កម្ពុជាថ្កោលទោសការបាញ់ប្រហារពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ នៅតាមព្រំដែន

ប្រទេសកម្ពុជាបានប្រតិកម្មសាជាថ្មី ចំពោះព័ត៌មានដែលថា ទាហាន ឈុត ខ្មៅថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ ដែលបណ្ដាលពលរដ្ឋខ្មែរម្នាក់ស្លាប់ កាលពីពេលថ្មីៗនេះ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានចុះផ្សាយថា យុវជនម្នាក់បានស្លាប់ ដោយសារតែទាហានឈុតខ្មៅថៃបាញ់ ខណៈដែលយុវជនរូបនោះរួមជាមួយមនុស្សប្រាំនាក់ផ្សេងទៀត បានឆ្លងចូលក្នុងទឹកដីថៃ នៅក្នុងព្រៃចំណុចអូរទឹកផឹក ចម្ងាយពីព្រំដែនកម្ពុជា ប្រាំគីឡូម៉ែត្រ ក្នុងទឹកដីថៃ ឋិតនៅក្នុងភូមិសាស្រ្តស្រុកឃុនហាន ខេត្តស៊ីសាកេតប្រទេសថៃ ឈមនឹងកម្ពុជាច្រកភូមិឃុំអូរស្វាយស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យកាលពីថ្ងៃទី១០ ខែកុម្ភៈ។

លោកកុយ គួង អ្នកនំាពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់វិទ្យុស្រ្តីថា ទាហានឈុតខ្មៅថៃដែលបានបាញ់ពលរដ្ឋខ្មែរម្នាក់ស្លាប់នោះ ឋិតនៅក្នុងការស្រាវជ្រាវនៅឡើយ ហើយករណីនេះ ត្រូវបានអគ្គកុងស៊ុលខ្មែរ បានទាក់ទងទៅប្រទេសថៃ ហើយថៃបានឆ្លើយមិនមានករណីនេះទេ។

ប៉ុន្ដែកម្ពុជានៅតែបន្ដធ្វើការស៊ើបអង្កេតនៅឡើយ ហើយប្រសិនបើរកឃើញ ជាក់ច្បាស់ដូចសារព័ត៌មានចុះផ្សាយមែននោះកម្ពុជានឹងសរសេរកំណត់ទូត ទៅប្រទេសថៃ ដើម្បីស្វែងរកជនដៃដល់ដែលបានបាញ់ពលរដ្ឋខ្មែរ។

លោកបានបញ្ជាក់ថា ជារឿយៗកម្ពុជាបានសរសេរកំណត់ទូត ដោយសម្ដែងការប្រតិកម្មខ្លាំងៗទៅប្រទេសថៃដោយកំណត់ទូតបានទាមទារឲ្យចាប់ជនដៃដល់ ដែលបានបាញ់ប្រជាពលរដ្ឋខ្មែរ និងស្នើឲ្យបញ្ឈប់ការបាញ់ប្រជាពលរដ្ឋខ្មែរ បើទោះពួកគេឆ្លងដែនខុសច្បាប់ក៏ដោយ។

លោកបណ្ឌិតសុខ ទូច សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅកម្ពុជា បាននិយាយថាការសរសេរកំណត់ទូតទៅកាន់ប្រទេសលែងមានប្រសិទ្ធិភាពទៀតហើយ ព្រោះភាគីថៃមិនបានគោរពនោះទេ ដូច្នេះកម្ពុជា ត្រូវតែដាក់ឱសានវាទដល់ប្រទេសថៃជាបន្ទាន់។

យ៉ាងណាក៏ដោយលោកកុយ គួង បាននិយាយថា ក្រសួងការបរទេសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយភាគីថៃ មិនត្រូវធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនោះទេ ប្រសិនបើធ្វើខុសច្បាប់ គឺត្រូវដោះស្រាយតាមច្បាប់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s