ជីវប្រវត្តិ​សង្ខេប​អ្នកស្រី នន់ យ៉េន ហៅប៉ុម

អ្នកស្រី នន់ យ៉េន ហៅប៉ុម បានបិទភ្នែកជារៀងរហូតពីសាច់ញាតិ អ្នកភូមិផង របងជាមួយ និង មនុស្សក្នុងលោក ដែលអ្នកស្រីបានស្លាប់នៅវេលាម៉ោង ២:០៥ នាទី ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ នៅក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយរោគាពាធ។ អ្នកស្រី នន់ យ៉េន កើតនៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៤៦ និង បានរៀបការជាមួយលោក ទូច ប៊ិន នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ១៩៦២។

នៅអាយុ ១៦ ឆ្នាំ អ្នកស្រី នន់ យ៉េន បានរៀបការជាមួយលោក ទូច ប៊ិន ហើយរហូតមកទល់នឹងពេលនេះ លោកទាំងពីរមានតំណក់ឈាមចំនួន ៧ នាក់ ក្នុងនោះកូនប្រុស ៥ នាក់ និង កូនស្រីពីរនាក់ ដូចជា លោក ប៊ិន សុកល, លោក ប៊ិន សុផល, លោក ប៊ិន វិបុល, លោក ប៊ិន វិបុត្រ, លោក ប៊ិន ប៊ុណ្ណា, អ្នកស្រី ប៊ិន យ៉ានី និង កញ្ញា ប៊ិន ចាន់ណា (ប៊ិន ដាវី)។

10364118_953902011288216_4654566786280889229_n

រាប់ពីឆ្វេង ប៊ិន សុផល, ប៊ិន វិបុល, ប៊ិន វិបុត្រ, ប៊ិន ប៊ុណ្ណា, ប៊ិន យ៉ានី និង ប៊ិន ចាន់ណា (ដាវី៌)

អ្នកស្រី នន់ យ៉េន មានស្រុកកំណើត នៅភូមិកោះចូរ៉ាម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលឪពុក និង អ្នកម្ដាយបានស្លាប់បាត់ទៅហើយ។ អ្នកស្រីមានឪពុកឈ្មោះ នន់ ណន និង ម្ដាយឈ្មោះ ជាប ពៅ។

អ្នកស្រី នន់ យ៉េន មានបងប្អូនសរុបចំនួន ១៣ នាក់ ក្នុងនោះស្រី ១០ នាក់ ប្រុស ២ នាក់ ឯប្រុសម្នាក់ទៀតបានបាត់ខ្លួននៅក្នុងអំឡុងសម័យប៉ុលពត រហូតមកទល់នឹងបច្ចុប្បន្ន។ បងប្អូនទាំង ១២ នាក់រួមមាន៖ អ្នកស្រីនន់ យ៉េន (ស្លាប់), អ្នកស្រី ណន ប៉ៃ, អ្នកស្រី ណន គីម, អ្នកស្រី ណន នឹម, អ្នកស្រី ណន នីម (ស្លាប់) អ្នកស្រី ណន អាង, អ្នកស្រី ណន ពឿន (ស្លាប់), ណន ឱក អ្នកស្រី ណន ឌឿន អ្នកស្រី ណន ឌី អ្នកស្រី ណន សុផារី និង លោក ណន អឿន។

13010753_1186409804704101_7022848150040494907_n

លោក ទូច ប៊ិន និង អ្នកស្រី នន់ យ៉េន 

អំពីសកម្មភាពពេលនៅរស់

ស្ទើរអស់ពេលមួយជីវិតរបស់ អ្នកស្រី នន់ យ៉េន ទៅហើយ ដោយគាត់បានចំណាយពេលវេលាធ្វើជាអាជីវករ និង អ្នកតម្បាញ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ និង ជាពិសេសកូនទាំងប្រាំពីរនាក់។ នៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ ១៩៦២ អ្នកស្រី នន់ យ៉េន រកចំណូលបានជាប្រចាំតាមរយៈធ្វើការត្បាញនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាទីលំនៅរបស់ស្វាមី ក្រោយពីបានរៀបការហើយ ហើយមករស់នៅជាមួយប្ដី។

ផលិតផលតម្បាញទាំងឡាយ ដែលអ្នកស្រីត្បាញបាន គឺយកមកលក់នៅរាជធានីភ្នំពេញ តាមរយៈស្វាមី ដឹកតម្បាញតាមកង់មកលក់នៅក្នុងទីផ្សារ។

សម័យសង្គ្រាម

សង្គ្រាមនៅឯប្រទេសជិតខាង និងភាពហ្វឹកវរក្នុងប្រទេសញុំាងឲ្យប្រជាជនខ្មែរមានភាពចលាចល។ អាមេរិកកាំងទម្លាក់គ្រាប់បែកឥតឈប់ឈរបានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរចាកចោលទីភូមិកំណើត។ មិនខុសពីប្រជាជនដទៃទៀតដែរ អ្នកស្រី នន់ យ៉េន និង ក្រុមគ្រួសារ បានចាកចេញចោលភូមិទៅរស់នៅរាជធានីភ្នំពេញក្នុងអំឡុងឆ្នាំ ១៩៦៧។ ពីឆ្នាំ ១៩៦៧-១៩៧០ អ្នកស្រី នន់ យ៉េន នៅតែប្រកបមុខរបរធ្វើតម្បាញដដែល នៅឯរាជធានីភ្នំពេញ។

អ្នកស្រីធ្លាប់បាននិយាយថា ដោយហេតុមិនចេះអក្សរអ្វី គឺចេះតែតម្បាញមួយមុខ ដូច្នេះ ខ្ញុំនៅតែប្រកបរបរតម្បាញនេះជារៀងរហូត ខណៈស្វាមីមានការងាររដ្ឋ គឺជាជាងជួសជុលរថយន្ដ នៅសំណង់ ១២ នារាជធានីភ្នំពេញ។

នៅមិនយូរប៉ុន្មានរបបសង្គមរាស្រ្តនិយម ក៏បានដួលរលំ របបសាធារណៈរដ្ឋ ដែលគ្រប់គ្រងដោយលន់ ណុល បានឡើងមកគ្រប់អំណាចពីឆ្នាំ ១៩៧០-១៩៧៥។

ថ្វីបើរបបថ្មីមកជំនួសក៏មិនបានធ្វើឲ្យជីវភាពគ្រួសារ នន់ យ៉េន បានប្រសើរឡើយ ផ្ទុយទៅវិញកាន់តែធ្វើឲ្យមានការលំបាក ព្រោះទំនិញសព្វសារពើឡើងថ្លៃ នៅលើទីផ្សារ។ សង្គ្រាមនៅមិនទាន់ចប់នៅឡើយ ដោយកំហឹងក្រុមកសិករ បានធ្វើឲ្យរបបសាធារណៈរដ្ឋ ដួលរលំ ហើយរបបថ្មីក៏បានឡើងមកជំនួស គឺរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ ១៩៧៥-១០៧៩។

របបថ្មីបានជម្លៀសឲ្យប្រជាជនចេញពីភ្នំពេញទៅកាន់ទីជនបទ ក្នុងនោះក៏មានគ្រួសារអ្នកស្រី នន់ យ៉េន ដោយអ្នកស្រី និង ក្រុមគ្រួសារ បានធ្វើដំណើរទៅភូមិកំណើត នៅឯភូមិកោះចូររ៉ាម ឃុំកោះចូររ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អ្នកស្រី និយាយថា ដើមឡើយគេចង់ជម្លៀសទៅខេត្តបាត់ដំបង ប៉ុន្ដែ ដោយអ្នកស្រីចង់ទៅកាន់ស្រុកកំណើតក៏បានធ្វើដំណើរមានតែខោ អាវ មួយចង្កេះប៉ុណ្ណោះ ដោយដើរកាត់ព្រៃផ្សែងរហូតដល់ទីស្រុកភូមិរបស់ខ្លួន។

ក្នុងអំឡុងការគ្រប់គ្រងប្រទេសដោយប៉ុល ពត ប្រជាជនខ្មែរទាំងអស់ គឺជា កសិករ ក្នុងនោះគ្រួសារ អ្នកស្រី នន់ យ៉េន ក៏ដូចគេឯងដែរ។ នៅឆ្នាំ ១៩៧៦ អ្នកស្រី នន់ យ៉េន បានប្រសូត្របុត្រ ទី ៣ (ប៊ិន វិបុល) ជាពេលវេលាដ៏លំបាកបំផុតក្នុងអំឡុងរបបវាលពិឃាដរបស់ក្រុមអាវខ្មៅ។

អ្នកស្រីបានរៀបរាប់ប្រាប់ថា នៅពេលទៅដល់ស្រុកដំបូងនោះ ក្រុមកម្មាភិបាលខ្មែរក្រហមគេឲ្យអ្នកស្រីស្ទូងស្រូវ។ ប៉ុន្ដែ មិនយូរប៉ុន្មាន ក៏អង្គការបានបញ្ឈប់ពីស្ទូងស្រូវ ងាកមកចិញ្ចឹមជ្រូកវិញ។ ការងារចិញ្ចឹមជ្រូកនេះ ធ្វើឲ្យអង្គការខ្មែរក្រហមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយជ្រូកចិញ្ចឹមពុំមានងាប់នោះទេ ផ្ទុយទៅវិញជ្រូកនិមួយៗ បានកើតកូនច្រើន ខណៈដែលអ្នកស្រី មិនដែលធ្លាប់ចិញ្ចឹមទាល់តែសោះ។

អ្នកស្រី នន់ យ៉េន បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ ដែលបានថែរក្សាអ្នកស្រី ក៏ដូចជា ក្រុមគ្រួសារព្រោះថា នៅក្នុងអំឡុងរបបដ៏ឃោរឃៅមួយនេះ ខណៈដែលអ្នកស្រី មិនធ្លាប់ចិញ្ចឹមជ្រូកទាល់តែសោះ បែរជាជ្រូកដែលចិញ្ចឹមទំាងអស់បានធំធាត់ល្អ ហើយពុំមានងាប់ គ្រាដែលអ្នកដទៃចិញ្ចឹមចេះតែងាប់ និង កម្មាភិបាលបានយកទៅសម្លាប់ចោលអស់។ ទន្ទឹមនឹងនេះ អង្គការគ្រោងបញ្ជូនអ្នកស្រីទៅខេត្តបាត់ដំបង ប៉ុន្តែនៅពេល អ្នកស្រី ជិតគ្រប់ខែកើតកូនទី ៤ (ប៊ិន វិបុត្រ) នោះ ក៏អង្គការផ្អាកគម្រោងបញ្ជូនទៅវិញ។

នៅឆ្នាំ១៩៧៩ អ្នកស្រីបានប្រសូត្របុត្រទី ៤ ហើយក៏ជាពេលវេលាដែលរបបខ្មែរក្រហមដួលរលំ ហើយរបបរដ្ឋកម្ពុជា មកជំនួសពីឆ្នាំ ១៩៧៩-១៩៨៩។ ក្នុងអំឡុងពេលនេះ អ្នកស្រី នន់ យ៉េន បានកណ្ដៀត បន្លែ យកទៅលក់នៅផ្សារអូរឬស្សី នារាជធានីភ្នំពេញ។ ការប្រកបរបរលក់បន្លែនេះ បានធ្វើឲ្យជីវភាពគ្រួសារគាត់បានប្រសើរបន្ដិច។

ប៉ុន្ដែចរន្តសង្គម និង ការផ្លាស់ប្ដូរសេដ្ឋកិច្ចបានធ្វើឲ្យគាត់ផ្លាស់មុខរបរទៀត ពីលក់បន្លែ មកលក់បបរសវិញ។ អ្នកស្រី បានចំណាយពេលអស់ជាង ២០ ឆ្នាំ លក់បបរស នៅតាមចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវសុខហុក ដើម្បីចិញ្ចឹមកូនៗទាំងប្រាំពីរនាក់។

អ្នកស្រីធ្លាប់និយាយថា ក្រៅពីត្បាញ លក់បន្លែនៅផ្សារអូរឫស្សី លក់បបរស អ្នកស្រីក៏មានលក់បង្អែមនៅក្រោមផ្ទះតាមបណ្ដោយផ្លូវសុខហុក ខាងកើតផ្សារអូរឫស្សី។ អ្នកស្រីនិយាយថា ចំណូលបានមកគឺចំណាយមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ។

ក្រៅពីចំណូល អ្នកស្រី នន់ យ៉េន បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបិបាច់ថ្នាក់ថ្នម កូនៗដោយមិនអនុញ្ញាតឲ្យស្រមោចវាលតោងកូនបានឡើយ។ ទឹកចិត្តរបស់អ្នកស្រី នន់ យ៉េន គឺជាកម្លាំងចិត្តដ៏ធំធេង ដែលមិនអាចបំភ្លេចបានសម្រាប់កូនទាំងប្រាំពីរនាក់នោះទេ។

អ្នកស្រី នន់ យ៉េន ស៊ូហូបបាយជាមួយចេក បបរសជាមួយអំបិល ឬត្រីខ ប៉ុន្ដែ ម្ហូបសាច់ ស៊ុប ឆ្ងាញ់ៗ មិនភ្លេចឡើយ គឺទុកឲ្យកូនៗជានិច្ច។ កូនទាំងប្រាំពីរនាក់ ធំដឹងក្ដី រហូតមកដល់សព្វថ្ងៃក៏ដោយសារការបីបាច់ថែទាំពីម្ដាយ (នន់ យ៉េន)។

អ្នកស្រីធ្លាប់លើកឡើងថា ចាប់តាំងពីមានគ្រួសារមក អ្នកស្រីបានដើរតួនាទី ជាម្ដាយផង និង ឪពុកផង នៅក្នុងគ្រួសារ។ អ្វីទាំងអស់នេះ អ្នកស្រីធ្វើដើម្បីតែកូនៗតែប៉ុណ្ណោះ។

ក្រៅពីអ្នកស្រីគឺជាម្លប់ នៃគ្រួសារហើយនោះ អ្នកស្រីបានធ្វើឲ្យដើមឈើមួយនេះ កាន់តែបែកមែកបែកធាងពេញដោយម្លប់ ត្រឈឹងត្រឈៃ ដល់ដីផងទាំងពួង។ នៅត្រង់នេះមានន័យថា អ្នកស្រី នន់ យ៉េន បានរៀបចំទុកដាក់កូនចៅ ឲ្យមានគ្រួសារបានចំនួន ៤ នាក់ទៅហើយ ប៉ុន្តែ នៅឡើយបីនាក់ទៀតនៅមិនទាន់រៀបចំទុកដាក់នៅឡើយ នោះរួមមាន ស្រី១ ឈ្មោះប៊ិន ចាន់ណា និង ប្រុសពីរនាក់ ប៊ិន វិបុត្រ និង ប៊ិន ប៊ុណ្ណា។ ការដែលអាចធ្វើទៅបានដូចនេះ គឺអ្នកស្រីបានចំណាយទាំងកម្លាំងកាយ ចិត្ត និងពេលវេលាជាច្រើន ទាំងញើសឈាមស្រស់ ទោះបីជាអ្នកស្រីមានជំងឺប្រចាំកាយក៏ដោយ។

អ្នកស្រីបាននិយាយថា “សព្វថ្ងៃនេះ ខ្ញុំមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ឬខ្វះឈាម និងជម្ងឺសន្លាក់ដៃជើង។ តែទោះជាមានជំងឺប្រចាំកាយបែបនេះ ក៏ដោយ ក៏អ្នកស្រីនៅតែប្រឹងប្រែងក្រោយតាំងពីព្រលឹមម៉ោង ៤ ទាបភ្លឺ ដើម្បីដាំបបរស យកទៅលក់ដែរ។

ជាងនេះទៅទៀត អ្នកស្រីបានលើកឡើងថា អ្វីដែលកាន់តែធ្លាក់បន្ទុកមកលើអ្នកស្រី និង កូននោះ គឺស្វាមី បានរកស៊ីខាត គឺទៅទិញឡាននីស្សាន់ ដោយខ្ចីប្រាក់គេប្រមាណជា ៧ ០០០ ដុល្លារ ប៉ុន្តែ ការរកស៊ីមិនកាក់កបនោះទេ ផ្ទុយទៅវិញការរកស៊ីមិនបានហើយឡានកាន់តែខូចថែមទៀត ដែលធ្វើឲ្យគ្រួសារនេះ កាន់តែលំបាកលំបិន ជំពាក់ការប្រាក់ និង ដើមគេសរុបចំនួនជាង ១ម៉ឺនដុល្លារ។ ប៉ុន្តែ ដោយសារទឹកចិត្តសន្ដោសពីម្ចាស់បំណុល គេលែងយកការប្រាក់ ទើបសងគេរួចនៅ អំឡុងឆ្នាំ ២០០៤ និង ឆ្នាំ ២០០៥ ដោយមានការចូលរួមសងពីកូនពីរនាក់ គឺ ប៊ិន វិបុល និង ប៊ិន វិបុត្រ។

ប៉ុន្ដែ សេចក្ដីដឹងគុណរបស់កូនចៅ ក៏មិនភ្លេចឡើយ ក៏កូនបានស្នើសុំម្ដាយឈប់លក់ដូរ ដោយចង់ឲ្យសម្រាកនៅផ្ទះ ជាទីកន្លែងឲ្យសុខសប្បាយនៅក្នុងជីវិត ខណៈកូនៗមានការងារ ជាទីពឹងប្រាកដប្រជាទាំងអស់គ្នាហើយនោះ។

នៅពេលកូនមានទីពឹងការងារច្បាស់លាស់នោះ អ្នកស្រី និយាយថា “ខ្ញុំសប្បាយចិត្តណាស់ ដោយឃើញពួកគេកំពុងមានពន្លឺជីវិត ព្រោះពួកគេទាំងឡាយមិនមែនជាកូន ដែលល្មើសគុណនោះទេ មានន័យថា ពួកគេមិនមែនជាកូនដែលដើរលេងប៉ោឡែ។ កូនៗទាំងអស់បានឃើញមានជំងឺប្រចាំកាយ ពួកគេ បានឲ្យខ្ញុំឈប់លក់ដូរ ហើយសម្រាកនៅផ្ទះ”។

13124961_1199764623368619_8103215744108862788_n

អ្នកស្រី នន់ យ៉េន ក្រោយពីត្រឡប់មកពីវៀតណាម ហើយសម្រាកព្យាបាលជំងឺនៅផ្ទះ

នៅថ្ងៃទី ១៣ មេសា ឆ្នាំ ២០០៨ គឺជាពេលហុងស៊ុយ អ្នកស្រី នន់ យ៉េន ធ្លាក់ចុះបំផុត ដោយអ្នកស្រី បានរងគ្រោះថ្នាក់ចរាចរ បន្ទាប់ពីអ្នកស្រី បាននាំយកចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តកោះ ហើយបានចាកចេញពីវត្ត ដោយឆ្លងថ្នល់ត្រឡប់មកផ្ទះវិញ តែត្រូវបានស្ទាវបើកបុក ចំថ្ងៃចូលឆ្នាំខ្មែរជាថ្ងៃដំបូង ដែលបណ្ដាលឲ្យអ្នកស្រី មានរបួសប្រេះរលាក្បាល។

អស់រយៈពេល២ ឆ្នាំ ២០០៨-២០១០ អ្នកស្រី មិនដែលស្គាល់ក្ដីសុខឡើយ ដោយអ្នកស្រី រស់នៅជាមួយជំងឺរុំារ៉ៃ នៅក្នុងខ្លួន បន្ទាប់ពីអ្នកស្រីទទួលរងគ្រោះថ្នាក់ចរាចរមកនោះ ខណៈដែលអ្នកស្រី មានជំងឺទឹកនោមផ្អែមជាង ១០ ឆ្នាំមកហើយ។

ឆ្លងកាត់ការគ្រោះថ្នាក់ចរាចរមក អ្នកស្រីកាន់តែមានសុខភាព ទ្រុឌទ្រោមទៅៗ ដោយកូនទាំង ៧ នាក់បាននាំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យជោរៃ ប្រទេសវៀតណាម ចំនួនពីរដង។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញវិញ ស្ទើរតែមន្ទីរពេទ្យតូច ធំ ទាំងអស់ អ្នកស្រីបានចូលសម្រាក ព្យាបាលអស់ហើយ ដែលរួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យកេតុមាលា មន្ទីរពេទ្យអង្គឌួង មន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យឯកជន ដូចជា សុខហុក សុក្រឹត និង បុប្ផាមាស ជាដើម។

អ្នកស្រីធ្លាប់ទទួលការវះកាត់គុម្ពត្រចៀកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ព្យាបាលជំងឺប្រេះរលានៅប្រទេសវៀតណាម ក្នុងអំឡុងឆ្នាំ ២០០៨ ក្រោយពីគ្រោះថ្នាក់ចរាចរភ្លាមៗ នៅទីនេះអ្នកស្រីបានបាត់បង់ស្មារតី ប៉ុន្តែ មួយរយៈមកបានដឹងខ្លួនវិញ ដោយអ្នកទៅថែ គឺប៊ិន សុផល និង ប៊ិន ប៊ុណ្ណា។

ជំងឺរ៉ាំរ៉ៃនេះ បានបណ្ដាលឲ្យអ្នកស្រីមិនអាចបន្តជីវិតនៅលើលោកនេះ ព្រោះតែជំងឺទឹកនោមផ្អែម ខ្ទុះក្នុងត្រចៀក ស្រាំលលាដ៍ក្បាល រលាកបំពង់ក ធ្ងន់ធ្ងរ បណ្ដាលឲ្យហូបបាយមិនបាន។ អ្នកស្រី នន់ យ៉េន បានលាចាកកូនចៅ សាច់ញាតិ មិត្តភ័ក្ដិ អ្នកភូមិផងរបងជាមួយ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ ជារៀងរហូត។

ប៉ុន្ដែ អ្នកស្រីនៅមុននឹងបិទភ្នែកពីលោកនេះទៅ អ្នកស្រីធ្លាប់បានផ្ដាំផ្ញើដល់កូនចៅប្រុសស្រីគ្រប់រូបថា “ទោះជាមានបញ្ហាអ្វីក៏ដោយ ក្នុងនាមជាស្រ្តីត្រូវតែចេះតស៊ូ មិនត្រូវចុះចាញ់នឹងវាសនានោះទេ”។

អ្នកស្រីបញ្ជាក់ថា “មានតែការសាមគ្គីគ្នានៅក្នុងគ្រួសារប៉ុណ្ណោះ គឺជាឱសថដ៏សាកសិទ្ធិ សម្រាប់ព្យាបាលរោគទាំងឡាយដែលយើងកំពុងតែជំពាក់ជំពិនជាមួយសង្គមនេះ”៕

អត្ថបទ៖ ២០១០

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s