Platinum

ការ​សម្ពោធ​រោងភាពយន្ដ​ នឹង​ជា​ដំណើរ​ផ្លូវ​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ដ​ងើប​ឡើង​វិញ​​

ក្រុម​ហ៊ុន​សប្បាយ​បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត​ តាម​រយៈ​ការ​បើក​សម្ពោធ​រោង​ភាព​យន្ត​​លំដាប់​អន្តរជាតិ​ ដែល​មាន​ឈ្មោះ​ថា “The Cineplex” នៅ​ផ្សារ​សូរិយា ជាន់​ទី​៥ កាល​ពី​ថ្ងៃ​ទី​ ៤ ខែសីហា​ ឆ្នាំ​ ២០១១​។
 

ការ​បើក​សម្ពោធ​រោង​ភាព​យន្ត​នេះ ចំ​ពេល​ដែល​រោង​ភាព​យន្ត​នៅ​កម្ពុជា​កំពុង​ដួល​រលំ​ ឈាន​ទៅ​រក​ការ​បាត់​បង់​​ទៅ​ហើយ​។ តើ​វាសនា​រោង​ភាព​យន្ត​នេះ​អាច​ដំណើរ​បាន​ដែរ​ឬទេ? ចុះ​វិស័យ​ភាព​យន្ដខ្មែរ​វិញ​ទៅ​ជា​យ៉ាង​ណា​ដែរ​?

នៅ​ទី​បំផុត​ទៅ​ក្រុម​ហ៊ុន​សប្បាយ​បាន​បង្កើត​ភាព​ដ៏​អស្ចារ្យ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែល​នោះ​គឺ​​ជា​រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ​ ”The Cineplex”​ ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​​។​

រោង​ភាព​យន្ត​នេះ​មាន​សាល​ចំនួន​បី​ ដែល​ផ្ដល់​សេវា​កម្ម​ភាព​យន្ត​ ដំណើរ​ការ​ប្រព័ន្ធ​ ២ D ២សាល, និង​ ១ សាល​ទៀត​ ដោយ​ប្រព័ន្ធ​៣D​ ដែល​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា​ពណ៌ខ្មៅ​ ហើយ​​វា​បាន​ផ្ដល់​អារម្មណ៍​ឲ្យ​អ្នក​ទស្សនា​ភាព​យន្ដ​ហាក់​ដូច​ជា​​នៅ​ក្នុង​ស្ថានភាព​នៃ​ខ្សែ​ភាព​យន្ត​នោះ​ដែរ​។

ទន្ទឹម​នឹង​នេះ ”The Cineplex” ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​សប្បាយ​ (CIDC Information Technology) សហការ​ជាមួយ​ដៃ​គូ ពាណិជ្ជកម្ម​របស់​ខ្លួន​ក៏​បាន​បំពាក់​ប្រព័ន្ធ​បំពង​សំឡេង​ទំនើប​ (Surround sound) ដែល​មិន​បង្ក​ការ​រំខាន​ និង​ឧបករណ៍​បំភ្លឺ​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​។

Platinum

ដោយ​សារ​តែ​រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ​”The Cineplex”នេះ បាន​បំពាក់​ឧបករណ៍​ទំនើបៗ​ និង​ការ​តុប​តែង​រោង​ភាព​យន្ដ​យ៉ាង​ល្អ​ប្រណិត​ទាំង​ក្នុង​រោង​ និង​ក្រៅ​រោង​​ គឺ​រោង​ភាព​យន្ដ​នេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ ដែល​ស្ទើរ​តែ​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ដើរ​កាត់​ហើយ​ គឺ​មិន​អាច​ចោល​ក្រសែ​ភ្នែក​មើល​រោង​ភាព​យន្ដ​នេះ​បាន​ទេ​។

អ្វី​ដែល​កាន់​តែ​ធ្វើ​ការ​ទាក់​ទាញ​ថែម​ទៀត​ គេ​សង្កេត​ឃើញ​មាន​ក្រុម​​តារា​ល្បី​ៗ ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ជា​ច្រើន​នាក់​ ​បាន​ចូលរួម​បើក​សម្ពោធ​រោង​ភាពយន្ត​នា​ពេល​នោះ​ដែរ​។ ជា​ពិសេស​ថែម​ទៀត​​ គេ​សង្កេត​ឃើញ​លោក​ឳ​ពុក​របស់​ម៉ៃ​ឃើល​ ជេក​ស៊ុន​ ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ដែរ​។

តាម​ពិត​ទៅ​ការ​សម្ពោធ​រោង​ភាព​យន្ត​នេះ​ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​តារា​ប្រុស​ស្រី​ ទាំង​ជំនាន់​មុន និង​ក្រោយ​បាន​ជួប​ជុំ​គ្នា​ ក្នុង​ទិស​ដៅ​ដើម្បី​បង្កើន​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​រវាង​តារា​ និង​តារា ក៏ដូច​ជា​មួយ​ផ្នែក​ទៀត​ រវាង​​ក្រុម​ហ៊ុន​សប្បាយ​ និង​សិល្បៈ​ករ​ផង​ដែរ​។ នៅ​ទី​នេះ​ ក្រុម​តារា​បាន​ជួប​ជុំ​គ្នា​ ជា​លក្ខណៈ​មិត្ត​ភាព​ ដោយ​បាន​ញុំា​អាហារ​រួម​គ្នា និង​ធ្វើ​ការ​ជជែក​គ្នា​តាម​ក្រុម​និមួយៗ​។ យូរៗម្ដង​ៗ​គេ​លាន់​ព្ញ​ក្រុម​តារា​ទាំង​នោះ​ជជែក​អំពី​ជោគ​វាសនា​របស់​ភាព​យន្ដ​ខ្មែរ​។

លោក​ស្រី​ឌី សាវេត តារា​ភាព​យន្ត​ជើង​ចាស់​ កាល​ពី​ទសវត្ស​៦០​បាន​បាន​ស្វាគមន៍​ចំពោះ​រោង​ភាព​យន្ត​”The Cineplex”ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​សប្បាយ​។ លោក​ស្រី​សាវេត បាន​និយាយ​ថា រោង​ភាព​យន្ត​នេះ​ គឺ​ជា​ការ​រួម​ចំណែក​មួយ យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ​​វិស័យ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​ខ្មែរ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​ដូច​បណ្ដា​ឧស្សាហកម្ម​សិល្បៈ​ជាសាកល​។

តារា​សម្ដែង​មួយ​រូប​ទៀត​ លោក​យូនីស្កូ ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដែរ​ថា ប្រសិន​រោង​ភាព​យន្ត​នេះ​បញ្ចាំង​តែ​ភាព​យន្ត​បរទេស​ក៏​មិន​អាច​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​របស់​ខ្មែរ​នោះ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​រោង​ភាព​យន្ត​នេះ មាន​បញ្ចាំង​រឿង​ខ្មែរ​ ទើប​អាច​លើក​ស្ទួយ​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​សិល្បៈ​ករ​ សិល្បៈការិនី​នៅ​កម្ពុជា​ ដែល​អាច​ឲ្យ​ពួកគេ​ មាន​ការ​ធ្វើ​ផងដែរ​។

Hall platinum

កញ្ញា​លី​ចាន់​ សីហា តារា​សម្ដែង​ល្បី​មួយ​រូប​ ក្នុង​រឿង ​”​មរណភាព​មាតា​” និង​ “ទឹកចិត្ត​ម្ដាយ”​ បាន​​និយាយ​ដែរ​ថា រោង​ភាព​យន្ត​នេះ​អាច​ចាត់​ទុក​បាន​ថា ជា​រោង​ភាព​យន្ត​ខ្នាត​អន្តរជាតិ​ ដែល​រោង​ភាព​យន្ដ​នេះ​មាន​សារសំខាន់​ណាស់​នឹង​ទាក់ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​អារម្មណ៍​ចំពោះ​ការ​ទស្សនា​ភាព​យន្ដ​ឡើង​វិញ​។ ទន្ទឹម​នឹង​នេះ ​នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​រោង​ភាព​យន្ដ​នេះ បញ្ចាំង​រឿង​​ខ្មែរ គឺប្រាកដ​ណាស់​នឹង​​កាន់​តែ​ទាក់ទាញ​ មហាជន​ ឲ្យ​ចាប់​អារម្មណ៍​ឡើងវិញ​ចំពោះ​​​រឿង​របស់​ខ្មែរ​។

កញ្ញា​ឌួង ហ្សូរីដា បាន​និយាយ​ដែរ​ថា ការ​បញ្ចាំង​២D ៣D​នេះ សម្រាប់​នៅ​ស្រុក​គេ​ពេញ​និយម​ណាស់ ហើយ​កម្ពុជា​ក៏​ធ្លាប់​មាន​ដែរ​ ប៉ុន្ដែ​គ្រាន់​តែ​ជាលក្ខណៈ​ទ្រង់ទ្រាយ​តូច​ គឺ​មិន​​​បាន​បំពាក់​ឧបករណ៍​ទំនើប​ និង​ជា​លក្ខណៈ​អន្តរជាតិ​បែបនេះ​នោះ​ទេ។ កញ្ញា​បាន​​បង្ហាញ​ក្ដី​រំពឹង​ថា រោង​ភាព​យន្ដ​នេះ ក៏​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ ផលិត​ខ្សែ​ភាព​យន្ត​បែប​​2D និង​3D​ដូច​នេះ​ នា​ពេល​ខាង​មុខ​នេះ​មិន​ខាន។

មិនត្រឹម​តែ​តារា​ខ្មែរ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ ដែល​ចាប់​អារម្មណ៍​ទៅ​នឹង​រោង​ភាព​យន្ដ”The Cineplex”​ នោះ លោក​Uri Barak ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចូលរួម​ទស្សនា​រោង​ភាព​យន្ត​នេះ​ដែរ​ បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​រោង​ភាព​យន្ត​នេះ​។ លោក​Barak បាន​និយាយ​ថា រោង​ភាព​យន្ត​នេះ​ បាន​រៀប​ចំ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ ដែល​​លោក​បាន​មើល​ទៅ​ឃើញ​ថា ល្អ​ជាង​រោង​ភាព​យន្ត​នៅ​ឯ​ទីក្រុង​បាងកក​ទៅ​ទៀត​។

ស្រដៀង​គ្នា​នេះដែរ លោក​ស្ទី​វីន ហែល អាណិកជន​ខ្មែរ​ រស់នៅ​សហរដ្ឋ​អាមេរិក​​ដែល​បាន​នាំ​បុគ្គលិក​របស់​ខ្លួន​ចំនួន​១០​នាក់​ មក​គាំទ្រ​ និង​ទស្សនា​ខ្សែ​ភាព​យន្ដ​រឿង​Captain America​ បាន​និយាយ​ដែរ​ថា រោង​ភាព​យន្ដ​”The Cineplex” បាន​រចនា​បទ​ដូច​នៅ​ប្រទេស​អភិវឌ្ឍន៍​​ ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ជាដើម​។

​ដោយ​ឡែក​អ្នក​ដែល​បាន​ចូល​​ទៅ​ទស្សនា​ ក្នុង​រោង​ភាព​យន្ដ​”The Cineplex”វិញ​ លោក​អារិក ប្រធាន​ក្រុម​យូធូភា ដែល​បាន​ចូលទស្សនា​ខ្សែ​ភាព​យន្ដ​អ៊ូសៀ​ ប្រភេទ​ខ្សែ​ភាព​យន្ដ​៣D បាន​និយាយ​ថា ការ​ទស្សនា​ភាព​យន្ត3D​នេះ គឺ​គេ​តម្រូវ​ឲ្យ​អ្នក​ទស្សនា​ពាក់​វ៉ែនតា​ពណ៌ខ្មៅ​។ លោក​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ថា ការ​ទស្សនា​ភាព​យន្ដ​បែប​នេះ​ គឺ​វា​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​អ្នក​ទស្ស​នា​មែនទែន​ និយាយ​ឲ្យ​ចំ​ វា​ហាក់​ដូច​យើង​នៅ​ក្នុង​រឿង​នោះ​ពិត​ៗ​អញ្ចឹង​ដែរ​។

លោក​ឃេ​ សមាជិក​ក្រុម​យូធូភា ​ដែល​បាន​ចូលរួម​ស្សនា​ខ្សែ​ភាព​យន្ដ​ចិន​រឿង​អ៊ូសៀរ​ និយាយ​ដែរ​ថា នៅ​ពេល​តួ​សម្ដែង​វាយ​ដំ​គ្នា​​ ហើយ​ខ្ទាត់​វត្ថុ​ផ្សេង​ៗ វា​ហាក់​ដូច​ជា​ខ្ទាត​មក​លើ​ខ្លួន​អ្នក​ទស្សនា​ពិត​ៗ​អញ្ចឹង​ដែរ​។

លោក​​ណិត សមាជិក​ក្រុម​យូធូភា បាន​និយាយ​ដែរ​ថា នៅ​គ្រា​ដែល​ទស្សនា​ភាព​យន្ដ​ចិន​អ៊ូសៀ​នេះ​ហើយ​គឺ​មិន​ចង់​ចេញ​ពី​រោង​នោះទេ​ព្រោះ​សាច់​រឿង​ល្អ និង​រោង​ភាព​យន្ត​នេះ បាន​បំពាក់​ឧបករណ៍​ទំនើប​ៗ​ ដែល​មាន​ម៉ាស៊ីន​ត្រជាក់ រូបភាព និង​សំឡេង​​ច្បាស់​ល្អ ដែល​អ្នក​ទស្សនា​មើល​ទៅ​កាន់​តែ ជក់ចិត្ត​ចំពោះ​សាច់​រឿង​នោះ​។

​វិស័យ​ភាព​យន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ងើប​លិច​ៗ​​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ រោង​ភាព​យន្ត​ ដែល​ស្ទើរ​តែ​ធ្លាក់​ដល់​ចំណុច​សូន្យ​ គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​។ បច្ចុប្បន្ន​នេះ​ រោង​ភាព​យន្ត​ដែល​កំពុង​ដំណើរ​ការ​​ គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ​ គឺ​រោង​ភាព​យន្ត​លុច្ស​ ខណៈ​ដែល​រោង​ភាព​យន្ត​ល្បីៗ​ផ្សេងៗ​​ទៀត​បាន​ដួល​រលំ​ ហើយ​បាន​​ក្លាយ​ទៅ​ជា​កន្លែង​ក្លឹប​កម្សាន្ត​ ឬ​រង្គសាល​នានា​​ទៅ​វិញ​។ គេនៅ​ចាំ​បាន​ថា វិស័យ​ភាព​យន្ត​ខ្មែរ ដែល​ទទួល​បាន​ការ​គាំទ្រ​ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ នៅ​ក្នុង​ទសវត្ស​៦០​។

 

លោក​សុះ​ ម៉ាច ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​វិស័យ​យន្ដ​របស់​ខ្មែរ ដោយ​សារ​តែ​កម្ពុជា​ខ្វះ​ធនធាន​ ខ្វះថវិកា ខ្វះបច្ចេកទេស​ និង​ខ្វះការគាំទ្រ​ ដែល​ធ្វើ​ឲ្យ​អ្នក​ផលិត​អស់​ទឹក​ចិត្ត​លែង​ចង់​ផលិត​ភាព​យន្ដ​តទៅទៀត​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ សព្វថ្ងៃ​នេះ ការ​ផលិត​ភាព​យន្ដ​តាម​រោង​កុន​ក៏លែង​មាន​ដែរ គឺ​មាន​តែ​រឿង​ភាគ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​។ លោក​ថា បច្ចុប្បន្ន​នេះ​មាន​តែ​រោង​កុន​លុច្ស​ប៉ុណ្ណោះ​កំពុង​ដំណើរ​ការ​ ប៉ុន្ដែ រោងកុន​ផ្សេង​ៗ​ បាន​ក្លាយ​ទៅ​ជា​បា រង្គសាល​ ឬ​ភោជនីយដ្ឋាន​អស់​ទៅ​ហើយ​។

លោក​ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុនសប្បាយ និង​រោង​ភាព​យន្ដ​ ”The Cineplex”​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដែរ​ថា ប្រទេស​កម្ពុជា​ធ្លាប់​មានភាព​ល្បី​ល្បាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​នៅ​វិស័យ​ភាព​យន្ដ​។ ទន្ទឹម​នឹង​នេះ​ប្រការ​ដែល​រោង​ភាព​យន្ត​ចេះ​តែ​បន្ត​បិទទ្វារ​ព្រោះ​តែ​រោង​ភាព​យន្ដ​ទាំង​នោះ​ ទំនង​ជាមិន​ហាន​នាំចូល​ខ្សែ​ភាព​យន្ត​ល្បី​ៗ​យក​មក​ចាក់​បញ្ចាំង​។ ប៉ុន្ដែ​​សប្បាយ​នាំ​យក​ភាព​យន្ត​ល្បីៗ​នៅ​លើ​ពិភពលោក​ ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា។

លោក​សុះ​ ម៉ាច បាន​បង្ហាញ​ក្ដី​រំពឹង​ដែរ​ថា រោង​ភាព​យន្ដ​ខ្នាត​អន្ដរជាតិ​នេះ ជាមោទនភាព​របស់​ខ្មែរ​មួយ​ ហើយ​រោងភាព​យន្ដ​នេះ ក៏​ជា​ចលករ​ថ្មី​មួយទៀត​ សម្រាប់​លើក​ទឹក​ចិត្ត​ដល់​សិល្បៈករ​ ក៏​ដូច​ជា​ជួយ​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ដ​ខ្មែរ​រស់​រវើក​ឡើង​មក​វិញ​ផងដែរ​។ លោក​សុះ​ ម៉ាច​បន្ថែម​ថា លោក​បាន​ពិភាក្សា​ជាមួយ​សប្បាយ​រួច​ហើយ​ អំពី​គម្រោង​​សហការ​ជាមួយ​ផលិត​កម្ម​​ធំៗ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ ដើម្បី​ធ្វើ​ឲ្យ​កុន​ខ្មែរ​​កាន់​តែ​ល្បី​រន្ទឺ​ដូច​សម័យ​សង្គម​រាស្ត្រ​និយម​​។ ទន្ទឹម​នឹង​នេះ​លោក​ថា សមាគមន៍​សិល្បៈករ​ខ្មែរ​ក៏​កំពុង​គ្រោង​បើក​សាលា​បណ្ដុះ​បណ្ដាល​ដល់​សិល្បៈករ​ខ្មែរ ដើម្បី​តួសម្ដែង​កាន់​តែ​មាន​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​ ដោយ​មិន​ចាញ់​តួសម្ដែង​បរទេស​បាន​នោះទេ។

លោក​ជី សិលា​ បាន​និយាយ​ថា រោង​ភាព​យន្ដ​”The Cineplex” ស្វាគមន៍​ចំពោះ​ភាពយន្ត​ខ្មែរ ហើយ​លោក​បាន​បញ្ជាក់​ថា សប្បាយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​ទាំង​ថវិកា ដើម្បី​ផលិត​ខ្សែភាព​យន្ដ​ ជា​លក្ខណៈ​អន្ដរជាតិ ដើម្បី​នាំ​យក​មក​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ “The Cineplex”។

ជុំវិញ​ការ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ឡើង​វិញ​នេះ ក្រុមហ៊ុន​សប្បាយ​បាន​ប្រឹងប្រែង​រៀប​ចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ជា​អាណាចក្រ​តារា ដែល​បាន​ក្រាល​កម្រាល​ព្រំ​ពណ៌​ក្រហម​សម្រាប់​តារា​ទាំង​អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាថ្មី​ម្ដង​ទៀត​សប្បាយ​បាន​បង្កើត​ឲ្យ​មាន​រោងភាពយន្ដ​ដ៏​ទំនើប​​ សម្រាប់​ទាក់ទាញ​ ក៏​ដូច​ជាលើក​ទឹក​ចិត្ត​ដល់​ផលិតករ​ខ្មែរ​ ខំប្រឹង​ប្រែង​ផលិត​ភាពយន្ដ​ខ្នាត​អន្ដរជាតិ​ ហើយ​រោង​ភាព​យន្ដ​”The Cineplex” គឺ​ជា​ទីផ្សារ​របស់​ពួកគេ​ សម្រាប់​បញ្ចាំង​។ ជាការពិត​ណាស់​ភាព​យន្ដ​ខ្មែរ​មិន​អាច​សាប​សូន្យ​បាន​នោះទេ ព្រោះ​ខ្មែរ​នៅ​មាន​អ្នក​ចេះ​ដឹង​ជាច្រើន​ ដែល​កំពុង​ត្រៀម​បញ្ចេញ​សមត្ថភាព​ ហើយ​ភាព​យន្ដ​ មាន​សារៈ​សំខាន់​ណាស់​ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ជាតិ​មួយ ដែល​មានទាំង​វប្បធម៌​ ប្រពៃណី និង​ជាអត្ថសញ្ញាណ​ របស់​ប្រទេស​ផងដែរ​៕

​អត្ថបទ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s