ការស្ទង់មតិរបស់​IRI រកឃើញថា កម្ពុជាកំពុងឆ្ពោះទៅមុខ ក្នុងទិសដៅត្រូវប្រមាណជា៨១% ក្នុងចំណោម​អ្នកផ្ដល់សម្ភាសន៍ចំនួន​២ពាន់នាក់

ភ្នំពេញ៖ វិទ្យាស្ថានសាធារណៈរដ្ឋអន្ដរជាតិ របស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ជាផ្លូវការ
កាលពីព្រឹកមិញនេះថា ប្រទេសកម្ពុជាបានដើរលើផ្លូវត្រូវប្រមាណជា៨១% ក្នុងចំណោមអ្នកសម្ភាសន៍២ពាន់នាក់។ រដើរលើផ្លូវត្រូវរបស់រដ្ឋាភិបាល គឺរដ្ឋាភិបាលបានថែរក្សាសុខសន្ដិភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដជាដើម។

ប៉ុន្ដែក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងបានរិះគន់របាយការណ៍នេះថា មិនបានរាប់បញ្ចូល អ្នករងគ្រោះដោយសារវិបត្តិដីធ្លីនោះទេ ដែលធ្វើឲ្យតួលេខនេះ មានការកើនឡើង។ យ៉ាងណាក៏ដោយ របាយការណ៍នេះបានបញ្ជាក់ដែរថា នៅសល់ជិត២០%ទៀត ដែលរដ្ឋាភិបាលដើរនៅមិនទាន់ត្រឹមត្រូវ ក៏ជាតួលេខខ្ពស់ដែរ។
របាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានសារធារណៈអន្ដរជាតិ ដែលហៅកាត់ថា IRI ដែលមានមានកម្រាស់ជាង៥០ទំព័រ បានរកឃើញថា ប្រទេសកម្ពុជាបានដើរនៅលើផ្លូវត្រូវដ៏ច្រើនលើសលប់។ របាយការណ៍ ដែលបានធ្វើឡើងចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១១ ដោយរបាយការណ៍នេះធ្វើការប្រៀបធៀបគ្នាទៅនឹងឆ្នាំ២០១០ ចន្លោះពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។ របាយការណ៍បានធ្វើការសម្ភាសន៍លើប្រជាពលរដ្ឋចំនួន២ពាន់នាក់ តំណាងឲ្យប្រជាជនកម្ពុជាទាំងអស់ អាយុក្រោម១៨ឆ្នាំឡើង ដែលសមាមាត្រទៅតាមចមនួនប្រជាជនតាមបណ្ដាខេត្តនីមួយៗ របាយប្រជាជនទីប្រជុំជន/ ទីជនបទ/ និងតាមភេទ។
របាយការណ៍បានចោទសួរមនុស្សចំនួន២ពាន់នាក់ថា តើអ្នកមានអារម្មណ៍ថា ជាទូទៅកម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅត្រូវឬទិសដៅខុស? គឺជាចម្លើយពួកគេបានឆ្លើយថា រដ្ឋាភិបាលកម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅទៅមុខ ក្នុងទិសដៅត្រូវ ប្រមាណជា៨១%។ ប៉ុន្ដែក្នុងចំណោមអ្នកឆ្លើយ២ពាន់នាក់ទៀត បានឆ្លើយរដ្ឋាភិបាលដើរលើផ្លូវខុស ដែលមានចំនួន១៩%។
របាយការណ៍ក៏បានរកឃើញដែរថា ក្នុងចំណោមយុវវ័យដែលមានអាយុចន្លោះពី១៨ទៅ២៤ឆ្នាំ បានគាំទ្ររដ្ឋាភិបាលដើរនៅលើផ្លូវត្រូវរហូតដល់ទៅ៨៨% ខណៈមនុស្សចំណាស់ចន្លោះពី៥០ឆ្នាំដល់៦០ឆ្នាំ គាំទ្រតែ៧៣%ប៉ុណ្ណោះ។
របកគំហើញថ្មីនេះ បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលដើរនៅលើផ្លូវត្រូវ គឺរដ្ឋាភិបាលបានកសាងផ្លូវថ្នល់ កសាងសាលារៀន កសាងមណ្ឌលសុខភាព កសាងស្ពាន វត្តអារាម ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយភាពក្រីក្រ និងរដ្ឋាភិបាលបានរក្សាសុខសន្ដិភាព។
ប៉ុន្ដែរដ្ឋាភិបាលក៏នៅមានភាពអសកម្មមួយចំនួននៅឡើយឡើយ ដែលបញ្ហាអំពើពុករលួយនៅតែមាន ដែលអ្នកឆ្លើយប្រមាណជា៤០% បានឆ្លើយថា មានអំពើពុករលួយ កាលពីឆ្នាំ២០១១ បើប្រៀបធៀបនឹងឆ្នាំ២០១០ មានចំនួន៤២%។ ទន្ទឹមនឹងនេះក្រុមអ្នកឆ្លើយបាននិយយថា ក្នុងជួររដ្ឋាភិបាលនៅតែមានបក្សពួកនិយម២៥%, តម្លៃទំនិញទីផ្សារខ្ពស់២៤%, ការបំផ្លាញបរិស្ថាន ព្រៃឈើ នេសាទ, ជនអន្ដោប្រវេសន៍ខុសច្បាប់ នៅមានភាពក្រីក្រ ខ្វះការងារធ្វើ តំលៃកសិផលទាប និងតំលៃប្រេងសាំងនៅតែខ្ពស់ជាដើម។
លោកMatt Lakin នាយកស្ដីទីវិទ្យាស្ថានសាធារណៈរដ្ឋអន្ដរជាតិអាយអអាយ បាននិយាយថា របកគំហើញនេះ គឺធ្វើឡើងដោយមានការសម្ភាសន៍ប្រជាជនខ្មែរចំនួន២ពាន់នាក់ តំណាងឲ្យប្រជាជនទូទាំងប្រទេសកម្ពុជា។ ប៉ុន្ដែរបាយការណ៍មិនបានរាប់បញ្ចូល អ្នករងគ្រោះដោយសារវិបត្តិដីធ្លីនោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បាននិយាយថា របាយការណ៍នេះ នៅខ្វះចន្លោះនៅឡើយ ដោយលោកបាននិយាយថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ នៅមិនទាន់មានប្រជាធិបតេយ្យពិតប្រាកដនៅឡើយ, អំពើពុករលួយនៅតែធ្ងន់ធ្ងរ, ទំនាស់ដីធ្លីក៏នៅតែមាន តាមរយៈការច្បាមយកដីរបស់ប្រជាពលរដ្ឋ ពីក្រុមហ៊ុន និងអ្នកមានអំណាចជាដើម។
លោកចាន់ សុវេត មន្រ្តីស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថា ថ្វីបើតួលេខនេះ បានគំាទ្ររដ្ឋាភិបាលរហូតដល់ទៅជាង៨០% ដែលថា រដ្ឋាភិបាលដើរនៅលើផ្លូវត្រូវក៏ដោយ ក៏ប៉ុន្ដែរដ្ឋាភិបាលនៅសល់ជិត២០%ទៀត គឺជាចំនួនដ៏ច្រើនដែលរដ្ឋាភិបាលត្រូវតែគិតគូរ ដូចជាការគំរាមកំហែងសិទ្ធិមនុស្ស មានការបាញ់សម្លាប់មន្រ្តីបរិស្ថាន, គំរាមមន្រ្តីសិទ្ធិមនុស្សជាដើម។ ទន្ទឹមនឹងនេះការរំលោភដីធ្លីពីសំណាក់ក្រុមមកលើប្រជាពលរដ្ឋនៅតែកើតមានច្រើនឡើងៗ។ ប៉ុន្ដែលោកទិត្យសុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្តីបាននិយាយថា របាយការណ៍នេះ គឺឆ្លុះបញ្ចាំងអំពីចំណុចវិជ្ជមានមួយ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើកាលពេលកន្លងមក។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលមិនរំពឹងថា អ្វីដែលខ្លួនបានប្រឹងប្រែងបាន១០០%នោះទេ ប៉ុន្ដែតួលេខជាង៨០%នេះ គឺជាចំនួនមួយដ៏ត្រឹមត្រូវហើយ។ លោកបានបញ្ចាក់ថា រដ្ឋាភិបាលបាននឹងកំពុងគិតគូរបន្ថែមទៀតទៅលើសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងរដ្ឋាភិបាលថ្មីៗនេះបានចេញបទបញ្ជារផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការរាំងខ្ទប់ ចំពោះក្រុមហ៊ុនដែលមិនត្រឹមត្រូវ ដែលទទួលដីសម្បទានសេដ្ឋកិច្ចហើយ មិនធ្វើតាមច្បាប់។
យ៉ាងណាក៏ដោយនៅក្នុងរបាយការណ៍របស់IRI ដែលប្រកាសនៅសណ្ឋាគារសាន់វេ កាលពីព្រឹកថ្ងៃទី១០ ខែឧសភានេះ គឺក្នុងចំណោមអ្នកសម្ភាសន៍២ពាន់នាក់ បានឆ្លើយថា ស្ទើរតែគ្រប់មន្រ្តីទាំងអស់ពុករលួយដែលមានចំនួន៣៦% មន្រ្តីភាគច្រើនពុករលួយ មានចំនួន២៨% មានពុករលួយខ្លះៗដែរមានចំនួន២៩% ស្ទើរតែគ្មានមន្រ្តីពុករលួយ២% និង៦% មិនដឹង និងមិនឆ្លើយសំណួរថា អំពើពុករលួយនិងការស៊ីសំណូករីករាលដាលកំរឹតណាក្នុងរដ្ឋអំណាចថ្នាក់ឃុំ ស្រុក ខេត្ត របស់ និងរដ្ឋអំណាចថ្នាក់ជាតិនៅភ្នំពេញ?
ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s