សេរីភាព​សារព័ត៌មាន​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១១៧​ លើ​១៧៩​ប្រទេស​ ក្នុង​ឆ្នាំ​២០១១​

យោង​តាម​របាយការណ៍​របស់​ Reporter Without Border បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេស​កម្ពុជា​​កាលពីឆ្នាំ​២០១១​នេះ នៅលេខរៀង​ទី​១១៧ លើ​១៧៩​ប្រទេស ដែល​មាន​សេរីភាព​សារព័ត៌មាន​។ តួលេខ​នេះ ត្រូវ​បាន​ក្រុមអ្នកសារព័ត៌មាន​នៅកម្ពុជា​ចាត់ទុក​ថា សេរីភាព​នៅកម្ពុជា​ នៅ​មាន​ការ​​ប្រឈម​នៅឡើយ​។

ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​​កិច្ចពិភាក្សា​តុមូល​ស្ដីពី”សេរីភាពបញ្ចេញ​មតិ​​ និង​សារព័ត៌មាន​​​បែបប្រពៃណី” នៅ​ភោជនីយដ្ឋាន​​ទន្លេបាសាក់​កាល ពីព្រឹកថ្ងៃទី​៣១ ខែមករា​នេះ បាន​លើក​ឡើង​ថា ការរឹតត្បឹត​ព័ត៌មាន​, ការគំរាម​កំហែង, សំណាញ់ច្បាប់​ និង​ប្រាក់បៀរវត្ស​​នៅមានកម្រិត​ នៅតែ​ជាបញ្ហា​ប្រឈម​នានា​សម្រាប់​​អ្នកសារព័ត៌មាន​។​​

ថ្លែង​នៅក្នុងកិច្ចពិភាក្សា​នោះ​ លោក​ប៉ែន​ សមិទ្ធិ​ ប្រធាន​ក្លិបអ្នកកាសែត​កម្ពុជា​ បាន​និយាយ​​ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​នូវទទួលបាន​សិទ្ធិសេរីភាព​សារព័ត៌មាន​​នៅ​មានកម្រិត​នៅឡើយ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​១១៧​លើ​១៧៩​ ប្រទេស​។ តួលេខ​នេះ​​ វាយ​តម្លៃ​ដោយ​អង្គភាព Reporer Without Border  ដែល​បាន​ដាក់ចំណាត់​ថ្នាក់​អំពី​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១១​នេះ​។​

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ប្រាក់​បៀរវត្ស​ តិចតួច​របស់អ្នក​សារព័ត៌មាន​ ដែល​ទទួល​បាន​២រយដុល្លារ​ក្នុង១ខែ​ជាមធ្យម ក៏ជាផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅកម្ពុជា​។​ ទន្ទឹម​នឹង​នេះ​ បទញុះញង់​ដែល​ឋិត​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​​​ក៏​បាន​គំរាម​ហែង​​អ្នក​សារព័ត៌មាន​ផងដែរ។

លោក​ងួន សិរីរ័ត្ន ប្រធាន​ផ្នែក​នយោបាយ​​ កាសែត​រស្មីកម្ពុជា បាន​និយាយ​ដែរ​ថា បញ្ហ​នយោបាយ​ និង​បញ្ហាសេដ្ឋកិច្ច​បាន​ដាក់​សំពាធ​មក​លើ​អ្នក​សារព័ត៌មាន​។ លោក​ក៏បាន​​ធ្វើ​ការ​កត់សម្គាល់​ថា នៅបណ្ដា​ប្រទេស​មួយ​ចំនួន​​គេ​បាន​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អ្នក​សារព័ត៌មាន​ ដោយ​គេ​ផ្ដល់​ប្រាក់បៀរវត្ស​ខ្ពស់​ និង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​​ផងដែរ​។​

លោក​ឆាយ សុផល គ្រូឧទ្ទេសនាម ដេប៉ាតេម៉ង់ សារព័ត៌មាន​ និង​សារគមនាគមន៍​ បាន​និយាយដែរ​ថា បច្ចុប្បន្ននេះ​ ថ្វីបើច្បាប់​​បាន​ការពារ​សេរីភាព​នៃការបញ្ចេញ​មតិ​ក៏ដោយ​ ក៏ប៉ុន្ដែ​អ្នក​បកស្រាយ​ច្បាប់​មួយ​ចំនួន​បាន​ដាក់​បន្ទុក​មក​លើ​អ្នក​សារព័ត៌មាន​វិញ​។​ លោក​បាន​បន្ដ​ថា មាន​ចំណុច​ពីរ​​ដែល​លោក​បាន​​កត់សម្គាល់​គឺទី​១,អ្នក​សារព័ត៌មាន​​មានការ​ធ្វេសប្រហែស​ដោយ​ខ្លួន​ឯង​មិន​បាន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៅមុន​ពេលចេញ​ផ្សាយ,ទី​២អាចបណ្ដាល​មក​​ពី​​​​មន្រ្តី​ថ្នាក់​ក្រោមជាតិ បកស្រាយ​​ឬអនុវត្ត​ច្បាប់​​មិនត្រឹមត្រូវ​។​

លោក​ហង្ស ចក្រា និពន្ធ​នាយក​​កាសែត​ខ្មែរម្ចាស់ស្រុក និង​អតីត​ធ្លាប់​​ជាប់ពន្ធនាគារ​ បាន​និយាយ​ថា បើទោះ​បី​ជា​ព័ត៌មាន​ដែលបានផ្ទៀង​ផ្ទាត់​ហើយ និងមាន​ប្រភព​ច្បាស់លាស់ក៏ដោយ ក៏​អត្ថបទ​នោះ​រងការ​ចោទ​ប្រកាន់​ពី​មន្រ្តី​មាន​អំណាច​ដែរ​។ លោក​បាន​ថា រហូត​មកទល់​នឹងពេលនេះ លោក​ធ្លាប់​បាន​ទទួល​សារព្រមាន​មិនតិចជាង​១០០​លើក​នោះទេ។​

យោងតាម​របាយការណ៍​របស់​ Reporer Without Border  កាលពីឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​​ជាប់​លំដាប់​ថ្នាក់​លេខ​១១៧ ក្នុងចំណោម​១៧៩​ប្រទេស​ ដែល​មាន​សេរីភាព​សារព័ត៌មាន​។ តួលេខ​នេះ បាន​ផ្ដោត​ទៅ​លើ​បញ្ហា​មួយចំនួន​​ដូចជា​ការចាប់ចង​អ្នក​សារព័ត៌មាន​ ដោយ​សមត្ថកិច្ច​។ តួលេខ​នេះ ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ចាត់​ទុក​ថា សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​នៅមានកម្រិត​នៅឡើយ​៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s