កម្ពុជា​ព្រួយបារម្ភថា ​ អំពើហិង្សា​លើពលករ​ទេសន្ដប្រវេសន៍​ស្រ្តី​​និងកុមារ​ កាន់តែកើនឡើង នៅ​ឆ្នាំ២០១៥​ខាងមុខ

មន្រ្តី​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល បាន​សម្ដែង​ការព្រួយបារម្ភ ​ចំពោះ​​ពលករ​ទេសន្ដប្រវេសន៍​ ដែល​នឹង​កាន់តែ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​រំលោភ​បំពាន​កាន់​តែខ្លំាង​ ទាំង​ការកេងប្រវ័ញ្ច​ពលកម្ម​ និង​បញ្ហាផ្លូវ​ភេទ​នៅឆ្នាំ​២០១៥ខាង​មុខ​នេះ​។​

លោក​យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​​កម្ពុជា​ បានថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​”អំពើហិង្សា​លើពលករ​ទេសន្ដប្រវេសន៍​​​ស្រ្តី​និងកុមារ​” នៅសណ្ឋាគារ​ កំាបូឌីយ៉ាណា កាលពីព្រឹកមិញ​នេះ​ថា អាស៊ានដែល​នឹង​ប្រែមុខ​មាត់​ពី​សមាគម ទៅ​ជា​សហគមន៍​អាស៊ាន​នៅឆ្នាំ​២០១៥​ខាងមុខ​នេះ គឺលំហូរ​នៃការ​​វិនិយោគទុនក្នុង​តំបន់​អស៊ាន​កាន់តែកើនឡើង។ ទន្ទឹម​នឹង​នេះ លំហូរ​មនុស្ស​ពីប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ដែល​បញ្ហា​ទាំង​អស់​នេះ កាន់​តែប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​ជួញដូរមនុស្ស​​ ក៏ដូច​ជា​ការ​កេង​​ប្រវ័ញ្ច​ពលកម្ម​និងផ្លូវភេទ​ផងដែរ​ ជាពិសេស​​លើស្រ្តី​ និងកុមារ​​។​

លោក​យ៉ា ណាវុធ បាន​ឲ្យ​ដឹង​ថា កន្លងមក​នេះ ពលករ​ខ្មែរ​​ ជាពិសេស​ស្រ្តី​ និងកុមារ​ បាន​រងការ​​ធ្វើបាប​ពីសំណាក់​ម្ចាស់ផ្ទះ ដូច​ជា​ការ​រើសអើង, ការ​បំបិទសេរីភាព​, និង​ការ​បាញ់​ប្រហារ​​នានា​ជាដើម។​ ទាំង​អស់​នេះ ត្រូវ​បាន​គេ​ចាត់​ទុកថា ជា​អំពើហិង្សា​លើ​​ទេសន្ដប្រវេស្ដន៍​ ជាពិសេស​ស្រ្តី​ និងកុមារ​ ដែល​ជា​អ្នករងគ្រោះ​។​

លោក​ស្រី​សាន្ដ អារុណ​ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​​ បាន​មាន​ប្រសាសន៍​ដែរ​ថា ស្រ្តី​ខ្មែរ​ភាគច្រើន​ នៅ​តែ​រងការ​ធ្វើ​បាប​ពីសំណាក់ថៅកែ​ ដែល​ជាម្ចាស់​ផ្ទះ​។ លោក​ស្រី​បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ អត្រាទេសន្ដប្រវេសន៍​មានការកើនឡើង​ តាមរយៈ​​ពលករ​ខ្មែរ​​ទៅបម្រើ​ការងារ​​តាមផ្ទះ​ និង​រៀបអាពាហ៍ពិពាហ៍​​ទៅក្រៅប្រទេស ប៉ុន្ដែ​ពួកគេ​មួយ​ចំនួន​ មិន​ដូច​ជា​ប្រពន្ធ​នោះទេ ផ្ទុយទៅ​វិញ​ពួកគេ​ដូច​ជា​អ្នក​បម្រើ​តាមផ្ទះ​ទៅវិញ​។ លោក​ស្រី​បាន​បញ្ជាក់​ថា ស្រ្តី​និងកុមារ​ភាគច្រើន​ បាន​រងគ្រោះ​​​ច្រើន​ជាង​គេ​ គឺ​តាម​រយៈ​ទៅបម្រើ​ការងារ​តាមផ្ទះ​ នៅក្រៅ​ប្រទេស​។​

លោក​សាយ ម៉េងឈាង មន្រ្តី​នគរបាល​ នៃនាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរមនុស្ស​​ និងការពារ​​អនីតិជន​ បាន​និយាយ​ដែរ​ថា បញ្ហា​ទប់​ស្កាត់​​អំពើហិង្សា​​លើស្រ្តី​ និងកុមារ​ ដែលជាពលករ​ទេសន្ដប្រវេសន៍​​ ជាបញ្ហាចម្បង​ ដែល​គ្រប់​គ្នា​ត្រូវ​​តែ​មានវិធានការណ៍​ទប់ស្កាត់​។ លោក​បានលើក​ជា​ឧទាហរណ៍ និង​បាន​បញ្ជាក់​ថា ស្រ្តី​មួយ​ចំនួន​បាន​ខកចិត្ត​ បន្ទាប់​ពី​បាន​ទៅ​ធ្វើការ​ជាស្រ្តីមេផ្ទះ​ នៅប្រទេស​ម៉ាឡេស៊ី​។

កញ្ញា​សែន ជ្រេប រស់​នៅ​ភូមិ​ដំរីស ឃុំ​កោះជុំ ស្រុក​សំពៅមាស ខេត្តពោធិ៍សាត់ ដែល​ជាអតីត​ពលករការិនី បម្រើការងារ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេ​ស៊ី​អស់​រយៈពេល​២ឆ្នាំ​កន្លង​មក​នេះ ហើយ​ទើប​ត្រឡប់​មក​ស្រុក​កំណើត​វិញ​បាន​រៀបរាប់​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា រយៈពេល​២ខែដំបូង​ ដែល​បាន​ទៅ​ធ្វើការ​តាមផ្ទះ​នៅម៉ាឡេស៊ី​ គឺម្ចាស់ផ្ទះ​ មានការ​យក​ចិត្ត​ទុកដាក់ លុះក្រោយ​ៗមក ម្ចាស់​ផ្ទះ បាន​ចាប់ផ្ដើម​ធ្វើ​បាប ទាំងការហូបចុក វាយ​ធ្វើបាប ប្រមាថ​មើលងាយ​ដោយ​ពាក្យ​សម្ដី​ និង​ មានពេល​តែ​៣ម៉ោង​ប៉ុណ្ណោះ​ដើម្បី​សម្រាក​ក្នុង​១ថ្ងៃ​។​

កាលពីពេលកន្លងមក​នេះ រាជរដ្ឋាភិបាល​បាន​សម្រេចចិត្ត​​ផ្អាក​ការ​នាំពលករ​បម្រើការងារ​តាមផ្ទះ ទៅប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពីមានព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ស្រ្តីនិងកុមារ​ បាន​រងគ្រោះ​ជាច្រើន ហើយ​ខ្លះ​ក៏ឈាន​រហូត​ដល់​មានការ​បាត់បង់​ជីវិត​ទៀត​ផង​។​

លោក​ស្រីសាន្ដ អារុណ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាលម៉េឡេស៊ី ក៏ដូច​ជា​​​ក្រសួងកិច្ច​ការនារី​នៃប្រទេស​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​លើបញ្ហា​នេះ ដើម្បី​​ចុះអនុស្សារណៈយោគយល់​MOU មួយ​ដោយ​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​បាន​ នៃការ​ការពារ​ពលករ​ទេសន្ដប្រវេសន៍​នេះ​។​ ទន្ទឹមនឹង​នេះ ប្រព័ន្ធផ្សព្វផ្សាយ​ក៏មាន​សារៈសំខាន់ដែរ នៅក្នុងការ​ផ្ដល់ព័ត៌មាន​នានា​ឲ្យ​​ជ្រាប​ដល់សារធារណៈជន​ ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​នានា ជៀសវាង​ការ​ចាញ់​បញ្ឆោត​ពីជនខិលខូច​។​

គួរកត់សម្គាល់ថា ចាប់តាំង​ពីឆ្នាំ​​២០០៩​ រហូត​មក​ទល់​នឹង​ពេលបច្ចុប្បន្ន​នេះ មានពលការិនី​ខ្មែរស្របច្បាប់​ចំនួន​៥ម៉ឺននាក់ បាន​និង​កំពុង​​ធ្វើការ​​នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន​​ជ្រើសរើស​ពលករ​​ ដែលពួកគេ​​ភាគច្រើន​ត្រូវបាន​រាយការណ៍​ថា ជួប​នូវការកេងប្រវ័ញ្ច​​ពលកម្ម​ពីសំណាក់​ម្ចាស់​ផ្ទះ​និងការ​កេងប្រវ័ញ្ចផ្លូវភេទ​។​ នៅក្នុង​ឆ្នាំ​២០១១​នេះ មានពលករ​ខ្មែរ​ជាស្រ្តី​មេផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​ស្លាប់​ចំនួន​៩នាក់​ ដោយ​ខ្លះ​ធ្វើ​អត្ថឃាត ក្នុង​នោះ​៣នាក់​ត្រូវ​គេ​ចាប់​រំលោភ​ផងដែរ​។​

ដោយឡែកពលករ​ធ្វើការ​នៅប្រទេសថៃ​មាន​ជាង​២សែននាក់​។​ រីឯប្រទេស​កូរ៉េ​ ពលករ​ខ្មែរ​ទៅបម្រើការងារ​នៅប្រទេស​នោះ​មានចំនួន​ជាង​១ម៉ឺននាក់​ និង​កោះតៃវ៉ាន់ ដែល​ជាតួលេខចាស់ គឺមាន​ចំនួន​​ជាង​៥ពាន់នាក់ ដែល​ស្រ្តីខ្មែរ​ទៅទីនោះតាមរយៈ​ការរៀបអាពាហ​ពិពាហ៍៕

សរសេរ៖ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s