។

ដោយ​ឃើញ​ពី​ផលប៉ះពាល់​នៃជាតិពុល​របស់​បារត​នៅក្នុងម្សៅ​លាប​ឲ្យ​ស្បែក​ស ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​បណ្ដា​ម្ចាស់​ក្រុម​ហ៊ុន​នាំ​ចូល​គ្រឿង​សំអាង​​កាយ​​​ត្រូវ​​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួង​សុខាភិបាល​។ បច្ចុប្បន្ន​នេះ​ មាន​ម្ចាស់​ក្រុម​ហ៊ុន​ ប្រមាណ​ជា​ជិត​៨០​ក្រុម​ហ៊ុន​ បាន​សុំ​ចុះ​បញ្ជី​ ហើយ​មាន​ជាង​២០០០​មុខ​នៃ​គ្រឿង​សំអាង​ ក្នុង​នោះ​មាន​ជាង​១០០​មុខ​ ជា​ក្រែម​លាប​ឲ្យ​ស្បែក​ស ដែល​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​។

ការ​ចុះ​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ ឬ​ចុះ​បញ្ជី​ផលិតផល​គ្រឿង​សំអាង​ គឺ​អាច​ធានា​បាន​អំពី​ផលិត​ផល​នោះ​ មិន​ប៉ះពាល់​ដល់​សុខភាព ព្រោះ​ផលិត​ដែលបាន​ចុះ​បញ្ជី​សុទ្ធតែ​បាន​ប្រាប់​អំពី​រូបមន្ដ​ច្បាស់​លាស់​អំពី​ផលិត​ផល​គ្រឿង​សំអាង​៕

សរសេរ៖ ប៊ិន​ ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s