ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ក្នុងពិធីបុណ្យថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ ត្រូវបានច្បាប់ឈប់សំរាក

អនុញ្ញាត្តឱ្យ បុគ្គលិក មន្ត្រីរាជការ រដ្ឋនិងឯកជន ទាំងអស់ឈប់ចំនួនបីថ្ងៃ ដើម្បីចូលរួមអបអរក្នុងឱកាសពិធីដ៏មហោឡារិករបស់ប្រជាជនកម្ពុជាទាំងមូល។
មហាសង្ក្រាន្ត ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ២៥៥៦ គ្រឹស្តសករាជ១៩៣៤ ពុទ្ធសករាជ ២៥៥៦~គ្រឹស្តសករាជ ២០១២។ ព្រះពុទ្ធសករាជព្រះសាសនាអតិក្កន្តាកន្លងទៅហើយបាន២៥៥៥ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខេពិសាខ ឆ្នាំរោង ចត្វាស័កតទៅចូលពុទ្ធសករាជ២៥៥៦។ នឹងគណនាឆ្នាំ រោង ឥឡូវនេះសង្ក្រានចូលមក៖

  • នៅថ្ងៃ សុក្រ ៧រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស២០១២វេលាម៉ោង១៩ និង ១១នាទីល្ងាច ជាថ្ងៃចូលឆ្នាំ រោង ចត្វាស័ក។
  • ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជាវារៈវ័នបត។
  • ថ្ងៃអាទិត្យ ៩រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៥មេសា គ.ស២០១២ នៅវេលាម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន បីថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងចត្វាស័ក ចុល្លសករាជ ១៣៧៤ មហាសករាជ ១៩៣៤ និងពុទ្ធសករាជ២៥៥៦ បរិបូរណ៍តទៅ។

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យមួយធំជាងគេក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែល ប្រារឰធ្វើមួយឆ្នាំម្តង នៅរៀងរាល់ថ្ងៃ១៣មេសាឬដល់១៤មេសា ម្តងម្កាលបាន នាំឱ្យមានការសប្បាយរីក រាយឥតឧបមារវាងក្រុមគ្រួសារខ្មែរទូទៅ ដែលបាន សំរាក ជួបជុំគ្នា នាឱកាសដ៏មហោឡារិក នេះ។ក្រៅពីមានការរៀបចំធ្វើម្ហូបចំណី យកទៅប្រគេនព្រះសង្ឃគង់នៅតាមអារាមនានាដើម្បី ឧទ្ទិសកុសលផលទាន ទៅដល់ ញាតិការដែលបានបាក់បែកចែកឋានទៅកាន់បរលោក និងសុំឱ្យពួកគាត់ រួចរំដោះ ពីទុក្ខទោស និងការហូបចុកជុំក្រុមគ្រួសារមក នៅតាមភូមិករដែល មានម្លប់ឈើធំ ៗ ពិសេសគឺនៅទីអារាមនោះតែម្តង ក្រុមក្មេង ចាស់ ប្រុស ស្រី បានបង្ក នូវល្បែងប្រជាប្រិយជាតិ ដូចជា បោះអង្គុញ ទាញព្រ័ត្រ, ចោលឈូង, លាក់កន្សែង, ចាប់កូនក្លែង, ស្តេចចង់, ដណ្តើមស្លឹកឈើ, វាយឆ្នាំង, ឡើងបង្គោល ខ្លាញ់…ហើយនិងការរាំ ច្រៀងតាមបែបចង្វាក់ប្រពៃណីខ្មែរមាន រាំវង់, រាំក្បាច់, សារ៉ាវ៉ាន់, ឡាំលាវ, តាលុង…៘ ដែលនេះ ជាប្រពៃណីពីបុរាណតរៀង មក ដើម្បីបង្កបរិយាកាសស្និទ្ធស្នាល និង សប្បាយរីករាយ ក្នុងមូលដ្ឋានរបស់ខ្លួន ពេលដែល បានជួបជុំគ្នាមួយឆ្នាំម្តង។ នៅរាជធានី មានការលេង បែបនេះ គឺសង្កេតឃើញមាននៅ រមណីដ្ឋានវត្តភ្នំ កន្លែងមានកម្មករកាត់ដេរស្នាក់នៅច្រើន ដូចជានៅចាក់អង្រែ សាលាសន្ធរម៉ុក សួនតោពីរ តាមមហាវិថីសហព័ន្ធរុស្ស៊ី សួនច្បារមុខវាំង ផ្លូវកម្ពុជាក្រោម គល់ស្ពានជ្រោយចង្វា…៘
បុណ្យចូលឆ្នាំខ្មែរជាប្រព្រឹត្ដការណ៍យ៉ាងធំក្នុងទឹកចិត្ដ និងជីវភាពខ្មែរ។

ជាទូទៅមុនពេល ចូលឆ្នាំថ្មីមកដល់គេនាំ គ្នារៀបចំបោសសម្អាត តុបតែងផ្ទះសម្បែង សម្អាតទីធ្លាវត្ដអារាម ផ្លូវថ្នល់ ចេតិយ រមណីយ ដ្ឋានសង់រានទេវតា បុកអង្ករ រកអុសដងទឹកត្រៀម សម្លៀកបំពាក់ថ្មីៗ។ល។ ឱ្យ ហើយស្រេច។ ពេលចូលឆ្នាំជាពេល ជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ឱ្យជ្រះ ស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មីក្នុងក្ដីសោមនស្សក្សេមក្សាន្ដ និងសុភមង្គល។ ឆ្នាំថ្មីមកដល់ស្នូស្គររគាំងសំឡេងធម៌ពរជយ័លាន់ឮរន្ទឺអឹងកងចេញពីវត្ដអារាម ភ្លើងទៀនឆេះ ព្រោងព្រាត ផ្សែងធូបហុយ ចេញពីគ្រប់រានទេវតា តាមដងផ្លូវមុខផ្ទះ សម្បែងវត្ដអារាម ចំណែកឯ ភូមិករប្រជាជនខ្លះវត្ដឆ្ងាយវត្ត គេរៀបចំតុបតែងកន្លែងមួយក្នុងភូមិរបស់គេរួច និមន្ដព្រះសង្ឃមក។
ដោយឡែកក្នុងនាមថ្នាក់ដឹកនាំរាជធានី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានី មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ក្រោមឱវាទសាលារាជធានីភ្នំពេញ បានអញ្ជើញមកជួបជុំគ្នា នៅរមណីយដ្ឋានវត្តភ្នំ ដែលជានិមត្តរូបនៃរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីទទួល ទេវតាឆ្នាំថ្មី យាងមកថែរក្សាឃុំគ្រង ហើយបានបួងសួង និងទទួលប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល សេចក្តីសុខ និងភាពចម្រុងចម្រើន មានដល់ ព្រះរាជាណាច្រកកម្ពុជាជានិរន្តតទៅ ជាពិសេសសូមឲ្យបងប្អូនទាំងអស់ជួបតែសំណាងល្អ សុខភាពល្អ ដើម្បីចូលរួមកសាងរាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើនថែមទៀត ស័ក្តិសមប្រសិទ្ធនាម « ភ្នំពេញជាទីក្រុងដ៏ស្រស់ប្រិមប្រិយ៍ »

ក្នុងឱកាសប្រារឰពិធីបុណ្យចូលឆ្នាំ រោង នេះ ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ គប្បីរៀបចំសំអាតទីលំនៅដ្ឋាន តុបតែងលំអ ផ្កាភ្ញី និង មានរៀបរណ្តាប់សក្ការៈបូជា ទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ ជនានុជនទាំងឡាយ ចូរខំលះបង់ ចិត្តអាក្រក់ អន្យតិរ្ថីយ៍ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគំគួនព្យាបាទឈ្នានីស ដែលមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ ខំតាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរទាន តាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជានិច្ចនោះ ទើបទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការ តាំងពីឆ្នាំនេះតរៀងទៅហោង។

 ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s