ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍វិទ្យុស្រ្តី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១១

មាតិកាព័ត៌មាន
១. ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ស្តាឡើងវិញនូវទំនាក់ទំនងលើគ្រប់វិស័យ។
២. ថៃមិនសុំកម្ពុជាធ្វើបត្យាប័នថាក់ស៊ីន។
៣. នាយករដ្ឋមន្ត្រីខ្មែរអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះចរាចរណ៍

៥. សាលារាជធានីភ្នំពេញ ស្នើដល់ម្ចាស់រថយន្ដ និងម្ចាស់រថយន្ដឈ្នួល មិនត្រូវឡើងថ្លៃក្នុងឱកាសថ្ងៃបុណ្ឌភ្ជុំបិណ្ឌនោះទេ។
៦. កម្ពុជាគ្រោងចំណាយប្រាក់ជាង១លានដុល្លារសម្រាប់រៀបចំមហាសន្និបាតលើកទី៣២ស្ដីពីអន្ដរសភាអាស៊ាន(AIPA)។
៧. ធនាគាអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនដល់៦,៨% ក្នុងឆ្នាំ២០១១។
៨. ឥទ្ធិពលសម្ពាធទាបនៅតែបន្ដការប៉ះពាល់រហូតដល់ដើមខែតុលា ឬចុងខែកញ្ញា។
៩. ក្រសួងធនធានទឹក ព្រមានអំពីគ្រោះ ទឹកជំនន់ទន្លេមេគង្គ
១០. ជំនន់ទឹកភ្លៀង បានសម្លាប់មនុស្ស ១៤នាក់ នៅខេត្តចំនួនបី។
១១. អំពើហិង្សាលើស្រ្តីចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ មានការថយចុះ។
១២. កងទ័ពប្រចាំទិសប្រាសាទព្រះវិហារទៅកាន់បិណ្ឌទី១។
១៣. ថ្ងៃកាន់បិណ្ឌនៅវត្តនិរោធរង្សីមានពុទ្ធបរិស័ទចូលរួមច្រើនជាងឆ្នាំមុន។
១៤. បទសម្ភាសន៍អំពីពិធីបុណ្យកាន់បិណ្ឌ។

ជាបន្ដខ្ញុំបាទប៊ុណ្ណា និងកញ្ញា ឆែមស្រីពៅរាយការណ៍ពិស្ដារ!

កិច្ចចរចារវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ កាលពីថ្ងៃរសៀលទី១៥កញ្ញា ឆ្នាំ២០១១ បានធ្វើឡើងដោយជោគជ័យ និងផ្តល់ឱកាសល្អឲ្យមានការយោគយល់ ព្រមទាំងឯកភាពគ្នា ធ្វើឲ្យវិស័យជាច្រើន បន្តការសម្រុះសម្រួល និងអភិវឌ្ឍន៍ ពិសេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងដោះស្រាយលើបញ្ហាព្រំដែន ។លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រាប់ក្រុមអ្នកកាសែតថា លោកស្រីនាយករដ្ឋមន្ត្រីថៃ យ៉ីងឡាក់ បានសុំសម្តេចហ៊ុនសែន ឲ្យមានការតាំងពិព័រណ៍រួមគ្នារវាងកម្ពុជា និងថៃ នាពេលខាងមុខ។ សម្តេចហ៊ុនសែន បានឆ្លើយតបយល់ព្រម។
ជាមួយគ្នានោះ លោកស្រី យ៉ីងឡាក់ ក៏បានលើកឡើងពីបញ្ហាជនជាតិថៃ ២ នាក់ ដែលកំពុងជាប់ឃុំឃាំងនៅកម្ពុជា ក្នុងរឿងចារកម្ម។ ចំណុចនេះ ត្រូវបានលោក ហោ ណាំងហុង លើកឡើងថា សម្តេចហ៊ុនសែន បានបញ្ជាក់ទៅកាន់លោកស្រី យ៉ីងឡាក់ ថា រដ្ឋាភិបាលកម្ពុជានឹងពិនិត្យលើបញ្ហានេះ ហើយថា រដ្ឋាភិបាលកម្ពុជា អាចនឹងស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីបន្ធូបន្ថយទោសជាជំហ៊ានៗ ដល់ជនជាតិថៃទាំងពីរ។ កម្ពុជាក៏ត្រូវគោរពតាមច្បាប់ និងគោរពទៅតាមសេចក្តីសម្រេចរបស់តុលាការ។ នោះគឺច្បាប់កម្ពុជា តម្រូវឲ្យទណ្ឌិតជាប់ទោស ២ ភាគ ៣ នៃទោស ដែលតុលាការបានសម្រេចមុននឹងសុំព្រះមហាក្សត្រលើកលែងទោស។
អំពីបញ្ហាព្រំដែនកម្ពុជា-ថៃវិញ ត្រូវបានលោក ហោ ណាំហុង លើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ បានព្រមព្រៀងគ្នាថា ធ្វើយ៉ាងណាឲ្យកងទ័ពទាំងពីរជួបគ្នា ដើម្បីរក្សាបរិយាកាសឲ្យកាន់តែល្អថែមទៀត។ ក្នុងនោះ សម្តេចហ៊ុនសែន បានលើកឡើងថា ប្រទេសទាំងពីរ ត្រូវតែដកកងទ័ព ចេញពីតំបន់គ្មានកងទ័ព ដែលកំនត់ដោយតុលាការឡាអេ។ តែក្នុងការដកកងទ័ពនោះ យើងមិនប្រើពាក្យដកកងទ័ពទេ តែប្រើពាក្យថាសម្របសម្រួលកងទ័ពដោយយើងពុំអាចដកទ័ពចេញពីទឹកដីរបស់យើងបានទេ។
ចំពោះការសម្របសម្រួលកងទ័ព នៅតំបន់ពុំមានកងទ័ពក្នុងតំបន់ព្រំដែនប្រាសាទព្រះវិហារ ត្រូវបានលោក ហោ ណាំហុង គូសបញ្ជាក់ថា សម្តេចហ៊ុនសែន បានបញ្ជាក់ទៅកាន់លោកស្រី យ៉ីងឡាក់ថា បញ្ហានេះ ត្រូវតែមានការចូលរួមពីអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។ សម្រាប់ពេលអនាគត និងជំហ៊ានទៅមុខទៀត ត្រូវដោះស្រាយយ៉ាងណាបន្តទៀត គឺត្រូវរង់ចាំការបកស្រាយសាលក្រម របស់តុលាការឡាអេ៕
ដំឡើងភ្លេងកាត់ព័ត៌មាន

ដំឡើងភ្លេងកាត់ព័ត៌មាន
ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានអំពាវនាវឲ្យមានការធានាសុវត្ថិភាពចរាចរណ៍ ដោយធានាឲ្យបានកុំឲ្យមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទាំងនៅក្នុងអំឡុងថ្ងៃដាក់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា នៅកោះពេជ្រ កាលពីដើមសប្ដាហ៍នេះ សម្ដេចហ៊ុនសែន បានមានប្រសាសន៍ថា សព្វថ្ងៃនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងកើនឡើងជាលំដាប់ ដោយសម្ដេចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនពេកនៅកម្ពុជា។នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា មាន ការកើន ឡើង គួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យមនុស្សជាច្រើននាក់ ត្រូវរងរបួស និង ស្លាប់ ហើយខូចខាតទ្រព្យសម្បត្ដិ អស់មួយចំនួនធំ។ ក្រុមអ្នកតាមដាន បញ្ហាគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជា បានលើកឡើងថា ចំនួនមនុស្ស ស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍មានការកើន ឡើងខ្ពស់ជាងចំនួនអ្នកស្លាប់ ដោយសារមេរោគអេដស៏និងជំងឺ អេដស៏ទៅទៀត។ តួលេខបានបង្ហាញថា ប្រទេស កម្ពុជា មានចំនួនអ្នកស្លាប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ចន្លោះពី៣ទៅ៥នាក់ក្នុង១ថ្ងៃ ដែលតួលេខនេះខ្ពស់ជាងគេ នៅក្នុងចំណោមបណ្ដាប្រទេស ជាសមាជិកអាស៊ាន ដទៃទៀត៕
ដំឡើងភ្លេងកាត់ព័ត៌មាន
ដំឡើងភ្លេងកាត់ព័ត៌មាន
សាលារាជធានីភ្នំពេញ បានប្រាប់ទៅម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកអ្នកដំណើរមិនឲ្យឡើងថ្លៃ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១។ យោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ បានឲ្យដឹងថា ក្នុងឱកាសបុណ្យធំៗ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកអ្នកដំណើរមួយចំនួន តែងតែឆ្លៀតឱកាសតំឡើងថ្លៃជិះរថយន្ដ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការត្អូញត្អែរ ហើយប្រជាពលរដ្ឋខ្លះ ដែលជិះរថយន្ដឈ្នួលដោយសារតែតំលៃ រថយន្ដថ្លៃពេកក៏សម្រេចជិះប្រជ្រៀតគ្នាលើសដល់ចំណុះ ឬជិះលើដំបូង ដែលបង្កឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ នៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ កំពុងជួបការលំបាក និងដើម្បី ជៀសវាងនូវគ្រោះថ្នាក់ចរាចរ ដែលបណ្ដាលមកពីការដឹក លើសចំណុះសាលារាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់ក្រមហ៊ុន និងម្ចាស់រថយន្ដដឹកអ្នកដំណើរ ទាំងទៅមកពីភ្នំពេញទៅបណ្ដាខេត្តក្រុងនានា ទាំងអស់ កុំតំឡើងថ្លៃឈ្នួលរថយន្ដ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕
ដំឡើងភ្លេងកាត់ព័ត៌មាន
ប្រទេសកម្ពុជាបានសម្រេចត្រៀមប្រាក់១លាន៣សែនដុល្លារ សម្រាប់ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតលើកទី៣២ អន្តរសភាអាស៊ាន(AIPA) ដែលនឹងប្រព្រឹត្តិទៅនៅ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ ខាងមុខនេះ។ លោកជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគា និងសវនកម្ម នៃរដ្ឋសភាជាតិ បាននិយាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី “តួនាទីរបស់អន្តរសភាអាស៊ានក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគាកំាបូឌីយ៉ាណាកាលពីព្រឹកមិញនេះថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចំណាយប្រាក់ជាង១លានដុល្លារ ដើម្បីរៀបចំមហាសន្និបាតលើកទី៣២ អន្តរសភាអាស៊ាន ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។ លោកជាម យៀប បានបញ្ជាក់ថា ខាងរដ្ឋសភាបានស្នើសុំទឹកប្រាក់ចំនួន ១,៩ លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំរយៈពេល ១សប្តាហ៍ នៃមហាសន្និបាត អាយប៉ា ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានសម្រេច ឲ្យតែ ១,៣ លានដុល្លារប៉ុណ្ណោះ។ មហាសន្និបាតអាយប៉ា នៅរាជធានីភ្នំពេញ នឹងមានថ្នាក់ដឹកនាំរដ្ឋសភាព្រឹទ្ធសភាមកពីបណ្តាលប្រទេសជាង ២០ ចូលរួម។ ក្នុងនោះ មានប្រទេសសមាជិកពេញសិទ្ធិរបស់អាយប៉ាចំនួន ១០ ប្រទេស, ប្រទេសអ្នកសង្កេតការណ៍ពិសេស និងប្រទេសអ្នកសង្កេតការណ៍ជាដៃគូចំនួន ១១ ប្រទេស ដូចជា ប្រទេសចិន អូស្ត្រាលី និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប ជាដើម៕
ដំឡើងភ្លេងកាត់ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍សេដ្ឋកិច្ចកម្ពុជានៅក្នុងសប្ដាហ៍នេះថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៦.៨% នៅក្នុងឆ្នាំ២០១១នេះ។ ការកើនឡើង ដោយសារតែកំណើននាំចេញសម្លៀកបំពាក់ ការនាំចេញអង្ករ និងចំនួនភ្ញៀវទេសចរណ៍មកកំសាន្ដនៅកម្ពុជាមាននិន្នាការកើនឡើង។ ដោយឡែកសម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានធ្វើការព្យាករណ៍កាលពីដើមសប្ដាហ៍នេះដែរថា កំណើនការនាំចេញសម្លៀកបំពាក់ និងការកើនឡើងភ្ញៀវទេសចរណ៍ នឹងនាំឲ្យសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាកើនឡើងដល់៧,៨% លើសការរំពឹងទុក ដែលបានប៉ាន់ប្រមាណថា មានត្រឹម៦%ប៉ុណ្ណោះនោះ៕
ដំឡើងភ្លេងកាត់ព័ត៌មាន
ឥទ្ធិពលប្រព័ន្ធសំពាធទាបនៅតែបន្ដផលប៉ះពាល់ដល់បណ្ដាខេត្តមួយចំនួននៅតាមតំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ រហូតដល់ដើមខែតុលាឬចុងខែកញ្ញា ដែលបង្កផលប៉ះពាល់ អាយុជីវិត ទ្រព្យសម្បត្តិ ផលដំណាំ ប្រជាពលរដ្ឋ ដោយទឹកជនលិច។
ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គដោយបច្ចុប្បន្ននេះ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងបង្កើនឥទ្ធិពលទៅលើអាងទន្លេមេគង្គភាគខាងលើ។ ដោយស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅអាងទន្លេមេគង្គលើ(ក្នុងប្រទេសឡាវ និងប្រទេសថៃ) រួមទាំងប្រទេសកម្ពុជាផងដែរ ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលមជ្ឈមណ្ឌលព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១នេះបានឲ្យដឹងថា បន្ទាប់ពីក្រសួងបានធ្វើការតាមដាន និងសង្កេតទៅលើស្ថានភាពអាកាសធាតុបន្ថែម រួចមកបានឲ្យដឹងថា បច្ចប្បន្នប្រព័ន្ធសម្ពាធទាប កំពុងបង្កើនឥទ្ធិពលនៅលើអាងទន្លេមេគង្គលើក្នុងប្រទេសឡាវ និងថៃ។បាតុភូធធម្មជាតិនេះ នឹងញធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកម្ពុជា ទន្លេសាប បឹងទន្លេសាប និងទន្លេបាសាក់កើនឡើងវិញជាបន្តបន្ទាប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ នេះតទៅ ។
ក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា បើតាមការព្យាករណ៍ កម្ពស់ទឹកទន្លេនានាក្នុងប្រទេសកម្ពុជា នឹងមានស្ថានភាពមួយដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ក្នុងនោះមានដូចជា នៅ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាមទឹក នឹងឡើងដល់កម្រិតកម្ពស់មួយ ដែល ត្រូវប្រុងប្រយ័ត្ន ក្នុងអំលុងពេល៤ ទៅ៥ថ្ងៃខាងមុខនេះ ។
ជាមួយគ្នានេះដែរទន្លេមេគង្គក្រោម (ស្ថានីជលសាស្រ្តអ្នកលឿង) ទឹកនឹងឡើងដល់កម្ពស់ 7,50m ដែលជាកម្រិតកម្ពស់មួយ ដែលត្រូវប្រុងប្រយ័ត្ន ទន្លេសាប (ស្ថានីជលសាស្រ្តព្រែកក្តាម) ទឹកនឹងឡើងដល់កម្ពស់ 9,50m ដែលជាកម្រិតកម្ពស់មួយដែលត្រូវប្រុងប្រយ័ត្ន និងទន្លេបាសាក់ (ស្ថានីជលសាស្រ្តកោះខែល) ទឹកនឹងឡើងដល់កម្ពស់មួយ ដែលត្រូវប្រុងប្រយ័ត្នបមផុត ។
ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេទាំងអស់ មានការប្រុងប្រយ័ត្នជាពិសេសគឺ ប្រជាកសិករដែលប្រកបរបរកសិកម្មនៅតំបន់ទំនាបតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងតំបន់លឹចទឹកនានា គួរពន្យាការដាំដុះមួយរយៈ ចាប់ពីពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១១នេះ ដើម្បីជៀសវាងនូវការខូចខាតផ្សេងៗ ដោយ ទឹកជំនន់។យ៉ាងនាក៏ដោយក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាព ទឹកជំនន់នេះជាបន្តបន្ទាប់ទៀត ប្រសិនបើមានការប្រែប្រួលយ៉ាងណានោះ ៕
ដោយឡែកទាក់ទងនឹងជំនន់ទឹកភ្លៀងវិញ ជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី១៥កញ្ញា ឆ្នាំ២០១១នេះ ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សចំនួន១១នាក់។ ក្នុងនោះ៧ នាក់ ស្លាប់ដោយលង់ទឹក និងម្នាក់ស្លាប់ ដោយសារពស់ចឹក។ ជារួម គិតមកដល់ថ្ងៃទី១៥កញ្ញា ឆ្នាំ២០១១ ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស បានសម្លាប់មនុស្ស១៤ នាក់។
លោកកែវ វី នាយខុទ្ទកាល័យ ការពារគ្រោះមហន្ដរាយ បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង១៤នាក់ គឺ១១នាក់ស្លាប់នៅខេត្តកំពង់ធំ, សៀមរាប ស្លាប់១នាក់ និងនៅខេត្តព្រះវិហារស្លាប់មនុស្សចំនួន២នាក់៕
ដំឡើងភ្លេងកាត់ព័ត៌មាន
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍របស់ក្រសួងកិច្ចការនារីនៅសណ្ឋាគារសាន់វេ នៅក្នុងសប្ដាហ៍នេះ ដែលរបាយការណ៍ស្ដីពីការពិនិត្យតាមដានអំពើហិង្សាលើស្រ្តីឆ្នាំ២០១០ បានបង្ហាញថា អំពើហិង្សាក្នុងក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការថយចុះ។ ទិន្នន័យនោះបានបង្ហាញឲ្យដឹងដែរថា ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩ របាយការណ៍បានបញ្ជាក់ថា អំពើហិង្សានៅក្នុងប្រទេសកម្ពុជាថយចុះចំនួន២៤%។ តាមការស្រាវជ្រាវបែបចិត្តសាស្រ្តបានបង្ហាញថា សតិអាមរ្មណ៍របស់បុរសឬស្រ្តី ដែលមិនបញ្ចេញកំហឹង ដោយការគប់របស់របរប្រើប្រាស់ទៅលើដៃគូររបស់ខ្លួនមាន៨០%។ លោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ដើម្បីបង្កើនធនធានមុស្សត្រូវទប់ស្ដាត់អំពើហិង្សា ហើយអំពើហិង្សា ដេលត្រូវកាត់បន្ថយជាចំបង គឺអំពើហិង្សាក្នុងគ្រួសារ។ ប្រសិនបើអំពើហិង្សាក្នុងគ្រួសារត្រូវបានទប់ស្កាត់ អំពើហិង្សាក្រៅគ្រួសារក៏ងាយស្រួល ក្នុងការកាត់បន្ថយផងដែរ។ លោកស្រីបានបញ្ជាក់ថា តាមការស្រាវជ្រាវបានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារ អាចថយចុះប្រសិនបើស្រ្តីមានការងារធ្វើ និងស្រ្តីមានអំណាចសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀតក្នុងសង្គមជាតិ អាចកាត់បន្ថយអំពើហិង្សាបាន ដោយប្រកាន់យកវប្បធម៌អហិង្សា និងវប្បធម៌សន្ដិភាព។ របាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងឆ្នាំ២០០៩ អំពើហិង្សាក្នុងគ្រួសារមានចំនួន១៥០ករណី។ ក្នុងឆ្នាំ២០១០ អំពើហិង្សាក្នុងគ្រួសារមានជាង៥០ករណី។ ដោយឡែកក្នុងប្រាំមួយ(៦ខែ)ដំបូងនៃឆ្នាំ២០១១នេះ អំពើហិង្សាក្នុងគ្រួសារមានចំនួនជាង២០ករណី។ គួររំលឹកថា របាយការណ៍ដែលក្រសួងកិច្ចការនារី ប្រមូលបាន ដែលទាក់ទងនឹងករណីអំពើហិង្សានេះបានប្រភពពីក្រសួងមហាផ្ទៃ អង្គការលីកាដូ សមាគមសិទ្ធិមនុស្សអាដហុក បណ្ដាញផ្សាយព័ត៌មាន និងបណ្ដាក្រសួងពាក់ព័ន្ធ ផ្សេងៗទៀត៕
ដំឡើងភ្លេងកាត់ព័ត៌មាន
លោកស្រីឌឹក មេបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ បានឲ្យដឹងថា ស្ថានភាពព្រំដែនស្ងប់ស្ងាត់ធម្មតាទេ នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ កងទ័ពបានសសាក់សស្រាំ ទៅវត្ត ដើម្បីចូលរួមកាន់បិណ្ឌទី១ នៃថ្ងៃកាន់បិណ្ឌ ដែលជាបុណ្យសាសនាដ៏ធំរបស់កម្ពុជា។ ប៉ុន្ដែលោកស្រីឌឹក មានប្រសាសន៍ថា បើទោះបីជាកងទ័ពនាំគ្នាទៅធ្វើបុណ្យដូចនេះក៏ដោយ ប៉ុន្ដែ តួនាទីការពារជាតិមិនមានការធ្វេសប្រហែសនោះទេដោយកងទ័ពបានចល័តគ្នាការពារព្រំដែន៕
ដំឡើងភ្លេងកាត់ព័ត៌មាន
នៅក្នុងសប្ដាហ៍នេះដែរ ព្រះតេជគុណស្រេង សុខា គ្រូសូត្រឆ្វេងនៅវត្តនិរោធរង្សី បានមានសង្ឃដីកាថា នៅឆ្នាំនេះខុសប្លែកពីឆ្នាំមុន គ្រាន់តែចូលដល់ថ្ងៃកាន់បិណ្ឌ មានពុទ្ធបរិស័ទប្រុសស្រីក្មេងចាស់ជាច្រើន មកកាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បងប្អូនញាតិសន្ដានរបស់ពួកគេ ដែលបានស្លាប់ចែកឋាន ទៅកាន់លោកខាងមុខ។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ការដែលពុទ្ធបរិស័ទមកធ្វើបុណ្យនៅវត្តកាន់តែច្រើន សបញ្ជាក់ឲ្យឃើញថា ពួកគាត់កាន់តែមានជំនឿមុតមាំ ក្នុងពុទ្ធសាសនា មានជីវភាពធូរធាច្រើនជាងមុន ស្របពេលដែលប្រទេសជាតិមានស្ថិរភាព សុវត្ថិភាព៕

Writer: Bin Bunna

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s