ព័ត៌មាន​ជាតិ​សំខាន់​ៗ​ ប្រចាំ​សប្ដាហ៍​វិទ្យុស្រ្តី​ ពី​ថ្ងៃ​ទី​២០-២១​ ខែសីហា ឆ្នាំ​២០១១​ I

មាតិកា

. នាយករដ្ឋមន្រ្តី​សម្រេច​ដក​ហូត​ឡូតិ៍នេសាទ​ចំនួន​៣៥​នៅ​បឹង​ទន្លេសាប​។

. អ្នក​ភូមិ​បឹងកក់​សប្បាយ​រីករាយ​ទទួល​បាន​ការ​អភិវឌ្ឈន៍​នៅ​នឹង​កន្លែង​ក្នុង​ដី​ទំហំ​១២,៤៤ហិកតា។

. ជុំវិញ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​។

. កម្ពុជា​និង​ថៃ​នៅ​តែ​ខ្វែង​គំនិត​គ្នា​អំពី​វត្ត​មាន​ឥណ្ឌូណេស៊ី។

.ស្រ្តី​ជក់​បារី​ប្រឈម​នឹង​​ការ​ប៉ះពាល់​ច្រើន​ជាង​បុរស។​

ជា​បន្ដ​ ខ្ញុំ​បាទ​ប៊ិន ប៊ុណ្ណា និង​កញ្ញាសុខ​សម្ផស្ស​ ផល្លីកា​រាយការណ៍​ពិស្ដារ​ ! 

ប៊ុណ្ណាៈ ជាថ្មី​ម្ដង​ទៀត​ នាយក​រដ្ឋមន្រ្តី​សម្ដេច​ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​ ដោយ​ឲ្យ​បិទ​ឡូតិ៍​នេសាទ​ចំនួន​៣៥​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ដោយ​សារ​តែ​ម្ចាស់​ឡូត៍​ទាំង​នោះ​មិន​អនុវត្ត​តាម​សៀវភៅ​បន្ទុក​។ ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​សប្ដាហ៍​នេះ សម្ដេច​ហ៊ុន​សែន​មាន​ប្រសាសន៍​ថា ឡូត៍​ខ្លះ​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​ហិនហោច​ពូជ​ត្រី​។ ទន្ទឹម​នឹង​ការ​ប្រកាស​បិទឡូតិ៍​នេសាទ​នេះ សម្ដេច​ក៏​បាន​ធ្វើ​ការ​សុំទោស​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ ទាក់ទង​នឹង​ការ​គ្រប់​ឡូត៍​នេសាទ​នេះ​។

ដំឡើង​ភ្លេង​កាត់

ផល្លិកាៈអ្នក​ស្រី​ទេពវណ្ណី​តំណាង​ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា អ្នក​ភូមិ​បឹងកក់​សប្បាយ​រីករាយ​ រក​អ្វី​ប្រៀប​ពុំ​បាន​នោះទេ ដោយ​ទទួល​បាន​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ តាម​ការ​ទាម​ទារ​របស់​អ្នក​ភូមិ​បឹង​កក់​។ អ្នក​ស្រី​បន្ថែម​ថា ក្រោយ​ទទួល​បាន​ដំណោះស្រាយ​ថ្មី​នេះ អ្នក​ស្រី​មាន​អារម្មណ៍​ថា ដូច​បាន​កើត​ម្ដង​ទៀត​។ យោង​តាម​អនុក្រឹត្យ​ ស្ដីពី​ការ កែសម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឈន៍​បឹងកក់​ របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កាត់​ដី​ទំហំ​ ១២,៤៤​ហិកតា ក្នុង​ទំហំ​ដី​អភិវឌ្ឍន៍​១១៤,៤១​ហិកតា របស់​ក្រុម​ហ៊ុន ស៊ូកាគូអិន ជូន​ទៅ​ប្រជាជន​តំបន់​បឹងកក់​ជាង​១ពាន់​គ្រួសារ​ សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​។

ដំឡើង​ភ្លេង​កាត់

ប៊ុណ្ណាៈ កាល​ពី​ថ្ងៃ​អង្គារិ៍​នេះ ប្រជាពលរដ្ឋ​ឋិត​នៅ​ក្រោម​ស្ពាន​ជ្រោយ​ចង្វា​ កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ អំពី​ការ​បណ្ដេញ​ចេញ​​ពី​លំនៅ​ឋាន​។ អ្នក​ស្រី​សេង​សវន​ជាស្រ្តី​មេផ្ទះ​ម្នាក់ រស់​នៅ​ភូមិ​១៦​ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ និយាយ​ថា អ្នក​ស្រី​មិន​ជំទាស់​ទេ​នឹង​ការ​សាងសង់​ស្ពាន​ថ្មី​នេះ តែ​សូម​ឲ្យ​អាជ្ញាធរ​ដែន​ដី​ ផ្ដល់​នូវ​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​​ដែល​ត្រូវ​ទៅ​រស់​នៅ​កន្លែង​ថ្មី​។ គួរបញ្ជាក់​ថា អាជ្ញាធរ​ខណ្ឌដូន​ពេញ​ បាន​ដាក់​ឱសានវាទ រយៈពេល​១៥​ថ្ងៃ ឲ្យ​ប្រជាពលរដ្ឋ​១៦០​គ្រួសារ​ រស់​នៅ​ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រុះ​រើ​ផ្ទះ​ចេញ​ពី​ទីតាំង​សាងសង់​ស្ពាន​ជ្រោយ​ចង្វារថ្មី (ស្ពាន​មិត្តភាព​កម្ពុជាចិន)។ ស្ពាន​ជ្រោយ​ចង្វារ​ថ្មី​​នេះ មាន​បណ្ដោយ​ប្រវែង​១២៦០​ម៉ែត្រ ទទឹង​១៣,៥ម៉ែត្រ មាន​តម្លៃ​២៧,៥​លាន​ដុល្លារ​ អាមេរិក​ ហើយ​គ្រោយ​ប្រើ​រយៈពេល​៣៨​ខែ ដើម្បី​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​៕

ដំឡើង​ភ្លេង​កាត់

ផល្លិកាៈប្រជាពលរដ្ឋ​​ចំនួន​បី​ខេត្ត​ មក​ពី​ខេត្ត​កណ្ដាល​ កំពង់​ចាម និង​ខេត្ត​កំពង់​ឆ្នាំង​ ប្រមាណ​ជា​១០០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជួយ​ធ្វើ​ការ​អន្តរាគមន៍​ ចំពោះ​វិវាទ​ដី​ធ្លី​ របស់​ពួកគេ ដែល​ត្រូវ​ក្រុម​ឈ្មួញ​មាន​អំណាច​និង​ក្រុមហ៊ុន​មួយ​ចំនួន​ធ្វើ​ការ​រំលោភ​បំពាន​។ អ្នក​ស្រី​សែម​សុភាព​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូប្រាំ​ពីរ ឃុំ​ព្រែក​កក ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​និង​អ្នកភូមិ​ចំនួន​៥៦​គ្រួសារ​ ត្រូវ​បាន​​ក្រុម​ហ៊ុន​មួយ​ចំនួន​​រំលោភ​បំពាន​ យក​ដី​ដោយ​សំអាង​ថា ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​ ប៉ុន្តែ​មិន​បាន​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ​ នៅ​តំបន់​នោះ​ឡើយ​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ភូមិ​តាក្ដុល​ ឃុំ​ព្រែក​ហូរ ខេត្ត​កណ្ដាល​ អ្នក​ស្រី​ស៊ិន រ៉ុន បាន​និយាយ​ថា ប្រជាពលរដ្ឋ​២៩២​គ្រួសារ​ បាន​បាត់​បង់​ដី​ចំនួន​៤៥២​ហិកតារ កាល​ពី​ឆ្នាំ​២០០៩​ ដោយ​ក្រុម​ហ៊ុន​មួយបាន​យក​ ដី​នេះ ដោយ​សំអាង​ថា ជា​ដី​របស់​ខ្លួន។​​ ប៉ុន្តែ​អ្នក​ស្រី​អះអាង​ថា ប្រជាពលរដ្ឋ​ បាន​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ។ អ្នក​ស្រី​កែវ សុខា ប្រជាពលរដ្ឋ​ភូមិ​ឡពាំង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច​ខេត្ត​កំពង់​ឆ្នាំង​ បាន​ឲ្យ​ដឹង​ដែរ​ថា ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ប្រជាពលរដ្ឋ​១០៨​គ្រួសារ​ ជាមួយ​ក្រុម​ហ៊ុន​មួយ​បាន​កើត​ឡើង​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ រហូត​ឡើង​ដល់​តុលាការ​ ប៉ុន្ដែ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​នោះ​ឡើយ​។ អ្នក​ស្រី បាន​​បញ្ជាក់​ថា ដី​ចំការ​របស់​អ្នក​ស្រី​ចំនួន​២៩០អា​ ដែល​ត្រូវ​ប្ដឹង​ផ្ដល់​ ជាមួយ​ក្រុម​ហ៊ុននោះ ពេល​នេះ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ បង្គាប់​ឲ្យ​អ្នក​ស្រី​បង់​ប្រាក់​ប្រដាប់​ក្ដី​ ចំនួន​៩០​ម៉ឺន​រៀល ប៉ុន្ដែ​អ្នក​ស្រី​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​បង់​ប្រាក់​ប្រដាប់​ក្ដី​នោះ​ទេ​៕

ដំឡើង​ភ្លេង​កាត់

ប៊ុណ្ណាៈ មាន​សេចក្ដី​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា របាយការណ៍​បួន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្ពុជា​មាន​វិវាទ​ដីធ្លី​រាប់​រយ​ករណី​។ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​វិវាទ​ដីធ្លី​ច្រើន​ជាង​គេ​។ បទ​បង្ហាញ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ កាល​ពី​ថ្ងៃចន្ទ បាន​លើកឡើថា ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​វិវាទ​ដីធ្លី​ចំនួន​២២៣​ករណី គិត​ចាប់​ពិ​ឆ្នាំ​២០០៧​មក។ របាយ​ការណ៍​នេះ​ផ្អែក​​តាម​រយៈ​បណ្ដាញ​សារព័ត៌មាន​ជាតិ​និងអន្ដរជាតិ​ ការ​បោះ​ពុម្ព​ផ្សាយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ​និង​អង្គការ​​ដ៏ទៃ​ និង​ការ​ចុះស្រាវជ្រាវ​ និង​បទ​សម្ភាសន៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា​។ លោក​អ៊ូវីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា វិវាទ​ដីធ្លី អាច​មាន​ច្រើន​ជាង​ការ​រក​ឃើញ​ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ លោក​បន្ថែម​ថា ផ្អែក​តាម​របាយការណ៍​មាន​ប្រជាពលរដ្ឋ​ជិត​១លាន​នាក់​ហើយ ដែល​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​ករណី​វិវាទ​ដីធ្លី​។

ដំឡើង​ភ្លេង​កាត់

ផល្លិកាៈកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាពលរដ្ឋ​​នៅ​ក្នុង​សហគមន៍​ព្រៃឡង់​ បន់​ស្រន់​វត្ថុស័ក្កសិទ្ធិ​ ឲ្យ​ជួយ​ការពារ​ព្រៃ​ឡង់​។ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​ បាន​ធ្វើ​ពិធី​បន់​ស្រន់​ នៅ​មុខ​ព្រះ​អង្គដង្កើ​ មុខ​ព្រះ​បរម​រាជវាំង​ ឲ្យ​មាន​ការ អភិរក្ស​ព្រៃ​ឈើ នៅ​តំបន់​ព្រៃ​ឡង់​ ក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់​ធំ, ក្រចេះ,​ ព្រះវិហារ​ និង​ខេត្ត​ស្ទឹង​ត្រែង​។ បន្ទាប់​ពី​រៀប​ចំ​ពិធី​បន់​ស្រន់​ ប្រជា សហគមន៍​ ក៏​បាន​រួមគ្នា ចែក​ខិត្តប័ណ្ណ ស្ដីពី​អត្ថប្រយោជន៍​របស់​ព្រៃ​ឡង់​ និង​ផល​ប៉ះពាល់​នានា ក្រោយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ផងដែរ​។ នេះ​ជា​លើក​ទី​៣ហើយ ដែល​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ព្រៃ​ឡង់​ ធ្វើ​ការ​ទាមទារ​ឲ្យ​មាន​ការ​អភិក្ស​ និង​ថែ​រក្សា​តំបន់​ព្រៃ​ឡង់​ ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ ដោយ​ការ​រាជរដ្ឋាភិបាល​។ យោងតាម​ការសិក្សា​បាន​បង្ហាញ​ថា ព្រៃ​ឡង់​គឺ​ជាព្រៃ​ ដែល​ធំជាង​គេ​បង្អស់​ ហើយ​មាន​ស្លឹក​ឈើ​គ្រប់​រដូវ​ ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា​ និង​ឧបទ្វីប​ឥណ្ឌូចិន​។ ព្រៃ​ឡង់​មាន​ទំហំ​៣៦០០​គីឡូម៉ែត្រ​ក្រឡា​៕

​​ដំឡើង​ភ្លេង​កាត់

ប៊ុណ្ណាៈបន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី កម្ពុជា​ បាន​ប្រកាស​ជាសាធារៈ​ អំពី​​ការ​បង្កើន​ចំណងមិត្ត​ភាព​ រវាង​កម្ពុជា​និង​ថៃ​ក្រោយ​ពី​នាយករដ្ឋមន្រ្តី​​ថៃថ្មី ​​លោក​ស្រី​យីងឡាក់ ចូល​កាន់​តំណែង​មក គេ​សង្កេត​ឃើញ​ថា​​ ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​​កំពុង​ដើរ​ទៅ​មុខ​​។ ប៉ុន្ដែ​​ភាព​ប្រទាំង​ប្រទិស​គ្នា​រវាង​ប្រទេស​ទាំង​ពី​រ​ នៅ​តែ​​មាន​នៅ​ឡើយ ​គឺ​នៅ​ត្រង់​​ប្រទេស​​ថៃ​ មិន​ចង់​ឲ្យ​មាន​វត្តមាន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី នៅ​តំបន់​គ្មាន​កង​ទ័ព​។

          លោក​បណ្ឌិត​សុខ ទូច​ សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ បាន​បញ្ចេញ​ទស្សនៈថា បើ​សិន​ជា​កម្ពុជា​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ កង់​ប្រវត្តិសាស្រ្ត​ នឹង​វិល​ត្រឡប់​មករក​​កម្ពុជា​សាជាថ្មីវិញ​។ នៅ​ត្រង់​នេះ​ លោក​បណ្ឌិត​ពន្យល់​ថា ដើម​ឡើយ​ ប្រទេស​វៀតណាម​កើត​មាន​ជម្លោះ​​ដោយ​​​បែង​ចែក​វៀតណាម​អាវស និង​វៀតណាម​អាវខ្មៅ ប៉ុន្ដែ​នៅ​​ពេល​ពួកគេ​ត្រូវ​រូវ​គ្នា​វិញ​នោះ នៅ​ទី​បំផុត​កម្ពុជា​ជា​​ជា​អ្នក​ខាតបង់​ទឹក​ដី​។ បច្ចុប្បន្ន​នេះ ថៃ​មាន​អាវ​លឿង​ និង​អាវ​ក្រហម ប៉ុន្ដែ​នៅ​ពេល​ណា​មួយ​ថៃ​ ត្រូវគ្នា​វិញ​ គេ​នៅ​​តែ​ជាថៃ​ដដែល​។ ដូ​ច្នេះ​ កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ចៀស​វាង​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​។

            លោក​បណ្ឌិត​បាន​ធ្វើ​ការ​ពន្យល់​ដែរ​ថា ប្រសិន​បើ​កម្ពុជា​ ព្រម​ព្រៀង​ធ្វើ​ការ​ដោះស្រាយ​​ជាមួយ​ប្រទេស​ថៃ​ដោយ​មិន​មាន​វត្ត​មាន​ឥណ្ឌូណេស៊ីទេ​នោះ គឺ​លទ្ធផល​នឹង​វិល​ទៅ​រក​អតីតកាល ព្រោះ​ថៃ​ នឹង​ធ្វើ​ការ​ក្រឡាស់​ចុះ​ក្រឡាស់​ឡើង​ ដូច​សម័យ​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក​​សាម៉ាក​ស៊ុន​ ដារាវ៉េត​ ដោយ​សារ​​តែ​គំនាប​ពី​ក្រុម​ព្រះ​បរម​រាជ្យ​វាំង​ថៃ​។ លោក​បន្ដថា ការ​ចរចា​​តាម​បែប​នយោបាយ​ថៃ​ពូកែ​ក្រឡាស់សម្ដី​ណា​ស់​ ប៉ុន្ដែ​ប្រសិន​បើ​កម្ពុជា​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ ដែល​ជា​ការ​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ដែល​បាន​បង្គាប់​ឲ្យ​ឥណ្ឌូណេស៊ី​ទៅ​កាន់​តំបន់​គ្មាន​ជម្លោះ​បណ្ដោះ​អាសន្ន គឺ​មាន​ប្រសិទ្ធិ​ភាព​ជាង​ ព្រោះ​មាន​សាក្សី​ដឹងព្ញ​អំពី​ការចរចានានា​។

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ លោក​យុទ្ធ​ស័ក្ក សាស៊ីប្រាផា និយាយ​ថា ប្រសិន​បើ​មិន​ចំាបាច់​បញ្ជូន​អ្នក​សង្កេត​ការ៍​ឥណ្ឌូណេស៊ី​ ទៅ​កាន់​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ បើ​សិន​ជា​កម្ពុជា​និង​ថៃ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​រវាង​ខ្លួន​ឯង​នោះ​។

ប៉ុន្ដែ​លោក​កុយ គួង​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កកម្ពុជា​ បាន​ទាត់​ចោល​ចំពោះ​ទស្សនៈ​​លើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ​នោះ​ ដោយ​លោក​ថា កម្ពុជា​​នៅ​តែ​គោរព​តាម​ការ​សម្រេច​របស់​តុលាការ​​យុត្តិធម៌​អន្ដរជាតិ​ ទីក្រុង​ឡាអេ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែកក្កដា​ដដែល​ ពោល​គឺ​ នៅ​ពេល​កម្ពុជា​ដកទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន​នោះ ត្រូវ​តែ​ធ្វើ​ឡើង​ព្រមគ្នា​ ​ជាមួយ​ប្រទេស​ថៃ​ ហើយ​បញ្ហា​នេះ​ ត្រូវ​តែ​មាន​វត្ត​មាន​ឥណ្ឌូណេស៊ី​ជាសាក្សី​។

ថ្វី​បើ​ប្រទេស​កម្ពុជា និង​ថៃ​ មាន​ទស្សនៈ​ខ្វែង​គំនិត​គ្នា​ នៅ​ត្រង់​​វត្តមាន​ឥណ្ឌូណេស៊ី​នៅ​តំបន់​គ្មាន​ជម្លោះ​ក៏ដោយ​ ក៏​លោក​កុយ​ គួង បា​បញ្ជាក់​ថា បញ្ហា​នេះ វា​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​​នៃ​ប្រទេស​ទាំង​ពីរ​នោះទេ​ ហើយ​លោក​បា​ន​សម្ដែង​ការ​មិន​ជឿជាក់​ថា វា​នឹង​កើត​​មិន​មាន​ភាព​ស្មុគ្រស្មាញ​ ដូច​មុន​ ដូច​សម័យ​អាភីស៊ីត​វីចាជីវ៉ា​នោះទេ​។ ផ្ទុយ​ទៅវិញ​លោក​ជឿ​ជាក់​ថា អ្វី​ៗ​កំពុង​តែធូរស្រាល​ នៅ​គ្រា​ដែល​ប្រទេស​ថៃ មាន​នាយក​រដ្ឋមន្រ្តី​ថ្មី​​នាពេល​បច្ចុប្បន្ន​នេះ​៕

ដំឡើង​ភ្លេង​កាត់

ផល្លិកាជាទូទៅ​ស្ត្រី​ជក់​បារីមាន​ចំនួន​តិច​តួច​ទេ​នៅ​កម្ពុជា​។ថ្វី​បើ​មាន​ចំនួន​តិចតួច​បែប​នេះប៉ុន្ដែ​ស្រ្តី​ជក់​បារី​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​សុខភាព​ជាង​បុរស​។លោក​ម៉ាកស្វីសូនាយក​អង្គការ​អាដ្រា​កម្ពុជា​និយាយ​ថាបច្ចុប្បន្ន​នេះ​ស្ត្រី​នៅ​កម្ពុជា​បាន​ប្រើ​ប្រាស់​ថ្នាំ​ជក់​​មាន​ត្រឹម​តែ​៥%ប៉ុណ្ណោះ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ប្រើ​ប្រាស់​ថ្នាំ​ជក់ជាង​៤០%លោក​ម៉ាក​ស្វីសូបាន​ឲ្យ​ដឹង​ទៀត​ថាប្រសិន​បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នឹង​មាន​ផលប៉ះពាល់​​ធ្ងន់​ធ្ងរ​ទាំង​ម្ដាយ​និង​កូន​។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ទៀត​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះថា មាន​ស្រ្តី​ជក់​បារី​ប្រឈមក្នុង​ការ​វិវត្តន៍​ទៅ​នឹង​ជំងឺ​បេះ​ដូង​ច្រើន​ជាង​បុរស​ជក់​បារី​ប្រមាណ​ជា​២៥%​។​​ យោង​តាម​គេ​ហទំព័រ​របស់​Health.com.kh បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ថ្មី​នេះ បាន​ផ្អែក​ទៅ​លើ​ការ​វិភាគ​លើ​ការ​សិក្សា​ពី​មុនៗ​ចំនួន​៨៦ករណី ដែល​សិក្សា​លើ​មនុស្ស​ជាង​៤លាន​នាក់​។ នៅ​ក្នុង​ក្រុម​សិក្សា​ចំនួន​៧៥​ អ្នក​ស្រាវជ្រាវ​កត់​ត្រា​នូវ​កត្តា​ប្រឈម​មុខ​នៃ​ជំងឺ​បេះ​ដូង​ និង​ជំងឺ​សរសៃ​ឈាម​ ច្រើន​ជាង​ជំងឺ​សរសៃ​ឈាម​បេះដូង​ Coronary។​ក្នុង​ចំណោម​មនុស្ស​ចូល​រួម​ ក្នុង​ការ​សិក្សា​ទាំង​នេះ ប្រមាណ​២,៤លាន​នាក់​ ពួកគេ​បាន​រក​ឃើញ​ថា មនុស្ស​ស្រី​ជក់​បារី​ មាន​ការប្រឈម​មុខ​ជាង​អ្នក​មិន​ជក់​បារី២៥%​

Writer: Bin Bunna

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s