សំណុំ​រឿង​០០៣​និង​០០៤​ក្នុង​តុលាការ​​ខ្មែរក្រហម ​ទំនង​ជា​ពិបាក​ក្នុង​ការ​ស៊ើប​អង្កេត

ភាព​ខ្វែង​គំនិត​គ្នា​រវាងអ្នក​ជំនាញ​ពិសេស​របស់​​​អង្គការ​សហប្រជាជាតិ ​​និង​មន្រ្តី​​រាជរដ្ឋាភិបាល​​​កម្ពុជា​កំពុង​ក្លាយ​ជា​ឧបសគ្គ​ដ៏ធំ​សម្រាប់​កិច្ច​ដំណើរ​ការ​ស៊ើប​អង្កេត​សំណុំរឿង​០០៣​ និង​០០៤។ ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​នោះ នៅត្រង់​​អ្នក​ជំនាញ​ការ​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ស្ដីពីសាលាក្ដី​ខ្មែរ​ក្រហម​បាន​អះអាង​ថា សហចៅក្រម​ស៊ើប​អង្កេត​​អន្ដរជាតិ​​លោក​ឡូរ៉េន​ខាស្ពើ​អាន​ស៊ើ​ម៉េត​ នឹង​មាន​តួនាទី​ពេញ​លេញ​ ខណៈកម្ពុជា​លើកឡើង​ថា លោក​ឡូរ៉េន មិន​មាន​តួនាទី​ពេញ​លេញ​នោះទេ។​

លោក​ដេវីដ​ ស្សេហ្វឺ ជំនាញ​ការ​ពិសេស​​របស់​អង្គការ​​សហប្រជាជាតិ​និយាយ​កាល​ពីថ្ងៃពុធ​ថា លោក​មិន​បាន​ឯកភាព​ណាមួយ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខអាន​នោះទេ​។ ផ្ទុយ​ទៅវិញ​ អង្គការ​សហប្រជាជាតិ​នៅតែប្រកាន់ជំហរ​​របស់ខ្លួន​ ដែលថា ប្រទេស​កម្ពុជា​បាន​រំលោភ​កិច្ចព្រមព្រៀង​​របស់ខ្លួនជាមួយ​​អង្គការ​សហប្រជាជាតិ​​។

លោក​ស្សេហ្វឺ ដែលធ្លាប់​បាន​​ចូលរួម​តាក់តែង​​សេចក្ដីព្រាង​ច្បាប់​​នៃកិច្ច​ព្រមព្រៀង​​ឆ្នាំ​២០០៣​ ជាមួយ​រដ្ឋាភិបាល​​ បាន​ធ្វើ​ការ​ពន្យល់​ថា រហូត​មក​ទល់​នឹងពេល​នេះ​អង្គការ​សហប្រជាជាតិ​​​បាន​យល់​អំពីកិច្ច​បព្រម​ព្រៀង​នោះ ដែល​ចែង​ថា ចៅក្រម​បម្រុង​មានសិទ្ធិពេញ​លេញ​​ ក្នុងការ​អនុវត្ត​​តួនាទី​ជាចៅក្រម​​ស៊ើប​អង្កេត ​​ដោយមិន​ចាំបាច់​​មានការ​សម្រេច​ជាលើក​ទី​ពីរឡើយ។ ដូច្នេះ​ហើយ​លោក​ឡូរ៉េន​ មាន​សិទ្ធិ​យ៉ាង​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​​ការ​ស៊ើប​អង្កេត​​សំណុំរឿង​០០៣ និង​០០៤​​ របស់​សាលាក្ដី​ខ្មែរក្រហម​​នោះថែមទៀតផង​។​

សេចក្ដីបដិសេធ​របស់​លោក​ស្សេហ្វឺ​នេះ ធ្វើឡើង​ក្រោយ​ពី​​លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​​ទីស្ដីការគណៈរដ្ឋមន្រ្តី​​ ដែលលោក​បាន​​ថ្លែង​ក្រោយ​ពីកិច្ច​ប្រជុំ​រវាង​លោក​​ស្សេហ្វឺ និង​លោក​ឧបនាយក​រដ្ឋមន្រ្តី​ សុខ អាន​កាលពីថ្ងៃអង្គារិ៍​​ថា លោក​ស្សេហ្វឺ បាន​ឯកភាព​​ជា​មួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ថា សេចក្ដី​សម្រេច​មិនតែង​តាំង​លោក​ចៅក្រម​ខាសស្ពើ​អាន​ស៊ើម៉េត របស់​ឧត្តម​ក្រុមប្រឹក្សា​​នៃអង្គចៅក្រម​​គឺជាការ​មិន​អាច​សើរើ​វិញ​បានទេ។​

កាលពីថ្ងៃទី​១៣ ខែមករា កន្លង​ទៅ​នេះ ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​បាន​បដិសេធការ​តែងតាំង​​លោក​ចៅក្រម​ឡូរ៉េន​​ ខាស្ពើ​អាន​ស៊ើម៉េត ឲ្យ​ចូលកាន់តំណែង​ជាសហចៅក្រម​ស៊ើប​អង្កេត​អន្ដរជាតិ​​ របស់​សាលាក្ដីខ្មែរក្រហម​​​។​

លោក​ទិត្យ​សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និងប្រតិកម្ម​រហ័ស​ នៃទីស្ដីការ​គណៈរដ្ឋមន្រ្តី​បានថ្លែង​ថា អ្វី​ដែល​ជា​សេចក្ដី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គចៅក្រម​ គឺ​ចាត់​ទុក​ជាបាន​ការ​ ហើយ​កម្ពុជា​​ប្រកាន់​ជំហរ​គោរព​សេចក្ដី​សម្រេច​នេះ​។​

លោក​ក៏បាន​ច្រាន​ចោល​ចំពោះ​​ការ​ចោទ​ប្រកាន់​ដែល​ថា កម្ពុជា​មិន​បាន​គោរពកិច្ចព្រមព្រៀង​​រវាង​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្ដីពី​តុលាការ​ខ្មែរក្រហម​ កាលពីឆ្នាំ​២០០៣​ គឺ​ជារឿង​​មិនត្រឹម​ត្រូវ​នោះ។ ផ្ទុយ​ទៅ​វិញ​​កម្ពុជា​បាន​គោរព​​នឹង​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​នៃសាលាក្ដីខ្មែរ​​ក្រហម​ទទួល​បានជោគជ័យ​ជាបន្ដបន្ទាប់​ ជាក់ស្ដែង​​សាលាក្ដី​កូនកាត់​មួយ​នេះ​ កំពុង​ជោគជ័យ​បំផុត​នៅក្នុង​សំណុំ​រឿង​០០១​ និង​០០២​ ដែល​មាន​ការ​ចូលរួម​យ៉ាង​ពេញ​ទំហឹង​ពី​ប្រជាជន​ដែលជាជន​រងគ្រោះ​នៅក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​។​

លោក​សុក សំអឿន​ នាយកប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​​កម្ពុជា​​CDP បាន​និយាយ​ថា ជាទូទៅ​សេចក្ដី​សម្រេច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​ គឺ​មានឥទ្ធិពល​ខ្លាំង​ ប៉ុន្ដែ​ការ​លើក​ឡើង​របស់​​លោក​ស្សេហ្វឺ​ អំពិកិច្ច​សន្យា​កាលពីឆ្នាំ​២០០៣​ ក៏​ម្យ៉ាងដែរ​។

លោក​ឡុង បញ្ញាវុធ មន្រ្តី​អង្គការ​គំរោង​យុត្តិធម៌ សេរីនៅកម្ពុជា​​ ហៅកាត់​ថា (OSJI) បាន​និយាយ​ថា អ្វី​​ដែល​សំខាន់​មិនមែន​តួនាទី​របស់​លោក​ឡូរ៉េន​ពេញសិទ្ធិ​ ឬមិនពេញ​សិទ្ធិ​​គឺ​មិនសំខាន់​នោះទេ អ្វី​ដែល​សំខាន់​នៅត្រង់​ថា សហចៅក្រម​ជាតិ​និង​អន្ដរជាតិ​ មិន​សហការ​គ្នា​។ លោកថា កន្លង​មក​ក៏មាន​សហចៅក្រម​អន្ដរជាតិ​ពេញសិទ្ធិ​ដែរ​ ប៉ុន្ដែ​ សហចៅក្រម​ជាតិ​មិន​សហការ​ ការងារ​ជាមួយ​គ្នា​ ដែល​នាំ​ឲ្យ​​មាន​ផល​លំបាក​ក្នុង​​ការ​ស៊ើប​អង្កេត​សំណុំរឿង​០០៣​និង​០០៤​។​

ប៉ុន្ដែ​លោក​នេត្រ ភ័ក្រ្តា អ្នកនំាពាក្យ​សាលាក្ដីខ្មែរក្រហម​​ បាន​និយាយ​ថា អ្វី​ដែល​​​សង្គម​ស៊ីវិល​លើកឡើង​​ខាង​លើ​នេះ គ្រាន់​តែ​ជាសិទ្ធិ​របស់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្ដែ​​កិច្ច​ការ​នៅ​សហចៅក្រម​ជាតិ​ និង​អន្ដរជាតិ គឺ​​គេ​អនុវត្ត​ទៅតាម​វិធានផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរក្រហម​ ដោយ​មិន​ចាំបាច់​សង្គម​ស៊ីវិល​ចង្អុរ​បង្ហាញ​ឲ្យ​សាលាក្ដី​ធ្វើ​កន្លែង​នេះ ឬកន្លែនោះ នោះទេ​។​ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា សំណុំរឿង​០០៣ និង​០០៤​ គឺ​​កំពុង​ឋិត​នៅ​ក្នុង​ដៃ​របស់​សហចៅក្រមស៊ើប​អង្កេត​​នៅឡើយ​ ប៉ុន្ដែ​លោកមិន​​បាន​អត្ថធិប្បាយ​អ្វីច្រើន​លើសពីនេះទេ​​។​

យ៉ាងណាក៏ដោយ​ លោក​​សុក សំអឿន បានអំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ គឺ​អង្គការ​សហប្រជាជាតិ​ និង​​រាជរដ្ឋាភិបាល​កម្ពុជា​ ចាប់​ផ្ដើម​បន្ទន់​ឥរិយាបថ​ ផ្នែក​នយោបាយ​ ដើម្បី​បង្កើត​បរិយាកាស​ធ្វើការ​ចរចា​សាជាថ្មី ដែល​ជាផ្នែក​នៃការ​ដោះស្រាយ​ភាពជាប់​គាំង​នានា​។​ លោក​បាន​បញ្ជាក់​ថា “ខ្ញុំ​យល់​ថា ប្រសិន​បើ​មានការ​បន្ថូរបន្ថយ​គ្នា​ គឺ​វា​ពិត​ជា​អាច​ដោះស្រាយ​បាន​ គឺ​ភាគី​អង្គការ​សហប្រជាជាតិ​​​ថយ​មួយ​ជំហាន​ ឯ​កម្ពុជា​ថយ​មួយ​ជំហាន​នោះ គឺត្រូវ​គ្នា​ហើយ​”។​

កាលពីពេល​កន្លងមក​​សម្ដេច​ហ៊ុន​សែន បាន​មាន​ព្រមាន​ជាច្រើន​លើកច្រើន​សារ​ថា មិនអាច​យក​សំណុំរឿង​០០៣ និង​០០៤ មក​ជំនុំជម្រះ​បានទេ៕

សរសេរ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s