ការចងចាំ​​របស់​លោកឆាយ​សុផល ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ​

ភ្នំពេញ៖ ការ​ធ្វើទារុណ្ឌកម្ម​លើកុមារ និង​​ឪពុក​ដែល​បាន​បាត់​ខ្លួន​ បន្ទាប់ពី​​របប​កម្ពុជាប្រជាធិបតេយ្យ​ផ្ដួល​រំលំ​ដោយ​របប​សាធារណរដ្ឋ​នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដែល​ទាំង​អស់​នេះ​ បាន​ធ្វើ​ឲ្យ​លោក​ឆាយ​ សុផល​ចង​ចាំមិនភ្លេច​ រហូត​មកទល់នឹងពេលបច្ចុប្បន្ន​។​ សេចក្ដី​ឈឺចាប់ នឹង​ការ​ចង​ចាំ​ទំាង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​លោក​ឆាយ សុផល សម្រេច​ចិត្ត​សរសេរសៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា “អ្នកម្ដាយ​ និង​កូនអង្គការ​​”​។​

សូមស្ដាប់​សេចក្ដីរាយការណ៍​របស់​កញ្ញាវ៉ាន់ ដា​!​

សំឡេង លោកឆាយ សុផល “នៅក្រោម​ដើម​ត្របែក​នឹង​សុទ្ធតែស្រមោច​យួន ហៅ​អាស្រមោចក្រហម​ គឺខាំ នៅក្នុងសៀវភៅ​ហ្នឹង​ខ្ញុំ​ក៏បាន​រៀបរាប់​ដែរ គឺវាបាន​ខាំជើង​យើង វាឡើង រហូត​ដល់វាខំា​ប្រដាប់​ភេទ​របស់ខ្ញុំ​ ក្ដៅខ្លួន​បីថ្ងៃ ប៉ុន្ដែ​យើង​មាន​ថ្នាំ​អាចម៍ទន្សាយ​” ។​

ទាំង​នេះជាការៀប​រាប់​របស់​លោកឆាយ សុផល ដែល​ជាអ្នកកាសែត​ជើងចាស់ និង​ជានិពន្ធ​នាយកកាសែត​ Cambodia News​​ ដែល​លោក​បាន​រំលឹក​ពីអតីត​កាល​ឈឺចាប់ នៅក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ​។​​ វ័យ​១២ឆ្នាំ​កុមារ​ឆាយ​ សុផល នៅក្នុង​​របប​កម្ពុជាប្រជាធិបតេយ្យ​ បាន​ការ​ឈឺចាប់​ ដោយ​​​រង​ទារុណកម្ម​ជាមួយ​នឹង​កុមារ​ពីរ បីនាក់​ផ្សេង​ទៀត​។ កុមារា​ផល បាន​រង​ការ​ទះកំភ្លៀង ទាត់​ឆ្អឹង​ជំនី​ និង​កុមារ​ផ្សេង​ទៀត​បាន​យក​សំបុក​អង្ក្រង​មួយ​​វាយ​បំបែក​នៅលើក្បាល​របស់​​កុមារាផល​ ដើម្បី​​ឲ្យអង្ក្រង​វៀរ​លើខ្លួន​ប្រាណ​។ កុមារ​ផល​បាន​រងការ​ឈឺចាប់​ ដោយ​អង្ក្រងបាន​ខំា​មុខ ស្លឹកត្រចៀក​ ព្រមទាំង​ដងខ្លួន​។​

នេះជាទណ្ឌកម្មទី០១​​ ទណ្ឌកម្មទី០២​ គឺធ្ងន់ធ្ងរជាង​ទណ្ឌកម្មទី​០១​ ដោយ​ត្រូវ​គេ​ចង​​នៅក្រោម​ដើម​ត្របែក​​មួយ​ដែល​មាន​ស្រមោច​នៅលើដី​។ កុមារា​ឆាយ​សុផល​ ខំស្រែក​យំ យ៉ាងខ្លាំង​ ដោយ​សារ​តែ​ស្រមោច​បាន​ខាំ​ជើង​  ភ្លៅ​ និង​ប្រដាប់​ប្រភេទ​​។ បើទោះ​បីជាកុមារ​រូបនេះ​ ខំ​ស្រែក​អង្វរក​ ឲ្យ​ប្រធាន​កង​ដោះលែង​ ប៉ុន្ដែ​ពុំ​មាន​នរណាអើពើ​នោះទេ។​

ក្រៅពីទណ្ឌកម្មធ្ងន់ធ្ងរ​ទំាងពីរនេះ​កុមារ​ឆាយសុផល​ក៏បាន​រង​ការ​ធ្វើទារុណក​ម្ម​​​ផ្សេង​ៗជាច្រើន​ទៀត​។​​ ទាំង​នេះ​សុទ្ធសឹង​តែ​របប​កម្ពុជា​ប្រជាធិបតេយ្យ​​ ដែល​បាន​ផ្ដួល​រំលំ​​របប​សាធារណរដ្ឋ​របស់​​លោក​លន់​ណុល នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ របប​ថ្មី​បាន​ចូល​មក​ដល់ ប្រជាពលរដ្ឋ​​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ជម្លៀស​ចេញពី​ទីក្រុង​ទៅកាន់​បណ្ដាខេត្ត​ និង​ជនបទ​ផ្សេងៗ ក្នុង​នោះ​កុមារា​ឆាយ​ សុផល វ័យ​១​២​ឆ្នាំ ក៏មិន​ខុស​ពី​អ្នក​ដ៏ទៃ​ដែរ​ ក៏បាន​ធ្វើ​ដំណើរ​អស់រយៈពេល​ជាច្រើន​យប់​​បាន​ទៅ​ភូមិ​កំណើត​របស់​ម្ដាយ​សុផល នៅឯភូមិ​ទួល​ស្លែង ឃុំស្រែជា ក្នុង​ខេត្តតាកែវ ជាតំបន់​របស់​តាម៉ុក​។​

នៅទីនេះ​កុមារ​ឆាយ​សុផល បាន​​ការ​ចង​ចាំ​​នូវ​រឿងរ៉ាវ​ ដ៏ឈឺចាប់​ជាច្រើន ​ដូចកុមារ​ឯទៀត​ៗ។ ដូច្នេះហើយ​​លោក​ឆាយ​សុផល បាន​សម្រេច​ចិត្ត​សរសេរ​សៀវភៅ​មួយក្បាល​ដែល​មាន​ចំណង​ជើង​ថា អ្នកម្ដាយ​ និង​កូន​​អង្គការ​។​ សៀវភៅ​ដែល​មាន​កំរាស់​​​១៨៥​ទំព័រ​ បាន​រៀប​រាប់​ពីជីវិត​ និង​ការ​រស់​នៅ​របស់​​កុមារ​ឆាយ​សុផល និងក្រុម​គ្រួសារ​ នៅ​ក្នុង​របប​អាវខ្មៅ​ ៣ឆ្នាំ​៨ខែ២០ថ្ងៃ​។​

លោកឆាយ​ សុផល ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ពិធីសម្ពោធ​សៀវភៅ​ នៅក្លឹប​អ្នក​កាសែត​កាលពីព្រឹក​ថ្ងៃទី​៥ ខែកក្កដា​នេះថា ការសរសេរ​សៀវភៅ​នេះ​ឡើង​ គឺជាផ្នែក​មួយ​សម្រាប់​ស្មារតី​ដល់សាលាក្ដីខ្មែរក្រហម ក្នុង​ការ​ពិចារណា​​លើការ​រំលោភ​​សិទ្ធិកុមារ​​យ៉ាងធ្ងន់ធ្ងរ​​ ពីសំណាក់​មេដឹកនាំ​របស់កម្ពុជាប្រជាធិបតេយ្យ​​​​។​

លោក​ឆាយ​សុផល​បាន​ធ្វើការ​ពន្យល់​ថា បាន​ជាសៀវភៅ​នេះ​ដាក់ឈ្មោះ​ថា ម្ដាយ​និង​កូនអង្គការ​ គឺ​ដោយ​សារ​​តែ​នៅ​ក្នុង​របប​នេះ បាន​ផ្ដាច់​មនោសញ្ចេត​នា រវាង​ម្ដាយ​និង​កូន ដោយ​ឲ្យ​ក្មេងទាំង​អស់​គោរព​លើអង្គការ​ជៀសជាង​គោរព​ឪពុក​ម្ដាយ​។​

សៀវភៅ​នេះ​បោះពុម្ពជាលើក​ដំបូង​គឺមាន​ចំនួន​១ម៉ឺនក្បាល​ ក្នុង​មាន​ទាំង​ភាសារខ្មែរ និង​អង់គ្លេស​ ដែល​មាន​លក់​នៅលើទីផ្សារ​ផង និង​​ដាក់​នៅ​បណ្ណាល័យ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​។ សៀវភៅ​នេះ បាន​ការ​គាំទ្រ​ថវិកា ពីលោក​ខៀវ កញ្ញារីទ្ធិ​​​ និង​ចូលរួម​ត្រួតពិនិត្យ​ពី​លោកឆាំង​ យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​​

នៅ​ក្នុង​សៀវភៅ​​​អ្នកម្ដាយ និង​កូន​អង្គការ​ លោក​ឆាយ សុផល ក៏បាន​រំលេច​ពីឪពុកបង្កើត​​របស់ខ្លួន ឈ្មោះ​យឹម​គូ​ ដែល​បាន​បាត់​ខ្លួន​ចាប់​តាំង​ពីថ្ងៃទី​១៧​ ខែមេសា ឆ្នាំ​១៩៧៥ នៅពេល​ដែល​កងទ័ព​​អាវ​ខ្មៅ​​ខ្មែរក្រហម​ បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​។ លោក​ឆាយ សុផល ដែល​​ជា​អ្នក​កាសែត​ជើងចាស់​ បាន​និយាយថា អ្វី​ដែល​លោក​ចង​ចាំ​មិនភ្លេច​នោះគឺ រហូត​មកទល់​នឹងពេល​នេះ​ លោក​ស្វែង​រក​ឪពុក​មិនទាន់ឃើញ ដោយ​មិន​ដឹង​ថា គាត់​ស្លាប់​ ឬរស់​​ ក៏មិនដឹងដែរ៕​

សំឡេង​លោកឆាយ​ សុផល​

ភ្នំពេញថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១២

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s