គ្រឿងញៀន​ក៏ជាដើមហេតុ​នាំ​ឲ្យ​កើត​មានអំពើហិង្សា​ក្នុងគ្រួសារ

ភ្នំពេញ៖ ជាទូទៅ​​អំពើហិង្សារ​ក្នុងគ្រួសារ​​ត្រូវ​បាន​គេគិត​ថា កើត​ចេញពី​​ឪពុក​ម្ដាយ​ឬប្ដី និងប្រពន្ធ​ប៉ុណ្ណោះ តែតាម​ពិត​​អំពើហិង្សា​ក៏​អាច​កើត​ចេញ​ពី​​កូន​ៗ នៅក្នុង​គ្រួសារ​ដែរ​។ ភាគច្រើន​កូន​ដែល​បង្កើត​ឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ គឺ​​ពួកគេ​សេពគ្រឿងញៀន ឬគ្រឿង​ស្រវឹង​។​ ដូច្នេះ​គ្រឿង​ញៀន​ក៏ជា​មូលហេតុ​ចម្បង​មួយ ​ដែលនាំ​ឲ្យ​កើតមាន​អំពើហិង្សា​ក្នុងគ្រួសារ​។

លោកតាំង ភឿក ប្រធានអង្គការកសាង​ បានបញ្ជាក់ថា  ការប្រើប្រាស់​​គ្រឿង​​ញៀនគឺ ជា​មូលហេតុ​ចម្បង​​​​​ នាំ​​ឲ្យកើតមាន​​អំពើហឹង្សា​​នៅ​​​​​​​​ក្នុង​​​​គ្រួសារ។ លោក​បញ្ជាក់ថា នៅពេលដែល​សមាជិកក្នុង​គ្រួសារ​​​​ បាន​ប្រើ​​ប្រាស់​​​​​​​​​​​​​​​​​​​​​​​គ្រឿងញៀន គឺឪពុក​​ម្ដាយ​​គ្រួសារត្រូវប្រឈមនឹង ទី១ ខាងផ្នែក​សតិ​អារម្មណ៍ និងទី២​​ ​​ទ្រព្យសម្បត្តិក្នុងផ្ទះត្រូវកូនបំផ្លាញ ដូចជាការ​លួច​ទ្រព្យ​សម្បត្តិ​ទាំង​​នោះ​​ទៅលក់ ដើម្បី​​បានលុយ​​ទៅ​​ដោះដូរ គ្រឿងញៀនយកមកប្រើប្រាស់​ទៀត ។ ដូច្នេះ​ទាំង​អស់​នេះ​អាច​ជា​អំពើហិង្សា​ផ្លូវចិត្ត ហិង្សា​ផ្លូវកាយ និង​ហិង្សា​​ផ្លូវសេដ្ឋកិច្ច​ ព្រោះ​ថា កូន​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​​ព្រួយបារម្ភ និង​កូន​អាច​វាយ​ឪពុក​ម្ដាយ ដើម្បី​យក​ប្រាក់​ទិញ​ថ្នាំជក់ និង​ការ​បំផ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុងគ្រួសារ​​ជាដើម។​

លោកបន្ដថា “គាត់អាចប្រើហិង្សា​​ដើម្បីបានលុយ គាត់អាចលួច យកទ្រព្យសម្បត្តិ​ទៅលក់​ បញ្ហាគ្រឿងញៀន​ខ្ញុំ​ចង់និយាយថា បើសិន​មានការផ្សព្វផ្សាយណាមួយ​ យើង​អាច​ផ្ដោត​​ថា អ្នកប្រើប្រាស់​គ្រឿង​ញៀន​ គាត់​ក៏ជាមនុស្ស​ដែរ ធ្វើម៉េច​ឲ្យគាត់​គេចផុត​ពីការរើសអើង”។​

លោកលឹមម៉េង ហួ ប្រធានការិយាល័យសុខភាពកុមារ និងយុវនីតិសម្បទា បាន​លើក​​ឡើងថា អាណាព្យាបាល ដែលមានកូនប្រើប្រាស់គ្រឿងញៀន​​ តែងជួបប្រទះនូវ​​បញ្ហា​សេដ្ឋកិច្ច​​ក្នុងគ្រួសារ។ លោកស្នើ​ឲ្យអាណាព្យាបាល​​ទាំងអស់គួរ​តែយកចិត្ត​ទុក​​ដាក់​​លើកូន កុំឲ្យដើរ​មកលើផ្លូវគ្រឿងញៀន និងសហគមន៍​គួរតែជួយ​បន្ថែម​​ការពារ​​ទប់ស្កាត់ពីបញ្ហាគ្រឿងញៀនផង ។

លោកបញ្ជាក់ថា “បាទ! រឿងគ្រឿងញៀន​ហ្នឹង​ដែលនាំ​ឲ្យសេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ដុនដាប មាតាបិតា យកចិត្តទុកដាក់​ មើលថែកូន​កុំ​ឲ្យ​កូន​ដើរតាមផ្លូវគ្រឿងញៀនហ្នឹងបាទ ហើយសំណូមពរ​ បើសិន​មានឱកាស​សហគមន៍ជួយ​បន្ថែម​ទៅលើការងារ​ទប់ស្កាត់​គ្រឿងញៀន​នេះបាទ”។​

ស្រ្តីជាម្ដាយ​មួយរូប គឺ​អ្នកស្រីវណ្ណា រស់នៅទីក្រុងភ្នំពេញ បញ្ចេញទស្សនៈថា ប្រសិនបើគាត់​មានកូនប្រើ​ប្រាស់​គ្រឿងញៀន គាត់នឹងពិបាកចិត្ត ​ព្រោះការប្រើគ្រឿងញៀន​នាំឲ្យ​មាន​អំពើ​ហិង្សា​ក្នុងគ្រួសារ  ដោយ​បំផ្លាញទ្រព្យសម្បត្តិ បំផ្លាញកិត្តិយស និង​ឈាន​ទៅ​វាយធ្វើបាប អ្នក​​ក្នុងផ្ទះ ដើម្បី​ទាររក​ប្រាក់​​ទៅទិញ​គ្រឿងញៀន។ អ្នកស្រីសូមសំណូមពរដល់យុវជនទាំងអស់ សូមកុំប្រើ​ប្រាស់គ្រឿង​ញៀន​​ព្រោះ​វាបំផ្លាញ អនាគត និងសង្គមជាតិ ហើយយុវជនជាទំពាំងស្នងឬស្សី ដូចនេះ​​ត្រូវ​​ខំរៀនសូត្រ​ដើម្បី​អភិវឌ្ឍន៍សង្គម ។

អ្នកស្រី​លើកឡើងថា “យុវវ័យ​ពេលបច្ចុប្បន្ននេះ គឺជាសសរទ្រូង​ ដើម្បី​សង្គម​ជាតិយើង ឈានទៅមុខ​ទៀត​ ហើយ​បើ​យើង​ប្រើប្រាស់​គ្រឿង​ ឃើញ​ថា មានការប៉ះពាល់​ ខ្លាំង ឈប់​ប្រើប្រាស់​គ្រឿង​ញៀនទៅ​ បែរ​ជាមក​រៀន​សូត្រ ដើម្បី​កសាងសង្គម​ជាតិ​ទៅមុខ”។​

ទោះយ៉ាងណាក៏ដោយលោក តាំង ភឿក ប្រធានអង្គការកសាង ដែល​អង្គការ​នេះ​ជាកន្លែង​ស្ដារនីតិសម្បទា​អ្នក​ញៀនគ្រឿងញៀន បានឲ្យដឹងដែរថា រយៈ​ពេល​៦​ខែ ឆ្នាំ២០១២នេះ ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​ធ្លាក់​ចុះ​។ លោក​​​បន្ថែមទៀតថា ប្រសិនបើមាន​ការផ្សព្វផ្សាយណា​​មួយពាក់ព័ន្ធនឹងបញ្ហា​គ្រឿង​ញៀនគួរ​កុំ​ផ្តោត​​​​​​​​​​សំខាន់ថា អ្នកប្រើប្រាស់គ្រឿងញៀន​ជាមនុស្ស​អាក្រក់​ ត្រូវ​ចាត់​ថា​ ពួកគេ​គឺជាជនរងគ្រោះ​ ហើយ​​សហគមន៍​ទាំង​មូល ត្រូវរួមគ្នាជួយគាត់ គឺធ្វើយ៉ាង​ណា​ឲ្យពួកគេ គេចផុតពីការរើសអើង និង​លែង​សេពគ្រឿងញៀន​៕

ភ្នំពេញថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១២

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s