ព័ត៌មាន​ជាតិ​សំខាន់​ៗ​ប្រចាំ​សប្ដាហ៍​វិទ្យុស្រ្តី​FM១០២​ ៦-៧ ខែសីហា​ ឆ្នាំ​២០១១

មាតិកា

១.      អ្នក​ភូមិ​បឹងកក់​ប្រកាស​មិនទទួល​ស្កាល់​អ្នក​តំណាង​របស់​ខ្លួន​។

២.      ជុំវិញ​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​។

៣.       ក្រសួង​ធនធាន​ទឹក​ប្រាប់​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹក​ភ្លៀង​និង​ទឹក​ទន្លេមេង្គ​។

៤.      បាតុភូត​រន្ទះ​សម្លាប់​មនុស្ស​១២០​នាក់​ ៨ខែឆ្នាំ​២០១១​នេះ​

៥.      ៦​ខែ​នេះ មាន​ជន​រង​គ្រោះ​ដោយ​សារ​មីន​ជាង​១០០​នាក់​។​

៦.      សាលា​រាជធានី​ភ្នំពេញ​សន្យា​ដោះស្រាយ​ជម្លោះ​រវាង​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀ និង​ថៅកែក្រុម​ហ៊ុន​អង្គរ​។

៧.      ការព្រួយបារម្ភ​ចំពោះ​សេវា​អប់រំ​សាធារណៈ​នៅ​កម្ពុជា​។​

៨.      ដៃ​គូ​អភិវឌ្ឍន៍​ប្រទេស​មហាអនុតំបន់​ទន្លេមេគង្គ​GMS គាំទ្រ​ក្របខណ្ឌ​ការងារ​យុទ្ធ​សាស្រ្តថ្មី​។​

៩.      និស្សិត​ហ្វីលីពីន​ត្រូវ​កាត់​ជើង​នៅ​កម្ពុជា​

១០.    កម្ពុជា​ប្រតិកម្មសាជាថ្មី​ទៅ​នឹង​សម្ដី​មេទ័ព​ថៃ ថា​មិន​ចង់​ដក​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​។

សេចក្ដី​រាយការណ៍​ពិស្ដារ​

កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ អ្នក​ភូមិ​បឹងកក់​​ជាង​២០០​នាក់ បាន​មក​ជួបជុំ​គ្នា​សាជាថ្មី ដើម្បី​សម្ដែង​ការ​មិនទទួល​ស្គាល់​តំណាង​អ្នក​ភូមិ​បឹងកក់​ មួយ​ចំនួន​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ខុសពី​ឆន្ទៈ​ របស់​ប្រជាពលរដ្ឋ​ ដែល​ទាមទារ​ការ​អភិវឌ្ឍន៍​ និង​ផ្ទះ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍។ អ្នក​ស្រី​ទេពវន្នី តំណាង​អ្នក​ភូមិ​បឹងកក់​ បាន​អះអាង​ថា តំណាង​អ្នក​ភូមិបឹងកក់ណា​ ដែល​មិនទាមទារ​ការអភិវឌ្ឍន៍​ នៅ​នឹង​កន្លែង​ និង​ផ្ទះ​ល្វែង​ទំហំ​៤x​១៦​ម៉ែត្រ ជាន់​ផ្ទាល់​ដី​ ដែលមិនមែន​ជាការចង់​បានរបស់​អ្នក​​​ភូមិ​បឹងកក​នោះ គឺ​មិនមែន​ជាអ្នក​តំណាង​អ្នក​ភូមិ​បឹងកក់​នោះទេ។ អ្នក​ស្រី​បញ្ជាក់​ថា តំណាង​អ្នក​ភូមិ​បឹងកក់​ទាមទារ​អភិវឌ្ឍន៍​អ្វីមួយ​គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៧ភូមិ នៅ​តំបន់​បឹងកក់​។

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

 

នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​ បាន​ឲ្យដឹង​ថា ប្រទេស​កម្ពុជា​បានទទួលឥទ្ធិពល​របស់​ព្យុះណុក​ឋិន ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា​ ឆ្នាំ​២០១១​។​ ឥទ្ធិពល​ព្យុះ​នេះ ធ្វើ​ឲ្យ​ផ្ទៃមេឃ​ ស្រទំ​ និង​មាន​ភ្លៀង​រលឹមៗ​ជាប់ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ ឥទ្ធិពល​ដ៏អាក្រក់​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​មួយចំនួន​ ដល់​ផ្ទះសម្បែង​ចំនួន​៦ខ្នង​បាន​ដួល​រលំ​ និង​១៣​ខ្នង​ផ្សេង​ទៀត​បាន​រងការ​ខូចខាតនៅក្រុង​កែប​ និង​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​​ ព្រមទាំង​មាន​​ទឹក​ជំនន់​នៅ​តំបន់​ខ្លះ​។ សូមរំព្ញក​ថា ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​សម្ពាធ​ទា​ITCZ ចន្លោះ​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២ ខែសីហា ដែល​ព្យុះ​មួយ​ចំនួន​​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់ បាន​ស្លាប់​នៅ​ប្រទេស​ហ្វីលីពីន និង​បាន​ជះឥទ្ធិពល​លើ​ប្រទេស​ជិត​ខាង​កម្ពុជា​ផងដែរ​។

សេចក្ដីជូនដំណឹងមួយទៀត​របស់​ ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ប្រាប់​ប្រជាពលរដ្ឋ​​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ សាជាថ្មីទាក់ទង​ទៅនឹង​ជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង​ ខណៈ​ប្រទេស​កម្ពុជា​ កំពុង​ទទួល​ឥទ្ធិពលថ្មីមួយទៀត​ បន្ទាប់​ពិ​ពី​ព្យុះ​ណុក ឋិន​។ សេចក្ដី​ជូន​ដំណឹង​បាន​ប្រាប់​ថា ព្យុះ​ណុកឋិន វា​បាន​រលាយ​អស់​ហើយ​តែប្រទេសកម្ពុជា​ បាន​ទទួ​លរង​ឥទ្ធិពល​ថ្មីមួយទៀត​ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ល្អ និង​ធ្វើ​ឲ្យ​ទឹក​ទន្លេមេគង្គ​ជនឡើង​ថែមទៀត​ ហើយ​អាច​នឹង​ឡើង​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រុងប្រយ័ត្ន​ពីគ្រោះ​ទឹក​ជំនន់​ នៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​ក្រចេះ៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

 

          កាល​ពី​ថ្ងៃ​អង្គារិ៍​នេះ លោក​កែវ វី នាយខុទ្ទកាល័យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ នៃក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ខែ​មករា ឆ្នំា​២០១១​ រហូត​មកទល់​នឹងពេល​នេះ មាន​មនុស្ស​ស្លាប់​ដោយ​សារ​រន្ទះ​ចំនួន​១២០​នាក់ និង​​​របួស​៩១​នាក់​។ ទន្ទឹម​នឹង​នេះ គោក្របី​៤៨​ក្បាល​ងាប់ និង​ខូចខាត​លំនៅដ្ឋាន​ចំនួន​៣ខ្នង​ ដែល​គ្រោះ​ថ្នាក់​នេះ ហាក់​មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

នៅ​ថ្ងៃ​អង្គារិ៍​ដដែល​នេះ លោក​ជុំ ប៊ុនរ៉ុង អគ្គលេខាធិការ​អាជ្ញាធរ​មីនកម្ពុជា​ បាន​លើកឡើង​ថា រយៈពេល​៦ ខែ​ឆ្នាំ​២០១១​នេះ មាន​ជនរងគ្រោះ​​ដោយ​សារ​គ្រាប់​មីន​ជាង​១០០​នាក់។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើងស្រប​ពេល​មាន​ការ​រៀប​ចំ​សិក្ខាសាលា​ស្ដីពី​ការ​រៀប​ចំ​ផែន​ការ​សកម្មភាព​ កាតា​ហេណា ស្ដីពី​កិច្ច​សង្គ្រោះ​ជន​ពិការ​ ដោយ​សារ​គ្រាប់​មីន​ នៅ​សណ្ឋាគា សាន់វេ កាល​ពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១១៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

            កាល​ពី​ថ្ងៃពុធនេះ មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​ បាន​ជួបពិភាក្សា​ ជាមួយ​តំណាង​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀ​ ជាលើក​ដំបូង​ ដើម្បី​រក​ដំណោះស្រាយ​រវាង​ស្រ្តីផ្សព្វផ្សាយ​ស្រាបៀ និង​ម្ចាស់​ក្រុម​ហ៊ុន​អង្គរ។ លោក​ស ម៉ូរ៉ា​ ប្រធានសហព័ន្ធ សហជីព​កម្មករ​ ចំណីអាហារ​ និងសេវាកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ ក្នុង​ជំនួប​នោះ​ មាន​លោក​ប៉ាសុជាតិ​វង្ស និង​តំណាង​ស្រ្តី​ផ្សព្វផ្សាយ​ស្រាបៀ​។ លោក​បាន​ប្រាប់​ថា លោក​អភិបាល​សាលា​រាជធានី​ បាន​ស្នើ​ឲ្យ​ស្រ្តី​ទាំង​នោះ រក្សាភាព​ស្ងៀម​ស្ងាត់​ ជា​បណ្ដោះ​អាសន្ន​ ដោយ​រង់​ចាំ​ជំនួន​ ជំនួប​របស់​លោក​ជាមួយ​ក្រុមហ៊ុន​។

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

 

លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​និយាយ​កាល​ពី​ថ្ងៃពុធ​នេះថា ការអប់រំ​នៅ​កម្រិត​វិទ្យាល័យ​ នៅ​មាន​កម្រិត​ទាប​ជាង​សាលា​ឯកជន​នៅ​ឡើយ​។ ទន្ទឹម​នឹង​នេះ​ លោក​បាន​សម្ដែង​ការ​បារម្ភ​ផងដែរ​ថា នៅ​ថ្ងៃ​ខាងមុខ​សាលា​រដ្ឋ​និង​មាន​តែ​សាលា​តែ​គ្មាន​សិស្ស​រៀន​។ ជាទូទៅ​ត្រូវ​បាន​គេ​ប្រមើល​ឃើញ​ថា​ សាលារដ្ឋ​មិន​សូវ​យក​ចិត្ត​ទុកដាក់​បង្រៀន​សិស្ស ចំណាយ​ក្រៅ​ច្រើន តាម​រយៈ​លក់​ក្រដាស់ និងបង្រៀនគួរ​ក្រៅ​ម៉ោង​ជាដើម​។​ ប៉ុន្ដែលោក​អ៊ូ​ អេង អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​អប់រំ​​នៅ​កម្រិត​វិទ្យាល័យ​រវាង​សាលា​ឯកជន​ និង​សាលា​រដ្ឋ​ មិនមាន​គំលាត​ពីគ្នា​ទេ​។​បច្ចុប្បន្ន​នេះ វិទ្យាល័យ​របស់​រដ្ឋមាន​ចមនួន​៣៨៤​ នៅ​ទូទាំង​ប្រទេស​ រីវិទ្យាល័យ​ឯកជន​មាន​ចំនួន​៣៦​ ដែល​ភាគច្រើន​សាលា​ឯកជន​នេះ មាន​នៅ​តំបន់​ទីក្រុង​និង​តាម​បណ្ដា​ខេត្ត​ធំៗ​តែ​ប៉ុណ្ណោះ​៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​វិមាន​សន្ដិភាព​ លោក​ចម​ ប្រសិទ្ធិ​ រដ្ឋមន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ នៃ​ប្រទេស​មហាអនុតំបន់​ទន្លេមេគង្គ​ នៅ​ឆ្នាំ​នេះ មានសារៈសំខាន់​ណាស់ ជាពិសេស​ប្រទេស​ជាសមាជិក​ទាំង​អស់​ និង​បាន​បិទនូវ​ទំព័រ​ ស្ដីពី​ក្របខណ្ឌ​យុទ្ធសាស្រ្ត​មហាអនុតំបន់​ទន្លេមេគង្គ។ លោក​បាន​បន្ថែម​ថា ទំាងនេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ ដែល​ប្រទេស​កម្ពុជា​ បាន​ឈាន​ឆ្ពោះ​ទៅ​មុខ​ដោយ​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​បណ្ដា​ប្រទេស​មហាអនុតំបន់​ទន្លេមេគង្គ​។ កិច្ចប្រជុំ​នេះ រួមមាន​ប្រទេសកម្ពុជា ឡាវ ថៃ ភូមា និង​ប្រទេស​ចិន ដើម្បី​ពិភាក្សា​លើកការ​គាំទ្រ ក្របខណ្ឌ​ការងារ​យុទ្ធ​សាស្រ្ត​ថ្មី២០១២​-​២០២២ ដែល​នឹង​ជួយ​បង្ហាញ​ផ្លូវ​ដល់​កម្មវិធី​មួយ​ទសវត្ស​ទៀត​៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

            និស្សិត​សាកលវិទ្យាល័យ​ហ្វីលីពីន​ម្នាក់​ នាង​នីណាគ្រីស្ទីន​អាបាត  ត្រូវ​កាត់​ជើង​ស្ដាំ​របស់​នាង​ចោល​បន្ទាប់​ពី​ជើង​នោះ​បាន​ហើម​ប៉ោង​នៅក្នុង​គ្រោះ​ថ្នាក់​រថយន្ដ​នៅ​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ។ មិត្តភ័ក្រ្ដ​​របស់​នាង​អាបាត​និយាយ​ថា ជនរងគ្រោះ​បាន​វះកាត់​ជើង​នៅ​ឯមន្ទីពេទ្យ​កាល់ម៉ែត្រ​ ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួចមក​។ រថយន្ដ​របស់​ក្រុម​ហ៊ុន​ ដឹក​អ្នក​ដំណើរ​អង្គរ​អិចស៍​ប្រេស​បាន​បុកគ្នា​ជាមួយ​រថយន្ដ​ធំមួយ នៅ​ស្រុក​ពាមរខេត្ត​ព្រៃវែង កាល​ពីព្រឹកថ្ងៃចន្ទ បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ចំនួន​៥នាក់​របួសធ្ងន់​និង២៧​នាក់​ទៀត​របួសស្រាល​៕

(ដំឡើង​ភ្លេង​កាត់​ព័ត៌មាន​)

ជាថ្មី​ម្ដង​ទៀត​មន្រ្តី​កម្ពុជា​បាន​​ប្រតិកម្ម​ទៅនឹងសម្ដី​របស់​មេទ័ព​ថៃ លោក​ឧត្តមសេនីយ៍​ប្រាយុទ្ធ​ចាន់ អូឆា ដែល​បាន​លើក​ឡើង​ថា ថៃ​នឹង​មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​ទេ​ រហូត​ទាល់​តែ​មាន​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត​ ជាមួយ​កម្ពុជា​រួច​រាល់​សិន​។

លោក​កុយ គួង​ អ្នក​នំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ប្រាប់​វិទ្យុស្រ្តី​FM១០២​កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កម្ពុជា​មិន​មាន​គម្រោង​ណាមួ​យ​នឹង​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ថៃ​​ជាទ្វេភាគី​ទៀតនោះ​​ទេ​ ប៉ុន្ដែ​ការ​ចរចា អាច​ធ្វើឡើង​បាន​ជា​ត្រីភាគី​ ដែល​មាន​​ឥណ្ឌូណេស៊ី កម្ពុជា និង​ថៃ​។

យោង​តាម​សេចក្ដីរាយការណ៍​របស់​ថៃ​ កាល​ពីម្សិលមិញ​បាន​ដកស្រង់​សម្ដី​របស់​មេបញ្ជាការ​កងទ័ពជើង​គោក​ថៃ លោក​ឧត្តមសេនីយ៍​ប្រាយុទ្ធ ចាន់​អូឆាថា រហូត​មកទល់​នឹង​ពេល​នេះ​ មិនទាន់​មាន​ភាគីណាមួយ​ដកកងទ័ព​ចេញ​នៅឡើយ​ទេ​។ ពួកគេ​ត្រូវពិភាក្សា​គ្នា​ថាតើ​ ត្រូវ​ដក​កងទ័ព​ដោយ​របៀបណា​ និង​ថាតើ​ត្រូវ​ដក​ កងទ័ព​ទាំងអស់​ ឬយ៉ាណា​។

យោង​តាម​កិច្ចព្រម​ព្រៀង​ពីរ​ របស់កម្ពុជា​ ដែល​បាន​ផ្ញើ​ទៅ​ឥណ្ឌូណេស៊ី​ និង​ថៃ បាន​ប្រាប់​ច្បាស់​ហើយ​អំពី​ការ​ដក​ទ័ព​នេះ​។ លោក​កុយ គួង​ បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នោះ គឺ​ថៃ​គួរតែ​ដឹង​ច្បាស់​ហើយ​អំពី​បញ្ហា​នេះ​។   

យ៉ាង​ណាក៏ដោយ លោកកុយ​ គួង​ បាន​លើក​ឡើង​ថា ការ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ នាពេល​បច្ចុប្បន្ន​នេះ ទំនង​ជា​មានការ​លំបាក​ ប៉ុន្ដែ​កម្ពុជា​រំពឹង​ថា អ្វី​ៗ​ នឹង​អាច​ដោះស្រាយ​បាន​ដោយ​រលូន​ជុំវិញ​ជម្លោះ​ព្រំដេន​កម្ពុជា​និង​ថៃ នោះ គឺមាន​តែ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ដែល​មាន​លោក​ស្រីយីងឡាក់​ ស៊ីណាវ៉ាត់ ឡើង​កាន់​រដ្ឋាភិបាល​ថៃ​ពេញ​សិទ្ធិ​នៅ​ពេល​ខាង​មុខ​៕

Writer: Bin Bunna


            

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s