ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រតិកម្មទៅនឹងកិច្ចព្រមព្រៀងចំនួនដែលចុះហត្ថលេខារវាងកម្ពុជា និងវៀតណាម

ប្រធានក្រុមប្រឹក្សាឃ្លំាមើលកម្ពុជាប្រតិកម្ម ទៅនឹងការចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងចំនួនពីកាលពីថ្ងៃទី១៤ ខែមីនា ម្សិលមិញ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ដែលកិច្ចព្រមព្រៀងទីជាការទទួលជំនួយពីភាគីវៀតណាម និងការអនុវត្តលើអនុស្សារណៈយោគយល់គ្នា ឆ្នាំ២០១១ ស្ដីពីការផ្លាស់ប្ដូរដីមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជានិងវៀតណាម។

លោករ៉ុង ឈុន បានប្រាប់វិទ្យុស្រ្តីថា កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យកម្ពុជាខាតបង់ ទឹកដី គឺខាតបង់នៅត្រង់ថា នៅតាមបណ្ដោយព្រំដែននោះ មិនមានដីចំណែកណាមួយរបស់វៀតណាមនោះទេ ពោលជាទឹកដីកម្ពុជា ដូច្នេះ កម្ពុជាមិនចំាបាច់ធ្វើការផ្លាស់ប្ដូរដីជាមួយវៀតណាម។

ការលើកឡើងរបស់លោករ៉ុង ឈុន នេះ បន្ទាប់ពីលោកវ៉ាគឹម ហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បានលើកឡើងក្នុងសន្និសីទមួយកាលពីម្សិលមិញដោយលើកជាឧទាហរណ៍ថា “ភូមិសម្តេចអគ្គមហាពញាចក្រី ហេង សំរិន គឺភូមិថ្លុកត្រាច ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម គឺបារាំងគូសផែនទីចូលទៅក្នុងទឹកដីវៀតណាម មិនមែនស្ថិតនៅក្នុងទឹកដីខ្មែរយើងទេ។ តែឥឡូវទាមទារបានមកកម្ពុជាវិញហើយ តែយើងត្រូវរកដីដោះដូរឲ្យទៅវៀតណាមវិញ។ នៅខេត្តកំពង់ចាមច្រើនជាងគេ ចំពោះការដោះដូរ ហើយនៅខេត្តតាកែវក៏អ៊ីចឹងដែរ ភាគច្រើនពលរដ្ឋខ្មែរ ចូលទៅធ្វើស្រែហួសខ្ខ្សែព្រំដែនកម្ពុជាយើង”។

លោកបានលើកឡើងទៀតថា គណៈកម្មាធិការនេះ ក៏មិនត្រូវធ្វើសេចក្ដីសម្រេចចិត្តផ្ដេសផ្ដាស់នោះទេ ទាក់ទងទៅនឹងខ្សែក្រវ៉ាត់ព្រំដែន ដូច្នេះ គណៈកម្មាធិការព្រំដែនកម្ពុជា គប្បីស្នើសុំសេចក្ដីសម្រេចពីរដ្ឋសភាជាមុនសិន នៅពេលចុះហត្ថលេខាធ្វើការផ្លាស់ប្ដូរដីមួយចំនួននៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាមនេះ។ លោកបានបញ្ជាក់ថា ប្រសិនបើលោកប្រមូលឯកសារបានគ្រប់គ្រាន់ លោកនឹងសរសេរលិខិតទៅរដ្ឋសភា ដើម្បីឲ្យពិនិត្យមើលជុំវិញបញ្ហានេះ។

លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនដីគោកកម្ពុជា បានឆ្លើយតបថា គណៈកម្មាធិការរបស់លោកបានស្នើសុំពីអង្គនីតិប្រតិបត្តិ និងបញ្ញត្តិ រួចរាល់អស់ហើយ ពោលគឺធ្វើអ្វីទៅតាមច្បាប់ទម្លាប់។

លោកវ៉ា គឹមហុង ក៏បានធ្វើការពន្យល់ដែរថា តាមទៅនៅភូមិគ្រឹះរបស់សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ឋិតនៅក្នុងភូមិថ្លុកត្រាច ស្រុកពញាក្រែក គឺឋិតនៅក្នុងដីវៀតណាមទេ ដោយសារតែបារំាងបានកាត់ឲ្យវៀតណាម តាំងពីនៅមុនឆ្នាំ១៩៥៣មកម៉្លេះ បើទោះបីជាសម្ដេច និងប្រជាពលរដ្ឋរស់នៅទីនោះតាំងពីដូនតាក៏ដោយ។

ទាក់ទងទៅនឹងបញ្ហាព្រំដែនទាំងខាងកើតនេះនៅតែជាចំណុចរស៊ើបនៅ ឡើយសម្រាប់កម្ពុជាដោយសារតែគណបក្សប្រឆាំង និង គណបក្ស កាន់អំណាចបាននិងកំពុងធ្វើការខ្វែងគំនិតគ្នា ពោលមិនចុះសម្រុងគ្នានោះទេ ហើយ បញ្ហាព្រំដែនខាងកើតនេះ ប្រជាពលរដ្ឋនិងមេដឹកនំាគណបក្សប្រឆាំងលោកសមរង្ស៊ី រងការកាត់ទោសឲ្យជាប់ពន្ធនាគារថែមទៀត ដោយសារតែលោកសមរង្ស៊ីបានដកតម្រុយបង្គោលព្រំដែន។

ដោយសារតែលោកសមរង្ស៊ីមានពិរុទ្ធភាព រដ្ឋសភាកាលពីថ្ងៃទី១២ មីនា នេះ បានប្រកាសជាសាធារណៈពីការបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិជាអ្នកតំណាងរាស្ត្រ របស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ។

លោកចាន់ សុវ៉េត មន្រ្តីជាន់ខ្ពស់ស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុកបាន សម្ដែងការសោកស្ដាយចំពោះការប្ដឹងផ្ដល់គ្នាពាក់ព័ន្ធទៅនឹងការបញ្ហា ព្រំដែន ដែលធ្វើឲ្យកម្ពុជាអន់ថយ ឬឆ្លុះបញ្ចំាងអំពីការបែកបាក់សាមគ្គីផ្ទៃក្នុង។

ទាក់ទងទៅនឹងកិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាម លោកចាន់សុវ៉េត បានលើកឡើងថា តាមពិតទៅដោយសារតែកម្ពុជា ខ្សោយទាំងសេដ្ឋកិច្ច និងយោធា ដូច្នេះហើយ កម្ពុជាបង្ខំចិត្តបញ្ចប់កិច្ចការព្រំដែន។លោកបានបញ្ជាក់ថា លោកគាំទ្រចំពោះនីតិវិធីរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ ក្នុងបំណងបញ្ចប់វិវាទព្រំដែន ដើម្បី ឲ្យកូនចៅជំនាន់ក្រោយមានភាពកក់ក្ដៅព្រោះតែប្រទសជិតខាងមានព្រំដែនមួយច្បាស់លាស់។

លោកវ៉ាគឹមហុងបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ការបោះបង្គោលព្រំដែនបានសម្រេចចំនួន៧៥%ហើយ ហើយរំពឹងថា នឹងអាចបោះបង្គោលព្រំដែនឲ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០១២នេះ ប៉ុន្ដែលោកវ៉ាគឹមហុងបញ្ជាក់ថា រឿងព្រំដែនមិនមែនជារឿងងាយស្រួលនោះទេ។

គួរកត់សម្គាល់ថា កម្ពុជានិងវៀតណាមបានចុះកិច្ចព្រមព្រៀងកាលពីម្សិលមិញ ស្តីពីជំនួយរបស់រដ្ឋាភិបាលវៀតណាម ផ្តល់មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតផែនទីដ្ឋានលេខាព្រំដែនកម្ពុជា-វៀតណាម ដែលមានទឹកប្រាក់ចំនួន៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកវ៉ាគឹមហុងបញ្ជាក់ថា នេះជាការបន្តពីកិច្ចដែលបានដេញថ្លៃកាលពីឆ្នាំទៅបានទៅលើក្រុមហ៊ុនអន្តរជាតិ ប្លូ ដែលដេញថ្លៃបានក្នុងការផលិតផែនទីដ្ឋានលេខាព្រំដែននៃប្រទេសទាំងពីរ ដែលខ្វះថវិកា ខណៈដែលការផលិតផែនទីនោះជិតបានបញ្ចប់ហើយក្តី។

រីឯកិច្ចព្រមព្រៀងទី២ គឺការចុះហត្ថលេខាលើការអនុវត្តអនុស្សរណៈយោគយល់គ្នាឆ្នាំ២០១១ ស្តីពីការផ្លាស់ប្តូរដីមួយចំនួននៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម។

ពាក់ពន្ធ័នឹងករណីនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង បានពន្យល់ថា “ដូចជាភូមិខ្លះរបស់ពលរដ្ឋខ្មែរនៅក្នុងដីវៀតណាម តាំងពីជំនាន់បារាំងមក បើយើងចង់ទុកភូមិនោះឲ្យបងប្អូនខ្មែរយើងនៅដដែល ឥឡូវវៀតណាមឯកភាពឲ្យដូរគ្នាទៅវិញទៅមក ដើម្បីឲ្យបងប្អូនពលរដ្ឋខ្មែរយើងនៅកន្លែងនោះដដែល” ។

លោកវ៉ា គីមហុង បានបន្ថែមថា ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលសព្វថ្ងៃនេះ ដើម្បីធ្វើជារបងមួយដ៏រឹងមាំ សម្រាប់ការពារបូរណភាពទឹកដីយើងឲ្យបានគង់វង្ស ដល់កូនចៅយើងជំនាន់ក្រោយៗ។ ជាមួយនោះ លោកបានស្តីបន្ទោសបារាំង ដែលមិនសូវរវីរវល់ព្រំដែនប៉ុន្មានទេ នៅពេលដែលបារាំង មកធ្វើអាណានិគមនៅឥណ្ឌូចិន ពិសេសបារាំងធ្វើអាណានិគមលើប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៨៦៣ ដល់ថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ផ្សាយនៅវិទ្យុស្រ្តី ១៥ មិនា ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s