មាតិកា
១. នាយករដ្ឋមន្រ្តីសម្រេចដកហូតឡូតិ៍នេសាទចំនួន៣៥នៅបឹងទន្លេសាប។
២. អ្នកភូមិបឹងកក់សប្បាយរីករាយទទួលបានការអភិវឌ្ឈន៍នៅនឹងកន្លែងក្នុងដីទំហំ១២,៤៤ហិកតា។
៣. ជុំវិញបញ្ហាដីធ្លីនៅកម្ពុជា។
៤. កម្ពុជានិងថៃនៅតែខ្វែងគំនិតគ្នាអំពីវត្តមានឥណ្ឌូណេស៊ី។
៥.ស្រ្តីជក់បារីប្រឈមនឹងការប៉ះពាល់ច្រើនជាងបុរស។
ជាបន្ដ ខ្ញុំបាទប៊ិន ប៊ុណ្ណា និងកញ្ញាសុខសម្ផស្ស ផល្លីការាយការណ៍ពិស្ដារ !
ប៊ុណ្ណាៈ ជាថ្មីម្ដងទៀត នាយករដ្ឋមន្រ្តីសម្ដេច ហ៊ុន សែន បានប្រកាសជាសាធារណៈ ដោយឲ្យបិទឡូតិ៍នេសាទចំនួន៣៥នៅជុំវិញបឹងទន្លេសាប ដោយសារតែម្ចាស់ឡូត៍ទាំងនោះមិនអនុវត្តតាមសៀវភៅបន្ទុក។ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ សម្ដេចហ៊ុនសែនមានប្រសាសន៍ថា ឡូត៍ខ្លះបានប្រើឧបករណ៍ខុសច្បាប់ដែលធ្វើឲ្យហិនហោចពូជត្រី។ ទន្ទឹមនឹងការប្រកាសបិទឡូតិ៍នេសាទនេះ សម្ដេចក៏បានធ្វើការសុំទោសដល់ប្រជាពលរដ្ឋផងដែរ ទាក់ទងនឹងការគ្រប់ឡូត៍នេសាទនេះ។
ដំឡើងភ្លេងកាត់
ផល្លិកាៈអ្នកស្រីទេពវណ្ណីតំណាងប្រជាពលរដ្ឋតំបន់បឹងកក់ បាននិយាយនៅក្នុងសប្ដាហ៍នេះថា អ្នកភូមិបឹងកក់សប្បាយរីករាយ រកអ្វីប្រៀបពុំបាននោះទេ ដោយទទួលបានការអភិវឌ្ឍន៍នៅនឹងកន្លែង តាមការទាមទាររបស់អ្នកភូមិបឹងកក់។ អ្នកស្រីបន្ថែមថា ក្រោយទទួលបានដំណោះស្រាយថ្មីនេះ អ្នកស្រីមានអារម្មណ៍ថា ដូចបានកើតម្ដងទៀត។ យោងតាមអនុក្រឹត្យ ស្ដីពីការ កែសម្រួលក្រឡាផ្ទៃដីតំបន់អភិវឌ្ឈន៍បឹងកក់ របស់រាជរដ្ឋាភិបាល ដែលបានកាត់ដីទំហំ ១២,៤៤ហិកតា ក្នុងទំហំដីអភិវឌ្ឍន៍១១៤,៤១ហិកតា របស់ក្រុមហ៊ុន ស៊ូកាគូអិន ជូនទៅប្រជាជនតំបន់បឹងកក់ជាង១ពាន់គ្រួសារ សម្រាប់ការអភិវឌ្ឍន៍នៅនឹងកន្លែង។
ដំឡើងភ្លេងកាត់
ប៊ុណ្ណាៈ កាលពីថ្ងៃអង្គារិ៍នេះ ប្រជាពលរដ្ឋឋិតនៅក្រោមស្ពានជ្រោយចង្វា កំពុងសម្ដែងការព្រួយបារម្ភ អំពីការបណ្ដេញចេញពីលំនៅឋាន។ អ្នកស្រីសេងសវនជាស្រ្តីមេផ្ទះម្នាក់ រស់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ និយាយថា អ្នកស្រីមិនជំទាស់ទេនឹងការសាងសង់ស្ពានថ្មីនេះ តែសូមឲ្យអាជ្ញាធរដែនដី ផ្ដល់នូវសំណងសមរម្យដល់ប្រជាពលរដ្ឋដែលត្រូវទៅរស់នៅកន្លែងថ្មី។ គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌដូនពេញ បានដាក់ឱសានវាទ រយៈពេល១៥ថ្ងៃ ឲ្យប្រជាពលរដ្ឋ១៦០គ្រួសារ រស់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រុះរើផ្ទះចេញពីទីតាំងសាងសង់ស្ពានជ្រោយចង្វារថ្មី (ស្ពានមិត្តភាពកម្ពុជា–ចិន)។ ស្ពានជ្រោយចង្វារថ្មីនេះ មានបណ្ដោយប្រវែង១២៦០ម៉ែត្រ ទទឹង១៣,៥ម៉ែត្រ មានតម្លៃ២៧,៥លានដុល្លារ អាមេរិក ហើយគ្រោយប្រើរយៈពេល៣៨ខែ ដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ៕
ដំឡើងភ្លេងកាត់
ផល្លិកាៈប្រជាពលរដ្ឋចំនួនបីខេត្ត មកពីខេត្តកណ្ដាល កំពង់ចាម និងខេត្តកំពង់ឆ្នាំង ប្រមាណជា១០០នាក់ បានមកជួបជុំគ្នានៅសមាគមសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃចន្ទនេះ ដើម្បីអំពាវនាវដល់រាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលជួយធ្វើការអន្តរាគមន៍ ចំពោះវិវាទដីធ្លី របស់ពួកគេ ដែលត្រូវក្រុមឈ្មួញមានអំណាចនិងក្រុមហ៊ុនមួយចំនួនធ្វើការរំលោភបំពាន។ អ្នកស្រីសែមសុភាពប្រជាពលរដ្ឋរស់នៅភូមិអូប្រាំពីរ ឃុំព្រែកកក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកស្រីនិងអ្នកភូមិចំនួន៥៦គ្រួសារ ត្រូវបានក្រុមហ៊ុនមួយចំនួនរំលោភបំពាន យកដីដោយសំអាងថា ទទួលបានដីសម្បទានពីរដ្ឋ ប៉ុន្តែមិនបានផ្ដល់សំណងជូនប្រជាពលរដ្ឋ នៅតំបន់នោះឡើយ។ ដោយឡែកប្រជាពលរដ្ឋភូមិតាក្ដុល ឃុំព្រែកហូរ ខេត្តកណ្ដាល អ្នកស្រីស៊ិន រ៉ុន បាននិយាយថា ប្រជាពលរដ្ឋ២៩២គ្រួសារ បានបាត់បង់ដីចំនួន៤៥២ហិកតារ កាលពីឆ្នាំ២០០៩ ដោយក្រុមហ៊ុនមួយបានយក ដីនេះ ដោយសំអាងថា ជាដីរបស់ខ្លួន។ ប៉ុន្តែអ្នកស្រីអះអាងថា ប្រជាពលរដ្ឋ បានរស់នៅលើដីនេះតាំងពីឆ្នាំ១៩៨១មកម្ល៉េះ។ អ្នកស្រីកែវ សុខា ប្រជាពលរដ្ឋភូមិឡពាំង ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ របស់ប្រជាពលរដ្ឋ១០៨គ្រួសារ ជាមួយក្រុមហ៊ុនមួយបានកើតឡើងអស់រយៈពេល១០ឆ្នាំមកហើយ រហូតឡើងដល់តុលាការ ប៉ុន្ដែនៅតែមិនមានដំណោះស្រាយសម្រាប់អ្នកភូមិនោះឡើយ។ អ្នកស្រី បានបញ្ជាក់ថា ដីចំការរបស់អ្នកស្រីចំនួន២៩០អា ដែលត្រូវប្ដឹងផ្ដល់ ជាមួយក្រុមហ៊ុននោះ ពេលនេះសាលាដំបូងខេត្តកំពង់ឆ្នាំង បង្គាប់ឲ្យអ្នកស្រីបង់ប្រាក់ប្រដាប់ក្ដី ចំនួន៩០ម៉ឺនរៀល ប៉ុន្ដែអ្នកស្រីពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បង់ប្រាក់ប្រដាប់ក្ដីនោះទេ៕
ដំឡើងភ្លេងកាត់
ប៊ុណ្ណាៈ មានសេចក្ដីរាយការណ៍កាលពីថ្ងៃចន្ទនេះថា របាយការណ៍បួនឆ្នាំចុងក្រោយនេះ កម្ពុជាមានវិវាទដីធ្លីរាប់រយករណី។ ក្នុងនោះនៅរាជធានីភ្នំពេញមានករណីវិវាទដីធ្លីច្រើនជាងគេ។ បទបង្ហាញមួយដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃចន្ទ បានលើកឡើថា ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ មានវិវាទដីធ្លីចំនួន២២៣ករណី គិតចាប់ពិឆ្នាំ២០០៧មក។ របាយការណ៍នេះផ្អែកតាមរយៈបណ្ដាញសារព័ត៌មានជាតិនិងអន្ដរជាតិ ការបោះពុម្ពផ្សាយរបស់អង្គការមិនមែនរដ្ឋាភិបាល និងអង្គការដ៏ទៃ និងការចុះស្រាវជ្រាវ និងបទសម្ភាសន៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកអ៊ូវីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា វិវាទដីធ្លី អាចមានច្រើនជាងការរកឃើញ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកបន្ថែមថា ផ្អែកតាមរបាយការណ៍មានប្រជាពលរដ្ឋជិត១លាននាក់ហើយ ដែលរងផលប៉ះពាល់ផ្ទាល់ពីករណីវិវាទដីធ្លី។
ដំឡើងភ្លេងកាត់
ផល្លិកាៈកាលពីថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ព្រៃឡង់ បន់ស្រន់វត្ថុស័ក្កសិទ្ធិ ឲ្យជួយការពារព្រៃឡង់។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជា៣០០នាក់ បានធ្វើពិធីបន់ស្រន់ នៅមុខព្រះអង្គដង្កើ មុខព្រះបរមរាជវាំង ឲ្យមានការ អភិរក្សព្រៃឈើ នៅតំបន់ព្រៃឡង់ ក្នុងខេត្តចំនួន៤ គឺខេត្តកំពង់ធំ, ក្រចេះ, ព្រះវិហារ និងខេត្តស្ទឹងត្រែង។ បន្ទាប់ពីរៀបចំពិធីបន់ស្រន់ ប្រជា សហគមន៍ ក៏បានរួមគ្នា ចែកខិត្តប័ណ្ណ ស្ដីពីអត្ថប្រយោជន៍របស់ព្រៃឡង់ និងផលប៉ះពាល់នានា ក្រោយពីការកាប់បំផ្លាញព្រៃឡង់ផងដែរ។ នេះជាលើកទី៣ហើយ ដែលប្រជាពលរដ្ឋមកពីសហគមន៍ព្រៃឡង់ ធ្វើការទាមទារឲ្យមានការអភិក្ស និងថែរក្សាតំបន់ព្រៃឡង់ ដែលត្រូវបានធ្វើឲ្យខូចខាត ដោយការរាជរដ្ឋាភិបាល។ យោងតាមការសិក្សាបានបង្ហាញថា ព្រៃឡង់គឺជាព្រៃ ដែលធំជាងគេបង្អស់ ហើយមានស្លឹកឈើគ្រប់រដូវ ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន។ ព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡា៕
ដំឡើងភ្លេងកាត់
ប៊ុណ្ណាៈបន្ទាប់ពីនាយករដ្ឋមន្រ្តី កម្ពុជា បានប្រកាសជាសាធារៈ អំពីការបង្កើនចំណងមិត្តភាព រវាងកម្ពុជានិងថៃក្រោយពីនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រីយីងឡាក់ ចូលកាន់តំណែងមក គេសង្កេតឃើញថា ទំនាក់ទំនងនៃប្រទេសទាំងពីរចុងក្រោយនេះ ហាក់ដូចជាកំពុងដើរទៅមុខ។ ប៉ុន្ដែភាពប្រទាំងប្រទិសគ្នារវាងប្រទេសទាំងពីរ នៅតែមាននៅឡើយ គឺនៅត្រង់ប្រទេសថៃ មិនចង់ឲ្យមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅតំបន់គ្មានកងទ័ព។
លោកបណ្ឌិតសុខ ទូច សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ បានបញ្ចេញទស្សនៈថា បើសិនជាកម្ពុជាមិនមានការប្រុងប្រយ័ត្នទេនោះ កង់ប្រវត្តិសាស្រ្ត នឹងវិលត្រឡប់មករកកម្ពុជាសាជាថ្មីវិញ។ នៅត្រង់នេះ លោកបណ្ឌិតពន្យល់ថា ដើមឡើយ ប្រទេសវៀតណាមកើតមានជម្លោះដោយបែងចែកវៀតណាមអាវស និងវៀតណាមអាវខ្មៅ ប៉ុន្ដែនៅពេលពួកគេត្រូវរូវគ្នាវិញនោះ នៅទីបំផុតកម្ពុជាជាជាអ្នកខាតបង់ទឹកដី។ បច្ចុប្បន្ននេះ ថៃមានអាវលឿង និងអាវក្រហម ប៉ុន្ដែនៅពេលណាមួយថៃ ត្រូវគ្នាវិញ គេនៅតែជាថៃដដែល។ ដូច្នេះ កម្ពុជាត្រូវប្រកាន់ជំហរដោះស្រាយតាមផ្លូវច្បាប់ ចៀសវាងការដោះស្រាយតាមផ្លូវនយោបាយ។
លោកបណ្ឌិតបានធ្វើការពន្យល់ដែរថា ប្រសិនបើកម្ពុជា ព្រមព្រៀងធ្វើការដោះស្រាយជាមួយប្រទេសថៃដោយមិនមានវត្តមានឥណ្ឌូណេស៊ីទេនោះ គឺលទ្ធផលនឹងវិលទៅរកអតីតកាល ព្រោះថៃ នឹងធ្វើការក្រឡាស់ចុះក្រឡាស់ឡើង ដូចសម័យអតីតនាយករដ្ឋមន្រ្តីថៃ លោកសាម៉ាកស៊ុន ដារាវ៉េត ដោយសារតែគំនាបពីក្រុមព្រះបរមរាជ្យវាំងថៃ។ លោកបន្ដថា ការចរចាតាមបែបនយោបាយថៃពូកែក្រឡាស់សម្ដីណាស់ ប៉ុន្ដែប្រសិនបើកម្ពុជាអនុវត្តតាមផ្លូវច្បាប់ ដែលជាការសម្រេចរបស់តុលាការទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ដែលបានបង្គាប់ឲ្យឥណ្ឌូណេស៊ីទៅកាន់តំបន់គ្មានជម្លោះបណ្ដោះអាសន្ន គឺមានប្រសិទ្ធិភាពជាង ព្រោះមានសាក្សីដឹងព្ញអំពីការចរចានានា។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកយុទ្ធស័ក្ក សាស៊ីប្រាផា និយាយថា ប្រសិនបើមិនចំាបាច់បញ្ជូនអ្នកសង្កេតការ៍ឥណ្ឌូណេស៊ី ទៅកាន់តំបន់ជម្លោះជិតប្រាសាទព្រះវិហារ បើសិនជាកម្ពុជានិងថៃឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ដោះស្រាយបញ្ហារវាងខ្លួនឯងនោះ។
ប៉ុន្ដែលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកកម្ពុជា បានទាត់ចោលចំពោះទស្សនៈលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃនោះ ដោយលោកថា កម្ពុជានៅតែគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដាដដែល ពោលគឺ នៅពេលកម្ពុជាដកទ័ពចេញពីតំបន់ដែលត្រូវគ្មានកងទ័ពបណ្ដោះអាសន្ននោះ ត្រូវតែធ្វើឡើងព្រមគ្នា ជាមួយប្រទេសថៃ ហើយបញ្ហានេះ ត្រូវតែមានវត្តមានឥណ្ឌូណេស៊ីជាសាក្សី។
ថ្វីបើប្រទេសកម្ពុជា និងថៃ មានទស្សនៈខ្វែងគំនិតគ្នា នៅត្រង់វត្តមានឥណ្ឌូណេស៊ីនៅតំបន់គ្មានជម្លោះក៏ដោយ ក៏លោកកុយ គួង បាបញ្ជាក់ថា បញ្ហានេះ វាមិនប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរនោះទេ ហើយលោកបានសម្ដែងការមិនជឿជាក់ថា វានឹងកើតមិនមានភាពស្មុគ្រស្មាញ ដូចមុន ដូចសម័យអាភីស៊ីតវីចាជីវ៉ានោះទេ។ ផ្ទុយទៅវិញលោកជឿជាក់ថា អ្វីៗកំពុងតែធូរស្រាល នៅគ្រាដែលប្រទេសថៃ មាននាយករដ្ឋមន្រ្តីថ្មីនាពេលបច្ចុប្បន្ននេះ៕
ដំឡើងភ្លេងកាត់
ផល្លិកាជាទូទៅស្ត្រីជក់បារីមានចំនួនតិចតួចទេនៅកម្ពុជា។ថ្វីបើមានចំនួនតិចតួចបែបនេះប៉ុន្ដែស្រ្តីជក់បារីមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពជាងបុរស។លោកម៉ាកស្វីសូនាយកអង្គការអាដ្រាកម្ពុជានិយាយថាបច្ចុប្បន្ននេះស្ត្រីនៅកម្ពុជាបានប្រើប្រាស់ថ្នាំជក់មានត្រឹមតែ៥%ប៉ុណ្ណោះខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានប្រើប្រាស់ថ្នាំជក់ជាង៤០%។លោកម៉ាកស្វីសូបានឲ្យដឹងទៀតថាប្រសិនបើស្រ្តីមានផ្ទៃពោះប្រើប្រាស់ថ្នាំជក់នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងម្ដាយនិងកូន។
យោងតាមការសិក្សាថ្មីមួយទៀតបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មានស្រ្តីជក់បារីប្រឈមក្នុងការវិវត្តន៍ទៅនឹងជំងឺបេះដូងច្រើនជាងបុរសជក់បារីប្រមាណជា២៥%។ យោងតាមគេហទំព័ររបស់Health.com.kh បានឲ្យដឹងថា ការសិក្សាថ្មីនេះ បានផ្អែកទៅលើការវិភាគលើការសិក្សាពីមុនៗចំនួន៨៦ករណី ដែលសិក្សាលើមនុស្សជាង៤លាននាក់។ នៅក្នុងក្រុមសិក្សាចំនួន៧៥ អ្នកស្រាវជ្រាវកត់ត្រានូវកត្តាប្រឈមមុខនៃជំងឺបេះដូង និងជំងឺសរសៃឈាម ច្រើនជាងជំងឺសរសៃឈាមបេះដូង Coronary។ក្នុងចំណោមមនុស្សចូលរួម ក្នុងការសិក្សាទាំងនេះ ប្រមាណ២,៤លាននាក់ ពួកគេបានរកឃើញថា មនុស្សស្រីជក់បារី មានការប្រឈមមុខជាងអ្នកមិនជក់បារី២៥%៕
Writer: Bin Bunna