ព័ត៌មាន​ជាតិ​សំខាន់​ៗ​ប្រចាំ​សប្ដាហ៍​វិទ្យុស្រ្តី​FM102 ពី​ថ្ងៃ​ទី​១៣-១៤ ខែ​សីហា ឆ្នាំ​២០១១

មាតិកាៈ

១.     នាយក​រដ្ឋមន្រ្តី​ថ្មី​ថៃ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។

២.     ជុំវិញ​ជម្លោះ​នៅ​តំបន់​បឹងកក់​។

៣.     ក្រសួងការពារ​ជាតិ​គ្រោង​ស្នើ​សុំ​ថវិកា​បន្ថែម​ពី​រាជរដ្ឋាភិបាល​ដើម្បី​ពង្រឹង​វិស័យ​យោធា។

៤.     លោក​ទៀ បាញ់​ពញ្ញាក់​ស្មារតី​ ដល់​មន្រ្តី​ឲ្យ​ស្វែង​យល់​ពី​អាវុធ​គីមី​។

៥.     អាជ្ញាធរ​​​ត្រៀម​វិធានការ​ទប់​ស្កាត់​គ្រោះ​មហន្ដរាយ​ទឹក​ជំនន់​។

៦.      ដំណោះ​ស្រាយ​ជុំវិញ​វិវាទ​រវាង​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​ និង​ក្រុមហ៊ុន​ខេប៊្រូ។

៧.     ស្រ្តី​ធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​មាន​ការ​កើន​ឡើង​។

៨.     កម្ពុជា​ រួម​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ប្រជុំ​​រក​វិធី​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​

៩.     និស្សិត​បញ្ចប់​បរិញ្ញាបត្រ​មួយ​ចំនួន​ពិបាក​រក​ការងារ​ធ្វើ​។

១០.   លោកយាយវ័យ​​៨៣​ឆ្នាំ ចាញ់​ក្ដី​កូន​បង្កើត ពី​ផ្ទះ​ថ្ម ដីឡូតិ៍​ មក​រស់​នៅ​ក្រោម​តង់​កៅស៊ូ។​

១១.   បទសម្ភាសន៍​ ស្ដីពី​ពី​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​៕

 

ជាបន្ដ​ខ្ញុំ​បាទ​ប៊ិន ប៊ុណ្ណា និង កញ្ញា​សុខ សម្ផស្សផល្លិកា​ ជូន ព័ត៌មាន​ពិស្ដារ​!

        នៅ​ក្នុង​សប្ដាហ៍​នេះ​មាន​សេចក្ដី​រាយការណ៍​ថា នាយករដ្ឋមន្រ្តី​របស់​ថៃ គ្រោង​មក​បំពេញ​ទស្សនកិច្ច​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​នាយករដ្ឋមន្រ្តី​រូបនេះ​ ទើប​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ពុធ ទី​១០ កន្លងទៅ​ថ្មីៗ​នេះ​។ លោក​ទិត្យ​ សុធា អ្នក​នាំពាក្យ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​ បាន​និយាយ​ថា រហូត​មកទល់​នឹង​ពេល​នេះ​ គេ​នៅ​​មិនទាន់​ដឹង អំពី​របៀប​វារៈ  ច្បាស់​លាស់  អំពី​ដំណើរ​ទស្សនកិច្ច​ របស់​លោក​ស្រី​យីង ឡាក់​ មក​កាន់​ប្រទេស​កម្ពុជា​នៅ​ឡើយ​។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា ជាទូទៅ​នាយករដ្ឋមន្រ្តី​ ដែល​ទើប​កាន់​តំណែង​ថ្មីតែង​តែ ធ្វើ​ទស្សនកិច្ច​ ទៅ​កាន់​បណ្ដា​ប្រទេស​ជិត​ខាង​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ការទូត​។ លោក​ទិត្យ​សុធា បាន​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​យីងឡាក់​នេះ គឺ​មិនមែន​ជាការ​​ចរចាទ្វេ​ភាគី​នោះទេ ប៉ុន្ដែ​គ្រាន់​តែ​ជាជំនួប​មួយ ដើម្បី​សម្រួល​ស្ថានការណ៍​ផ្សេង​ៗ ក្រៅ​ពី​សំណុំ​រឿង​ដែល​បានរុញ​ច្រាន់​ទៅ​កាន់ តុលាការ​ទីក្រុងឡាអេ​ និង​ការ​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​ កាល ពី​ថ្ងៃទី​១៨ ខែកក្កដា គឺ​ឋិត​នៅ​ដដែល​។ យោង តាម សេចក្ដី​រាយការណ៍​ពី សារព័ត៌មាន​ក្នុង​ស្រុក​ក្នុង​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹងថា ក្នុងដំណើរ​ទស្សនកិច្ច​នោះ​លោក​ស្រី​​នឹង​ជួប​ពិភាក្សា​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដើម្បីពិភាក្សា​រក​ដំណោះ​ស្រាយ​និង បង្កើត​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ជាថ្មី​។ ក្នុង​នោះ​ក៏​មាន​ការ​ចរចា​និយាយ​អំពី​ដំណើរ​គណៈកម្មការ​ការងារ​ទូទៅ​ស្ដីពី​ព្រំដែន​ ដើម្បី​សម្រប​សម្រួល​ដល់​ការ​ងារ​ព្រំដែន​កម្ពុជា -ថៃ​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​ ភ្នាក់​ងារ ក្រុម​ហ៊ុន​ស៊ូកាគូអ៊ិន បានចុះ​រុះ​រើ​ផ្ទះ​អ្នក​ភូមិបឹងកក់​។ ហេតុ​ការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលថ្ងៃ​ពុធ​ ពី​វេលាម៉ោង​៥ល្ងាច​ ដែល​ភ្នាក់​ងារ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ិន​ ប្រដាប់​ដោយ​ពូថៅ ញញួរ យក​មករុះ​រើ​ផ្ទះ​ របស់​អ្នក​ភូមិ​​បឹងកក់​ម្នាក់​ ដែល​ឋិត​នៅ​ក្នុង​ភូមិ​២០​ ផ្ទះលេខ​៤៥ ប៉ុន្ដែ​ត្រូវ​បាន​រារាំង​ដោយ​អ្នក​ភូមិបឹងកក់​ នៅ​ប្រហែល​ម៉ោង​៦​ល្ងាច​ថ្ងៃដដែល​។

ទាក់​ទង​ទៅ​នឹង​ការ​អូសបន្លាយ​នៃ​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​បឹងកក់​​នេះ​ កាល​ពី​ថ្ងៃ​អង្គារិ៍​ក្នុង​សប្ដាហ៍​នេះ ធនាគារ​ពិភពលោក​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ ដោយ​បាន​ព្រមាន​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​លទ្ធភាព​ផ្ដាច់​ជំនួយ​មក​កាន់​ប្រទេស​កម្ពុជា​ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ព្រម​រក​ដំណោះស្រាយ​សមរម្យ​​ជូន​ចំពោះ​អ្នក​ភូមិ​បឹងកក់​។ ប៉ុន្ដែ​​​លោក​ជាម​ យៀប​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ថា ធនាគារ​ពិភពលោក​កំពុង​រំលោភ​លើ​អធិបតេយ្យ​ របស់​កម្ពុជា​ ដេល​មាន​ផែនការ​អភិវឌ្ឍន៍​។ លោក​ជាម​បន្ដ​ថា ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​​សុទ្ធតែ​ទទួល​បាន​ប្រាក់​គោល​នយោបាយ​។ លោក​បន្ដ​ថា ប្រសិន​បើ​ធនាគារ​ពិភពលោក​មិន​ពេញ​ចិត្ត​គេ​មិន​បាច់​មក​កាន់​កម្ពុជា​​ក៏​​បាន​ដែរ​។ ប៉ុន្ដែ​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ធនាគារ​ពិភពលោក​មិនមែន​ជា​សារព្រមាន​រដ្ឋាភិបាល​នោះទេ  ប៉ុន្ដែ​វា​គ្រាន់​តែ​បញ្ជាក់​អំពី ធនាគារ​មួយ​នេះ​​ កំពុង​ទទួល​កំហុស​របស់​ខ្លួន​ ដែល​បាន​ផ្ដល់​ប្រាក់​ជំនួយ​អភិវឌ្ឈន៍​នៅ​តំបន់​បឹងកក់​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​។ សព្វថ្ងៃ​នេះ​ធនាគារ​ពិភពលោក​កំពុង​ដំណើរ​ការ​គម្រោង​របស់​ខ្លួន​​​នៅ ក្នុង​ប្រទេស​កម្ពុជា ចំនួន​ជាង​២០​គម្រោង​ ដែល​ស្មើរ​នឹង​ទឹក​ប្រាក់​ជាង​៤០០​លាន​ដុល្លារ​។ ក្នុង​ចំណោម​នោះ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​រយៈ​ពេល​៩៩​ឆ្នាំ​ នៅ​លើ​ផ្ទៃ​ដី​១៣៣​ហិកតា បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ទីនោះ​ជាង​៤ពាន់​គ្រួសារ​ ក្នុង​នោះ​ជាង​១ពាន់​គ្រួសារ​ កំពុង​ក្រាញ​ននៀល​ មិន​ទទួល​សំណង​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​ លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៀ​ បាញ់​ រដ្ឋមន្រ្តី​ក្រសួ​ងការពារជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​ការពារ​ជាតិ​គ្រោង​ស្នើ​សុំ​ថវិកា​បន្ថែម​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ពង្រឹង​វិស័យ​យោធា​នៅ​កម្ពុជា​។ ថវិការ​នេះ ដើម្បី​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ដល់​កងទ័ព​។ ប៉ុន្ដែ​លោក​ឧបនាយក​រដ្ឋមន្រ្តី​មិន​បាន​ប្រាប់​បញ្ជាក់​អំពី​ទំហំ​ថវិកា​ ដែល​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​នោះទេ។ មាន​ការ​កត់សម្គាល់​ថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ថៃមកនោះ ប្រទេស​កម្ពុជា​​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ពង្រឹង​លើ​វិស័យ​កងទ័ព​។ ជម្លោះ​រវាង​កម្ពុជា​និងថៃ បាន​អូសបន្លាយ​អស់យៈ​ពេល​៣ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​នៅ​មិនទាន់​បញ្ចប់​នៅ​ឡើយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

ទាក់​ទង​ទៅ​នឹង​វិស័យ​កងទ័ព​នេះ​ដែរ លោក​ទៀ បាញ់​ បាន​បញ្ញាក់​ស្មារតី ដល់​មន្រ្តី​ជំនាញ​ឲ្យ​ស្វែង​យល់​ពី​អាវុធ​គីមី​។ លោក​ឧបនាយក​រដ្ឋមន្រ្តី​ បាន​​​ដាស់​តឿន​​ដល់​មន្រ្តី​ពាក់​ព័ន្ធ​នឹង​អាវុធ​គីមី​ ត្រូវ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​សារធាតុ​គីមី ដែល​អាច​បំប្លែង​ទៅ​ជាអាវុធ​ប្រល័យ​លោក​ ដែល​នាំ​ឲ្យ​គ្រោះ ថ្នាក់​ដល់​ប្រទេស​ជាតិ​​។ ទន្ទឹម​នឹង​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​អំពី​ជំហរ​កម្ពុជា​ថា កម្ពុជា​មិន​ប្រើ​ប្រាស់​អាវុធ​គីមី តែ​រក្សា​សិទ្ធិ​ទទួល​ជំនួយ​បរទេស​។  លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​មិន​ផលិត​ ប្រើប្រាស់​ ឬរក្សាទុក​អាវុធប៉ារាម៉ាណូ អាវុធគីមី​ឬអាវុធ​វ៉េត្រាណូ​ ជាដាច់​ខាត​ស្រប​តាម​​មាត្រា​៥៤ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

បន្ទាប់ពី​ប្រទេស​កម្ពុជា​​ទទួល​រង​នូវ​សម្ពាធ​ទាប​ជាប់​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាប់​កន្លង​មក​ ពេល​នេះ​ កម្រិត​ទឹក​ទន្លេមេគង្គ​កាន់​តែ​កើន​ឡើង​ជា​លំដាប់​ ដែល​ធ្វើ​ឲ្យ​ខេត្តខ្លះ ភាគ​ខាង​លើ​ទន្លេមេគង្គ​ជា​ពិសេស​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង​ ចាប់​ផ្ដើម​ជនលិច​ជាបណ្ដើរ​ៗ​។ លោក​ខាំ​​ ភឿន​ អភិបាល​ខេត្ត​ក្រចេះ​បាន​មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​កម្ពស់​ទឹក​ទន្លេមេគង្គ​ពេល​នេះ បាន​លិច​​ផ្ទៃដី​សន្ទូង ចំនួន​១៥៧០​ហិចតា។ យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​​បាន​ត្រៀម​មធ្យោបាយ​រួច​ជាស្រេច ដូច​ជា​កាណូត ទូ​ក និង​ទីទួល​សុវត្ថិភាព​ សម្រាប់​ប្រជាជន​ដែល​ឋិត​នោ​តំបន់​ទឹក​ជំនន់​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

បន្ទាប់​ពី​ក្រុម​កូដករ​ ជាស្រ្តី​​ផ្សព្វផ្សាយ​ស្របៀរ​ ​ដែល​បាន​ធ្វើ​ការតវ៉ា​ អស់រយៈពេល​ ​ជាច្រើន​សប្ដាហ៍​​ កន្លងមក​ ​រហូត​មក​ទល់​នឹង​ពេល​នេះ​ បាន​ទទួល​ជោគជ័យ​ហើយ​។ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដល់​ប្រាក់​បុរេ​ប្រទាន​ ដល់​នារី​លក់​ស្រាបៀរ​ ទាំង​៣៤​នាក់ ដោយ​សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះស្រាយ​ជាមួយ​ក្រុម​ហ៊ុន​តាម​ក្រោយ​។ លោក​ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា នេះ​ជាផ្លូវ​មួយ​នៃ​ដំណោះស្រាយ​។ ការ​ធ្វើ​កូដកម្ម​របស់​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀ​អង្គរ​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៥ ខែកក្កដា បន្ទាប់​ពី​ក្រុម​ហ៊ុន​ មិន​បាន​អនុវត្តន៍​ តាម​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​បាន​សម្រេច​​ បង្គាប់​ឲ្យ​ក្រុម​ហ៊ុន​សង​ប្រាក់​សំណង​ចុង​សប្ដាហ៍​ដល់​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​ទាំង​៣៤​នាក់​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

មាន​សេចក្ដី រាយការណ៍​ថា ស្រ្តី​ធ្វើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន​មាន​ការ​កើន​ឡើង​ ខណៈ​ដែល​វិស័យ​ព័ត៌មាន​បាន​រីក​ចម្រើន​ដែរ​។ កញ្ញា​កែវ​ គូនីឡា អ្នក​កាសែត​ស្រ្តី​មួយ​រូប នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​និង​​ទីភ្នាក់​ងា​រ​ សារព័ត៌មាន​បារំាង​ AFP និយាយ​ថា ការ​ចូលរួម​របស់​ស្រ្តី​ក្នុង​វិស័យ​សារព័ត៌មាន​ ពិត​ជាមាន​សារៈ​សំខាន់​ណាស់​ ព្រោះ​ស្រ្តី​មាន​ជំនាញ​ទំនាក់ទំនង គំនិត​ច្នៃ​ប្រឌិត និង​ការ​គិត​បាន​វែង​ឆ្ងាយ​​ជាង​បុរស​។ លោក​ទៀង សុភ័ក្ដ​វិជ្ជា ប្រធាន​ដេប៉ា​តេម៉ង់ សារព័ត៌មាន​ និង​សារគមនាគមន៍​បាន​មាន​ប្រាសាសន៍​ថា ដេប៉ាតេម៉ង់​សារព័ត៌មាន​ មាន​ការ​ជំរុញ​ទឹក​ចិត្ត​និង​ផ្ដល់​អាទិភាព​ ដល់​សិស្ស​នារី ដែល​មាន​បំណង​ចង់​សិក្សា​ ជំនាញ​សារព័ត៌មាន​នេះ។ គួររំលឹក​ថា និស្សិត​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បញ្ចប់​ការសិក្សា​រៀង​រាល់​ឆ្នាំ​​មាន​ចំនួន​តែ​ប្រមាណ​៣០​នាក់ ប៉ុណ្ណោះ។ តួលេខ​នេះ ជាចំនួន​តិចតួចណាស់ បើប្រៀប​ធៀប​ទៅ​នឹង​មុខ​ជំនាញ​ដទៃ​ទៀត​។ ប៉ុន្ដែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ គឺ​ចំនួន​សិស្ស​ស្រី​បាន​កើន​ពាក់​កណ្ដាល​នៃសិស្ស​ប្រុស​ ដែល​តួលេខ​នេះ​ អាច​ចាត់​ទុក​បានថា ជា​ដំណឹង​ល្អ​សម្រាប់​វិស័យ​សារព័ត៌មាន​ក្នុង​ពេល​អនាគត​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​

នៅ​ក្នុង​សប្ដាហ៍​នេះ​ មាន​ការ​រៀប​ចំ​សិក្ខាសាលា​មួយ​ស្ដីពី  “វេទិកា​លើក​ទី​២ ស្ដីពី​អ្នក​អនុវត្ត​ការ​ធ្វើ​សមាហរណកម្ម​ជន​រងគ្រោះ​ ដោយ​អំពើ​ជួញដូរ​​ម ក្រោម​ប្រធាន​បទ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​អនុត្តល្អ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​កម្ពុជា​ នៅ​សណ្ឋាគា​ សាន់​វេ ។ លោក​វន វិត​ ជា​អ្នក​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ នៃ​គម្រោង​តស៊ូ​មតិ​ប្រឆាំង​ការជួញ​ដូរ​កុមារ​ថ្នាក់​តំបន់​ របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​ និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការរួមមួយ​ថា “យើង​ចាប់​អារម្មណ៍​ជាអាទិ៍​ក្នុង​ការ​អនុវត្ត​ណាមួយ​និងការអនុវត្ត​នានា ដែល​ធ្វើ​ឲ្យ​មាន​លទ្ធផល​កាន់​តែ​ច្បាស់​ឡើង​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ ដល់​បុគ្គល​ ដែល​ត្រូវ​គេ​ជួញ​ដូរ​ ដើម្បី​ធ្វើ​សមាហរណកម្ម​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ លោក​ជំទាវ​ជូ ប៊ុនអេង​ ប្រធាន​លេខាធិការរដ្ឋាន​ នៃ​គណៈ​កម្មាធិការ​ជាតិ​ដឹកនាំ​ ការបង្រ្កាប​អំពើ​ជួញដូរមនុស្ស​ ការរត់ពន្ធ​ ការធ្វើ​​អាជីវកម្ម​ ពលកម្ម​លើមនុស្ស​ និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើស្រ្តី និង​កុមារ ដែល​ហៅកាត់​ថា ប.ជ.រ.ព.ភ បាន​និយាយ​ថា ទាំង​រាជរដ្ឋាភិបាល​ និង​អង្គការ​មិនមែនរដ្ឋាភិបាល​ជាតិ និង​អន្ដរជាតិ បាន​នឹង​កំពុង​រួមគ្នា ធ្វើការប្រឆាំង​នឹង​អំពើ​ជួញដូរមនុស្ស​៕

Writer: Bin Bunna

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s