ការប្រលង​បាក់ឌុប​ឆ្នាំ​នេះកើតមានភាព​មិនប្រក្រតី​ច្រើន​

 

ភ្នំពេញ៖ នៅថ្ងៃ​នេះ ជាថ្ងៃដំបូង​នៃការប្រលង​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃចាប់​ផ្ដើម​​ត្រូវ​បាន​មជ្ឈដ្ឋានានា​លើកឡើង​ថា ​ការប្រលង​​ឆ្នាំ​នេះ នៅតែកើតមាន​ភាពមិនប្រក្រតី​ជាច្រើន​។ ភាពមិ​នប្រក្រតី​ទាំង​នោះ​រួមមាន​ សិស្សានុសិស្ស​លួច​យក​សំណៅ​ឯកសារ​ចូល​ក្នុងបន្ទប់ប្រលង ប្រមូល​ប្រាក់​ឲ្យគ្រូ ឬអនុរក្ស​ និង​​បេក្ខជន​​នៅតែ​អាច​ប្រើ​​ទូរសព្ទក្នុងពេល​ប្រលង​​ បើទោះ​បទបញ្ជា​ប្រលង​បានហាម​ឃាត់​ក្ដី។​

កញ្ញាជ្រឹង ស្រីណា ជាបេក្ខនារី​​នៅមណ្ឌលប្រលង​វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន​ផ្សារ​ដើម​​ថ្កូវ​ ក្នុង​រាជធានី​ភ្នំពេញ បាននិយាយថា កញ្ញា​​បាន​​ចំណាយ​​លុយ​​ចំនួន៩ពាន់រៀល​ ដើម្បី​ប្រមូល​ឲ្យ​គ្រូ​ នៅក្នុងបន្ទប់ប្រលង​ជាថ្នូរ​ទៅនឹង​ការ​លួច​មើល​សំណៅ​ឯកសារ​។ កញ្ញា​បញ្ជាក់​ថា ក្រៅ​ពី​កញ្ញា​ ក៏មាន​បេក្ខជន បេក្ខនារីផ្សេង​ទៀត​ បាន​លួច​មើល​សំណៅ​ឯកសារ​ក្នុងពេលប្រលង​បានយ៉ាង​ងាយ​​។ ប៉ុន្ដែ​​ការប្រើប្រាស់​ទូរសព្ទ​​ត្រូវ​បាន​អនុរក្ស​ហាមឃាត់​។​

ចំណែក ប្អូនប្រុស រិទ្ធិ ប្រលង​នៅមណ្ឌល​វិទ្យាល័យ​បឹក​ត្របែក​ បាន​និយាយថា ក្នុង​មួយមុខ​វិជ្ជា​ប្អូន​បាន​ចំណាយ​២ពាន់​រៀល​ ប្រមូល​ឲ្យ​​គ្រូ​ ឬអនុរក្ស​​ ជាថ្នូរ​ទៅ​នឹង​ការ​លួច​មើល​សំណៅ​ឯកសារ ខណៈ​ដែល​ប្អូន​កាលពីប្រលង​ពេលព្រឹកមិញ​​នេះ មិនបាន​​មើល​សំណៅ​ឯកសារ​ណាមួយឡើយ។​

លោករដ្ឋា ប្រជាពលដ្ឋរស់នៅភ្នំពេញ ​ដែល​បាន​មក​មើល​សាច់ញាតិ​ ​ប្រលង​នៅមណ្ឌល​ប្រលង​​វិទ្យាល័យ​ប៊ុនរ៉ានីផ្សារ​ដើមថ្កូវ​បាននិយាយថា មុនថ្ងៃប្រលង​លោកបាន​ឃើញសិស្សានុសិស្សមួយចំនួនបានទៅប្រមូលផ្ដុំគ្នា តាម​បណ្ដាកន្លែង​ ម៉ា​ស៊ី​​ហ្វូតូ​​កូ​​ពី ដើម្បី​ចែកចាយសំណៅឯកសារ និងខ្លះទៀត​បានទៅបន់ស្រន់​កន្លែងសក្តិ​សិទ្ធិ​នា​​នា ដូចជា នៅព្រះអង្គដង្កើរ​ជាដើម។

លោករ៉ុង ឈុន ប្រធាន​សមាគម​ គ្រូបង្រៀនកម្ពុជា ​ឯករាជ្យ ​បានឲ្យ​ដឹង​ថា នៅថ្ងៃនេះ នៅតាម​មណ្ឌលប្រលង​មួយចំនួន​ នៅតែ​មាន​អនុរក្ស​ប្រមូល​លុយ​ពីបណ្ដា​សិស្សពេលប្រលងដដែល​។ លោក​ក៏បានបញ្ជាក់ថា សមាគម​កំពុង​​ធ្វើការ​តាមដាន​លើមណ្ឌល​ប្រលង​មួយចំនួន​ដែលថា មាន​ប្រធាន​មណ្ឌល​​​​ខ្លះបាន​កំពុងធ្វើវិញ្ញាសារ​លក់ឲ្យ​​សិស្សនៅក្នុងមណ្ឌលប្រលង។

លោករ៉ុងឈុន បញ្ជាក់ទៀតថា មានបែកវិញ្ញាសារចំនួន២ គឺ វិញ្ញា​សារ​គីមី និង ជីវៈ​បាន​បែកធ្លាយ ចេញ​ពីក្រុងភ្នំពេញនេះ​ ទៅកាន់បណ្ដា​ខេត្ត​នានា ដូចជា​​ខេត្តតាកែវ កណ្ដាល​ និងខេត្តមួយចំនួនទៀត។ លោកថា តាម​​រយៈសកម្មជន​របស់​​លោកបានផ្ញើរ Mailមកលោកឃើញថា វិញ្ញាសារ​​ទាំងនោះគឺដូចគ្នា​ទាំងស្រុង​ទៅនឹង​​វិញ្ញា​សារ ពិតប្រាដក ។ ទន្ទឹមនឹង​នេះ​ ការប្រលង​ឆ្នាំនេះ​ បណ្ដាញ​សង្គម​Facebook កំពុងក្លាយ​ជា​កន្លែង​ដោះដូរ​សំណៅ​ឯកសារ​​ មានន័យ​ថា ចម្លើយ​ត្រូវ​បាន​គេ​បង្ហោះ​លើfacebook​ ហើយ​​បេក្ខជន​អាច​ប្រើ​ទូរសព្ទទំនើប​  ទាញ​យក​​ចម្លើយ​ទាំង​នោះ​មើល​បាន​​។​

ប៉ុន្ដែ លោកសំសិរីរ័ត្ន អគ្គនាយក​ នៃអគ្គនាកដ្ឋាន ​ក្រសួងអប់រំយុវជន និងកីឡា បាន​​អះអាង​ថា ការប្រលង​បាក់ឌុប​នៅថ្ងៃដំបូង​នេះ ប្រព្រឹត្តិ​ទៅ​​ដោយ​ស្ងៀមស្ងាត់ ពោល​គឺ​មិនឃើញ​កើត​មាន​ភាព​​​មិនប្រក្រតី​ណា​មួយ​នោះទេ។​​

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១១៤.១១៤នាក់(១សែន​១ម៉ឺន​៤ពាន់​១១៤នាក់) និងមណ្ឌលប្រឡង នៅទូទាំង​ប្រទេសចំនួន២៥៤មណ្ឌល ដែលមានបន្ទប់ប្រលង ចំនួន ៤.៦១២ បន្ទប់។ ទន្ទឹមនឹងនេះ​កម្លាំងសមត្ថកិច្ចនៅតាមមណ្ឌលប្រលងនីមួយៗ ក៏ត្រូវបាន​គេ​ដាក់ព​ង្រាយ ដើម្បីការពារ និង​រក្សា​សន្តិសុខយ៉ាង​តឹងរឹងផងដែរ៕

ភ្នំពេញថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២

            អត្ថបទ៖ កញ្ញាចាន់ឌី

​           កែសម្រួល៖ ប៊ិន ប៊ុណ្ណា 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s