ព័ត៌មាន​ជាតិ​សំខាន់​ៗ​ប្រចាំ​សប្ដាហ៍​វិទ្យុស្រ្តី​FM១០២ ពីថ្ងៃទី​២៧ ២៨ ខែសីហា ឆ្នាំ​២០១១

មាតិកា​ព័ត៌មាន​

. កម្ពុជា​និង​ថៃ​កំពុង​ដើរ​នៅ​លើ​ផ្លូវ​តែមួយ​វិញហើយ ជុំវិញ​វត្តមាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។

. កម្ពុជា​និង​ថៃ​បើក​កិច្ច​ប្រជុំ​ថ្នាក់​ភូមិ​ភាគ​។

. ការ​វិនិយោគ​នៅ​កម្ពុជា​កើន​ឡើង​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១១។

. ប្រជាពលរដ្ឋ​បឹង​កក់​បីភូមិ​ធ្វើ​ការ​តវ៉ា​ម្ដង​ទៀត​ព្រោះ​ពួកគេ​មិន​ទាន់​ទទួល​បាន​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី។

. អគ្គីភ័យ​សម្លាប់​និស្សិត​ម្នាក់​នៅ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ​។

. របាយការណ៍​បង្ហាញ​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​៥០%​ ជាស្រ្តី​មេម៉ាយ​។

. កម្មករ​ កម្មការិនី​ រោង​ចក្រ​កាត់​ដេរ​ MV ​ដួល​សន្លប់​ជា​បន្ដ​បន្ទាប់​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​។

. អត្រា​សិស្ស​ស្រី​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស​A មាន​ការ​កើន​ឡើង​។

. ការប្រើប្រាស់​ប្លាស្ទិក មិន​ត្រឹម​ត្រូវ​ប្រឈម​មុខ​​ខ្ពស់​ទៅ​នឹង​បញ្ហា​សុខភាព​មនុស្ស​។​​២២

ជា​បន្ត​ខ្ញុំ​បាទ​ប៊ុណ្ណា និង​កញ្ញា​សុខ សម្ផស្ស​ផល្លីកា​ សូម​ជូន​ព័ត៌មាន​ពិស្ដារ !

ប៊ុណ្ណាៈ នៅ​ក្នុង​សប្ដាហ៍​នេះ​ មាន​សេចក្ដី​រាយការណ៍​ថា ប្រទេស​កម្ពុជា​ និង​ថៃ​ បាន​ដើរ​នៅ​លើ​ផ្លូវ​តែ​មួយ​វិញ​ហើយជុំវិញ​វត្តមាន​អ្នក​សង្កេត​ការណ៍​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅ​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន​តាម​សេចក្ដី​បង្គាប់​បញ្ជា​របស់​តុលាការ​ទីក្រុង​ឡាអេ​ កាល​ពី​ថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ​២០១១​។ លោក​ឈុំ​សុជាតិ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ បាន​លើក​ឡើង​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​​ កំពុង​ដើរ​នៅ​លើ​ផ្លូវ​តែ​មួយ​ហើយ ដែល​ភាគី​ទាំង​ពីរ​នឹង​បញ្ចប់​ជម្លោះ​ព្រំដែន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​Bangkok Post កាល​ពី​ថ្ងៃ​ទី​២៣ ខែសីហា បាន​ដក​ស្រង់​សម្ដី​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ថៃ លោក​យុទ្ធសាក់​សាស៊ី​ប្រាផាថា “​អ្នក​សង្កេត​ការណ៍​គឺ​មាន​សារៈ​សំខាន់​ណាស់ត្បិត​គេ​ទាំង​អស់​នោះ ត្រូវ​មាន​វត្ត​មាន​នៅ​ទី​នោះ ដើម្បី​ជាសាក្សី​នៅ​ក្នុង​ការ​ងារ​អភិវឌ្ឍន៍​តំបន់​គ្មាន​កងទ័ព​ហើយ​អ្នក​សង្កេត​ការណ៍​ទាំង​នោះ​ គឺ​ជាសាក្សី​ដ៏​ពិត​ប្រាកដ​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ផល្លិកាៈនៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ​កម្ពុជា​និង​ថៃ​បាន​ចាប់​ផ្ដើម​បើក​កិច្ច​ថ្នាក​ភូមិ​ភាគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ខេត្ត​នគររាជ សីមា ប្រទេស​ថៃ។ កិច្ច​ប្រជុំ​នេះ​ គឺ​ផ្ដោត​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ ដែល​ទាក់ទង​ទៅ​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​យោធភូមិ​ភាគ​ទាំងពីរ​ ដែល​ឋិត​នៅ​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ធ្វើឲ្យ​ស្ថានការណ៍​ព្រំដែន​ ឲ្យ​មាន​សភាព​ការណ៍​ប្រក្រតី​ឡើង​វិញ​។ លោក​ឧត្តមសេនីយ៍​ស្រីឌឹក​ មេបញ្ជាការ​ប្រចាំទិស​ប្រាសាទ​ព្រះវិហារ​ បាន​ប្រាប់វិទ្យុស្រ្តី​ថា រហូត​មក​ទល់​នឹង​ពេល​ស្ថាន​ភាព​នៅ​តំបន់​ព្រំដែន​ស្ងប់​ស្ងាត់​ធម្មតា​។

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ប៊ុណ្ណាៈក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៧៥ គម្រោង ដែល​មាន​ទឹក​ប្រាក់​សរុបជាង​៥ពាន់​ដុល្លារ​(,៥០៥​ពាន់​លាន​ដុល្លារ) ក្នុង​រយៈ​ពេល​៧​ខែ​ដំបូង ឆ្នាំ​២០១១​នេះ​ ​។ តួលេខ​នេះ​មាន​ការកើន​ឡើង​បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០​ ដែល​បាន​កើន​​ឡើង​រហូត​ដល់​ទៅ​៣០០​ភាគរយ ​ដែល​កាល​នោះ​មាន​តែ​ជាង​១ពាន់​លាន​ដុល្លារ​​( ,៣៧៦​ពាន់​លាន​ដុល្លារ) ជា​មួយ​នឹង​គម្រោង​ចំនួន ៦៣ ដែល​ត្រូវ​បាន​អនុម័ត។ លោក​ជា យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ធនគារ និង​សវនកម្ម​​ជាតិ​នៃ​រដ្ឋសភា​កម្ពុជា​ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​នៅ​កម្ពុជា​​មាន​ការ​កើន​ឡើង​​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ មាន​ច្បាប់​​ល្អ ដើម្បី​ធានា​ដល់​​វិនិយោគ​បរទេស​ ឲ្យ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ប្រទេស​កម្ពុជា​មាន​សក្កដា​នុពល​ជាច្រើន​ដើម្បី​ទាក់ទាញ​ អ្នក​វិនិយោគ​បរទេស​ ដូច​ជា​វិស័យ​កសិកម្ម វិស័យ​កាត់​ដេរ វិស័យ​ទេសចរណ៍​ និង​វិស័យ​សំណង់​​ជាដើម​។ បន្ថែម​លើនេះ​ លោក​នៅ សីហា អ្នក​សេដ្ឋកិច្ច ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ បាន​និយាយ​ដែរ​ថា ការ​កើន​ឡើង​នៅ​ទឹក​ប្រាក់​វិនិយោគ​ ក៏​ដូច​ជា​ មាន​អ្នក​វិនិយោគបរទេស​​មក​រកស៊ី​នៅ​កម្ពុជា​មាន​ចំនួន​កើន​ឡើង​ដោយ​សារ​តែ​ ប្រទេស​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ​,មាន​ផ្សារ​ភាគហ៊ុន, មាន​វិស័យប្រេងកាត, និង​វិស័យ​កសិកម្ម​ ដែល​ជា​ផ្នែក​សំខាន់​ៗ ដើម្បីទាក់ទាញ​វិនិយោគ​បរទេស​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ផល្លិកាៈនៅ​ក្នុង​សប្ដាហ៍​នេះ ប្រជាពលរដ្ឋ​តំបន់​បឹងកក់​៤២​គ្រួសារ​ ដែល​ស្មើ​ប្រមាណ​ជា​២០០​នាក់​ រស់​នៅ​ភូមិ​៦ ភូមិ​២២ និង​ភូមិ​២៤ បាន​ធ្វើ​កូដកម្ម​ដុត​កង់​ឡាន​ កាល​ពី​ថ្ងៃ​អង្ការិ៍​ នោះ​ ដោយ​ពួកគេ​មិន​សុខ​ចិត្ត​​ចំពោះ​មន្រ្តី​សុរិយោដី រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ពួកគេ​។ ក្រុម​កូដករ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​ការ​កោះ​ហៅ​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ពី​មន្ត្រី​សង្កាត់​តែ​នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់ មន្ត្រី​សុរិយា​ដី​បាន​ប្រាប់​ថា ពួកគេ​ត្រូវ​បាន​កាត់​ឈ្មោះ​ចេញ​ពី​ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​ត្រូវ​ទទួល​បាន​ដី​ប្រទាន​កម្ម​ ដោយ​មន្ត្រី​ទាំង​នោះ​អះអាង​ថា ពួកគេ​រស់​នៅ​តាម​មាត់​ទឹក​។ គួរ​រំលឹក​ថា អនុក្រឹត្យ​​លេខ​១៨៣​ ដែល​តម្រូវ​ឲ្យ​មាន​ការ​កែ​ប្រែក្រឡា​ផ្ទៃ​បឹង​កក់​ បាន​ចុះ​អនុវត្ត​ជាង​១០​ថ្ងៃ​មក​ហើយ​ ប៉ុន្តែ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​តែ​មាន​បញ្ហា​មិន​ដាច់​ស្រាច់​ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​​បឹងកក់​​ជាច្រើន​​ សង្ស័យ​ថា មាន​អំពើ​ពុក​រលួយ​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ប៊ុណ្ណាៈអគ្គីភ័យ​បាន​សម្លាប់​និស្សិត​នៅ​វិទ្យាស្ថាន​វណ្ណដាគណេយ្យ​ ទាំង​ព្រឹក​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ហេតុការណ៍​បាន​កើត​មាន​ឡើង​ នៅ​ផ្ទះ​លេខ​៦៣៧​ ក្រោយ​វត្ត​ស្ទឹង​មានជ័យ​ ភូមិ​មានជ័យ​១ សង្កាត់​មានជ័យ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ លោក​ឈឺន សាគីម ប្រធានភូមិ​មានជ័យ​១ និង​ត្រូវ​ជា​អ៊ុំ​របស់​ជន​រងគ្រោះ​ ដែល​ផ្ទះ​លោក​មេភូមិ​នៅ​ជាប់​ផ្ទះ​កើត​ហេតុ​ ហើយ​រង​ការ​រោល​ដោយ​ផ្សែង​ភ្លើង​ខ្លះៗ នោះ​បាន​និយាយ​ថា គាត់​បាន​លាន់​ព្ញ​សំឡេង​ ក្មួយ​ស្រី​ស្រែក​ឲ្យ​ជួយ​ផង ហើយ​លោក​បាន​ព្យាយាម​ជួយ​នាង​ ប៉ុន្ដែ​ភ្លើង​ឆាប​ឆេះ​ ខ្លាំង​ពេក​មិន​អាច​សម្រុក​ចូល​ទៅ​ជួយ​នាង​បាន​នោះទេ​។ វរសេនីយ៍​ទោ​ នេត វន្ថា នាយការិយាល័យ​ បង្កា​និង​ពន្លត់​អគ្គីភ័យ​នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​សប្ដាហ៍​នេះ​ថា តាម​ការ​សន្និដ្ឋាន​ជាបឋម​នោះ គឺ​អគ្គីភ័យ​នេះ​បណ្ដាល​មក​ពី​ការ​ដាំទឹក​​នៅ​ក្បែរ​កន្លែង​លក់​សាំង​ ហើយ​អាច​អណ្ដាត​ភ្លើង​មក​ប៉ះ​នឹង​សាំង​ដក​បណ្ដាល​ឲ្យ​ឆេះ​។ ​លោក​វរៈសេនីយ៍​ទោ​ បាន​បញ្ជាក់ថា អគ្គីភ័យ​នេះ​បាន​បណ្ដាល​ឲ្យ​ឆាប​ឆេះ​ផ្ទះ​១ខ្នង​ទាំងស្រុង​ ដែល​ខាង​ក្រោម​ថ្ម លើ​ឈើ​ និង​រោល​ផ្ទះ​នៅ​ក្បែរ​ខាង​បន្ដិច​បន្តួច​។ ជាពិសេស​អគ្គភ័យ​បាន​សម្លាប់​កូន​ម្ចាស់​ផ្ទះ គឺ​កញ្ញា​ឌឿ លីនដា ភេទស្រី​ អាយុ​២០​ឆ្នាំ​ជានិស្សិត​ទី​២ នៅ​វិទ្យាស្ថាន​វណ្ណដាគណេយ្យ​។

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ផល្លិកាៈរបាយការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​រួមគ្នា​ ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ បាន​បង្ហាញ​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ អេដស៍​ច្រើន​ជាង​៥០%​ នៅ​ទូទាំង​ប្រទេស​ ជា​ស្រ្តី​មេម៉ាយ​ ហើយ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​លំបិន​ជាទី​បំផុត​។ លោក​ទាផល្លា​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍​បាន​លើក​ឡើង​ថា បាន​ជា​របាយការណ៍​បង្ហាញ​ច្រើន​យ៉ាង​ដូច្នេះ​ ដោយសារ​តែ​ ប្ដី​របស់​ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​គឺ​ជា​អ្នក​ចម្លង​ជំងឺ​ដំបូង​ទៅ​ប្រពន្ធ​ ហើយ​បាន​ស្លាប់​ចោល​ទុក​ឲ្យ​ប្រពន្ធ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​។ លោក​បន្ថែម​ថា នៅ​ពេល​ស្ត្រី​​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ សុខភាព​របស់​ពួកគេ​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ខ្សោយ​ ប្រាក់​ចំណូល​ធ្លាក់​ចុះ និង​ទ្រព្យ​ដែល​មាន​ក៏ត្រូវ​លក់​អស់​ គ្មាន​សល់​ដើម្បី​ព្យាបាល​ជំងឺ​។ ជំងឺ​អេដស៍​ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ឆ្នាំ​១៩៩១​ ហើយ​ឥទ្ធិពល​នៃ​មេរោគ អេដស៍​កំពុង​ប៉ះពាល់​ដល់​គ្រួសារ​កម្ពុជា​ចំនួន​៦ម៉ឺន​គ្រួសារ​ ហើយ​បាន​ធ្វើ​ឲ្យ​កុមារ​កំព្រា​ចំនួន​៨ម៉ឺន​៥ពាន់​នាក់​៕

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ប៊ុណ្ណាៈនៅ​ក្នុង​សប្ដាហ៍​នេះ​រោង​ចក្រ​កាត់​ដេរ​MV ដែល​មានទីតាំង​ឋិត​នៅ​ភូមិ​ត្រពាំង​ចឹកសា សង្កាត់­​ក្រុង​ កំពង់​ឆ្នាំង​ ដែល​មាន​កម្មការិនី​ ដួល​សន្លប់​ជា​បន្ដ​បន្ទាប់​ សរុប​ជាង​២០០​នាក់ ប៉ុន្ដែ​មូលហេតុ​ពិត​ប្រាក​នៃ​ការ​ដួល​សន្លប់​​នេះ​មិនទាន់​ត្រូវ​បាន​គេ​រកឃើញ​នៅ​ឡើយ​។ លោក​ប្រាក់​ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​ បាន​និយាយ​ថា មូល​ហេតុ​​ជុំវិញ​បញ្ហា​នេះ​ទំនង​មក​ពី​​កម្មករ​មាន​បញ្ហា​សុខភាព​​ និង​ការ​ថែម​ម៉ោង​​ការងារ​។ លោក​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​ទឹក​នោម​ អ្នក​ដួល​សន្លប់​ទាំង​នោះ ឃើញ​ថា ខ្លះ​ខ្វះ​ជាតិ​ស្ករ និង​ខ្វះ​ជាតិ​កាល់ស្យូម ប៉ុន្តែ​មិន​មាន​ឃើញ​ជាតិ​ពុល​​អ្វី​នៅ​ឡើយ​ទេ​។

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

ផល្លិកាៈបន្ទាប់​ពី​​មាន​កា​ររផ្សព្វផ្សាយ​និង​ជំរុញ​សមភាព​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា​មក​ គេ​សង្កេត​ឃើញ​ថា ស្រ្តី​ចាប់​ផ្ដើម​មាន​មុខ​មាត់​ ក្នុង​សង្គម​ច្រើន​​គួរ​ឲ្យ​កត់​សម្គាល់​។ ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ​នេះ មាន​ចំនួន​សិស្ស​ស្រី​ច្រើន​នាក់​ប្រលង​ជាប់​មធ្យម​សិក្សា​​ទុតិយភូមិ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ លោក​អ៊ូអេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​និយាយ​ថា ឆ្នាំ​នេះ សិស្ស​ស្រី​​ដែល​ជាប់​និទ្ទេស​A មាន​ចំនួន​១៩​នាក់ ដែល​​ចំនួន​នេះ​ជា​ចំនួន​មួយ​ ដែល​បញ្ជាក់​ពី​ការ​កើន​ឡើង​ក្នុង​វិស័យ​អប់រំ​។ លោក​អ៊ូ អេង​បាន​មាន​ប្រសាសន៍​ថា កន្លងមក​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​សិស្ស​ស្រី ក្នុង​ការ​សិក្សា​នៅ​មធ្យម​សិក្សា​​និង​នៅ​ឧត្តម​សិក្សា​។ លោក​បញ្ជាក់​ថា ការ​កើន​ឡើង​នៃ​ចំនួន​សិស្ស​ស្រី​នេះ គឺ​បណ្ដាល​មក​ពី​សិស្ស​ស្រី​មិន​សូវ​មាន​គ្រឿង​ពង្វក់​នៅ​ក្នុង​បរិយាកាស​ ជុំវិញ​ខ្លួន​របស់​ពួកគេ​។ ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១០​­​ ២០១១​ មាន​បេក្ខ​ជន​សរុប​ចំនួន​ជាង​១១​ម៉ឺន​នាក់ មាន​សិស្ស​​ប្រលង​ជាប់​ចំនួន​៩២២៣៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤១៦៣៣​នាក់ ដែល​ស្មើនឹង​ ៨៨.៥៤%

ដំឡើង​ភ្លេង​កាត់​ព័ត៌មាន

 Writer: Bin Bunna

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s