ព័ត៌មាន​សប្ដាហ៍វិទ្យុស្រ្តី​ (២៧-២៩​ ខែកុម្ភៈ ដល់ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១២​)

អង្គការសង្គមស៊ីវិលជំរុញឲ្យគណបក្សនយោបាយបង្កើនចំនួនស្រ្តី ឈរឈ្មោះជាបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិស្រ្តី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានជំរុញឲ្យគណបក្សនយោបាយទាំងអស់បង្កើនចំនួនស្រ្តីឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងស្របពេលដែលការចុះបញ្ចីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២។ ការអំពាវនេះដែរ បានធ្វើឡើងដោយក្រុមការងារស្រ្តីដើម្បីទាំងអស់គ្នា ដែលបានជួបជុំគ្នានៅសណ្ឋាគាជូលីណា កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈនេះ៕
ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ (មៃ សុខលីម)
 
ក្រសងមហាផ្ទៃស្នើសហជីពណែនាំដល់កម្មករកុំឲ្យប្រើអំពើហិង្សាក្នុងពេលតវ៉ា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកសខេង បានស្នើឲ្យសហជីពជួយណែនាំដល់ក្រុមកម្មករកុំឲ្យប្រើអំពើហិង្សាក្នុងពេលតវ៉ានានា ដូចជា កាន់ដំបង គប់ដបសាំង គប់ដុំថ្ម ឬដុំឥដ្ឋ មកលើសមត្ថកិច្ច ឬវាយបំផ្លាញរោងចក្រ ឬបិទផ្លូវមិនឲ្យសាធារណៈជនធ្វើចរាចរណ៍។ សំណើនេះ ធ្វើឡើងបន្ទាប់ពីប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកជាមុន្នី បានសរសេរក្នុងលិខិតមួយអបអរកាលពីថ្ងៃទី២២ ខែកុម្ភៈ ចំពោះបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលមិនឲ្យអាជ្ញាធរ និងកម្លាំងនគរបាល ក្នុងការប្រើប្រាស់កំាភ្លើង និងអំពើហិង្សាទៅលើក្រុមអ្នកតវ៉ា៕
ផ្សាយនៅវិទ្យុស្រ្តី២៩ ខែកុម្ភៈ ឆ្នាំ២០១២ (ប៊ិន ប៊ុណ្ណា)
 
ក្រសួងធនធានទឹកប្រាប់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ                       មួយចំនួននារដូវប្រាំងឆ្នំានេះ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកុម្ភៈនេះ បានប្រាប់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់នៅរដូវប្រាំងឆ្នាំនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា តាមការវិភាគ និងព្យាករណ៍ស្ថានភាពធាតុអាកាសបានបង្ហាញថា នៅក្នុងរដូវប្រាំង (ខែមីនា និងខែមេសា ឆ្នាំ២០១២) នេះ នឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយនៅតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជា។ ហើយភ្លៀងកក់ខែនារដូវប្រាំងនេះ ក៏នឹងមានបាតុភូតធម្មជាតិមួយចំនួនកើតឡើងមកជាមួយផងដែរ ដូចជាខ្យល់កន្រ្តាក់ បក់បោកខ្លាំង ផ្គរ រន្ទៈជាដើម។ បាតុភូតធម្មជាតិទាំងនេះ អាចនឹងបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិផ្សេងៗ ពិសេសនៅតំបន់ជនបទ។

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៩ ខែកុម្ភៈ (ប៊ិន ប៊ុណ្ណា)

កម្ពុជាផ្ញើកំណត់ទូតទៅថៃជុំវិញការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ

នៅក្នុងសប្ដាហ៍នេះ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយទៅប្រទេសថៃជុំវិញការបាញ់ប្រហារប្រជាពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ នៅតាមព្រំដែនកាលពីកន្លងមក។ កំណត់ទូតដែលត្រូវបានផ្ញើចេញកាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅកាន់ស្ថានទូតថៃ ប្រចាំនៅកម្ពុជា គឺបានថ្កោលទោសចំពោះ សកម្មភាពអមនុស្សធម៌ របស់ទាហានថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ។

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ (មៃសុខលីម)

មិនទាន់មានការស្រាវជ្រាវថា បរិភោគប្រហុកឆៅធ្វើឲ្យកើតមហារីកថ្លើមនៅឡើយ

ភ្នំពេញ៖ តាមការស្រាវជ្រាវមួយរកឃើញថា ត្រីមួយចំនួនរួមមានត្រីរៀល ត្រីក្រាញ់ និងត្រីកន្រ្ដប់ជាដើម អាចបង្កឲ្យមានការកើតជំងឺមហារីកថ្លើម នៅពេលវាហែលទៅប៉ះមេរោគ ហើយមនុស្សទទួលទានសាចត្រីឆៅនោះ អាចបង្ករឲ្យមានជំងឺមហារីកថ្លើម ប៉ុន្ដែពុំទាន់មានការស្រាវជ្រាវថា ការទទួលទានប្រហុកឆៅអាចបង្កឲ្យមានមហារីកថ្លើមនោះទេ។ លោកវេជ្ជបណ្ឌិតច ម៉េងជួរ ប្រធានមជ្ឈមណ្ឌលជាតិទប់ស្កាត់ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បាននិយាយថា នៅមិនទាន់មានការស្រាវជ្រាវណាមួយរកឃើញថា ការណ៍ហូបប្រហុកឆៅអាចធ្វើឲ្យកើតមានជំងឺមហារីកថ្លើមនោះទេ។ លោកបានបញ្ជាក់ថា ការស្រាវជ្រាវនេះទើបតែរកឃើញត្រីនៅកន្លែងមួយចំនួននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ លោកបន្ដថា ក្រុមអ្នកជំនាញការជប៉ុនមួយក្រុមបានចុះសិក្សា និងរកឃើញត្រីមួយចំនួនដែលមានពងព្រូន ដែលបង្កជាជំងឺមហារីកថ្លើមនៅក្នុងសាច់ត្រីទាំងនោះ ប្រសិនជាប្រជាជនបរិភោគ សាច់ត្រីឆៅ ឬចម្អិនមិនបានត្រឹមត្រូវ។ លោកបន្តថា ពពួកត្រីទាំងនោះមានដូចជា ត្រីស្រកាក្ដាម ត្រីអង្កត់ប្រាក់ ត្រីខ្មាន់ ត្រីឫសចេក ត្រីថ្នាំងវែង ត្រីអាចម៍កុក ត្រីរៀលជាដើម។ យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ត្រីដែលមានពងព្រូន ឬមានផ្ទុកប៉ារ៉ាស៊ិត អាចបង្ការបានដោយគ្រាន់តែចំអិន ឲ្យបានឆ្អិនល្អ មេរោគនឹងងាប់ មិនបង្កគ្រោះថ្នាក់ដល់អ្នកទទួលទាននោះឡើយ៕

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៨ ខែកុម្ភៈ ២០១២ (ថា វុទ្ធី)

កម្ពុជាប្រកាសថា ចាប់ពីឥឡូវនេះ ពុំមានឡូត៍នៅតំបន់បឹងទន្លេសាបទៀតទេ

ភ្នំពេញៈ សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ហ៊ុនសែន បានលើកឡើងជាសាធារណៈថា ចាប់ពីពេលឥឡូវនេះ នៅតំបន់បឹងទន្លេសាប ពុំមានឡូតិ៍នេសាទទៀតទេ គឺត្រូវរំលាយចោលឡូតិ៍នេសាទទាំងអស់។ សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតជ័យលាភី នៅវិទ្យាស្ថានបច្ចេកវិទ្យា ថ្នាក់វិស្វករនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសាលសហសិក្សា និងអាគារសិក្សា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២។

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ (ប៊ិន ប៊ុណ្ណា)

សម្ដេចព្រមានម្ចាស់អាជីវកម្មលក់គោដុតទាំងមូលក់តាំងតាមទីសាធារណៈ

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំ ពាវនាវ សាជា ថ្មី  អោយម្ចាស់ អាជីវកម្មលក់គោដុតបញ្ឈប់ការ ដាក់តាំង លក់សត្វគោ ទាំងមូល នៅ តាមទីសាធារណៈ បើមិនដូច្នោះទេសម្ដេចនិងព្រមានអោយចាត់វិធានការរដ្ឋបាល បិតអាជីវកម្មតែម្ដង។ សម្ដេចបែបនេះ នៅក្នុងពិធីប្រកាស ផ្សព្វផ្សាយជាផ្លូវការ ការប្រឡងប្រណាំងទីក្រុងស្អាតដែលប្រារព្ធធ្វើនៅវិមានសន្តិភាពកាលពី ព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៕

ផ្សាយនៅវិទ្យុស្រ្តីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ (ប៊ិន ប៊ុណ្ណា)

 

កម្ពុជា-អាមេរិករួមគ្នាបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ

កម្ពុជា-អាមេរិកបានបើកយុទ្ធនាការសាធារណៈថ្នាក់ជាតិមួយដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីគ្រោះថ្នាក់នៃឱសថខូចគុណភាព និងឱសថក្លែងក្លាយ កាលពីថ្ងៃច័ន្ទទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ លោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិកនិងលោកជូ យិនស៊ីមរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញផ្ទាំងរូបភាពដែលត្រូវបានរៀបចំជាពិសេស ដែលបង្ហាញពីពាក្យស្លោកឈ្នះពីការប្រឡងទូទាំងប្រទេសមួយ  ដែលបានទាក់ទាញការចូលរួមរបស់មនុស្សជាង២.០០០នាក់។ផ្ទាំងរូបភាពទាំងនោះត្រូវបានដាក់តាំងនៅតាមបណ្តាឱសថស្ថាននានា នៅទូទាំងប្រទេសកម្ពុជា។ កាលពី ខែសីហា ឆ្នាំ ២០១០ កន្លងទៅកម្ពុជាបានដុតបំផ្លាញឱសថចំនួនជិត ២០ តោន បន្ទាប់ពីខ្លួនរឹបអូសបានក្នុងយុទ្ធនាការបង្ក្រាបឱសថក្លែងក្លាយ នៅទូទាំងប្រទេសរួចមកនោះ ហើយពិធីដុតបំផ្លាញនោះ គឺបានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ៕

សាយនៅវិទ្យុស្រ្តីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ (មៃ សុខលីម)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s