ព័ត៌មាន​សប្ដាហ៍វិទ្យុស្រ្តី (២៥-២៦ ខែកុម្ភៈ ២០១២)

សូមជូនព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍វិទ្យុស្រ្តីFM102

Date: 25-26 February 2012

មាតិការឿង

១. ជុំវិញការផ្ទុះកូដកម្មនៅក្នុងសប្ដាហ៍នេះ

២. ប្រសាសន៍សំខាន់ៗរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន នៅក្នុងសប្ដាហ៍នេះ

៣. ជា មុនី លាលែងតំណែងពីអគ្គលេខាធិការសហភាពសហជីពកម្ពុជាតែអះអាងថាពុំមានការបែកបាក់ផ្ទៃក្នុងនោះទេ

៤. មន្រ្តីអង្គការសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីក្រឡាបញ្ជីខេត្តកណ្ដាល និងករណីបង្ខំាងមនុស្សខុសច្បាប់នៅខេត្តពោធិ៍សាត់

ក្រសួងព័ត៌មានព្រមានសារព័ត៌មានមិនអោយផ្សាយរូបភាពហឹង្សា

និង…………………………………………………………………………………………៕

សន្ដិសុខបាញ់ពលការិនី៣នាក់ឲ្យរងរបួស តែសមត្ថកិច្ចនៅមិទាន់ចាប់បានខ្មាន់កំាភ្លើង

កាលពីថ្ងៃចន្ទ យ៉ាងហោចកម្មការិនីចំនួនបីនាក់ នៅរោងចក្រកាត់ដេរស្បែង  ជើង ឋិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានរងការបាញ់រះ ពីសំណាក់សន្ដិសុខរបស់រោងចក្រកាវវេ។ ចូលមកដល់ថ្ងៃអង្គារិ៍ លោកឧបនាយករដ្ឋមន្រ្តីសខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយថា អាជ្ញាធរបានកំណត់មុខសញ្ញាជនសង្ស័យម្នាក់ ក្នុងការបាញ់ប្រហារកម្មការិនីបីនាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង ប៉ុន្ដែរហូតមកដល់ថ្ងៃសុក្រក្នុងសប្ដាហ៍នេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានខ្មាន់កំាភ្លើងនៅឡើយទេ។ សន្ដិសុខក្រុមហ៊ុន ដែលបានបាញ់កម្មការិនី ជាកូដករដៃទទេរនេះ ត្រូវបានក្រុមអង្គការសង្កមស៊ីវិល និងមេដឹកនាំសហជីពនៅកម្ពុជា ធ្វើការថ្កោលទោសជាបន្ដបន្ទាប់ ដោយទទូចឲ្យមានការចាប់ជនដៃដល់មកធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

កម្មករផ្ទុះកូដកម្មនៅខេត្តកំពង់ចាម ឈានដល់ការប្រើអំពើហិង្សា

កាលពីថ្ងៃព្រហស្បតិ៍នេះដែរ កម្មករ-កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ មេនហាតថេន (Manhattan) ជាង១ពាន់នាក់ នៅក្រុងកំពង់ចាម នាំគ្នាបិទផ្លូវជាតិលេខ៧ មួយរយៈពេលខ្លី ក្នុងការធ្វើកូដកម្មតវ៉ាចំពោះថៅកែរោងចក្រ ដែលជាផ្នែកមួយបង្ខំឲ្យថៅកែរោងចក្រចេញមុខដោះស្រាយជូនពួកគេ។ ស្របពេលដែលការចរចារវាងតំណាងកម្មករ និងភាគីរោងចក្រមិនចុះសម្រុងគ្នា ក្រុមកូដករបានប្រើអំពើហិង្សាគប់ដុំថ្ម និងទម្លាយរបងសម្រុកចូលរោងចក្រ។ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ តំណាងកម្មករចំនួន៤រូប បានជួបអភិបាលរងខែត្រកំពង់ចាម នៅសាលាខែត្រ និងមន្ត្រីមន្ទីរការងារ ដើម្បីឲ្យអភិបាលខែត្រជួយជំរុញភាគីក្រុមហ៊ុនគោរពទៅតាមការបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមការទាមទាររបស់កម្មករទាំង ១២ចំណុច៕

រោងចក្រកាត់ដេរស្បែកជើងសាន់វែលស៊ូឈានដល់ដុតសំបកកង់ឡាននិងបិទផ្លូវវេងស្រេង

នៅក្នុងសប្ដាហ៍នេះដែរ កម្មការិនីរោងចក្រកាត់ដេរស្បែកជើងសាន់វែលស៊ូ ប្រមាណជាង១៣០០នាក់បាននាំគ្នាធ្វើកូដកម្មរយៈពេល៥ថ្ងៃហើយៗមកដល់ពេលនេះឈានដល់ការដុតសំបកកង់ឡាន និងឈរបិទផ្លូវវេងស្រេងជិតកន្លះម៉ោង ដើម្បីទាមទារឲ្យថៅកែដកប្រធានរដ្ឋបាលឈ្មោះ ខាកុកឃាងចេញ ដោយសារបុគ្គលរូបនេះឧស្សាហ៍ញុះញង់ឲ្យថៅកែដកកម្មករចេញដោយអត់មូលហេតុ។

កម្មករបាននាំគ្នាដុតសំបកកង់ឡាន និងបិទផ្លូវកាលពីព្រឹកថ្ងៃទី ២០ខែ កុម្ភៈ ឆ្នាំ ២០១២ នៅតាមបណ្ដោយផ្លូវ វេងស្រេង មុខរោងចក្រកាត់ដេរស្បែកជើងសាន់វែលស៊ូ ដែលមានទីតាំងស្ថិតនៅ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមកម្មករនិយាយថា ពួកគេបាននាំគ្នាធ្វើកូដកម្មបែបនេះរយៈពេល៥ថ្ងៃមកហើយ ពីថ្ងៃទី ១៥រហូតដល់ថ្ងៃទី ២០ ខែ កុម្ភៈនេះ៕

ជា មុនី លាលែងតំណែងពីអគ្គលេខាធិការសហភាពសហជីពកម្ពុជា

តែអះអាងថាពុំមានការបែកបាក់ផ្ទៃក្នុងនោះទេ

លោកជាមុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តលាលែងតំណែងពីអគ្គលេខាធិការសហភាពសហជីពកម្ពុជា តែមិនមានការប្រេះឆាណាមួយជាមួយលោករ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជានេះទេ។

លោកជាមុន្នី បានប្រាប់វិទ្យុស្រ្តីថា តាមពិតទៅលោករវល់ខ្លាំងណាស់ ដូច្នេះលោកលាឈប់ពីតំណែងអគ្គលេខាធិការនេះហើយ ដោយទុកពេលមកពង្រឹងសហជីពសេរីកម្មករវិញ។ លោកបានអះអាងថា បើទោះបីជាលោកបានលាឈប់ពីការងារជាអគ្គលេខាធិការក៏ពិតមែន ក៏លោក និងលោករ៉ុង ឈុន នៅតែបន្ដការសហការ ការងារដដែល។

លោករ៉ុង ឈុន ប្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា បានបដិសេធការធ្វើអត្ថាធិប្បាយចំពោះការលាឈប់របស់លោកជាមុន្នី ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោក និងលោកជាមុន្នី មិនការបែកបាក់នោះទេ៕

សម្តេច ហ៊ុន សែនថា នគរបាលជាតិ នឹងទៅជំនួសទាហាន

នៅតំបន់ព្រំដែនព្រះវិហារ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសថា កងកម្លាំងនគរបាលជាតិ នឹងត្រូវទៅជំនួសទាហាន ដើម្បីការពារសន្តិសុខនៅព្រំដែន នៅតំបន់គ្មានកងទ័ព ជិតប្រាសាទព្រះវិហារ ស្របតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១១ និងលើកទិសដៅការងារឆ្នាំ២០១២ របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ សម្តេចហ៊ុនសែន បានលើកឡើងថា “កងកម្លាំងនគរបាលជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ គោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាររបស់រាជរដ្ឋាភិបាល ក្នុងការរក្សាការពារ បានយ៉ាងគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការរក្សាសន្តិសុខនៅតាមតំបន់ព្រំដែន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះ កងកម្លាំងនគរបាលជាតិបានត្រៀមរៀបចំជាស្រេច ក្នុងការទទួលរ៉ាប់រងភូមិសាស្ត្រជំនួសឱ្យកងយោធពលខេមរភូមិន្ទ នៅពេលមានបទបញ្ជារឱ្យចូលទៅតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ដើម្បីអនុវត្តសេចក្ដីសម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិក្រុងឡាអេ”។

សម្តេចហ៊ុនសែនលើកទឹកចិត្តការអភិវឌ្ឍន៍តំបន់ជនបទដែលមានសក្កានុពលសេដ្ឋកិច្ចខ្ពស់

នៅក្នុងសប្ដាហ៍នេះដែរ ប្រមុខរាជរដ្ឋាភិបាលសម្ដចហ៊ុន សែនបានលើកទឹកចិត្តឲ្យយក ចិត្តទុកដាក់ទៅលើតំបន់ជនបទមួយចំនួន ដែលមានសក្កានុពលសេដ្ឋកិច្ចខ្ពស់ ដោយចាំបាច់ត្រូវជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជនលើការងារកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏មាន សារៈសំខាន់នោះ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១១និងទិស ដៅការងារឆ្នាំ ២០១២ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី ២១ ខែកុម្ភៈ នៅសាលាសន្និសីទចតុមុខឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបន្តជំរុញលើកកម្ពស់វិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យតាមផែនការ ដែលបានកំណត់ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្របតាមគោលនយោបាយ ជាតិស្តីពីការផ្គត់ផ្គង់ទឹកជនបទ ដែលបានលើកឡើងថា  មនុស្សគ្រប់រូបត្រូវទទួលបានសេវាផ្គត់ផ្គង់ និងអនាម័យ និងរស់នៅក្នុងបរិស្ថានប្រកបដោយអនាម័យនៅឆ្នាំ ២០២៥  និងគោលដៅអភិវឌ្ឍន៍ សហសវត្សកម្ពុជា ដែលបានកំណត់ថា នៅឆ្នាំ២០១៥”ប្រជាពលរដ្ឋ៥០% ដែលរស់នៅ នៅតំបន់ជន បទមានសេវាទឹកស្អាតប្រើប្រាស់ និងប្រជាពលរដ្ឋ៣០% ដែលរស់នៅតំបន់ជនបទមានសេវា អនាម័យ ល្អ”នោះ ។

សម្ដេចហ៊ុនសែន រិះរកមធ្យោបាយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍នេះ បានណែនាំឲ្យក្រុមមន្រ្តីដែលដឹកនាំការងារចរាចរណ៍ជើងគោក រិះរកមធ្យោបាយដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ដ៏កាចសាហាវដែលបានសម្លាប់អាយុជីវិតមនុស្សអស់ជាង១.៨០០នាក់ កាលពីឆ្នាំ២០១១កន្លងទៅថ្មីៗនេះ។ ប្រសាសន៍ណែនាំយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុនសែន បានកើតមានឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៣ ខែនេះ។

មន្រ្តីរដ្ឋាភិបាលប្រតិកម្មនឹងសហមេធាវីអន្ដរជាតិលោកនួនជា

នៅក្នុងសប្ដាហ៍នេះមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងសម្ដីហមេធាវីរបស់លោកនួនជា ដែលថា រាជរដ្ឋាភិបាលកម្ពុជាបានជ្រៀតជ្រែកក្នុងកិច្ចប្រជុំរបស់តុលាការ។ លោកកែវ រ៉េមី អនុប្រធានព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់ទុកថា ការលើកឡើងនេះ គឺជារឿងមួលបង្កាច់។ ប្រតិកម្មនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានដាក់បទបញ្ជាផ្ទាល់ទៅលោកសុខអាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីសប្ដាហ៍មុន។

មន្រ្តីអង្គការសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីក្រឡាបញ្ជីខេត្តកណ្ដាល និងករណីបង្ខំាងមនុស្សខុសច្បាប់នៅខេត្តពោធិ៍សាត់

នៅក្នុងសប្ដាហ៍នេះដែរ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួន បានសម្ដែងការគាំទ្រនូវចំណាត់ការរបស់អង្គភាពប្រឆាំងងអំពើពុករលួយ ដែលបានចាកចេញដីកាតាមចាប់ខ្លួន អតីតក្រឡាបញ្ជីខេត្តកណ្ដាលដែលបានពាក់ព័ន្ធករណីស៊ីសំណូក និងករណីចាប់ជំរិត និងបង្ខាំងមនុស្សខុសច្បាប់នៅឯខេត្តពោធិ៍សាត់។ កាលពីចុងឆ្នាំ២០១០ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោកតុបចន្ទសិរីវុធ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។ លោកតុបចន្ទសិរីវុធត្រូវបានកាត់ទោសកាលពីខែឧសភា ឆ្នាំ២០១១ ឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ ដោយជាប់ចោទពីបទប្រព្រឹត្តិអំពើពុករលួយ ជំរិតយកប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់។

ក្រសួងព័ត៌មានព្រមានសារព័ត៌មានមិនអោយផ្សាយរូបភាពហឹង្សា

នៅក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជូនដំណឹងដល់ម្ចាស់សារព័ត៌មានទាំងអស់អោយបញ្ឈប់ការផ្សព្វផ្សាយទាំងស្រុងនូវរូបភាពហឹង្សា រូបភាពគ្រោះថ្នាក់ចរាចរគួរអោយរន្ធត់ ហើយមិនបានបិទបាំងអត្តសញ្ញាណមនុស្សទាំងនោះ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធបានរម្លឹកឡើងវិញថាការផ្សព្វផ្សាយនូវរូបភាពទាំងនេះគឺជាការអនុវត្តន៍ប្រាសចាកក្រមសីលធម៌អ្នកសារព័ត៌មាននិងបានប៉ះពាល់ដល់សិទ្ធិរស់នៅជាឯកជនរបស់បុគ្គលទៀតផង។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធបានផ្សាយសេចក្តីណែនាំជាសាធារណៈមួយដល់ម្ចាស់និងអ្នក គ្រប់គ្រងការបោះពុម្ពផ្សាយសារព័ត៌មាន ទស្សនាវដ្តី និងព្រឹត្តិបត្រទាំងអស់នៅកម្ពុជា អោយពួកគេបញ្ឈប់ទាំងស្រុងនូវការផ្សព្វផ្សាយរូបភាពដែលអសីលធម៌ ខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕

 សង្ខេបដោយ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s