ជីវិត​ប្រពន្ធទាហាន

ឧត្តរមានជ័យ៖ ភាពក្លាហាន​ និងទឹកចិត្ត​​ស្នេហា​ជាតិ​​មាតុភូមិ​​​របស់ស្វាមី បានប្រែក្លាយ​​ស្រ្តី​អ្នក​​ទីក្រុង​ម្នាក់​​ ឲ្យ​សម្រេចចិត្ត​​ចាក​ឆ្ងាយ​ពីផ្ទះ​សម្បែង​​មក​រស់នៅ​​តាមប្ដី​​គ្រប់ទីកន្លែង​​ មិន​ថា​ជិត​ឬឆ្ងាយ​​។ មិនតែប៉ុណ្ណោះ​ ស្រ្តី​រូប​នេះ​ក៏ប្រឈម​នឹង​​​ចុងកាណុង​​ នៅ​ឯសមរភូមិ​ជាមួយ​ស្វាមី​​ដែរ​។​ ​ការ​សម្រេច​ចិត្ត​ទៅ​រស់នៅ​ជាមួយ​ប្ដី​​ តើ​ស្រ្តីរូបនេះ ជួបការលំបាក​អ្វីខ្លះ?

អ្នកស្រីកុសល​មាន​សប្បុរស រាងស្គម​ស្ដើង​ ​ស្លៀក​ខោ​ឆ្នូត​​ជើងវែង​​ពណ៌​ផ្កាឈូក​​ ពាក់​អាវដៃវែង​ កឌុប​ បាន​រៀបរាប់​ទាំង​​ទឹក​មុខ​​ស្រស់ស្រាយ និង​បាន​បញ្ចេញ​ស្នាម​ញញឹម​ផងនោះ​ និយាយថា “ខ្ញុំ​ពេញ​ចិត្ត​មកតាម​ស្វាមី​ ព្រោះ​គាត់​ជាមនុស្ស​ដែលក្លាហាន​​​មួយរូប​ គាត់​ជាអ្នកការពារ​ទឹកដី”។​

ដោយមាន​ខ្យល់​ប៉ះ​ដើម​ឈើតូចធំៗ ដុះ​ម្រៀប​គ្នា​​ច្រើន​ស្អេក​ស្កះ ដែលធ្វើ​ឲ្យ​ដើមឈើ​ទាំងនោះ​​រេរាំ ទៅ​តាមវាយោ​ អ្នកស្រី​​​កុសល​ កំពុង​អង្គុយ​លើផ្ទាំង​ថ្មធំមួយ​​ ឋិតនៅក្នុង​​បន្ទាយ​​ទាហាន​លើខ្នង​ភ្នំ ស្រប​តាមបណ្ដោយ​នៃជួរ​ភ្នំដងរែក​ កៀក​នឹង​កាំ​ជណ្ដើរ​ប្រាសាទ​តាមាន់ បាន​និយាយថា សព្វថ្ងៃ​អ្នក​ស្រី​នឹង​ស្វាមី​​រស់​នៅ​ក្នុង​បន្ទាយទាហាន​ ឋិត​នៅ​ក្នុង​ភូមិតាមាន់​សែនជ័យ​ ឃុំគោកមន ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។​

ប្រាសាទតាមាន់​​ ខេត្តឧត្តរមានជ័យ​ ក៏ជាតំបន់​ប្រយុទ្ធ​មួយ​ដែរ បន្ទាប់​ពី​​ការរុកកួន​ទន្ទ្រាន​ទឹក​ដីកម្ពុជា ពី​សំណាក់​ទាហាន​ថៃ​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ខេត្តព្រះវិហារ។ ក្រោយ​ពី​សំណុំ​រឿង​ប្រាសាទព្រះវិហារ​​​​ឈាន​ដល់​​​ដៃ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​សាជាថ្មី ដោយ​រង់​ចាំ​តែ​ថ្ងៃ​​​តុលាការ​នេះ​ពន្យល់​​ពី​សាលក្រម​ឆ្នាំ​១៩៦២​នោះ កងទ័ព​ថៃ​បាន​​រុក​​រាន​​សាជាថ្មី​នៅ​តំបន់​ប្រសាទ​តាមាន់ និង​តាក្របី​ ខេត្ត​ឧត្តរមានជ័យ​។​ ដូច្នេះ​ហើយ​ប្រាសាទ​តាមាន់​ និង​តាក្របី​នេះ កងទ័ព​នៃប្រទេស​ទាំង​ពីរធ្លាប់​បាន​ពើបប្រយុទ្ធ​គ្នា​ជាច្រើន​លើ​កច្រើន​សារមកហើយ​ ខណៈ​ដែល​នៅ​តំបន់​ប្រាសាទព្រះវិហារ​​ រាជរដ្ឋាភិបាល​ កម្ពុជា​និង​ថៃ បានធ្វើការ​កែសម្រួល​កងទ័ព​​​​​ ទៅតាម​​សាលដីការ​របស់តុលាករ​​យុត្តិធម៌​អន្ដរជាតិ​ កាលពីថ្ងៃទី​១៨​ ខែកក្កដា ឆ្នាំ​២០១១​។

អ្នកស្រី​កុសល​ ដែល​​បាន​ផ្លាស់​ទ្រនុំ​ពីទីក្រុង​​ភ្នំពេញជាទី ​ដែល​​មានកូនចំនួន​៤នាក់​ បែរមក​រស់នៅ​ជាមួយ​ស្វាមី​​ នៅ​ក្នុង​តំបន់​សមរភូមិ​​ បាន​និយាយបន្ដថា បើទោះ​បី​ស្ថានភាព​តំបន់​ព្រំដែន​​សព្វថ្ងៃនេះ មាន​សភាព​ស្ងប់​ស្ងាត់​ក្ដី ក៏ប៉ុន្ដែ​ តាមបទពិសោធន៍​​ដែល​កើតចេញ​ពីភាព​មិនចុះ​សម្រុង​​គ្នា​រវាង​​​ប្រទេស​ទាំងពីរ​ ធ្វើ​ឲ្យ​អ្នកស្រី​​បារម្ភ​ជានិច្ច​​ពី​សុវត្ថិភាព​​ព្រោះថា នៅទីនេះ​ជា​តំបន់​សមរភូមិ​ករណីផ្ទុះ​អាវុធ​អាច​កើត​មាន​​គ្រប់ពេល​។​ ជាពិសេស​ក្ដីនឹក​រលឹក​​ មិន​អាច​​បំភ្លេច​បាន​នោះគឺ កូនៗ​ទាំង​៤នាក់​​​ កំពុង​រស់​នៅភ្នំពេញ​ ដែល​នៅជាមួយ​ជីដូន ជីតា​ និង​សាច់​ញាតិ​​។

ងាកមក​មើល​​ស្ថានភាព​រស់​នៅ​ក្នុង​តំបន់​សមរភូមិ​វិញ​ អ្នកស្រី​កុសល់​​ បាន​​និយាយ​​ថា នៅ​ពេល​ស្វាមី​ចេញ​ទៅ​ក្នុង​ព្រៃ​​ជាទីល្បាត​ការងារ​​ គឺ​អ្នកស្រី​កុសល់​​ មាន​ការ​​ព្រួយបារម្ភ​ជានិច្ច​ ព្រោះ​ថា បារម្ភ​ពីការ​ប៉ះទង្គិចគ្នា​ជាមួយទាហាន​ថៃផង និង​​​តំបន់​ព្រៃ​ទាំង​នោះក៏សំបូរ​មីន​​ផងដែរ​។​

យ៉ាងណាក៏ដោយ​ ដោយ​សារ​តែ​​ភាព​អង់អាច​របស់​ស្វាមី​​​ ដែល​​​ជាអ្នកការពារ​ជាតិ​​ ការពារ​បូរណភាព ទឹកដី អ្នកស្រីកុសល់​ បាន​និយាយ​ទាំង​ម៉ឺងម៉ាត់​ថា ទាំង​អស់​នេះ​ហើយ ដែល​អ្នកស្រី​​ពេញ​ចិត្ត​មក​រស់​នៅ​ជាមួយ​ស្វាមី​។​ ម្យ៉ាង​ទៀត​​ការ​យោគយល់​​ជួយទុក្ខធុរៈ​​គ្នា​ក្នុងគ្រួសារ​ ការគាំទ្រ និង​ការលើកទឹកចិត្ត​​ពីសំណាក់​ស្វាមី តែង​តែ​បន្ថែម​ភាព​រីករាយ ក្ដីសង្ឃឹម​ ប្រកបដោយ​ភាព​កក់​ក្ដៅ​នៅក្នុងជីវិត​​​គ្រួសារ​ដ៏តូច​មួយនេះ​។ អ្វី​ដែល​សំខាន់​ដែល​អ្នកស្រី​​មក​រស់នៅ​ជាមួយ​​​ស្វាមី​នៅក្នុង​តំបន់​​សមរភូមិនេះ ក៏ព្រោះ​តែ​​អ្នក​ស្រី​គឺជា​ភរិយា ដែលមិន​អាច​កាន់​កំាភ្លើង​ ឬអាវុធ​យុទ្ធភណ្ឌក្ដី ក៏ប៉ុន្ដែ​​ភរិយា​មួយ​នេះ​ ក៏អាច​ចូលរួម​មើល​ថែ​ស្វាមី​ ​តាម​រយៈ​ការផ្គត់​ផ្គង់​ស្បៀង​អាហារ​ ឬថែទាំ​សុខភាព​ប្ដី​ បាន​គ្រប់ពេល​ ដែល​ចំណុចនេះ ​ក៏ជាកម្លាំង​​ចិត្ត​​​មួយបង្ហាញ​ឲ្យ​ឃើញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ ស្វាមី។​

បើទោះ​បី​ជាពេល​នេះ​ អ្នកស្រី​កុសល់​ បាន​ចាក​ចេញ​ពី​សាច់​ញាតិ​ ក្រុមគ្រួសារ​ពី​រាជធានី មករស់នៅទីជនបទ​ដាច់​ស្រយាល​ ហើយ​បាន​ចាប់​ផ្ដើម​​ការងារ​ប្រឈម​​នឹង​ភាព​នឿយ​ហត់​ ព្រមទាំង​​ប្ដីប្រឈម​នឹង​​គ្រោះថ្នាក់គ្រប់ពេល​ ស្របពេល​​ដែល​ប្រាក់​ខែ​ជាទាហាន​តិចតួច​ក្ដី ក៏​អ្នកស្រី​និយាយ​ដោយ​ភាពជឿជាក់​ថា ការតស៊ូ​ពិតជា​នាំទៅរក​ភាព​ជោគជ័យ​​ជាមិនខាន។​ ក្រោយពី​បញ្ចប់​ជម្លោះ​​ព្រំដែន​រវាង​កម្ពុជា​ និងថៃ អ្នកស្រីម៉ុម កុសល់ បាន​និយាយថា ស្ថានភាព​​រស់នៅ​របស់​ប្រជាពលរដ្ឋ​​មុខជា​ប្រសើរ​ឡើង​។ ទន្ទឹម​នឹង​នេះ អ្នកស្រីកុសល់​សង្ឃឹម​ថា នឹង​អាច​បង្កើត​​កន្លែង​លក់​ដូរ​មួយ​ ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ហើយនោះ នឹង​​នាំ​​កូន​ៗទាំង​៤នាក់ មករស់នៅ​ជាមួយ​ ឲ្យ​បាន​ជួបជុំ​សុខក្ដុមរមនា​នៅក្នុងគ្រួសារ​​៕​

ភ្នំពេញថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២

អត្ថបទ៖ កញ្ញាវ៉ាន់ដា​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s