សង្ខេបព័ត៌មាន​ជាតិ​ប្រចាំ​សប្ដាហ៍​ ២៣-២៤ ខែកក្កដា ឆ្នាំ២០១១

មាតិការ​​ព័ត៌មាន​

១.  តុលាការ​ទីក្រុង​ឡាអេ​ប្រកាស​ការ​សម្រេច​ចិត្ត​របស់ខ្លួន​។

២. លទ្ធផល​ប្រលង​ឌីប្លូម​ឆ្នាំ​នេះ ជាប់ជាង​៩០%។

៣. ​ប្រេង​សាំង​ឡើង​​ថ្លៃ​ ប៉ះពាល់​ស្រ្តី​មេផ្ទះ។

៤. កម្មករ​រោង​ចក្រ​ស៊ុបភឺធិច ជួបគ្នា​តវ៉ាសាជាថ្មី។

៥. អាជ្ញាធរ​ខេត្ត​សៀមរាប​រំដោះ​ស្រ្តី​និងកុមារ​ចំនួន​១១នាក់​ពីការ​ជួញដូរ។

៦. សម្ដេច​ហ៊ុនសែន ប្រតិកម្ម​សម្ដី​អាប់ភីស៊ីត​។

៧. ស្ថានភាព​នៅ​សមរជួរមុខ​ មាន​សភាព​ស្ងប់​ស្ងាត់​។

៨. សម្ដេច​ហ៊ុន​សែន​ជម្រុញ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​ស្រ្តី​ជា​អ្នក​សារព័ត៌មាន​។

ព័ត៌មាន​ពិស្ដារៈ

          កាល​ពី​ដើម​សប្ដាហ៍​នេះ តុលាការយុត្តិធម៌​អន្ដរជាតិ​ទីក្រុងឡាអេ​បាន​សម្រេច​ឲ្យ​កងទ័ព​កម្ពុជា​និង​ថៃ​ដកចេញ​ពី​តំបន់​មានជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បាន​ទៅ​ត្រួតពិនិត្យ​តំបន់​ជម្លោះ​និង​មិនត្រូវ​រារាំង​បុគ្គលិក​ដែល​មិន​មែន​កងទ័ព​ដឹកសម្ភារៈ​ទៅ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​៕

ដោយ​ឡែក​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​សម្ដេច​ហ៊ុន សែន​បាន​ប្រតិកម្ម​ខ្លាំងៗ ​ចំពោះ​សម្ដី​អាប់ភីស៊ីត​វីចាជិវ៉ា នាយករដ្ឋ​មន្រ្តី​ថៃ​ជិត​ផុត​អាណត្តិ​។ សម្ដេច​បាន​ចាត់​ទុក​សម្ដី​​របស់​អាភីស៊ីត​ប្រៀប​បាន​នឹង     “​កូន​ក្មេង​បឋមសិក្សា”​ បន្ទាប់​ពី​អាប់ភីស៊ីត​​បាន​លើក​ឡើង​ថា ប្រសិន​បើក​កម្ពុជា​គាំទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ទីក្រុង​​ឡាអេមុន ដូច្នេះ​កម្ពុជា​ត្រូវ​ដក​កងទ័ព​ជា​មុន​។

សម្ដេច​ហ៊ុន សែន​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​​វិមាន​សន្តិភាព​ កាល​ពី​ថ្ងៃសុក្រ​​ថា​ ក្រោយ​ពេល​ចេញ​សេចក្ដី​សម្រេច​របស់​​តុលាការ​ទីក្រុង​ឡាអេ ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដើម្បី​គាំទ្រ​ចំពោះ​សេចក្ដី​សម្រេច​តុលាការ​ទីក្រុង​ឡាអេ​។ នៅ​ពេល​ប្រទេស​កម្ពុជា​គាំទ្រ​ដូច្នេះ លោក​អាប់ភីស៊ីត​វីចាជីវ៉ា​ បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​គាំទ្រ​សេចក្ដី​សម្រច​ទីក្រុង​ឡាអេ​ ដូច្នេះ​កម្ពុជា​គប្បី​ដក​កងទ័ព​ជាមុន​

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បានបន្ដថា តុលាការ​បានសំរេច​ទាត់ចោល​ការរារាំងរ​បស់​ថៃ លើ​ពាក្យបណ្ដឹង​របស់​កម្ពុជា មានន័យថា តុលាការ​បាន​​ខោក​មួយ​ក្រ​ញ៉ ទៅ​រដ្ឋាភិបាល​អាប់​ភី​ស៊ីត ដោយសារតែ​រដ្ឋាភិបាល នេះ បាន​លើកឡើងថា តុលាការ​គ្មាន​សិទ្ធិ​ចាត់ការ​លើ​ពាក្យបណ្ដឹង​របស់​កម្ពុជា​នោះ ដែល​ការនិយាយ​នេះ គឺជា​ការ​មើលងាយ ទៅ​ស្ថាប័ន​តុលាការ ។​

សម្ដេច​ហ៊ុន ​សែន​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​មិន​ធ្វើ​ការ​ចរចា​ជា​ទ្វេភាគី​នោះទេ​ គឺ​រាល់​ការ​ចរចា​ធ្វើ​ឡើង​ត្រី​ភាគី ដែល​មាន​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន​អាស៊ាន​ធ្វើ​ជា​សាក្សី​ ដែល​ធ្វើ​ដូច​នេះ​ស្រប​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ។

សម្ដេច​ក៏​បាន​ប្រាប់​ទៅ​ទីក្រុង​បាងកក​ដែរ​ថា តុលាការ​អន្ដរជាតិ​បាន​ឲ្យ​ប្រទេស​កម្ពុជា​និង​ថៃ​ ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ដែល​មាន​ទំហំ​១៧.៣៨៨​គីឡូម៉ែត្រក្រឡា​ ដូច្នេះ​សម្ដេច​ថា តំបន់​ដែល​គ្មាន​កង​ទ័ព​នេះ​ គឺ​អាស៊ាន​មាន​សិទ្ធិ​មក​កាន់​ទី​នេះ​។ ការ​លើក​ឡើង​របស់​សម្ដេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អាប់ភីស៊ី​វីចាជីវ៉ា​កាល​ពី​ថ្ងៃ​ម្សិលមិញ​និយាយ​ថា ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​តំបន់​ ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ដរាបណា​ទាហាន​កម្ពុជា​នៅ​មិន​ទាន់​ចាកចេញ​ទេ​ ។​

ទាក់​ទង​ទៅ​នឹង​ជម្លោះ​រវាង​កម្ពុជា​និង​ថៃ​នេះ សម្ដេច​ហ៊ុន​សែន​ បាន​បញ្ជាក់​ថា កម្ពុជា នឹង​ពន្លឿន ចំពោះ​ការ​អនុវត្ដ​តាម​សេចក្ដី​សម្រេច​របស់ តុលាការ ដោយ​ពុំមានការ​ពន្យារ​ពេល​ទៀត​ទេ ហើយ​កម្ពុជា​បាន​ធ្វើ​សេចក្ដី​ព្រាង ស្ដីពី​ការ អនុវត្ដ ដីកា​សម្រេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​រួចជា​ស្រេច​ហើយ​ដែរ​៕​

នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ​ មាន​សេចក្ដី​រាយការណ៍​ថា ស្ថានភាព​នៅ​តំបន់​ព្រំដែន​ ដូច​ជា​នៅ​ប្រាសាទ​ព្រះវិហារ​ និង​ខេត្ត​ឧត្តមានជ័យ មាន​សភាព​ស្ងប់ស្ងាត់​ ជាធម្មតា​ទេ។ លោកស្រីឌឹក​មេបញ្ជាការ​កងទ័ព​ប្រចាំទិស​ប្រាសាទ​ព្រះវិហារ​ ប្រាប់​វិទ្យុស្រ្តី​ថា ទាំង​ទាហាន​កម្ពុជា​និង​ថៃ មាន​ភាព​សប្បាយ​រីករាយ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ទីក្រុងឡាអេ។​ ពី​ខេត្ត​ឧត្តមានជ័យ​លោក​ឧត្តមសេនីយ៍​ជាតារា ឲ្យ​ដឹង​ដែរ​ថា មិន​មាន​ការ​ប្រែប្រួល​ទេ។ លោក​បាន​បន្ថែម​ថា កងទ័ព​កម្ពុជា​បាន​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

យ៉ាងណាក៏ដោយ​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​ សម្ដេច​ហ៊ុន​សែន បាន​អំពានាវ​កាល​ពី​ថ្ងៃ​សុក្រ​ថា កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ ត្រូវ​មាន​ការ​អត់​ធ្មត់ ហើយ​ចៀសវាង​ការផ្ទុះ​អាវុធ​ដាក់​គ្នា ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​៕​

               កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ដែរ មេបញ្ជា​ការ​កងទ័ព​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ស្រីឌឹក បានបញ្ជាក់​ថា​ ស្ថានភាព​នៅតំបន់ ជួរមុខមានសភាពស្ងប់ស្ងាត់ជាធម្មតាទេ ។ លោក ស្រី ឌឹក បានឲ្យដឹងទៀត​ថា បន្ទាប់ ពីតុលារការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រចឲ្យភាគីទាំងពីរដក ទ័ពចេញ ពីតំបន់ ជម្លោះស្ថានភាពនៅតំបន់ជួរមុខជាពិសេសតំបន់បា្រសាទវិហារមានភាពស្ងប់ស្ងាត់៕

នៅ​ថ្ងៃដដែល​នេះ អគ្គនាយ នៃ អគ្គនាយកដ្ឋានអប់រំយុវជន និង​ កីឡា​លោក​អ៊ូអេង បាន​និយាយ​ថា លទ្ធផលប្រលង មធ្យមសិក្សាបឋមភូមិឆ្នាំនេះ មានសិស្សជាង 90 ភាគរយបានប្រលងជាប់ សញ្ញបត្រ។ លោក អ៊ូ អេង មានប្រសាសន៍ថា យ៉ាងហោចណាស់មានសិស្សប្រមាណ 93,22 ភាគរយ បានប្រលងជាប់សញ្ញបត្រមធ្យម សិក្សាបឋមភូមិឆ្នាំនេះ។ ក្នុងឆ្នាំសិក្សា 2010-2011 នៅទូទាំង​ប្រទេសមានបេក្ខជាង 14 ម៉ឺននាក់ បានប្រលងសញ្ញា បត្រមធ្យមសិក្សាបឋមភូមិ។ ប៉ុន្ដែ​លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យបានមានឲ្យដឹងថា លទ្ធផលជាប់ ដ៏ច្រើន​លើសលុបនេះ នៅមិនឆ្លើយតបទៅនឹងសមត្ថភាពរបស់សិស្សនៅឡើយ ដោយសារតែ ការប្រលង​ឆ្នាំនេះ ក៏មិនខុស និង ឆ្នាំមុននោះទេ គឺមានភាពធូរលុង។ លោក រ៉ុង ឈុន បាន បន្ថែមថា ក្រសួង​អប់រំគួរពង្រឹកគុណភាពនៃការអប់រំ ជាងការកំណត់ឲ្យជាប់​តាមផែនការតែ គ្មានគុណភាព៕

ចូល​មកដល់​ថ្ងៃ​អង្គារណ៍​​នេះ លោកស៊ន ជ័យ អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម ដើម្បីគណេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា​​ និង​ប៉ាស៊ីហ្វិច ប្រាប់​វិទ្យុស្រ្តី​ថា នៅ​ពេល​ដែល​ប្រេង​សាំង​ឡើង​ថ្លៃ​ពិត​ជា​ធ្វើ​ឲ្យ​ស្រ្តី​មេផ្ទះ ពិបាក​ក្នុង​ការ​ចាត់​ចែង​ការចំណាយ​នានា សម្រាប់​គ្រួសារ​ ជាពិសេស​គ្រួសារ​ដែល​មានជីវភាព​មិន​សូវ​ធូរធារ។ បច្ចុប្បន្ន​នេះ គេសង្កេតឃើញ​ថា តម្លៃ​ប្រេងសាំង​ និង​ទំនិញ​សព្វសារពើ​ហាក់​​ឡើង​ជាបន្ដបន្ទាប់​ឥតឈប់ឈរ​​៕

នៅ​ថ្ងៃ​ដដែល​នេះ កម្មករ​រោង​ចក្រ​ស៊ុបភឺ​ធិច​ ប្រមាណ​ជា​១០០​នាក់ ដែល​ស្ទើរតែ​ស្រ្តី​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​ កាល​ពី​ពុធ ដើម្បី​សម្រេច​ចិត្ត​​គ្នា​ទៅក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១១​។ការ​គ្រោង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្មករ​កម្មការិនី​ បាន​ធ្វើ​ការតវ៉ា​ និង​បិទផ្លូវ​ជា​លេខ២​រយៈពេល​ជិត​កន្លះម៉ោង​ នៅ​មុខរោងចក្រ ដែល​ឋិត​នៅ​សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​វិញ​កម្មករ​កម្មការិនី​រោងចក្រ​ជាង​២០០​នាក់​ មិន​ព្រម​ទទួល​យក​ការ​ផ្ដល់​ឲ្យ​របស់​ថៅកែ​រោងចក្រ​។ កម្មករ កម្មការិនី​ជាង​២០០នាក់ ដែល​បាន​ទៅ​រង់ចាំ​ស្ដាប់​ដំណោះស្រាយ​របស់​ថៅកែ​រោងចក្រ​នៅក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ស្ទើតែ​ទាំង​អស់​មិន​ព្រមទទួល​យក​ដំណោះស្រាយ​របស់​ថៅកែ​រោងចក្រ​ស៊ុបភឺតិច​នោះ​ឡើយ​។​ សូមបញ្ជាក់​ថា កម្មករ​បាន​ទាមទារ​ចំនួន​ប្រាំចំណុច​ ប៉ុន្ដែ​បាន​ផ្ដល់​ឲ្យ​កម្មករ​ តែ​បីចំណុច​ប៉ុណ្ណោះ​រួមមាន​ប្រាក់ជូនដំណឹង​ ប្រាក់បណ្ដេញ​ និង​ប្រាក់​សំណង​ ហើយ​ពីរចំណុច​ដែលកម្មករ​ទាមទារ​បន្ដ​ គឺប្រាក់​ខែសម្រាប់​ខែមិថុនា​ និង​ប្រាក់​បំណាច់​ឆ្នាំ នៅគ្រា​ដែល​រោងចក្រ​បាន​បិទទ្វារ​៕

កាលពី​ថ្ងៃព្រហស្បតិ៍​នេះដែរ​ នគរបាល​ប្រឆាំង​អំពើ​ជួញដូរមនុស្ស​និងការពារ​អនីតិជន​ខេត្តសៀមរាបលោក​ស៊ុន ប៊ុនថង​ ប្រាប់​វិទ្យុស្រ្តី​ថា យ៉ាងហោចណាស់​មានស្រ្តី​និងក្មេងចំនួន១១នាក់​ ត្រូវបាន​រំដោះចេញ​ពី​កន្លែង​ខារ៉ា​ ដែល​ខាង​ក្នុង​មាន​បើក​កន្លែង​របរលក់​ផ្លូវភេទ​ ឋិត​នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តមានជ័យ​។​ លោក​បាន​និយាយ​ថា  ស្រ្ដី​និងក្មេងស្រី​ដែល​បាន​ជួយ​សង្គ្រោះ​ទាំង​១១នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​សង្គមកិច្ច និង​បញ្ជូន​បន្ដ​ទៅ​អង្គការ​ចំនួន​ពីរ​ រួមមាន​អង្គការ​CWCC និង​អង្គការ​វើលខប ដើម្បី​ធ្វើ​ការ​ស្ដារនីតិសម្បទា។ រី​ឯ​ជន​សង្ស័យ​ រួមមាន​ម្ចាស់​បន​ និង​មេខ្យល់​ចំនួន​៣នាក់​ ទៅ​តុលាការ​ហើយ​ ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់​។ សូមបញ្ជាក់​ថា នគរបាល​បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់​ជា​ម្ចាស់​ហាង​ខ៉ារ៉ា​អូខេ ឈ្មោះសេងរ៉ា អាយុ​៤៥​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១​នេះ​។ ក្នុង​ហាង​បាន​បង្កប់​កន្លែង​រកស៊ីផ្លូវភេទ​នៅ​ខាង​ក្នុង​ ដែល​មាន​ទីតាំង​នៅស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តមានជ័យ​ ហើយ​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ជួញដូរ​ពីខេត្ត​សៀមរាប​ យក​ទៅ​ធ្វើ​ការ​នៅទីនោះ និង​បង្ខំ​ឲ្យរួមភេទ​ជាមួយ​ភ្ញៀវ៕

កាល​ពី​ថ្ងៃ​សុក្រ​នេះ សម្ដេច​ហ៊ុន​សែន នាយករដ្ឋមន្រ្តី​​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដាល​ដល់​ស្រ្តី​ ដើម្បី​ឲ្យ​មាន​ស្រ្តី​ជា​អ្នក​សារព័ត៌មាន​​ឲ្យ​បាន​ច្រើន​ខណៈ​ដែល​អ្នក​សារព័ត៌មាន​សព្វថ្ងៃ​ភាគ​ច្រើន​គឺ​ជាបុរស។ សម្ដេច​លើក​ឡើង​ដូច្នេះ​ នៅ​មុន​សម្ដេច​ថ្លែង​ពី​ស្ថានភាព​ព្រំដែន​កម្ពុជា​និង​ថៃ នៅ​ក្នុង​សន្និសីទ្ធ​មួយ​ នៅ​វិមាន​សន្ដិភាព កាល​ពី​ថ្ងៃ​សុក្រ​។ សម្ដេច​លើក​ដូច្នេះ​ ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​បាន​សង្កេត​ឃើញ​អ្នក​សារព័ត៌មាន​ដែល​មាន​ចូលរួម​សន្និសីទ្ធិ​នោះ គឺ​សម្ដេច​ឃើញ​ភាគច្រើន​ជា​អ្នក​សារព័ត៌មាន​ជាបុរស ដែល​ស្រ្តី​ជា​អ្នក​សារព័ត៌មាន​មាន​តិចតួច​បំផុត​៕

Writer: Bin Bunna

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s