ព័ត៌មាន​ជាតិ​សំខាន់ៗប្រចាំសប្ដាហ៍​វិទ្យុស្រ្តី ៣-៤ ខែកញ្ញា ឆ្នាំ២០១១​

មាតិកាព័ត៌មាន​

១.         ប្រធានរដ្ឋសភា​កម្ពុជា និង​ឡាវ បន្ត​រក្សា​ព្រំដែន​ប្រទេស​ទាំង​ពីរ។

២.        ជម្លោះ​កម្ពុជា​និង​ថៃ​បាន​ធូរស្រាល​ឡើងវិញ​ហើយ​ បន្ទាប់​ពី​ថៃ​មាន​រដ្ឋាភិបាល​ថ្មី​។

៣.        អត្រា​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០១០។

៤.         កម្ពុជា​អះអាងថា ស្ថាប័ន​រដ្ឋសភា​ឯករាជ្យ​។

៥.        តុលាការ​​ខ្មែរ​ក្រហម បិទ​​បញ្ចប់​​សវនា​ការ​​លើ​​បញ្ហា​​សុខភាព​​លោក​នួន​ជា និង​​លោកស្រី អៀង ធីរិទ្ធ។

៦.         អង្គជំនុំជម្រះ​តុលាការ​កំពូល ប្រកាសថា នឹង​ចេញ​សាលដីកា​រឿង ឌុ​ច នៅមុន​ដាច់​ឆ្នាំ​២០១១

៧…     បញ្ហាស្រ្តី​នឹង​ត្រូវ​លើក​ជា​របៀប​វារៈ​នៅ​ក្នុង​កិច្ចប្រជុំ​អន្ដរសភាអាស៊ាន​(អាយប៉ា)​លើក​ទី​៣២។

៨.         ករណីរំលោភ​សេពសន្ធវៈ​មាន​ការកើនឡើង។

៩.         នារីផ្សព្វផ្សាយ​ស្រាបៀរអង្គរ​ បាន​ទទួល​ប្រាក់​សំណង​ពី​ក្រុមហ៊ុន។

១០.      កម្រង​ជីវិត​របស់​ស្រ្តី​លក់ទឹក​អំពៅ​ អ្នក​ស្រីកែវ ចាន់នី៕

 

ជាបន្ដខ្ញុំបាទ​ប៊ិន​ ប៊ុណ្ណា សូមជូនព័ត៌មាន​ពិស្ដារ!

 

នៅ​ក្នុង​សប្ដាហ៍នេះ ប្រធានរដ្ឋសភា និង​ជា​សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈ​កម្មាធិកា​រ​មជ្ឈឹមបក្ស​ប្រជាជនប​ដិ​វត្ត នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោកស្រី ប៉ានី យ៉ា​ថូទូ Pany Yathotou បាន​ជួបពិភាក្សា​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ កិច្ច​ពិភាក្សា​ដោយ​បិទទ្វារ នៅ​វិមាន​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ ផ្តោត​សំខាន់​លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ ដែល​ប្រធាន​រដ្ឋសភា​ទាំងពីរ បាន​សន្យា​បន្ត​រក្សា​ជា​ព្រំដែន​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​។​ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ ដឹកនាំ​ដោយ​លោកស្រី ប៉ានី យ៉ា​ថុទូ ( Pany Yathotou ) ប្រធានរដ្ឋសភា​ឡាវ បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១១​។​

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

          មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា​ ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មានស្ថានភាព​​ធូរស្រាល​​ឡើង​វិញ​ហើយ បន្ទាប់​ពី​ប្រទេស​ថៃ​ មាន​រដ្ឋាភិបាល​ថ្មី​​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ លោក​ផៃ​ស៊ីផាន​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​កម្ពុជា​និយាយ​ប្រាប់កម្មវិធី​ព្រឹត្តិការណ៍​​ប្រចាំ​​ខែ​របស់​វិទ្យុ​ស្រ្តី​FM១០២​ថា ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​ថៃ​នៅ​ពេល​នេះ​ គឺ​ពីការ​ប្រឈម​មុខ​ដាក់​គ្នា​ បាន​ក្លាយ​ជា​ធូរស្រាល​វិញហើយ បន្ទាប់​ពី​មាន​នាយករដ្ឋមន្រ្តី​ថៃ។ លោក​ច័ន្ទ សាវ៉េត មន្រ្តី​ស៊ើប​អង្កេត​សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​បញ្ចេញ​ទស្សនរបស់​ខ្លួន​ថាៈ ថ្វីបើ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រឹង​ប្រែង​ដោះស្រាយ​​​បញ្ហា​ព្រំដែន​ក្ដី​ ក៏​បញ្ហា​មួយ​ចំនួន​នៅ​មាន​ចំណុច​​ខ្វះខាត​នៅ​ឡើយ​។ លោក​ថា កម្ពុជា​ ត្រូ​វ​បំផុស​គំនិត​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ ក៏ដូច​ជាគណបក្ស​​​ប្រឆាំង​ ដើម្បី​បង្កើន​ការ​បង្រួបបង្រួម​ជាតិ នៅ​ក្នុង​ការ​តតំាង​​ជាមួយ​ប្រទេស ដែល​ប៉ុនប៉ង​ ឈ្លានពាន​ទឹក​ដី​របស់​កម្ពុជា​។ លោក​ស៊ុន​ ឆ័យ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពីប្រទេស​ថៃ​មាន​រដ្ឋាភិបាល​ថ្មី ឃើញ​ថា ស្ថាន​ការណ៍​នានា រវាង​កម្ពុជា​និង​ថៃ បាន​ធូរស្រាល​ច្រើន  បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​មាន​សភាពការណ៍​តានតឹង​​ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ កន្លងមក​។ ប៉ុន្ដែ​កម្ពុជា​ ត្រូវ​តែ​ ពង្រឹង​ខ្លួន​ និង​កា​របង្រួបបង្រួម​ជាតិ​ ដើម្បី​ដោះស្រាយបញ្ហា​​ព្រំដែន​។ ស្រដៀងគ្នា​នេះ លោក​បណ្ឌិត​​សុខទូច សាស្រ្តា​ចារ្យវិទ្យាសាស្រ្ត​នយោបាយ​នៅ​កម្ពុជា​បាន​ ធ្វើ​ការ​ព្រមាន​ថា ប្រទេស​កម្ពុជា​​​មិន​ត្រូវ​ទុក​ចិត្ត​ ចំពោះ​ប្រទេស​ថៃ​ពេក​នោះទេ ដោយ​កម្ពុជា​ ត្រូវ​តែ​ប្រកាន់​ខ្ជាប់ នៅ​ក្នុង​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​ទីក្រុងង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ នៅ​ក្នុង​សម្រេច​ បាន​បញ្ជា​ឲ្យ​ប្រទេស​ទាំង​ពីរ​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ ប៉ុន្ដែ​ត្រូវ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ចូលរួម​ ដើម្បី​ចូល​ទៅ​ក្នុង​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន​​។ លោក​ផៃស៊ីផាន ​បញ្ចាក់​ថា ជំហរ​របស់​កម្ពុជា​ នៅ​តែ​គោរព​សេចក្ដី​សម្រេច​តុលាការ​ទីក្រុង​ឡា​អេ កាល​ពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ លោក​បញ្ជាក់​ថា អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​ពិត​ជា​មាន​សារៈ​សំខាន់​ ដើម្បី​ធ្វើ​ជា​សាក្សី​ នៅ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ បាន​ព្យាយាម​ពង្រឹង​ផ្ទៃ​ក្នុង រវាង​រដ្ឋនិងរដ្ឋ ដោយ​បញ្ចៀស​រាល់​ព័ត៌មាន​ណា​ ដែល​មាន​ភាព​ញុះញង់ និង​បង្ក​ឲ្យ​ភាគីទាំង​កើ​តមាន​ទំនាស់​។

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

យោង​តាម​ការ​សិក្សា​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១០ ភាព​ក្រីក្រ​ទូទាំងប្រទេសកម្ពុជា​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​២៥,៥%ប៉ុណ្ណោះ ដោយ​ធ្លាក់​ចុះ​ពី​ជាង​៣៥% នៅ​ឆ្នាំ​២០០៤។ តួលេខ​នេះ​ជា​ដំណឹង​ល្អមួយ​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ជាម យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​ នៃ​រដ្ឋសភាជាតិ បាន​មាន​ប្រសាសន៍ថា អត្រាធ្លាក់​ចុះ​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជានេះ ដោយ​សារតែ​គោលនយោបាយ​កាត់បន្ថយភាពក្រីក្រ​ របស់​រាជរដ្ឋាភិបាលប្រព្រឹត្តិទៅ​បាន​តាម​ការ​គ្រោង​ទុក និង​ច្បាប់​ប្រឆាំង​អំពើពុក​រលួយ​ ត្រូវ​បាន​អនុវត្តន៍ផងដែរ​។ លោក​បាន​បញ្ជាក់​ថា បើទោះ​បីជា​ខេត្ត​ដាច់​ស្រយ៉ាល​មួយ​ចំនួន​ដូចជា​ខេត្ត​ព្រះវិហារ និង​ខេត្ត​រតនគីរី នៅ​តែ​មាន​អត្រា​ភាពក្រីក្រ​ខ្ពស់​នៅ​ឡើយ​ក្ដី​ ក៏លោក​មាន​ក្ដី​រំពឹង​ថា ខេត្ត​ទាំង​នោះ​នឹង​មាន​សេដ្ឋកិច្ច​រឹង​មំា​នៅ​ថ្ងៃ​អ​​នាគត​ដ៏ខ្លីខាង​មុខនេះ៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

នៅក្នុង​សប្ដាហ៍នេះ មន្រ្តីជាន់​ខ្ពស់​ របស់​កម្ពុជា​ បាន​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​​របស់​អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ថា ស្ថាប័ន​រដ្ឋសភា​​កម្ពុជា​មិន​ឯករាជ្យ​។ ក្នុង​របាយការណ៍​មួយ​កាល​ពី​ដើម​ខែ​នេះ​ អ្នក​រាយការណ៍​ពិសេសអ.ស.ប​ បាន​នឹង​​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការ​កែ​លម្អ​ ដល់​ដំណើរ​ការ​ប្រ​ព្រឹត្តិទៅ​របស់​រដ្ឋសភា​។ ផ្ទុយ​ទៅវិញ​មន្រ្តី​​កម្ពុជា​អះអាង​ថា ស្ថាប័ន​នេះ​ បាន​ឈរ​លើ​ភាព​ឯករាជ្យ​របស់​ខ្លួន​រួច​ជាស្រេច​ទៅ​ហើយ​។ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បច្ចុប្បន្ន​នេះ​ ដំណើរ​ការ​នៃ​ការ​គ្រប់​ប្រទេស​កម្ពុជា បាន​ញែក​ដាច់ពី​គ្នា​រវាង​អំណាច​ទាំង​បី​ រួមមាន​អំណាច​នីតិ បញ្ញត្តិ​, នីតិប្រតិបត្តិ​, និង​តុលាការ​។ លោក​បាន​បញ្ជាក់​ថា ស្ថាប័ន​រដ្ឋសភា​​ ឈរ​លើ​​ឯករាជ្យ​ភាព​​របស់​ខ្លួន ហើយ​ការ​ចោទ​ប្រកាន់​ថា រដ្ឋសភា​ជាតិ​កម្ពុជា​ មិន​ឯករាជ្យ គឺ​ជារឿង​ដែល​មិន​អាច​ទទួល​យក​បាន​។ សូម​បញ្ជាក់​ថា របាយការណ៍​ចំនួន ២១​ទំព័រ​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​សម្រាប់​ កម្ពុជា ដែល​បាន​ដាក់​ជូន​ទៅ​មហា​សន្និបាត​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ សហប្រជាជាតិ​នៅ​សម័យ​ប្រជុំ​លើក​ទី​១៨ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការ​កែ​លម្អ​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​ រដ្ឋ​សភា៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

​ អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​បិទ​បញ្ចប់​សវនាការ​រយៈពេល ៣ ថ្ងៃ លើ​បញ្ហា​កាយសម្បទា និង​បញ្ញា​ស្មារតី របស់លោក នួន​ជា និង​លោកស្រី អៀង ធីរិទ្ធ កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​៣១​សីហា ឆ្នាំ​២០១១​។ នៅ​មុន​ពេល​បិទ​បញ្ចប់​សវនាការ សហ​មេធាវី​ការពារ​ក្តី​លោក នួន ជា បាន​លើកឡើង​ថា លោក នួន​ជា មាន​បញ្ហា​សុខភាព និង​សតិបញ្ញា ដែល​កើតចេញ​ពី​ជំងឺ​ដាក់​សរសៃឈាម​ក្នុង​ខួរក្បាល កាលពី​១០​ឆ្នាំមុន និង​បញ្ហា​លើសឈាម ដែល​នាំឲ្យ​លោក មិន​អាច​ចូលរួម​សវនាការ​កាត់ទោស​នាពេល​ខាងមុខ ឲ្យបាន​ពេញលេញ​ទេ​។​ លោក​មេធាវី សុន អា​រុណ សហ​មេធាវី​ជាតិ​ការពារ​ក្តី​លោក​នួន​ជា បាន​លើកឡើង​ថា  លោក​នួន​ជា មាន​បញ្ហា​ចំពោះ​ស្ថានភាព​សុខភាព​សព្វថ្ងៃ​របស់​គាត់ មាន​ទាំង​រូបរាងកាយ និង​ខួរក្បាល សតិអារម្មណ៍ មាន​សំពាធ​ឈាម​លើស​ដល់​ទៅ ៤ ដង​ខ្លាំងៗ​រួចមក ចាប់តាំងពី​យក​គាត់ មក​ដាក់​ក្នុង​មន្ទីរឃុំឃាំង នៅ​តុលាការ​ខ្មែរក្រហម កាលពី​ចុងឆ្នាំ​២០០៧​។ ក៏​ប៉ុន្តែ​ក្នុង​បន្ទប់​សវនាការ អ្នកជំនាញ Jonh Cambell នៅ​តែ​រក្សា​ការសន្និដ្ឋាន​ថា លោក​នួន​ជា មិន​មាន​បញ្ហា​អ្វី​លើ​បញ្ហា​សុខភាព បញ្ហា​ខួរក្បាល ឬ​សតិបញ្ញា​ខ្លាំងក្លា​នោះ​ទេ​។ ម្យ៉ាងទៀត​ស្ថានភាព​របស់​លោក​នួន​ជា អាច​ចូលរួម​សវនាការ​បាន​។​ អ្នកជំនាញ ក៏​បាន​បន្តថា លោក​នួន​ជា មាន​សំពាធ​ឈាម​ធម្មតា ដោយ​មាន​ការថែទាំ​ជាប្រចាំ​ពី​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ក្នុង​វ័យ ៨៥ ឆ្នាំ លោក នួន​ជា មិនមាន​ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួប​ក្បាល​នោះទេ​។​ យ៉ាងណាក៏ដោយ ក្រុម​មេធាវី​ការពារ​លោកស្រី អៀង ធីរិទ្ធ និង​លោក នួន​ជា បាន​លើក​ហេតុផល​ជា​ច្រើន​ដាច់ដោយឡែក​ពីគ្នា ដើម្បី​ទាញ​ការសន្និដ្ឋាន​នៅ​ចុងបញ្ចប់​នៃ​សវនាការ ដោយ​បញ្ជាក់​ថា អតីត​មេ​ខ្មែរក្រហម​ទាំង​ពីរ មាន​ជំងឺ​ប្រចាំកាយ ក្នុង​វ័យ​ចាស់ជរា មិន​អាច​ចូលរួម​សវនាការ និង​ឈរ​តតាំង​មុខ​តុលាការ​បាន​ទេ​។​ក៏ប៉ុន្តែ ការសម្រេច​បែប​ណា​នោះ គឺជា​ឆន្ទានុសិទ្ធិ​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដែល​មាន​ចៅក្រម​ជាតិ និង​អន្តរជាតិ ៥ រូប​។ សេចក្តីសម្រេច​នឹង​ចេញ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

ទី​បំផុត​ទៅ អង្គជំនុំជម្រះ​តុលាការ​កំពូល របស់​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បានប្រកាសថា សាលដីកា​ស្ថាពរ ដែល​ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា ក្នុង​សំណុំរឿង ០០១ ដែល​មាន​ជនជាប់ចោទកាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​ប្រធាន​គុក​ទួលស្លែង នឹង​ត្រូវ​ចេញ នៅមុន​បំណាច់​ឆ្នាំ​២០១១​នេះ​។​  នេះបើយោងតាម ​សេចក្តីប្រកាស​ព័ត៌មាន​សេចក្តីថ្លែងការណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១១ បង្ហាញថា អង្គជំនុំជម្រះ​តុលាការ​កំពូល នៃ​អង្គ​ជំនុំជម្រះ​វិសាញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ធ្វើ​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ជូន​ដំណឹង​ដល់​សាធារណជន អំពី​ដំណើរការ​ការងារ​របស់ខ្លួន ក្នុង​ការចេញ​សាលដីកា​ក្នុង​សំណុំរឿង០០១ ដូចខាងក្រោម​៖ អង្គជំនុំជម្រះ​​តុលាការ​កំពូល បានចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួន​ពេញលេញ ក្នុង​ខែ​មករា ឆ្នាំ​២០១១ ហើយ​នា​ពេលបច្ចុប្បន្ន​នេះ អង្គជំនុំជម្រះ​តុលាការ​កំពូល ទទួលបាន​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ សហ​ព្រះរាជអាជ្ញា និង​ដើម​បណ្តឹងរដ្ឋប្បវេណី ប្រឆាំង​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំណុំរឿង ០០១៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​អន្ដរ​សភា​អាស៊ាន​(អាយប៉ា)​លើក​ទី​៣២​​នៅ​ពាក់​កណ្ដាល​ខែកញ្ញា​ ខាង​មុខ​នេះ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ មាន​​របៀប​វារៈ​សំខាន់​ៗ​ដូចជា​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​។ ប៉ុន្ដែ​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​បញ្ហា​ស្រ្តី​នឹង​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​។ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីស្ដីការ​រដ្ឋសភា​ជាតិ​ នៅ​ក្នុង​សប្ដាហ៍នេះ​ថា បញ្ហា​របស់​ស្រ្តី​ គឺ​ជា​បញ្ហា​សំខាន់​ចម្បង​មួយ​ ដែល​នឹង​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​អន្ដរសភា​អាស៊ាន​ (អាយប៉ា)​ នាង​ពេល​ខាង​មុខ​នេះ​។ លោក​បាន​ធ្វើ​ការ​បញ្ជាក់​ថា បញ្ហា​របស់​ស្ត្រី​ដែល​ត្រូវ​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​ស្រ្តីនិង​សេដ្ឋកិច្ច​,​ និង​ស្រ្តី​និង​សុខភាព​។ មួយ​វិញ​ទៀត​ ក៏​អង្គប្រជុំ​ នឹង​និយាយ​អំពី​តួនាទី​ស្រ្តី​នៅ​ក្នុង​សង្គម​ផងដែរ​។ អាស៊ាន​បាន​ចាប់​បដិសន្ធិ ឡើង​​នៅ​ឆ្នាំ​១៩៦៧​។ បន្ទាប់​មក​អាស៊ាន​បាន​ចូល​រួម​យ៉ាង​សកម្ម​តាម​រយៈ​កិច្ច​សហប្រតិបត្តិ​ការ​អន្ដរ​អាស៊ាន​ ប្រយោជន៍​ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ និង​សេចក្ដី​ប្រាថ្នា​ ដែល​អង្គការ​អន្ដរ​សភា​ អាស៊ាន​ ហៅ​កាត់​ថា (អាយប៉ូ)​ មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​។​ការ​បង្កើត​អង្គការ​អន្ដរ​សភា​អាស៊ាន​នេះ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ របស់​ប្រទេស​ឥណ្ឌូណេស៊ី​។ នៅ​ទី​បំផុត​អាស៊ាន​​បាន​សម្រេច​កែ​ប្រែ​អង្គការ​នេះ​ ឲ្យ​ក្លាយ​ទៅ​ជា​ស្ថាប័ន​សមាហរណកម្ម​កម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ស្រប​តាម​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ពី​អាយប៉ូ មក​ជា​ អាយប៉ា និង​បាន​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ អាយប៉ូ​ទៅ​ជា​លក្ខន្ដិកៈ​របស់​អាយប៉ា ។ ដោយ​ឡែក​ប្រទេស​កម្ពុជា​បាន​ចូល​ជាសមាជិក​ពេញ​សិទ្ធិ​របស់​អាយប៉ូ​ កាល​ពី​ឆ្នាំ​១៩៩៩​។ សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ មហាសន្និបាត​ លើក​ទី​៣២​ អន្ដរសភា​អាស៊ាន​(អាយប៉ា) នៅ​វិមាន​សន្ដិភាព​ ដែល​នឹង​ប្រព្រឹត្តិ​ទៅពេញ​១សប្ដាហ៍​​ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១១​។ នេះ​ជា​លើក​ទី​២​ហើយ​ ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពី​កម្ពុជា​បាន​​ធ្វើ​ជា​ម្ចាស់​ផ្ទះដែរ​ កាល​ពី​ឆ្នាំ​២០០៤​៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា បទ​ឧក្រិដ្ឋ​រំលោភ​សេពសន្ធវៈ​នៅ​កម្ពុជា​មាន​ការ​កើន​​ឡើង​ ដែល​នេះ​ជា​កង្វល់​មួយ​របស់​សង្គម​កម្ពុជា​។ លោក​ឧត្តមសេនីយ៍​ គាត ច័ន្ទថាររិទ្ធ​ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍ថា ករណី​រំលោភសេពសន្ធវៈ​ ក្នុង​រយៈពេល​៦ខែ​ឆ្នាំ​២០១១​នេះ មាន​ចំនួន​១៧៦​ករណី ដែល​មាន​ការ​កើន​ឡើង​​ចំនួន​៤០ករណី បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន​។ លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា មន្រ្តី​នគរបាល​កំពុង​សិក្សា​ឬសគល់​នៃ​ការ​កើនឡើង​បទឧក្រិដ្ឋនេះ ហើយ ដើម្បី​កាត់​បន្ថយ​ករណី​រំលោភ​សេពសន្ធវៈ​នេះ ត្រូវ​ការ​កិច្ច​សហការណ៍​ពីគ្រប់​មជ្ឈដ្ឋាន​៕

ដំឡើង​ភ្លេង​កាត់ព័ត៌មាន

នៅទីបំផុតការតស៊ូរបស់ក្រុមនារីផ្សព្វផ្សាយ ស្រាបៀអង្គរ បានទទួលជោគជ័យ​ហើយ ដោយ​ក្រុមហ៊ុនស្រាបៀអង្គរនឹងបើកប្រាក់សំណងជូនពួកគេ ចំនួន៦០០នាក់ នៅក្នុងរាជធានី​ភ្នំពេញ ក្នុងនោះក្រុមនារីផ្សព្វផ្សាយស្រាបៀអង្គរ ចំនួន១៧នាក់ បានទទួលប្រាក់​សំណង​រួចរាល់ ហើយ កាលពីថ្ងៃចន្ទនេះ។ អ្នក​ស្រី​ស៊ីម ផាន ជាស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គការ​ ប្រាប់​វិទ្យុយើង​ថា​ ក្រុម​ហ៊ុន​បាន​បើក​ប្រាក់​ឲ្យ​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​មួយ​ចំនួន​ហើយ​ ប៉ុន្ដែ​នៅ​មួយ​ចំនួន​ទៀត​រង់​ចាំ​ បើក​នៅ​ថ្ងៃ​ទី​៥ ឬ​ទី​៧​ ខែកញ្ញា​ ខាង​មុខ​នេះ​។ ប៉ុន្ដែ​អ្នក​ស្រី​ក៏បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​ទង្វើ​​រើស​អើង​ ពីសំណាក់​ក្រុម​ហ៊ុន​។ ក្រុម​អ្នក​តវ៉ា​ជាង​៣០​នាក់​ ដើម្បី​ឲ្យ​ថៅ​កែ​បើក​ប្រាក់​បន្ថែម​ចុង​សប្ដាហ៍​ ឲ្យ​ពួកគេ គឺ​ក្នុង​នោះ​មាន​អ្នកស្រីស៊ីមផាន ម្នាក់​ដែរ​ ​បាន​និយាយ​ថា បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​ចំពោះ​ក្រុម​ហ៊ុន​កន្លងមក​ គឺ​ក្រុម​ហ៊ុន​បាន​​រើស​អើង​ក្រុម​អ្នក​តវ៉ា​ ដោយ​​ផ្លាស់​បន្ដូរ​ទីតាំង​​ពីហាង​លក់​ស្រាបៀរ​ដាច់​ មក​កាន់​ហាង​ដែល​លក់​មិន​ដាច់​វិញ​។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅក្រុម​នារីផ្សព្ធផ្សាយ​ស្រាបៀរ​​អង្គររបស់ក្រុមហ៊ុនខេមប្រ៊ូចំនួន៣៨នាក់ ក្នុងចំណោម ៥០០នាក់ ដែល​បដិសេធ​លើការ​ផ្តិតមេដៃឱ្យក្រុមហ៊ុន ហើយបាននាំគ្នាធ្វើបាតុកម្មទាមទារ ប្រាក់ចុង សប្តាហ៍ ៤ដុល្លារ ដែលត្រូវ​បានក្រុមប្រឹក្សាអាជ្ញាកណ្តាលកាត់ឱ្យឈ្នះ លើការទាមទារនោះ តែត្រូវ ក្រុមហ៊ុន​មួយនេះ ផ្តល់ជូនពួកគេតែ២ដុល្លារប៉ុណោ្ណះ ៕

Writer: Bin Bunna.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s